គតិលោក/ភាគទី៣/5
លោកធម៌ ៨ប្រការ
មួយទៀតមនុស្សឆោតនោះ ព្រោះពុំស្គាល់លោកធម៌ទាំង ៨ ប្រការគឺ : លាភ ១ អលាភ ១ យស ១ អយស ១ សុខ ១ ទុក្ខ ១ សរសើរ ១ និន្ទា ១ ធម៌ ៨ ប្រការនេះជាធម៌របស់លោក សត្វលោកសឹងវិលទៅតាមធម៌ទាំង ៨ ប្រការជាប្រក្រតី ក្ដីលោភ ក្ដីយសសក្ដា ក្ដីសុខសម្រាន្ត ក្ដីសរសើរតំកើងតំកល់ ធម៌ ៤ ប្រការនេះ សត្វលោកប្រារព្ធចង់បាន។
ឯក្ដីអលាភគឺខាតលាភ ក្ដីអយសគឺថយយសសក្ដា ក្ដីទុក្ខរំខាន ក្ដីនិន្ទាគរហាតិះដៀល ធម៌ ៤ ប្រការនេះ សត្វលោកសឹងស្អប់ សឹងខ្ពើមពុំចង់បានឡើយ, តែនឹងគេចគែរត់ឲ្យផុតចេញទៅពុំបាន ទោះជាមិនចង់បានក៏គង់បានដដែល ព្រោះសភាវធម៌ជាគូ ៗ នឹងគ្នា បុគ្គលណាប្រាថ្នាតែលាភ-យស-សុខ-សរសើរ, ចំណែក ១ ធ្វើម្ដេចនឹងបានធម៌ ៤ យ៉ាងនេះស្ថិតស្ថេរនៅជាប្រក្រតីបាន, សភាវធម៌ ៨ ប្រការនេះជារបស់សម្រាប់លោក លោកតែងវិលទៅតាមធម៌ ៨ ប្រការនេះឯង។
បុគ្គលណាប្រាថ្នាតែ លាភ - យស – សុខ – សរសើរ ៤ ប្រការនេះហើយ គង់នៅក្នុងឆោតមិនលែងឡើយ, ឯងស្ដាប់មើលចុះ រឿងគ្រូកណ្ដាញ់នៅស្រុកមាត់ជ្រូក ១ គ្រូហមជើងបាក់ នៅស្រុកមង្គលបូរី ល្បីដល់ស្រុកបាត់ដំបង ១ គ្រូបង់បត់ ១ គ្រូអស់នេះ អាអ្នកលេង វាក្លែងតែងកលឧបាយផ្សាយពាក្យអួតថា ពូកែឆុតឆាប់ អាចរម្ងាប់សព្វរោគអ្នកនគរបាន។
ឯអ្នកនគរណាលុះអំណាចធម៌ ៤ យ៉ាងខាងលើហើយ សឹងដ៏ផ្អើលគឹកកងនាំគ្នាយកទៀនធូបប្រាក់កាសជួលកប៉ាល់ជិះទៅរកគ្រូពូកែនោះ។ ពួកចិននាយកប៉ាល់បានប្រាក់ថ្លៃកប៉ាល់ក៏បរិបូណ៌ កាលអ្នកនគរគេត្រូវការទៅស្រុកមាត់ជ្រូក ក្នុងកាលនោះឯង។
ក.រឿងធ្វើសក្ការបូជាទឹកបឹង
[edit]មួយទៀតមានទឹកបឹងទី ១ នៅខែត្រស្រុកទឹកជោរ កាលនោះមានក្របីឈឺភ្នែក ១ វាចុះ ទៅត្រាំទឹកបឹងនោះរឿយៗ លុះយូរថ្ងៃមក ភ្នែកក្របីនោះជាឡើងដូចប្រក្រតី។ឯអ្នកស្រុកនោះឃើញក្របីនោះជាភ្នែកហើយ ក៏កើតសេចក្ដីជឿថា ទឹកបឹងនោះពូកែ នាំគ្នាទៅងូត ទៅដងយកមកផឹក កើតមានគ្រឿងសក្ការបូជាអុជទៀនធូបបូជាទឹកបឹងនោះ កិត្តិសព្ទក៏ឮខ្ចរខ្ចាយសុសសាយដល់អ្នកស្រុកសៀមរាប ស្រុកបាត់ដំបង កើតជឿនាំគ្នាទៅបូជាសូមទឹក យកទឹកនោះ ជាកោលាហល ដល់ជ្រាបទៅលោករាជការ ៗ ឲ្យទៅហាមឃាត់បណ្ដាពួករាស្ត្រឆោតទាំងនោះ។
