គតិលោក/ភាគទី៥/11
រឿងសត្វចចកនឹងដំរី
សុភាសិទ
មានសត្វចចកទាំងឡាយដ៏ច្រើន អាស្រ័យនៅលើកោះ ១ កណ្ដាលសាគរ ថ្ងៃមួយ និយាយប្រឹក្សាគ្នាថា យើងជាសត្វអាស្រ័យសាច់សត្វជាភក្សាហារ ស្វែងរកអាហារបានដោយក្រ ទោះជាបានខ្លះសោតក៏ពុំបរិបូណ៌ ហេតុដូច្នេះ គ្នាយើងគួរតែទៅនិយាយល្បងបញ្ឆោតដំរីសារធំ ឲ្យវាចុះកលយើង ៗ នឹងបានសាច់វាបរិភោគហ្វូងចចកគិតឃើញឧបាយដូច្នេះហើយ ទើបនាំគ្នាហែលទឹកទៅកាន់ត្រើយស្ទឹង ចូលទៅកាន់សំណាក់នៃដំរីសារ ដល់ហើយក៏ធ្វើកិរិយាជាអ្នកកោតខ្លាច ឱនសិរសាចុះគំនាប់គោរពដំរីហើយស្រដីថា "បពិត្រលោកជាធំដ៏ប្រសើរ សូមលោកមេត្តាប្រោសដល់ពួកយើងខ្ញុំ ដ្បិតយើងខ្ញុំទាំងឡាយសព្វថ្ងៃនេះ ឥតមាននាយចៅហ្វាយនឹងជួយការពារក្ដីអន្តរាយសោះ ឥឡូវបានប្រឹក្សាគ្នាឃើញថា ព្រះតេជព្រះគុណនេះ ជាសត្វធំឧត្ដមសមគួរជានាយលើយើងខ្ញុំទាំងឡាយ ៗ ប្រគល់កាយជាបាវបំរើព្រះតេជព្រះគុណចាប់ពីថ្ងៃនេះតទៅ " ។
ឯដំរីសារឥតប្រាជ្ញា បានឮចចកទាំងឡាយនោះមកនិយាយបញ្ឆោតដូច្នោះ ក៏ត្រេកអរស្រុះស្រួលទទួលជានាយលើហ្វូងចចក ។
ឯចចកទាំងឡាយ ចាប់ដើមពីថ្ងៃនោះមក វានាំគ្នាគោរពប្រតិបត្តិបំរើដំរីដោយក្ដីមាយា ថ្ងៃមួយ ចចកនាំគ្នាចូលទៅវន្ទាដំរីស្រដីបបួលថា "បពិត្រលោកជានាយ, យើងខ្ញុំទាំងឡាយអាស្រ័យនៅក្នុងទីព្រៃនេះពុំសប្បាយ, ព្រោះរកអាហារបានដោយក្រ សូមទានយើងខ្ញុំ សូមអញ្ជើញលោកនាយ ឆ្លងទៅនៅឯកោះធំ កោះនោះបរិបូណ៌ដោយទឹក ដោយស្មៅ នូវស្លឹកឈើនានា ទោះត្រីសាច់ជាអាហារ ចំណែកខាងពួកយើងខ្ញុំនេះ ក៏មានបរិបូណ៌ យើងខ្ញុំនឹងហែហមឡោមលោកនាយទៅនៅឯកោះនោះ នឹងបានជាអធិបតីលើពួកយើងខ្ញុំទាំងឡាយ, មួយទៀត ឯពួកយើងខ្ញុំដែលនៅឯកោះនោះ ក៏មានច្រើនគ្នា សូមលោកនាយមេត្តាយាត្រាទៅជាកំពូលនៃយើងខ្ញុំហោង " ។
ឯដំរីបានឮពួកចចក ពោលពាក្យបញ្ឆោតដូច្នោះ ក៏ព្រមតាម ទើបនាំចចកទាំងនោះ ចុះគង្គាហែលឆ្លងមហានទី ឆ្ពោះមុខទៅកាន់កោះធំ ឯចចកទាំងឡាយដឹងថាដំរីសារចុះកលខ្លួនហើយ ក៏នាំគ្នាស្រែកលូឡើងបន្លឺសព្ទជាសញ្ញាឲ្យពួកចចកនៅ ឯកោះ នោះឮ ។
ឯចចកនៅកោះ បានឮពួកខ្លួនខាងត្រើយលូឡើងដូច្នោះ ក៏នាំគ្នាលូកងឡើងដូច្នោះ ក៏នាំគ្នាលូកងឡើងទទួលគ្នា ហើយប្រុងប្រៀបអាត្មាទីទៃ ៗ ដើម្បីនឹងចុះហែលទឹកទៅជួយគ្នាខាំដំរីនោះ ឲ្យលុះក្ដីមរណកាលកណ្ដាលមហានទីនោះឯង ។
ឯដំរីសារស្រវឹងបុណ្យ ហែលមកដល់កណ្ដាលមហានទី ត្រូវទឹកជ្រៅផុតជើងផុតដៃ នឹងអាស្រ័យផ្ទៃផែនដីពុំបាន ក៏អណ្ដែតខ្លួនប្លេងប្លោង ៗ ឯចចកទាំងឡាយដឹងជាដំរីផុតជើងផុតដៃ នឹងអាស្រ័យព្រេចចាក់តពុំបានដូច្នោះ វាក៏នាំគ្នាហែលឡើងទំលើខ្នង ហើយខាំកកេរសាច់ពោះដំរីត្រាតែធ្លុះ ទឹកក៏ចូលទៅក្នុងពោះដំរីនោះពេញ ដំរីនោះដល់នូវក្ដីមរណកាលកណ្ដាលគង្គា ពួកចចកក៏នាំគ្នាបរិភោគសាច់ដំរីតាមសេចក្ដីប្រាថ្នាវាហោង ។
រឿងនេះ បានគតិអ្នកតូចព្រមព្រៀង អាចផ្ចាញ់អ្នកធំបាន ដូចគ្នានឹងបទបាលីក្នុងគម្ពីរលោកនីតិដែលថា ពហូនំ អប្បសារានំ ។ល។ ដែលបានអធិប្បាយមកហើយ ។
មួយទៀត ដំរីនោះបានគតិឆ្កួតយសឡើងបញ្ជោរ ដូចគតិក្អែកឡើងបញ្ជោរសំពោច ខូចនំទឹកដោះនោះឯង គួរចូលចិត្តចុះ ។
ចប់តម្រាគតិព្រមព្រៀងទី ១៧ ។ល។