គតិលោក/ភាគទី៥/15
រឿងរាជសីហ៍នឹងកង្កែប
មានសត្វរាជសីហ៍ ១ ចុះទៅផឹកទឹកស្រះ កាលនោះមានសត្វកង្កែប ១ បានឃើញរាជសីហ៍ចុះមកផឹកទឹកដូច្នោះ ក៏ស្រែកកំហែងទៅថា "វ៉ឺយរាជសីហ៍ ហេតុអ្វីចៅមកលួចផឹកទឹកយើង ចៅសុំនរណាហៈ ស្រះនេះជាស្រះរបស់យើង គួរតែគំនាបយើងជាម្ចាស់ស្រះខ្លះអេះ នេះឯងព្រហើនកោងមកផឹកមិនសុំយើងជាម្ចាស់ឡើយ" ។ ឯរាជសីហ៍ឮកង្កែបពោលមកដូច្នោះ ក៏ទោសោខ្លាំង ទើបតបទៅវិញថា "វ៉ឺយអាកង្កែបតូចច្រមក់ ស្រះនេះម៉ែអាឯងចែកមកឬ ទើបបានអាឯងមកពោលថាខ្លួនជាម្ចាស់ស្រះ ស្រះនេះហៅជាតស្រះ គឺស្រះកើតឯងតាំងពីព្រេងមក ជាស្រះសម្រាប់ពួកសត្វចតុប្បាទ ទ្វេបាទនឹងមនុស្សទាំងឡាយ គេតែងអាស្រ័យ នេះហេតុអ្វី អាឯងមកពោលកំហែងអញ ថាអញមិនគំនាប់សុំអាឯងនោះ អញចាំបាច់សុំទានអាឯងធ្វើអ្វី អាឯងជាម្ចាស់កាលណា នែអាកង្កែបអែបនៅគុម្ពផ្កា អាមិនស្គាល់ឫទ្ធិចេស្ដាអញជាស្ដេចលើក្បាលអាឯងទេឬ ? ។
កង្កែបតបថា "វ៉ឺយរាជសីហ៍, ឯងអួតថាខ្លួនជាស្ដេច ៗ មែនហើយ តែជាស្ដេចលើសត្វចតុប្បាទខាងជើងគោក ឯអញនេះសោត ក៏ជាស្ដេចលើសត្វខាងជើងទឹក ឫទ្ធិចេស្ដា អាឯងក៏មិនលើសលែងគ្នា អញក៏ពុំកោតក្រែងឫទ្ធិអំណាចអាឯងប៉ុន្មាន ឬអាអាងឫទ្ធិសម្រែកស្រែកឲ្យសត្វទាំងឡាយ ឮបកត្រចៀកស្លាប់នោះ ត្រង់សត្វទាំងឡាយ វាឆោតនាំគ្នាកោតខ្លាចសម្រែករាជសីហ៍ទួទៅ ត្រង់រូបអញ ១ នេះ មិនឆោត មិនទៅកោតខ្លាចសម្រែកអានោះទេ អាចង់ស្រែកយ៉ាងណាក៏អញមិនព្រឹម" ។ ឯរាជសីហ៍បានឮកង្កែបពោលពាក្យឥតក្រែងដូច្នោះ ក៏គិតថាអញនឹងបញ្ចេញនូវសម្រែកឲ្យអាសត្វកង្កែបនេះ វាស្លាប់ក្នុងកាលឥឡូវនេះឯង គិតហើយរាជសីហ៍ក៏ស្រែកដោយឫទ្ធិយ៉ាងខ្លាំងឡើង ។ ឯកង្កែបកាលរាជសីហ៍ស្រែកនោះ វាក៏លោតចាកស្លឹកឈូកមុជចុះទៅក្នុងទឹក លុះសម្រែករាជសីហ៍ស្ងប់បាត់ហើយ វាក៏ងើបឡើងទំលើស្លឹកឈូកវិញ ហើយពោលឡកទៅថា "វ៉ឺយរាជសីហ៍ឯងស្រែកអម្បាញ់មិញនេះ ឮមិនស្មើនឹងផោមអញផង ចូរឯងស្រែកម្ដងទៀតទៅមើល" ។
ឯរាជសីហ៍ទោសោខ្លាំង ក៏តាំងស្រែកឡើងលើសមុន ដើម្បីឲ្យកង្កែបស្លាប់ ឯកង្កែបក៏មុជចុះទៅក្នុងទឹកទៀត លុះស្ងប់សព្ទរាជសីហ៍កាលណា វាក៏ងើបឡើងទំលើស្លឹកឈូកហើយ រាំឡកចំអកឲ្យរាជសីហ៍ដោយប្រការផ្សេងៗ ។ ឯរាជសីហ៍ក៏រឹងរឹតតែខ្លាំង តាំងប្រឹងស្រែកខ្លាំងឡើង ទាល់តែប្រេះបែកបំពង់កដួលចុះដល់នូវក្ដីមរណកាលក្នុងកាលនោះហោង ។ ឯកង្កែបឃើញរាជសីហ៍ស្លាប់ដូច្នោះ ក៏ត្រេកអរដោយសមសេចក្ដីប្រាថ្នារបស់ខ្លួន ។
រឿងនេះ បានគតិបុគ្គលទោសោក្រោធមិនគិត អាងឥទ្ធិឫទ្ធី ឥតប្រាជ្ញា មិនពិចារណាឲ្យយល់ហេតុនឹងអន្តរាយខ្លួនទៅខាងមុខ គិតតែថាខ្លួនឯងធំ ឯងមានអំណាច កើតមាក់ងាយមើលងាយអ្នកតូច វិនាសខ្លួនដូចសត្វរាជសីហ៍នោះហោង ។
ចប់តម្រាទោសោឥតសតិសម្បជញ្ញៈ ទី ២១ ។