ខ.រឿងធ្វើសក្ការបូជាដើមដង្កោ
[edit]មានរឿងមួយទៀត ក៏មានដើមដង្កោ ១ ដើម រលើងឫសរលំ ចុងចុះដល់ដី នៅមកជាយូរខែ អ្នកស្រុកដើរទៅមក ក៏បានយល់តែរាល់គ្នា ថ្ងៃមួយមានចៅម្នាក់ទៅកាប់ចុងមែកដង្កោនោះចេញខ្លះ ឯដើមដង្កោនោះ កាលគេកាប់ចុងស្រាលចេញហើយ ក៏ងើបឡើងដោយកម្លាំងឫសទាញបន្តិច។ ឯអ្នកស្រុកបានឃើញដើមដង្កោនោះហើយ ក៏ចូលចិត្តជឿថាពូកែ ទើបនាំគ្នាយកទៀន ធូបទៅអុជបូជា សូមស្ទោះសម្បកយកជាថ្នាំកែរោគផ្សេងៗ អ្នកខ្លះកាត់យកឫសយកមែកធ្វើជាថ្នាំ ជាកូនសង្កត់ចងដៃចងចង្កេះផ្ដាសទៅ, ឯដើមដង្កោនោះត្រូវអ្នកស្រុកស្ទោះសម្បកអស់រសជាតិផែនដីផ្សាយមិនដល់ចុង ក៏វិនាសរូបកាយតាយហោងបង់។
គ.រឿងសក្ការបូជាគោស្ទាវខ្មៅ ១
[edit]មានរឿងមួយទៀត គឺអ្នកស្រុកនៅទិសខាងលិច ថ្ងៃ ១ មានគោខ្មៅក្មេងស្ទាវ ១ ជារបស់អ្នកឯណាពុំដឹង គោនោះដើររកស៊ីទៅតាមហ្វូងវា ។ ឯអ្នកស្រុកឃើញគោខ្មៅនោះរូបល្អ ក៏សំគាល់ថា ព្រះគោរត់មកអំពីស្រុកសៀម ទើបនាំគ្នាដេញចាប់ក៏ពុំបាន អ្នកខ្លះរត់តាមពីក្រោយ ស្រែកដង្ហោយថា ព្រះអង្គម្ចាស់អើយ ឈប់ប្រោសសត្វដែលខាត់ក្រ អ្នកខ្លះបានចេកទុំ - បានស្មៅ - ស្រូវ រត់តាមទៅឲ្យគោ ៗ នោះ មិនឈប់នៅ ចេះតែទៅតាមកម្លាំងវា។
ឯបណ្ដាអ្នកស្រុកទាំងប្រុស – ស្រី នាំគ្នារៀបគ្រឿងបូជាផ្សេងៗ ហើយត្រាច់ទៅតាមគោនោះឯង, ឯគោនោះ លុះឃើញមនុស្សគេមកចោមជុំខ្លួន នឹងរកចន្លោះច្រកបោលចេញពុំរួចដូច្នោះ ក៏ដាលបោលសម្រុកពារត្រង់មកជំនុំមនុស្សច្រើន, មនុស្សទាំងឡាយក៏ផ្អើលរត់ច្រៀកជែកគ្នាទៅទីទៃៗ អ្នកខ្លះដួលបែកដៃបែកជើង អ្នកខ្លះដួលផ្កាប់មុខកំពប់ទៀនធូបជិះជាន់ទៅលើគ្នា ដោយក្ដីភ័យនឹងស្នែងគោនិងក្រចកជើងគោ ៗ នោះ បោលបោះផ្លោះកន្លងមនុស្សរួចចេញបាន ក៏បោលទៅរកហ្វូងដែលវាធ្លាប់នៅជាមួយគ្នាអំពីដើម។ ឯមនុស្សទាំងឡាយបានក្ដីទុក្ខវេទនា ពិការដៃជើងជាដើម ក៏នាំគ្នាវិលទៅស្រុកវិញ។
