គតិលោក/ភាគទី៥/13

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៥ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​បុរស​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​នឹង​បុរស​មាន​ប្រពន្ធ​ជា​កាឡកិណី​ជា

សំឡាញ់​នឹង​គ្នា

រឿង​សត្វ​ស្មាន់ ក្អែក​នឹង​ចចក


មាន​បុរស​ពីរ​នាក់ ម្នាក់​មាន​ប្រពន្ធ​ជា​ស្ត្រី​កាឡកិណី​ម្នាក់​ទៀត មាន​ប្រពន្ធ​ជា​ស្ត្រី​ប្រកប​ដោយ​លក្ខណា ។ ជន​ទាំង​ពីរ​ត្រកូល​នោះ យក​គ្នា​ជា​មិត្រ​សម្លាញ់ តែង​ទៅ​មក​រក​គ្នា​ជានិច្ច ។ ថ្ងៃ​មួយ ចៅ​បុរស​ប្រពន្ធ​មាន​ល័ក្ខណ៍ ទៅ​បាន​គង​មង្គល​អំពី​សំណាក់​ទេវតា ៗ ឲ្យ​យក​មក​វាយ យក​មាស​ប្រាក់ កែវកង សំពត់ អាវ​គ្រឿង​ឧបភោគ​បរិភោគ ឯ​ចៅ​មាណព​ប្រពន្ធ​ខាត​ល័ក្ខណ៍ បាន​ដឹង​ថា សម្លាញ់​អាត្មា​កើត​មាន​ទ្រព្យ​សម្បត្តិ ដោយ​អំណាច​គង​មង្គល​ហើយ ទើប​ទៅ​កាន់​ផ្ទះ​សំឡាញ់ ហើយ​សុំ​ខ្ចី​គង​មង្គល​នោះ ទៅ​វាយ ដើម្បី​ឲ្យ​កើត​មាស​ប្រាក់​កែវកង​ដូច​គេ ឯ​ចៅ​បុរស​ក៏​ព្រម​ឲ្យ​ខ្ចី ហើយ​ហាម​ថា​សំឡាញ់​ឯង យក​គង​យើង​ទៅ​វាយ​នោះ គឺ​វាយ​បាន​តែ​ក្នុង​ខណៈ ៣ ដង តែ​លើស​អំពី ៣ ដង​ទៅ​ពុំ​បាន​ទេ មួយ​ទៀត ចូរ​សំឡាញ់​ឯង រៀប​ទៀន ធូប​ភ្ញីផ្កា គ្រឿង​ពិធី​ឲ្យ​ល្អ​ប្រយ័ត្ន​មាត់​ក កុំ​ឲ្យ​ពោល​ហួស​ប្រមាណ ចូរ​អធិដ្ឋាន​សំដៅ​យក​វត្ថុ​មួយ ៗ ទើប​សំរេច ។

ឯ​ចៅ​មាណព​នោះ ក៏​ទទួល​ពាក្យ​សម្លាញ់​គ្រប់​ប្រការ ហើយ​កាន់​យក​គង​នោះ​លា​ទៅ​ផ្ទះ​អាត្មា មាន​សេចក្ដី​ត្រេកអរ នឹង​បាន​ទ្រព្យ​សម្បត្តិ​ក្រៃ​ពេក​ណាស់ លុះ​ទៅ​ដល់ ក៏​និយាយ​ប្រាប់​ប្រពន្ធ​សព្វ​សេចក្ដី​ហើយ ប្រើ​ប្រពន្ធ​រៀប​គ្រឿង​ពិធី​បូជា ឯ​មេ​កាឡកិណី​ឮ​ប្ដី​ប្រើ​ឲ្យ​រក​ទៀន ធូប លាជ ផ្កា ដូច្នោះ ក៏​ពុំ​ទទួល​រក ទាំង​ពុំ​មាន​ចិត្ត​ជឿ​គង​មង្គល​នោះ​ផង ។ ឯ​ចៅ​ប្ដី​ឃើញ​ប្រពន្ធ​ខ្លួន​ពុំ​អើពើ​ផង​ដូច្នោះ ក៏​ស៊ូ​នៅ​ស្ងៀម​នៅ តាំង​រក​ទៀន​ធូប​ដោយ​ខ្លួន​ឯង បាន​ហើយ​ក៏​តាំង​បូជា លើក​គង​នោះ នឹង​វាយ​មាស​ប្រាក់ ដល់​ទំលាក់​អន្លូង​ដល់​ដោះ​គង​នោះ​កាល​ណា មេ​កាឡកិណី​វា​ស្រែក​ដង្ហោយ​ឡើង​ថា "អង្គជាតិ​អើយ​ចូរ​មក​ឲ្យ​ច្រើន ៗ ទៅ" និមិត្ត​តែ​ផុត​មាត់​កាល​ណា រី​អង្គជាតិ​ទាំង​ឡាយ ក៏​កើត​ឡើង​ជាប់​តាម​អវយវៈ​រាងកាយ​នៃ​ចៅ​ប្ដី​នោះ ៗ ក៏​ភិតភ័យ​មហិមា​ស្រែក​ហៅ​ឲ្យ​ប្រពន្ធ​ជួយ ។

