គតិលោក/ភាគទី៥/16
រឿងសត្វទន្សាយនឹងមេខ្លា
មានសត្វទន្សាយ ១ ដើរទៅបានជួបនឹងកូនខ្លាធំពីរ នៅខាងគុម្ពឈើ ទើបសួរទៅថា "វ៉ឺយកូនខ្លា ថ្ងៃនេះម៉ែឯងទៅឯណាហើយ" ។ កូនខ្លាទាំងពីរក៏ប្រាប់ថា ម៉ែយើងពុំនៅទេ គាត់ចេញទៅរកស៊ីពីព្រឹកមិញហើយ" ។ ឯទន្សាយក៏និយាយទៅថា " អញមកនេះ បើម៉ែឯងនៅ អញនឹងល្បងប៉ោលថ្មីអញមើលម្ដង" ថាហើយទន្សាយ ក៏ដើរចេញទៅដល់ព្រៃស៊ុមទ្រុម មានវល្លិត្អើករឹតរុំស្បាតជិត ក៏ចូលទៅពួនសម្ងំដេកលើស្ដុកវល្លិត្អើកនោះឯង ។ ថ្លែងឯមេខ្លា ដល់ពេលល្ងាចស្រទន់ ក៏ត្រឡប់មកកាន់សំបុកកូននៃខ្លួន ដល់ហើយកូនទាំងពីរប្រាប់ថា "ម៉ែអើយ ថ្ងៃមិញនេះ អាទន្សាយវាមកពោលពាក្យអាសូរោះចាក់ដោតដល់ម៉ែឯង វាថាបើម៉ែឯងនៅនេះ វានឹងល្បងប៉ោលថ្មីវាមើលម្ដង" ។ មេខ្លាឮដូច្នោះ ក៏កើតទោសោក្រោធតទន្សាយ ជេរថាខ្មោចអាសត្វទន្សាយអប្រិយ គួរអ្វីមកស្ដីពាក្យចំអាសឲ្យអញយ៉ាងនេះ បើដូច្នោះនឹងអត់ឲ្យវាឯណាក៏បាន គួរទៅតាមប្រហារវាឲ្យបង់ជីវិត គិតហើយ មេខ្លាលាកូនទាំងពីរចេញចាកទី ចរលីទៅតាមទន្សាយ លុះទៅដល់ព្រៃស៊ុមទ្រុម លបគន់មើល បានឃើញទន្សាយដេកនៅនោះ មេខ្លាក៏ស្ទុះទៅដោយកំលាំងទោសោ ដើម្បីនឹងចាប់ទន្សាយហែកប្រហារដោយក្រចកជើង ។ ឯទន្សាយ ក៏លោតគេចទៅខាងក្រោមវល្លិត្អើក ផុតក្រញាំជើងខ្លា ៗ លោតទៅលើស៊ុមទ្រុម ធ្លាក់ខ្លួនចុះស៊ុមទ្រុម វល្លិវើកវល្លិត្អើកក៏រឹតជុំខ្លួននៃមេខ្លាជាប់ជើងទាំងមុខទាំងក្រោយ ខំបម្រះឡើងដោយកំលាំង ។
ឯទន្សាយឃើញមេខ្លាជាប់រាមដូច្នោះ ក៏ស្ទុះឡើងពីខាងគូធនៃមេខ្លា ធ្វើអាការ ការលោកិយហើយស្រដីថា ហ៊ឹះ ៗ ឯងថាចង់ល្បងប៉ោលថ្មីលេង ៗ ឥឡូវគេឲ្យឯងល្បងប៉ោលថ្មីទាល់តែបាន ទន្សាយធ្វើអាការផ្ចាលមេខ្លានោះស្រេចហើយ ក៏ស្ទុះចុះរត់ទៅកាន់ទីដទៃហោង។
ឯមេខ្លាកាលទន្សាយរត់ផុតទៅហើយ ក៏ខំរើខ្លួនអំពីរាមស៊ុមទ្រុមនោះ បានហើយក៏ចេញមក មានសេចក្ដីខឹងនឹងទន្សាយនោះមហិមា នឹងទៅតាមចាប់វា ពេលស្រទន់ទៀបល្ងាចហើយ មេខ្លាក៏វិលត្រឡប់ទៅកាន់សំបុកកូនខ្លួនវិញ ដល់ហើយកូនទាំងពីរក៏សួរថា "ម៉េចទៅម៉ែ អាទន្សាយនោះ ម៉ែបានពិឃាតវាហើយឬ" ។ មេខ្លាប្រាប់ថា "ពិឃាតវាឯណាក៏បាន ម៉ែទៅនេះ ប៉ិនគេយកកេរ្តិ៍ខ្មាសទៅឲ្យវាជាម្ដង ណ្ហើយចុះ ថ្ងៃនេះឯងធ្វើការបរាជ័យចាញ់វា ចាំថ្ងៃក្រោយ ៗ ទៀតសឹមកែខ្លួនឲ្យបាន" ថាហើយមេខ្លាក៏ចូលទៅដេកបំបៅកូនក្នុងរូងនោះហោង ។
