Jump to content

គតិលោក/ភាគទី៥/6

From Wikisource
113193គតិលោក, ភាគទី៥និទាន​ពី​ព្រះ​មហិស្សរាធិបតី​គឺ​ព្រះ​ឥសូរ ដែល​ជា​អ្នក​កសាង​លោកឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

និទាន​ពី​ព្រះ​មហិស្សរាធិបតី​គឺ​ព្រះ​ឥសូរ ដែល​ជា​អ្នក​កសាង​លោក


និទាន​ព្រះ​មហិស្សរាធិបតី គឺ​ព្រះ​ឥសូរ​សាង​លោក កាល​សាង​លោក​សូរេច​ហើយ ព្រះ​ឥសូរ​ហៅ​ពួក​សត្វ​ចតុប្បាទ ទ្វេបាទ អបាទ ពហុ​បាទ ទាំង​ឡាយ​ចូល​មក​កាន់​ទី​ប្រជុំ ដើម្បី​នឹង​សួរ​សេចក្ដី​សុខ​ទុក្ខ​សព្វ​សត្វ តើ​សត្វ​ពួក​ណា គាប់​ចិត្ត​នឹង​រូបកាយ​ខ្លួន​ឬ​ពុំ​គាប់​ចិត្ត​នឹង​រូបកាយ​ខ្លួន​ទេ នឹង​កែប្រែ​ជា​ថ្មី តាម​ក្ដី​ប្រាថ្នា​របស់​សត្វ​លោក​ទាំង​ពួង ។

កាល​ទ្រង់​សួរ​នោះ គឺ​ទ្រង់​សួរ​ស្វា​ជា​មុន​ថា "ហៃ​ចៅ​ពានរ រូប​កាយ​បា​ឯង​ដែល​យើង​សាង​ឲ្យ មាន​អវយវៈ​យ៉ាង​នេះ សព្វ​ថ្ងៃ​នេះ តើ​ចៅ​គាប់​ចិត្ត​ពេញ​ចិត្ត​ហើយ​ឬ ៗ នៅ​មាន​ក្ដី​ទាស់​ត្រង់​ណា​ខ្លះ ចូរ​ចៅ​ថា​ទៅ​មើល​នឹង​កែប្រែ​ជា​ថ្មី​ទៀត " ។

ឯ​ពានរ​មើល​ទោស​ឯង​មិន​យល់ សំគាល់​ថា​រូប​ខ្លួន​ឥត​ទាស់ ទើប​ទូល​ព្រះ​ឥសូរ​ថា "សូម​ទាន ល្អងធូលីព្រះបាទ សាង​រូប​កាយ​ខ្ញុំ​ជា​ស្វា​នេះ ពេញ​ជា​ស្រួល​ណាស់​ហើយ មាន​ទាំង​ដៃ​ជើង ឡើង​ដើម​ឈើ​បាន កប​កំលាំង លោត​បេះ​ផ្លែឈើ អាស្រ័យ​បាន​ដោយ​ងាយ ទាំង​ឥត​កិច្ចការ​ធ្វើ​ស្រែ​ចំការ​ជួញ​ប្រែ​ដូច​យ៉ាង​មនុស្ស​នោះ​ឡើយ ព្រះអង្គ​សាង​រូបកាយ​ខ្ញុំ​នេះ​គាប់​ចិត្ត​ខ្ញុំ​ហើយ មិន​បាច់​កែប្រែ​ឲ្យ​ខ្ញុំ​ទៀត​ទេ បើ​ព្រះអង្គ​ចង់​កែ​នោះ សូម​មេត្តា​កែ​សត្វ​ខ្លាឃ្មុំ​វិញ ព្រោះ​រូប​វា​មិន​សមរម្យ​ល្អ​ទេ គឺ​មុខ​នោះ​ច្របូញ រោម​ខ្មៅ​ជិត ឥត​មាន​កន្ទុយ​នឹង​បត់ ឃើញ​អាក្រក់​លើស​គេ​នានា សូម​មេត្តា​កែ​វា​ជា​ថ្មី​ចុះ​ម្ចាស់" ។ ព្រះ​ឥសូរ​បាន​ឮ​ស្វា​ថា​ដូច្នោះ ក៏​ត្រាស់​ទៅ​សួរ​ទៅ​ខ្លាឃ្មុំ​ថា "ហៃ​ចៅ​អច្ឆាជាតិ រូបកាយ​ចៅ​ឯង​ដែល​យើង​សាង​ឲ្យ​យ៉ាង​នេះ តើ​ជា​ទី​គាប់​ចិត្ត​ចៅ​ឯង​ហើយ​ឬ ៗ នៅ​ទាស់​ត្រង់​ណា​ខ្លះ ចូរ​ថា​មក​យើង​នឹង​កែ​ឲ្យ ? ។

