Jump to content

គតិលោក/ភាគទី៥/14

From Wikisource
113299គតិលោក, ភាគទី៥រឿង​សត្វ​ពពែ​ពីរ​តួ​ដណ្ដើម​ផ្លូវ​គ្នាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ពពែ​ពីរ​តួ​ដណ្ដើម​ផ្លូវ​គ្នា


មាន​ពពែ​ពីរ​តួ ដើរ​មក​ទល់​ជួប​គ្នា​នៅ​កណ្ដាល​ស្ពាន ពពែ ១ ថា​ស្ពាន​នេះ​ចំពោះ​ដើរ​បាន​តែ​តួ​មួយ ៗ នឹង​ដើរ​ចៀស​គ្នា​ពុំ​បាន បើ​ដូច្នោះ ត្រូវ​តែ​អ្នក​ឯង​ថយ​ទៅ​ក្រោយ​សិន ចាំ​យើង​ដើរ​ទៅ​ទៅ​ដល់​ចុង​ស្ពាន​កាល​ណា សឹម​អ្នក​ឯង​ដើរ​ទៅ​ចុះ ។ ពពែ ១ ទៀត​ថា យើង​ឯង​មាន​ការ​ជា​បន្ទាន់ ត្រូវ​តែ​អ្នក​ឯង​ថយ​ទៅ​ក្រោយ​សិន ចាំ​យើង​ដើរ​ទៅ​ដល់​ចុង​ស្ពាន់​កាល​ណា សឹម​អ្នក​ឯង​ដើរ​ទៅ​ចុះ ។ ពពែ​ទាំង​ពីរ​សឹង​ពុំ​ព្រម​ថយ​ក្រោយ​ដូច​គ្នា កាន់​មានៈ​រៀង​ខ្លួន ក៏​បោល​សំរុក​ជល់​គ្នា​រុញ​ទៅ​រុញ​មក ដោយ​កំលាំង​ទោសោ មោហោ បាំង​បិទ​ឥត​ប្រាជ្ញា​នឹង​សម្រប​គ្នា ជល់​គ្នា​ធ្លាក់​អំពី​លើ​ស្ពាន​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​តួ បាន​ក្ដី​វេទនា​ដោយ​ធ្លាក់​ទឹក​មាន​អាការ​ផ្សេងៗ ។

រឿង​នេះ បាន​គតិ​ដូច​បុគ្គល​ដែល​វិវាទ​គ្នា​ដណ្ដើម​ឈ្នះ​រៀង​ខ្លួន ចុះ​ក្នុង​ក្បួន​បុរាណ​ថា ខឹង​កើត​ខាត មាន​ដំកាត់​ឈឺ​ឆោត មាន​ក្ដី​ក្រោធ​ក្រោយ​ក្រៀម​មុខ ខំ​សំរុក​ធ្លាក់​ទឹក ដូច​និទាន​ពពែ​ទាំង​ពីរ​នោះ​ឯង គួរ​ចូល​ចិត្ត​ចុះ ។


ចប់​តម្រា​រុញ​មិន​រា​ជា​គតិ ទី ២០ ។