រឿងនេះ បានគតិដូចបុគ្គលខឹងហួសជ្រួសស្នៀតដល់នូវក្ដីបរាមុខខ្លួនឯងវិញ ។ មែន បុគ្គលណាខឹងហួសខឹងខ្លាំងភ្លាំងសតិបញ្ញាហើយ នឹងបានក្ដីក្ដៅក្រហាយលើសមុន ៗ នោះទៀត ទាស់ស្នៀតដួលខ្លួនឯងវិញ ដូចមេខ្លានេះឯង ។
មួយទៀត ក្ដីក្រោធនេះជាភ្លើងមែន បើឆេះទៅក្នុងទីណាហើយ ទីនោះសឹងវិនាសជាប្រាកដ បុគ្គលណា កាន់ក្ដីក្រោធខ្លាំងតាំងចិត្តគិតដុតអ្នកដទៃ មិនឆេះទៅអ្នកដទៃឯណាទេ ចំពោះឆេះនៅក្នុងរូបបុគ្គលដែលដុតនោះឯង ភ្លើងទោសៈនេះ ដូចមេឃ្មុំទាំងឡាយ តែខឹងខំប្រឹងទិចគេ ឯទ្រនិចឃ្មុំនោះតែងសណ្ដកចាកគូធ មិនសណ្ដកតែទ្រនិចនោះទេ សណ្ដកជាប់ដល់ពោះវៀនផង លោកថាឃ្មុំណាទិចគេ ឃ្មុំនោះអស់ទ្រនិចហើយ នឹងតាំងនៅជាមេឃ្មុំវិញពុំបាន សឹងធ្លាក់ទៅជាមេរបោម អ្នកប្រាជ្ញខ្លះថាឃ្មុំនោះស្លាប់ខ្លួនឯង ។
មួយទៀត ការផ្ចាញ់សត្រូវខ្លួនដោយក្ដីក្រោធតបនោះ ពុំអាចឈ្នះបាន បទនេះមានក្នុងគម្ពីរលោកនីតិថា
អក្កោ ថេន ជិនេ កោធម
ធសាធុំ សាធុនា ជិនេ
កទរិញ្ច ទានេន
សច្ចេនាលិកវាទីនំ ។
អធិប្បាយថា ឈ្នះអ្នកក្រោធដោយក្រឹត្យមិនក្រោធតប ឈ្នះអសប្បុរសប្រកបដោយសប្បុរស ឈ្នះកំណាញ់ដោយឲ្យទ្រព្យរបស់ ឈ្នះបុរសឡេះឡោះដោយពាក្យសត្យ ។
មួយទៀត បុគ្គលណាកំចាត់ក្ដីក្រោធបាន បុគ្គលនោះផុតក្ដីក្ដៅក្រហាយ ក្ដីសៅសោកបាន ដូចបទបាលីថា
កោធំ វិហិត្វា ន កទាចិ សោចតិ
មក្ខប្បហានំ ឥសយោ វណ្ណយន្តិ
សព្វេសំ ផរុសវចនំ ខមេថ
តំ ខន្តី ឧត្ដមមាហុ សន្តោ ។
អធិប្បាយថា ជនឯណាកំចាត់ក្ដីក្រោធបាន ជននោះគ្មានសៅសោកក្នុងលោកិយ ព្រះឥសីសរសើរ អ្នកគប្បី លះបង់ក្ដីលុបគុណកបសត្យា អ្នកឯណាអាចអត់ផរុសវាទ មិនរលាតដោយពាក្យបេសុញ្ញា សប្បុរសសរសើរអ្នកនោះណា កបខន្តតីតិក្ខា ជាឧត្ដម ។
ចប់តម្រាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនឯង ទី ២២ ។ ចប់ភាគទី ៥ តែប៉ុណ្ណោះ ។
ចប់តម្រាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនឯង ទី ២២ ។ ចប់ភាគទី ៥ តែប៉ុណ្ណោះ ។