Jump to content

គតិលោក/ភាគទី៥/3

From Wikisource
113178គតិលោក, ភាគទី៥រឿង​សត្វ​កណ្ដូប​នឹង​ដើម​សង្កែឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​កណ្ដូប​នឹង​ដើម​សង្កែ



មាន​សត្វ​កណ្ដូប ១ ហើរ​ទៅ​ទំ​ស៊ី​ស្លឹក​នូវ​ផ្លែផ្កា​នៃ​ដើម​សង្កែ ដុះ​នៅ​វាល​ស្រែ​ក្រៅ ១ លុះ​បរិភោគ​ឆ្អែត​ហើយ ក៏​ហើរ​ទៅ​ព្រៃ​ភ្នំ ចុះ​ទំ​លើ​មែក​សង្កែ​ភ្នំ ១ ដុះ​នៅ​ក្រោម​ឈើ​ធំ​ទាំង​ឡាយ លុះ​ដល់​ពេល​ឃ្លាន​បាយ​អាហារ ក៏​ហើរ​ឆ្វៀល​ដើម​សង្កែ​ភ្នំ ដើម្បី​រក​មើល​ស្លឹក មើល​ផ្លែផ្កា​នឹង​បរិភោគ ហើរ​រក​ពុំ​ឃើញ​មាន​ស្លឹក​នូវ​ផ្លែផ្កា ឃើញ​តែ​មាន​ដើម​ខ្ពស់​ដូច្នោះ កណ្ដូប​នោះ​ក៏​និយាយ​ថា ដើម​សង្កែ​ដែល​ដុះ​ឯ​វាល​ស្រែ​នោះ គេ​មាន​មែក​ត្រសុំ​ត្រសាយ បរិបូណ៌​ដោយ​ផ្លែផ្កា មាន​ស្លឹក​ស្រោប​ជិតជុំ​ដើម ជា​ទី​ប្រជុំ​នៃ​សត្វ​កន្លង់ កណ្ដូប អណ្ដើកមាស ទាំង​ឡាយ​អាស្រ័យ​បរិភោគ​បាន អើ​ប្រស្ដែង​សង្កែ​ភ្នំ​នេះ ហេតុអ្វី​ក៏​ពុំ​មាន​ស្លឹក​បែក​ផ្លែផ្កា​ដូច​មាន មាន​តែ​ដើម​ដុះ​លូត​ខ្ពស់​រៀវ​ចុង​យ៉ាង​នេះ រក​តែ​ស្លឹក​នឹង​ស្រោប​ខ្លួន​គ្មាន។


ឯ​សង្កែ​នោះ ក៏​ប្រាប់​ថា "ឱ​អ្នក​អើយ ! ដើម​ខ្ញុំ​នេះ​ដុះ​នៅ​ក្រោម​ឈើ​ធំ ក៏​វិស័យ​ឈើ​ធំ​ទាំង​ឡាយ​មាន​ដើម​ផ្ចឹក​រាំង​ឈើ​ទាល​ជា​ដើម​នោះ គេ​ជា​ជាតិ​ឈើ​ភ្នំ​ប្រកប​ដោយ​ខ្លឹម​ខាង​ក្នុង គេ​ក៏​លូត​បែក​មែក​ត្រសាយ​ត្រសុំ ដោយ​ភាព​គេ​ជា​ឈើ​ភ្នំ តែ​ខ្ញុំ​ឯង​នេះ ជា​ជាតិ​ឈើ​ឥត​ខ្លឹម ហើយ​មក​ដុះ​នៅ​ខាង​គេ តាំង​លូត​តាម​គេ​ទៅ ទាល់​តែ​រក​ស្លឹក​ពុំ​មាន​យ៉ាង​នេះ​ឯង។

ឯ​កណ្ដូប ក៏​និយាយ​តិះដៀល​ដើម​សង្កែ​នោះ​ផ្សេង ៗ ហើយ​សរសើរ​ដើម​សង្កែ ដែល​ដុះ​នៅ​តាម​វាល​ស្រែ​ផុត​អំណាច ឈើ​ធំ​នៅ​គ្រប​សង្កត់​ពី​ខាង​លើ, ពុំ​បាន​លូត​តាម ត្រាប់​តាម​ឈើ​ធំ​ឲ្យ​បង់​ស្លឹក​ផ្លែផ្កា​ដុះ​តាម​ធម្មតា​ខ្លួន​ឯង តាម​តែ​ចិត្ត​ចង់​បំបែក​មែក​តូច ធំ តាំង​ស្លឹក​ផ្កា​ផ្លែ​បិទ​បាំង​ខ្លួន​យ៉ាង​ណា ៗ ក៏​ឥត​មាន​ទើស​ទាល់​អ្វី​មួយ​ឡើយ កណ្ដូប​ពោល​ពាក្យ​ដូច្នោះ​ហើយ ក៏​ហើរ​ទៅ​កាន់​លំនៅ​នៃ​ខ្លួន​វិញ​ហោង។

ច​រឿង​នេះ បាន​សេចក្ដី​ជា​គតិ​យ៉ាង​ណា ចូរ​អត្ថាធិប្បាយ​ទៅ​មើល ?

