Jump to content

គតិលោក/ភាគទី៥/1

From Wikisource
113157គតិលោក, ភាគទី៥រឿង​សត្វ​ចចក និង​ទុងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ចចក ​និង​ទុង


មាន​សត្វ​ចចក ១ ទៅ​សុំ​ទុង​ជា​មិត្រ ទុង​នោះ​សោត​មាន​ក៏​មាន​ចិត្ត​ស្រឡាញ់​ចចក​ជា​មិត្រ​មេត្រី ប៉ុន្តែ​សត្វ​ទាំង​ពីរ​នោះ ជា​សត្វ​ស្រឡាញ់​គ្នា​តែ​កិរិយា​ខាង​ក្រៅ ឯ​ក្នុង​ចិត្ត​នោះ គិត​តែ​កោង​គ្នា​ដោយ​ក្ដី​មច្ឆរិយៈ​កំណាញ់​របស់​រៀង​ខ្លួន។ ថ្ងៃ​មួយ​ចចក​និយាយ​បបួល​ទុង​ថា "មិត្រ​អើយ ! ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​មិត្រ​ឯង​ទៅ​ស៊ីលៀង​នៅ​ផ្ទះ​ខ្ញុំ​តាម​កាល" ទុង​ក៏​ព្រម​ទៅ ។ មុន​នឹង​រៀប​ភោជនាហារ​លៀង​នោះ ចចក​គិត​ថា "អញ​នឹង​មិន​ឲ្យ​អា​ទុង​វា​ចឹក​ស៊ី​របស់​អញ​បាន" – គិត​ហើយ​ចចក​រៀប​បាយ​ចំណី​ដាក់​ក្នុង​ភាជនៈ មាន​ផ្ទៃ​រាប​ប្រៀប​ដូច​ជា​ថាស​រាប ហើយ​ប្រាប់​ទុង​ថា "អញ្ជើញ​មិត្រ​ពីសា​ឲ្យ​សប្បាយ" ឯ​ទុង​ជា​សត្វ​ចំពុះ​វែង ចឹក​ចំណី​អាស្រ័យ​ពុំ​បាន​ដោយ​ទើស​នឹង​ថាស​រាប​រឹង ម្ល៉ោះ​ហើយ​ក៏​ឈប់ឈរ នៅ​ស្ងៀម​ទៅ ឯ​ចចក​មាត់​វា​ទាល​វា​ស៊ី​បាន ស៊ី​បណ្ដើរ​និយាយ​បណ្ដើរ​ថា "ម្ដេច​សំឡាញ់​មិន​ពិសា​ទៅ" - ទុង​ស៊ី​ពុំ​បាន, ឯ​ចចក​ក៏​ចេះ​តែ​ស៊ី​ទាល់​តែ​ឆ្អែត​ហោង។

ឯ​ទុង​នោះ កាល​រួច​ការ​ស៊ីលៀង​ហើយ ក៏​ហើរ​មក​កាន់​លំនៅ​នៃ​អាត្មា កើត​ក្ដៅ​ចិត្ត​នឹង​ចចក​រៀប​អាហារ​ដាក់​មិន​ឲ្យ​ខ្លួន​ស៊ី​បាន ទើប​គិត​ថា "ចាំ​អញ​ទៅ​បបួល​អា​ភឿន​កោង​មក​ស៊ីលៀង​នៅ​ផ្ទះ​អញ​វិញ អញ​នឹង​រៀប​អាហារ​ចំណី​ដាក់ កុំ​ឲ្យ​អា​ចចក​នោះ​វា​ស៊ី​បាន" – គិត​ហើយ​ទៅ​បបួល​ចចក​មក​ស៊ីលៀង​នៅ​ផ្ទះ​អាត្មា ចចក​ក៏​មក។ ទុង​ក៏​រៀប​អាហារ​ចំណី​នោះ ដាក់​ក្នុង​ដប​មាន​មាត់​តូច ដែល​ខ្លួន​អាច​បញ្ចូល​ចំពុះ​ទៅ​ក្នុង​ដប​ចឹក​យក​ចំណី​បាន ហើយ​ហៅ​ទៅ​ចចក​ថា "អញ្ជើញ​មិត្រ​ចូល​ពីសា​ជា​មួយ​គ្នា​ទៅ" - ឯ​ចចក​នោះ​មាត់​ធំ​លូក​មិន​ចុះ​ទៅ​ក្នុង​ដប​នោះ​ឡើយ រក​ឱកាស​នឹង​ស៊ី​ពុំ​បាន ក៏​អង្គុយ​ស្ងៀម​នៅ គិត​ឃើញ​ថា​ទុង​កែ​ខ្លួន​គេ​ហើយ ព្រោះ​ពី​ថ្ងៃ​មុន ឯង​ក្លែង​ដាក់​អាហារ​នឹង​ថាស​រាប មិន​ឲ្យ​វា​ស៊ី​បាន ឥឡូវ​វា​ក្លែង​ដាក់​អាហារ​ក្នុង​ដប​មាត់​តូច មិន​ឲ្យ​អញ​ស៊ី​របស់​វា​បាន​វិញ។ ចចក​គិត​ដូច្នោះ​ហើយ ដល់​រួច​ការ​លៀង ក៏​លា​ទុង​វិល​ទៅ​កាន់​លំនៅ​នៃ​ខ្លួន​វិញ​ហោង។

រឿង​និទាន​នេះ មាន​គតិ​ប្រៀប​ដូចម្ដេច ចូរ​ឯង​ប្រៀបប្រាយ​ទៅ​មើល ។

កូន​សិស្ស​តប​ថា រឿង​នេះ​បាន​គតិ​ខាង​មិត្ត​តែ​មាត់ ចិត្ត​មិន​បាន​ជា​មិត្ត​ឡើយ ឯ​កិរិយា​ក្លែង​ពុំ​ចង់​ឲ្យ​ភឿន ឬ​ភ្ញៀវ​អាស្រ័យ​នោះ ដូច​អ្នក​ខ្លះ​រៀប​បាយ ឲ្យ​ភ្ញៀវ​បរិភោគ ដាក់​ស្វាយ​ទុំ​ទាំង​មូល តែ​កាំបិត​ពុំ​បាន​ដាក់​ឲ្យ​ចិត​ឡើយ ឬ​មួយ​ដាក់​ហឹប​ស្លា​ឲ្យ​ស៊ី ដាក់​ស្លា​ស្លឹង​ទាំង​មូល តែ​ប្រណាក​ពុំ​ដាក់ យ៉ាង​នេះ​នេះ​ឲ្យ​ចូល​ចិត្ត​ថា ដូច​តម្រា​ទុង​នឹង​ចចក​នេះ​ឯង។


ចប់​តម្រា​គតិ​មិត្រ​កោង​មិត្រ​ទី ៨ ។

ចប់​តម្រា​គតិ​មិត្រ​កោង​មិត្រ​ទី ៨ ។