គតិលោក/ភាគទី៥/2
រឿងសត្វទុងនឹងត្រី
មានសត្វទុង ១ ជាសត្វកាន់សក្កាយទិដ្ឋិ ថ្ងៃមួយ ចេញស្វែងរកចាប់ត្រីជាអាហារ លុះហែលទៅបានឃើញត្រីក្អិត ១ ហែលនៅខាងមាត់ខ្លួន ទុងនោះក៏ចឹកត្រីនោះបាន ទើបមកគិតថា អាត្មាអញនេះជាបក្សីរូបធំ ត្រូវតែបរិភោគត្រីធំ ៗ យ៉ាងត្រីរស់ ត្រីឆ្ដោ ត្រីប្រាជាដើមនោះ ទើបសមនឹងស័ក្ដិយសរូបអញនេះ អាត្រីក្អិតរូបតូចមួយនេះ មិនសមគួរនឹងរូបអញឡើយ គិតហើយទុងក៏លែងចោលត្រីក្អិតនោះបង់ ហើយហែលទៅមុខទៀត លុះដល់ទី ១ បានយល់ត្រីចង្វា ១ ហែលមកខាងមុខ ទុងនោះក៏ចឹកបានលើកឡើងគិតទៀតថា ត្រីចង្វានេះក៏តូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយ គិតហើយក៏លែងត្រីចង្វានោះចោលបង់ ហើយហែលទៅមុខទៀត បានយល់ត្រីចង្វាភ្លៀង ១ ទុងក៏ចឹកលើកឡើងនឹងស៊ី ក៏គិតថាត្រីចង្វាភ្លៀងនេះ រូបតូចពេកណាស់ ពុំគួរនឹងរូបអញជាធំ គិតហើយក៏លែងត្រីនោះចោលបង់ ហើយខំហែលទឹកស្វែងទៅ ៗ រកត្រីពុំបាន ពេលសោត ក៏ទន់ទាបល្ងាចនឹងផុតពេលស្វែង ទុងនោះឯង កើតក្ដីឃ្លានអាហារមហិមាខំស្វែងរកអាហារពុំបានឡើយ ម្ល៉ោះហើយទុងកើតទុក្ខមុខសុបសៅ កើតក្ដៅចិត្តគិតស្ដាយអាហារ ដែលខ្លួនរកបានអំពីព្រឹកនោះថា ស្ដាយអើយសែនស្ដាយត្រីក្អិត ១ នោះបើប្រសិនជាបរិភោគមកល្មមកល់ខ្លះស្ដាយត្រីចង្វា បើប្រសិនណា ជាស៊ីមក ក៏ជាការកល់ឡើងរួមនឹងត្រីក្អិតជាន់មុននោះ ស្ដាយត្រីចង្វាភ្លៀងមួយ បើប្រសិនណាជស៊ីមកទៀត ក៏ជាការផ្សំគ្នានឹងត្រីជាន់មុនបានកល់ឡើងច្រើន ល្មមបន្ទោបង់ក្ដីឃ្លាននេះបាន ឥឡូវនេះដល់ឃ្លានក៏ខ្លាំង ពេលថ្ងៃនឹងស្វែងទៅទៀត ក៏ផុតតែត្រឹមនេះ អញនេះហៅពេញជាគិតខុស មិនសន្សំត្រីតូច ៗ ស៊ីផ្សំគ្នា គិតប្រមាថថាអាតូច ៗ មិនសមនឹងខ្លួន ចាំរកត្រីធំ ៗ ឲ្យសមស័ក្ដិយសខ្លួន ដល់មិនបានត្រីធំក៏អត់ទៅ តម្រានេះ គឺអាធំក៏ខូច អាតូចក៏ខាត បានក្ដីទុក្ខវេទនាដោយអត់អាហារនោះហោង។
អើរឿងនេះបានជាគតិប្រៀបប្រាយទៅ យ៉ាងណា ឯងថាទៅមើល ។
កូនសិស្សតបថា គតិនេះបានដូចកូនអ្នកកាន់ត្រកូលទៅរៀនវិជ្ជាចេះមកអំពីប្រទេសក្រៅ ហើយចូលមកប្រទេសខ្លួន រាជការបានតាំងឲ្យធ្វើការបើកប្រាក់ខែឲ្យត្រឹម ១០-២០ រៀលជាដើម ខ្លួនជាកូនត្រកូលធំ ប្រាក់ខែប៉ុណ្ណឹងមិនសមនឹងចំណេះនឹងត្រកូលខ្លួន គិតចាំយកប្រាក់ខែ ដល់ ៨០-៩០ ឬ ១០០ ជាទុនធំតែម្ដង ដូចទុងចាំយកត្រីរ៉ស់ ត្រីឆ្ដោ ពោ ប្រា តែម្ដង ដល់រកមិនបានកើតខាតខន កើតស្ដាយទុនតូចដែលគេបំរុងឲ្យក្នុងកាលមុននោះឯង ។
មួយទៀត បានដូចលោកចៅអធិការឬលោកមហា-អាចារ្យកាន់ខ្លួនថាធំ គិតថាអាត្មានេះសមតែគេនិមន្តឡើងគ្រែទេសនាសង្គាយនា ឬឆាកមហាបង្សុកូល ទស់បន្លុង គ្រងកឋិន ក៏ឯការតូច ៗ ដូចយ៉ាងគេនិមន្តសូត្រមន្ត ឬបង្សុកូលខ្មោចជាដើមនេះ មិនសមគួរដល់អាត្មាជាធំឡើយ កាន់យ៉ាងដូចទុងនោះឯង ។
ចប់តម្រាគតិរកស៊ីមិនសន្សំពីវត្ថុតូចៗទី ៨ ។
ចប់តម្រាគតិរកស៊ីមិនសន្សំពីវត្ថុតូចៗទី ៨ ។