Jump to content

គតិលោក/ភាគទី១/1

From Wikisource
113162គតិលោក, ភាគទី១ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


ប្រវត្តិពង្សាវតារ




ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កំណើត​កើត​នៅ​ស្រុក​ទន្លេធំ គឺ​ភូមិរកាកោង ខេត្ត​មុខកំពូល មាតា​ឈ្មោះ យាយ មុំ បិតា​ឈ្មោះ​បញ្ចងកែ ឧកញ៉ា​កើត​ថ្ងៃ​ចន្ទ ខែ​អាសាធ​ឆ្នាំ​វក​ពុទ្ធសករាជ​កន្លង​ទៅ​បាន ២៤០៣ វស្សា​គឺ​ថ្ងៃ ២២ សូយេត ឆ្នាំ ១៨៥៩ កាល​អាយុ ១០ ឆ្នាំ​នៅ​វត្ត​សិក្សា​អក្សរ​ខ្មែរ អាយុ ១៥ ឆ្នាំ​ចេញ​រៀន​ប្រែ​ព្រះ​បរិយត្តិ​បួស​ជា​សាមណេរ​នៅ​វត្ត​ព្រែកពោធិ៍​បួស​បាន ១ វស្សា សឹក​ចាក​ភេទ​ជា​សាមណេរ រួច​ទៅ​រៀន​និង​លោក​ព្រះ​អាចារ្យ​ពេជ​ស្រុក​ព្រះ​ត្រពាំង អាយុ ១៨ ឆ្នាំ​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ អាយុ ១៩ ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះ​អាចារ្យ​សុខ វត្ត​កែវ ស្រុក​បាត់ដំបង, អាយុ ២០ ឆ្នាំ​បាន​បួស​ជា​ភិក្ខុ​នៅ​វត្ត​កែវ ១ វស្សា ទើប​លា​ព្រះ​ឧបជ្ឈាយាចារ្យ​ទៅ​រៀន​នៅ​ស្រុក​បាងកក​ក្រុង​ស្យាម រៀន​បាន ៧ វស្សា ក៏​វិល​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​អំណាច​លោក​ព្រះ​យ៉ាក​ថា​ថន (ញ៉ុញ) នៅ​វត្ត​កណ្ដាល ស្រុក​បាត់ដំបង រួម​បាន ១០ វស្សា លា​សិក្ខាបទ​សឹក​មក​មាន​បុត្រ​ភរិយា នៅ​ភូមិ​ជ្វា​ធំ លោក កថាថន (ឈុំ) ចិញ្ចឹម​ជា​ទី​ហ្លួង​វិចិត្រ​វោហារ​បាន តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មាន​ឈ្មោះ ៤៤ ឈ្មោះ​ជា​សៀវភៅ​ខ្លះ ចារ​ស្លឹក​រឹត​ខ្លះ លុះ​អាយុ​បាន ៥៥ ឆ្នាំ រាជការ​ក្រុងភ្នំពេញ ឲ្យ​យក​មក​តាំង​ទី​ជា ឧកញ៉ាសុត្តន្តប្រីជា​ប្រោស​ឲ្យ​ជួយ​តែង​សព្វ​វចនា​ធិប្បាយ​ខ្មែរ នៅ​ទី​សាលា​បាលី ក្នុង​រវាង​អាយុ ៥៥ ឆ្នាំ ដល់​អាយុ ៦៥ ឆ្នាំ​បាន​លា​រាជការ វិល​មក​នៅ​ស្រុក​បាត់ដំបង​ដើម​វិញ លុះ​នៅ​ថ្ងៃ ១០ កើត ខែ​អស្សុជ ឆ្នាំ​ជូត ឆស័ក មាន​រោគ​ក្អក បណ្ដា​កូន​ចៅ​រាល់​គ្នា នាំ​គ្នា​ប្រតិបត្តិ​ប្រកប​ថ្នាំ​រក​គ្រូ​រក្សា​ពុំ​ចេះ​ធូរ​ឡើយ, លុះ​ដល់​ថ្ងៃ​អាទិត្យ ១២ កើត ខែ​កត្តិក ឆ្នាំ​ជូត ឆស័ក ក៏​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង ៨ ព្រឹក គឺ​ថ្ងៃ ៨ ណូវ៉ម ឆ្នាំ ១៩២៤ ។