កូន​សិស្ស​តប​ថា ឯ​ដើម​ផ្ចឹក​រាំង​ឈើទាល​នោះ ជា​រុក្ខជាតិ​មាន​ខ្លឹម ដុះ​ឡើង​ក៏​លូត​ខ្ពស់​តាំង​បែក​មែក​តូច​ធំ ព្រម​ទាំង​ស្លឹក​ផ្លែផ្កា​បាន សម​ដោយ​ជាតិ​ជា​ឈើ​ធំ នេះ​បាន​គតិ​មនុស្ស​អ្នក​មាន​សម្បត្តិ មាន​យសស័ក្ដិ មាន​ប្រាក់​ខែ​បរិបូណ៌ បើ​គេ​ស្លៀកពាក់​គ្រឿង​តែង​ខ្លួន ឬ​គេ​បរិភោគ​ភោជនាហារ យ៉ាង​ឧត្ដម ក៏​សម​របស់​គេ​ឥត​មាន​ក្ដី​ខាត់ ឯ​ជាតិ​ដើម​សង្កែ​ឬ​ប្របួយ លាជផ្ទុះ​ជា​ដើម​នោះ ជា​ជាតិ​ឈើ​ស្រែ ឈើ​ក្រៅ សមគួរ​តែ​ដុះ​នៅ​វាល​ស្រែ​ក្រៅ ដែល​ផុត​អំពី​ម្លប់​ឈើ​ធំ ទើប​អាច​តាំង​មែក​ស្លឹក​ផ្លែផ្កា​បរិបូណ៌​ទៅ​បាន បើ​ទៅ​ដុះ​នៅ​ខាង​ឈើ​ធំ​ហើយ ក៏​ពុំ​អាច​តាំង​មែក​ស្លឹក​ផ្លែផ្កា​បាន​ឡើយ នេះ​បាន​គតិ​ដូច​មនុស្ស​អ្នក​ឥត​ចំណេះ​ឥត​ទ្រព្យ​សម្បត្តិ ហើយ​ត្រាប់​តាម​អ្នក​មាន​សម្បត្តិ មាន​យស ទិញ​គ្រឿង​តែង​ខ្លួន ឬ​អាហារ​ខ្ពស់ ប្រើ​កិរិយា​យ៉ាង​អ្នក​ធំ លូត​តាម​អ្នក​ធំ ម្ល៉ោះ​ហើយ​ក្ដី​ក្រ ក្ដី​លំបាក ក៏​កើត​ដល់​ប្រាណ មាន​ឧបមេយ្យ​ដូច​ដើម​សង្កែ​ត្រាប់​តាម​ឈើ​ធំ​នោះ​ឯង។

ឯ​ដើម​សង្កែ ដែល​ដុះ​ដោយ​វាល​ស្រែ បរិបូណ៌​ដោយ​មែក​ស្លឹក​ផ្លែផ្កា​នោះ បាន​គតិ​ដូច​មនុស្ស​អ្នក​ឥត​ចំណេះ​វិជ្ជា ការ​ខ្សត់​ក្រ តែ​ទៅ​ប្រព្រឹត្ត​ដោយ​ការ​រកស៊ី​ធ្វើ​ស្រែ​ចំការ​ជួញ​ប្រែ​លក់ដូរ ឧស្សាហ៍​សន្សំ​ទ្រព្យសម្បត្តិ ទុក​ដាក់​ពុំ​ហ៊ាន​ចែកចាយ ដោយ​ការ​ពុំ​គួរ​ចាយ​នោះ ទ្រព្យសម្បត្តិ​កើត​មាន​ឡើង ដូច​ដើម​សង្កែ​ដុះ​ដោយ​វាល​ស្រែ​នោះ​ឯង ។ អ្នក​ស្រែ​ចំការ​មាន​ទ្រព្យ​សម្បត្តិ ជា​ទី​ឲ្យ​មហាជន​សរសើរ។

អ្នក​ក្រុង​ពិត​តែ​ឥត​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ប្រឹង​លូត​តាម​អ្នក​ធំ​ដូច​ដើម​សង្កែ​ដុះ​ក្បែរ​ភ្នំ ជា​ទី​ឲ្យ​កណ្ដូប មេអំបៅ អណ្ដើកមាស​តិះដៀល​និន្ទា ។ អ្នក​មាន​បញ្ញា​គួរ​ពិចារណា​យក​ជា​គតិ​លោក យោគ​ឲ្យ​ឃើញ​មនុស្ស​ត្រាប់​អ្នក​ធំ​មាន​នៅ​ក្នុង​សម័យ​ឥឡូវ​នេះ។


ចប់​គតិ​អ្នក​លូត​អស់​ស្លឹក​ទី ៩។