ឯ​មេ​ប្រពន្ធ​ក៏​ភិតភ័យ ទើប​ថា "ចូរ​អ្នក​ឯង​វាយ​គង​ឡើង​បណ្ដាញ ឲ្យ​វា​បាត់​ទៅ​វិញ" ។ ចៅ​ប្ដី​ក៏​ឧទ្ទិស​ថា "អង្គជាតិ​អើយ ចូរ​អន្តរធាន​បាត់​ឲ្យ​អស់​ទៅ​វិញ​ទៅ" ថា​ហើយ​ក៏​វាយ​គង​នោះ​ជា​គំរព​ពីរ​ដង​ឡើង និមិត្ត​តែ ផុត​ពាក្យ​ផុត​សូរ​គង​នោះ​កាលណា ឯ​អង្គជាតិ​ទាំង​នោះ ក៏​អន្តរធាន​បាត់​ទៅ​វិញ មិន​បាត់​តែ​អង្គជាតិ​ថ្មី​នោះ​ឡើយ ទាំង​អង្គជាតិ​ចាស់​គឺ​អង្គជាតិ​កំណើត​ខ្លួន ក៏​បាត់​ទៅ​ទាំង​អស់ បុរស​ស្ទាប​មើល​ដឹង​ថា​អង្គជាតិ​កំណើត គឺ​ពូជ​ចាស់​របស់​ខ្លួន​បាត់​ទៅ​ផង​ដូច្នោះ ក៏​ប្រាប់​ទៅ​ប្រពន្ធ​ថា គេហ៍​អើយ ឥឡូវ​នេះ​ពូជ​ចាស់​យើង ក៏​វា​បាត់​ទៅ​ជា​មួយ​នឹង​ពូជ​ថ្មី​នោះ​ហើយ" ។ មេ​ប្រពន្ធ​ឮ​ដូច្នោះ​ក៏​ភិតភ័យ​ខ្លាំង ទើប​ប្រាប់​ប្ដី​ឲ្យ​វាយ​គង​ហៅ​អង្គជាតិ​កំណើត ១ សម្រាប់​ខ្លួន​វិញ ។

ឯ​ចៅ​នោះ​ក៏​លើក​គង​ឡើង​វាយ និយាយ​ថា "គ្រឿង​ចាស់​របស់​ខ្ញុំ​អើយ ! ចូរ​មក​កើត​ដូច​ដើម​វិញ " និមិត្ត​តែ​ផុត​ពាក្យ​កាល​ណា អង្គជាតិ​ចាស់​ក៏​កើត​ឡើង​ប្រាកដ​ដូច​ដើម​វិញ​ហោង ។ មេ​ប្រពន្ធ​ឃើញ​ឥទ្ធិពល​គង​មង្គល​នោះ ពូកែ​ឆុតឆាប់​ដូច្នោះ​ក៏​ថា "ចូរ​អ្នក​ស្វាមី​វាយ​ឡើង​ម្ដង​ទៀត​ទៅ ខ្ញុំ​នឹង​ឧទ្ទិស​ហៅ​យក​មាស​ប្រាក់ ឲ្យ​មាន​ដូច​គេ​វិញ " ។ ចៅ​ប្ដី​ថា "វាយ​ម្ដង​ទៀត​ឯ​ណា​ក៏​បាន គង​នេះ​វាយ​បាន​តែ​ត្រឹម​វារៈ ៣ ដង ឥឡូវ​ឯង​អស់​វរៈ ៣ ដង​ទៅ​ហើយ គឺ​វាយ​ក្នុង​កាល​បឋម​នោះ ហង​ឯង​ទៅ​ពាំនាំ​ហៅ​យក​អង្គជាតិ, វាយ​ទី​ពីរ​នឹង​កែ​មាត់ អង្គជាតិ​ក៏​បាត់​ទៅ​ទាំង​ចាស់​ទាំង​ថ្មី, វាយ​ទី​បី​ហៅ​បាន​តែ​គ្រឿង​ចាស់​ដដែល​មក​វិញ នឹង​វាយ​ទី ៤ ទៀត​ឯណា​ក៏​បាន គ្រូ​គេ​ហាម​ផ្ដាច់​មក​ហើយ គិត​ទៅ​មេ​ហង​ឯង ជា​កាឡកិណី ស្ត្រី​អលក្ខិកា ធ្វើ​ឲ្យ​ខូច​ពិធី​អញ​ទៅ​ហើយ" ថា​ហើយ ចៅ​នោះ​ក៏​យក​គង​មង្គល​នោះ ទៅ​ជូន​ម្ចាស់​គេ​វិញ​ហោង ។

រឿង​និទាន​នេះ បាន​គតិ​ដូច​បុគ្គល​គិត​ការ​មិន​ស្រុះ​គ្នា ការ​ឯណា​មួយ​តែ​ធ្វើ​មិន​ព្រមព្រៀង​គ្នា ហើយ​ការ​នោះ​មិន​សម្រេច​ទៅ​បាន ដូច​និទាន​មេ​កាឡកិណី​នោះ​ឯង អ្នក​មាន​សតិ​បញ្ញា​គួរ​ពិចារណា​ទៅ​ទៀត​ចុះ ។


ចប់​តម្រា​កាឡកិណី នឹង​មង្គល​មិន​ស្រប​គ្នា ទី ១៩ ។