ឯ​ខ្លាឃ្មុំ​មិន​យល់​ទោស​ខ្លួន​ក៏​ឆ្លើយ​ថា "រូប​ខ្ញុំ​នេះ ព្រះ​អង្គ​សាង​ឲ្យ​មាន​ធ្មេញ​ចង្កូម​ដ៏​មុត ទាំង​រោម​ខ្មៅ​ជិត​បិទ​ស្បែក​ក្នុង កុំ​ឲ្យ​សត្វ​តូច ៗ មាន​មូស​ស្រាំង​ស្រួយ​ជា​ដើម​ចូល​មក​យាយី​បាន ហើយ​មាន​ជើង​ទាំង ៤ ប្រកប​ដោយ​ក្រចក​ដ៏​មុត អាច​ឡើង​ឈើ​ព្រៃ​យក​ឃ្មុំ​អាស្រ័យ​ជា​ភក្សាហារ​បាន ឥត​មាន​ក្ដី​កង្វល់​រវល់​ដោយ​ការ​ធ្វើ​ស្រែ​ចំការ ដូច​មនុស្ស​ក្នុង​លោក​នេះ​ឡើយ រូប​ខ្ញុំ​នេះ​ពេញ​ចិត្ត​ខ្ញុំ​ហើយ មិនបាច់​កែ​ទៀត​ទេ បើ​ព្រះ​ចង់​កែ សូម​កែ​រូប​ដំរី​វិញ​ចុះ ដ្បិត​រូប​ដំរី​នោះ​ខ្ញុំ​យល់​ថា​ទាស់​ខ្លាំង​ណាស់ គឺ​រូប​អី​មាន​ប្រមោយ ១ ក្បាល​ធំ​ភ្នែក​តូច ត្រចៀក​កំភ្លាង រាង​ធំ​កោង មើល​មិន​សម​សោះ​ម្ចាស់ " ។

ព្រះ​ឥសូរ​ឮ​អច្ឆា​ថា​ដូច្នោះ ក៏​សួរ​ទៅកាន់​ដំរី​វិញ​ថា "ចៅ​ហត្ថី រូបកាយ​ចៅ​ដែល​យើង​សាង​ឲ្យ​យ៉ាង​នេះ តើ​គាប់​ចិត្ត​ចៅ​ហើយ​ឬ ៗ នៅ​ទាស់​ត្រង់​ណា​ទៀត ចូរ​ថា​ទៅ​មើល ? ។

ឯ​ដំរី​ពុំ​ឃើញ​ទោស​ខ្លួន ទើប​ទូល​ថា "ព្រះអង្គ​សាង​រូប​ខ្ញុំ​ឲ្យ​មាន​កាយ​ធំ​ខ្ពស់​លើស​គេ ទាំង​ភ្លុក​សោត​ក៏​ល្អ​ប្រើ​ជា​អាវុធ​បាន ទាំង​កំលាំង​ហៅហាន អាច​ចាក់ អាច​ព្រេច​នូវ​សត្រូវ​ឥត​ទើសទាល់ បរិភោគ​ស្មៅ​ជា​អាហារ ឥត​ក្ដី​រវល់​នឹង​ធ្វើ​ស្រែ​កាប់​ចំការ ដូច​មនុស្ស​នោះ​ឡើយ រូប​ខ្ញុំ​នេះ​គាប់​ចិត្ត​ខ្ញុំ​ហើយ ព្រះអង្គ​មិន​បាច់​កែ​ទៀត​ទេ ឯ​ការ​ដែល​ទាស់​នោះ ឃើញ​ទាស់​តែ​សត្វ​ឱដ្ឋ គឺ​រូប​ជា​សេះ តែ​ក​វា​វែង​ដូច​ជា​កុក ឃើញ​មិន​សំណុំ​សម​ជា​សត្វ​ពាហនៈ​ឡើយ" ។

ព្រះ​ឥសូរ​ក៏​ត្រាស់​ទៅ​ឱដ្ឋ​វិញ​ថា "ម្ដេច​ចៅ​ឱដ្ឋ រូបកាយ​ចៅ​ឯង សព្វ​ថ្ងៃ​នេះ​ស្រួលបួល​ហើយ​ឬ ៗ នៅ​ទាស់​ត្រង់​ណា​ខ្លះ ចូរ​ថា​ទៅ​មើល យើង​នឹង​កែ​ឲ្យ ? ។ សត្វ​ឱដ្ឋ​ក៏​ឆ្លើយ​ថា " ព្រះអង្គ​សាង​រូបកាយ​ខ្ញុំ​មាន​ក​វែង អាច​អើត​ស៊ី​ស្លឹក​ឈើ​ខ្ពស់ ៗ បាន ហើយ​មាន​កំលាំង​ខ្លាំង​ក្នុង​ការ​បន្ទុក អាស្រ័យ​ស្មៅ​ផឹក​ទឹក​ឆ្អែត​ហើយ អាច​អត់​បាន ៧ ថ្ងៃ​មិន​តោង​អាស្រ័យ​ក៏​បាន ហេតុ​នេះ ខ្ញុំ​យល់​ថា ព្រះ​អង្គ​សាង​រូបកាយ​ខ្ញុំ​នេះ​វិសេស​ណាស់​ហើយ មិន​បាច់​កែប្រែ​ទៀត​ទេ សូម​ព្រះអង្គ​កែ​រូប​ត្រី​អនន្ត​មច្ឆា​វិញ ព្រោះ​ត្រី​នោះ​មាន​រូប​ធំ​ណាស់​មិន​សម​នឹង​ភាព​ជា​ជាតិ​មច្ឆា​ឡើយ " ។

