Jump to content

គតិលោក/ភាគទី៥/12

From Wikisource

រឿង​សត្វ​កណ្ដុរ​នឹង​មេ​ឆ្មា


មាន​សត្វ​កណ្ដុរ​ទាំង​ឡាយ​ដ៏​ច្រើន អាស្រ័យ​នៅ​ក្នុង​ទី​មួយ បាន​សេចក្ដី​ក្ដៅ​ក្រហាយ​លំបាក​ដោយ​មេ​ឆ្មា ១ តែង​យាយី នឹង​ចេញ​រកស៊ី​ពុំ​បាន ថ្ងៃ​មួយ កណ្ដុរ​ទាំង​ឡាយ​មក​ប្រជុំ​ជំនុំ​គ្នា​ថា "ពួក​យើង​មាន​គ្នា​ច្រើន មេ​សត្រូវ​គឺ​មេ​ឆ្មា ១ គួរ​តែ​យើង​ស្រុះ​គ្នា​ចូល​យុទ្ធនា​នឹង​វា​ជា​សត្រូវ ចោម​គ្នា​ខាំ​សម្លាប់​មេ​ឆ្មា​នោះ​បង់​ចេញ ទើប​ពួក​យើង​បាន​ក្ដី​សុខ​សប្បាយ​តទៅ" ។

ឯ​កណ្ដុរ​ទាំង​ឡាយ សឹង​ខ្លាច​អំណាច​មេ​ឆ្មា​នោះ​មហិមា លុះ​ឮ​ពាក្យ​ជំនុំ​ដូច្នោះ ក៏​ពុំ​អាច​នឹង​ទទួល សឹង​នាំ​គ្នា​ពោល​ឡើង​ថា "យើង​រាល់​គ្នា​សឹង​ពុំ​ហ៊ាន​ចូល​ត​​យុទ្ធ​នឹង​ឆ្មា​នោះ​ទេ " ។

គ្រា​កាល​នោះ មាន​កណ្ដុរ ១ ឆ្លើយ​ឡើង​ថា " ខ្ញុំ​មាន​ឧបាយ​មួយ ល្មម​នឹង​រក្សា​ជីវិត​បាន ឯ​ឧបាយ​នោះ គឺ​ថា​យើង​ទៅ​រក​ចង្ក្រង់​បាន ១ យក​មក​ចង​ក​ឆ្មា ថា​បើ​ទៅ​ឯណា ៗ យើង​ស្ដាប់​ចង្ក្រង់​វា​ជា​សញ្ញា គឺ​ថា​បើ​ឮ​សូរ​ចង្ក្រង់​ទិស​ខាង​កើយ យើង​ដឹង​ថា​មេ​ឆ្មា​នៅ​ខាង​កើត ហើយ​នាំ​គ្នា​ចេញ​រកស៊ី​ទិស​ខាង​លិច បើ​ឮ​ខាង​លិច សឹម​យើង​គេច​ទៅ​រកស៊ី​ខាង​កើត​វិញ ឧបាយ​យ៉ាង​នេះ តើ​អ្នក​ទាំង​ឡាយ​យល់​ថា​ត្រូវ​ខ្លះ​ឬ​ទេ " ។

ឯ​កណ្ដុរ​ទាំង​ឡាយ ក៏​ឆ្លើយ​ឡើង​ព្រម​គ្នា​ថា "ឧបាយ​ដែល​អ្នក​គិត​នេះ​យល់​ត្រូវ​ហើយ តែ​ថា​បើ​រក​ចង្ក្រង់​បាន​មក តើ​រូប​អ្នក​ណា​អាច​ក្លាហាន​យក​ចង្ក្រង់​ទៅ​ចង​ក​ឆ្មា​នោះ​បាន" ។

ឯ​កណ្ដុរ​ទាំង​ឡាយ​ជំនុំ​ដូច្នោះ សឹង​ខ្លាច​ពុំ​ហ៊ាន​ទៅ​ចង​ក​ឆ្មា​នោះ​ទាំង​អស់​គ្នា សេចក្ដី​ជំនុំ​នោះ ក៏​មិន​សំរេច​ទៅ​បាន ជា​អសារ​ឥត​ការ​ទេ​ហោង ។ រឿង​នេះ​បាន​គតិ​ដូច​រូប​អ្នក​តូច​ទាំង​ឡាយ​ច្រើន​គ្នា កើត​ខាត់​ដោយ​អ្នក​ធំ​មាន​អំណាច មិន​អាច​ទៅ​ធ្វើ​អ្វី​គេ បាន​ក្ដៅ​ក្រហាយ​ណាស់ ជំនុំ​តែ​គ្នា​ឯង​ដូច​ហ្វូង​កណ្ដុរ​ជំនុំ​គ្នា​នឹង​យក​ចង្ក្រង់​ទៅ​ចង​ក​ឆ្មា​នោះ​ឯង ។ អ្នក​មាន​បញ្ញា​គួរ​ពិចារណា​មើល​ហោង ។


ចប់​តម្រា​គតិ​មិន​ស្រុះ​គ្នា ទី ១៨ ។