ព្រះ​ឥសូរ​ក៏​សួរ​ទៅ​ត្រី​វិញ ត្រី​ឆ្លើយ​ថា "ព្រះអង្គ​សាង​រូប​ខ្ញុំ មាន​កាយ​ដ៏​ធំ​លើស​គេ អាច​ហែល​ហក់​ក្នុង​មហា​សាគរ​សមុទ្រ​ធំ ឥត​ក្ដី​កោត​ក្រែង​នឹង​រលក​ខ្យល់​ព្យុះ នេះ​ជា​ការ​ស្រួល​ហើយ មិន​ចាំ​កែ​ទៀត​ទេ ទាស់​តែ​សត្វ​ស្រមោច ព្រះអង្គ​សាង​រូប​តូច​ណាស់ ទាប​ណាស់ គេ​ដើរ​ជាន់​ពី​លើ​បាន សូម​ព្រះអង្គ​កែ​វា​ទៀត​ចុះ"។

ព្រះ​ឥសូរ​ក៏​សួរ​ទៅ​ស្រមោច ដោយ​ការ​ក្រែង​មិន​គាប់​ចិត្ត ឯ​ស្រមោច​ក៏​ឆ្លើយ​ថា " ព្រះអង្គ​សាង​រូប​ខ្ញុំ​តូច​នេះ​ស្រួល​ពេក​ហើយ តែ​មាន​ភ័យ​អន្តរាយ​មក​ដល់​កាល​ណា ចង់​រត់​ជ្រក​ក្នុង​សម្រាម​ឬ​កាក​អំពៅ​ក៏​ឥត​ទើស ឯ​ខាង​អាហារ​សោត​ក៏​រក​បាន​ងាយ តែ​បាយ​ឬ​អង្ករ ១ គ្រាប់ ក៏​ទទួល​ទាន​បាន​ឆ្អែត​បរិបូណ៌ រូបកាយ​ខ្ញុំ​នេះ ឃើញ​ស្រួល​លើស​សត្វ​នានា​ក្នុង​លោក​នេះ មិន​តោង​ចាំ​កែ​ជា​ថ្មី​ទៀត​ទេ" ។

ព្រះ​ឥសូរ ឮ​សត្វ​ប្រាប់​ក្ដី​សុខ​ចិត្ត​គ្រប់​គ្នា​ដូច្នោះ ក៏​ស្ងៀម​នៅ​ហោង ។

និទាន​រឿង​នេះ បាន​ជា​គតិ​យ៉ាង​ណា ចូរ​ឯង​អត្ថាធិប្បាយ​ទៅ​មើល ?។

កូន​សិស្ស​តប​ថា និទាន​ថា បាន​គតិ​ដូច​ពាក្យ​សុភាសិត​គឺ​ច្បាប់​ចាស់​ថា " ពាក្យ​ចាស់​ពាក្យ​ពី​ព្រេង ទោស​ខ្លួន​ឯង​មើល​មិន​យល់ ទោស​គេ​តូច​សោត​សល់ មើល​ទៅ​យល់​ប៉ុន​ទាំង​ភ្នំ"។ មួយ​ទៀត មាន​គតិ​ក្នុង​លោកនីតិ​ថា តិលមត្តំ បវេសំវ
អប្បទោសញ្ច បស្សតិ
នាឡិកេរំបិ សទោសំ
ខលជាតោ ន បស្សតិ

បុគ្គល​យល់​ទោស​អ្នក​ដទៃ តូច​ប៉ុន​គ្រាប់​ស្ពៃ ឬ​ល្ង​សក ទោស​ខ្លួន​ប៉ុន​ដូង​ទាំង​សំបក បែរ​រក​រិះគន់​គយ​មិន​យល់ ។

តម្រា​សត្វ​លោក​ទាំង​អស់ សឹង​ឃើញ​តែ​ទោស​គេ​ត្រង់​ទោស​ខ្លួន​មើល​មិន​យល់ ដូច​កល​សត្វ​ទាំង​ឡាយ​មាន​ពានរ​ជា​ដើម ដែល​ព្រះ​ឥសូរ​សួរ​រូបកាយ​រៀង​ខ្លួន សឹង​ឃើញ​តែ​រូប​អ្នក​ដទៃ ទាស់​មិន​ត្រូវ​ភ្នែក​ខ្លួន​ទាំង​អស់ ឯ​ត្រង់​រូបកាយ​របស់​ខ្លួន​ឯង សឹង​តែ​អួត​ថា​ល្អ ថា​គាប់​ចិត្ត ឥត​ក្ដី​ទាស់​អ្វី​ឡើយ ។ អ្នក​ប្រាជ្ញ​គប្បី​ពិចារណា​ទៅ​ទៀត​ចុះ ។


ចប់​តម្រា​ឃើញ​តែ​ទោស​គេ​ទី ១២