រឿងនេះ ឯងស្ដាប់មើលចុះ មនុស្សឥតសម្បជញ្ញៈ ត្រិះរិះឲ្យឃើញហេតុឃើញវត្ថុជាទីឯបអាងបាន គួរឬ ទៅជឿបូជាសត្វតិរច្ឆានឲ្យបាននូវក្ដីទុក្ខវេទនាដូចពណ៌នាមកនេះ ទាំងនេះក៏ព្រោះគ្មានសតិសម្បជញ្ញៈ ពិចារណាឲ្យយល់ដើមហេតុ គឺគោនោះ តើជាគោមានជីវិតពិតដូចគោធម្មតា ឬយ៉ាងណា កាលនោះនៅស្រុកខ្មែរយើងនេះ តើមានបុណ្យបារមីឫទ្ធិជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ, កាលស្ដេចនរេសូសៀមលើកទ័ពមកវាយស្រុកខ្មែរយើងគឺបន្ទាយលង្វែកបែកបាននាំយកគោនោះ តើពីឆ្នាំណា? ពីចុល្លសករាជប៉ុន្មាន? ។ បើគិតទៅតាំងអំពីឆ្នាំ រាជ្យនរេសូរវាយបន្ទាយលង្វែក ដល់មកសម័យនេះ កន្លងទៅជាង ២០០ ឆ្នាំទៅហើយ គោនោះនឹងរស់នៅដល់ឥឡូវនេះម្ដេចបាន គោឯណាអាយុវែងម្ល៉េះ!។
មួយបើគោនោះ ជាងគេធ្វើដោយថ្ម ឬ ដោយសំរឹទ្ធិវិចិត្រដោយមាសដោយប្រាក់ទេ អើហេតុអ្វីគោរូប ម្ដេចចេះបោល ចេះបរចេញរត់មកស្រុកខ្មែរវិញបាន។
មួយមានពាក្យព្រេងថា គោនោះគឺសៀមគេយកទៅបោះភ្ជាប់ជើងទាំង ៤ ដោយដែកគោល យកច្រវាក់ចងក្រៀកដោយជុំវិញ ពុំឲ្យរត់ចេញទៅណាបាន ហើយហាមមិនឲ្យពួកខ្មែរយើងនេះ ចូលទៅមើលជិត ថាបើខ្មែរទៅជិតហើយ ក្រែងខ្មែរនិយាយជាភាសាខ្មែរ គោនោះកាលបើឮភាសាខ្មែរហើយក៏កញ្ជ្រោលបម្រះស្រែកយំកងរំពងខ្លាំង។
ពាក្យព្រេងនេះ ឯងស្ដាប់មើលចុះ គួរឬ គោសំរឹទ្ធិទេ ម្ដេចចេះយំស្រែក ខាងសៀមសោត ម្ដេចចាំទៅបោះដែកគោលចងក្រៀកនោះ ឆ្កួតឬ រូបគោសំរឹទ្ធិទេ (ពាក្យព្រេងនេះមិនគួរនឹងជឿ ស្ដាប់សោះ)។
ឯជាតិអ្នកកាន់គោ ជាព្រះនោះក៏មានខ្លះ ដូចយ៉ាងសាសន៍ព្រាហ្មណ៍ចំពូក ១ គឺជាតិឥណ្ឌូធានីគេកាន់សាសនាឥសូរនារាយណ៍ ខ្លះកាន់សំពះយោនីនាងឧមាភគវតី, ខ្លះកាន់សំពះអង្គជាតិព្រះសយម្ភូ គឺលិង្គព្រះឥសូរ, ខ្លះកាន់សំពះគោដែលជាយានរបស់ព្រះឥសូរ, ពួកអស់នេះ សឹងមានសទ្ធាសាងព្រះវិហារតំកល់គោខ្មៅ តាំងជាព្រះអង្គថាព្រះគោ នាំគ្នាយកអាចម៍គោនោះ នាំគ្នាយកអាចម៍គោនោះដុតជាផង ហើយលាបថ្ងាស – លាបមុខ ទុកជាស្រីសួស្ដីមង្គល។ ចុះពួកខ្មែរយើងនេះកាន់សំពះសាសនាព្រះសម្មាសម្ពុទ្ធ គឺគោតមបរមគ្រូទេ ហេតុម្ដេចក៏ទៅសំពះបូជាគោ តាំងនាមជាព្រះគោ ហើយមានសេចក្ដីសៅសោកអាល័យដល់ព្រះគោ ដែលគរសៀមគេយកទៅនោះ ខ្មែរយើងនឹងបានទៅកាន់ព្រះគោជាយានរបស់ព្រះឥសូរ ដូចពួកឥណ្ឌូនោះកាលណា ក៏នឹងទៅអាល័យព្រះគោនោះ ឬកាន់ថាគោសព្ទនេះ ជានាមព្រះគោតម ព្រោះព្រះពុទ្ធជាម្ចាស់យើងជាវង្សគោតមគោត្រត្រូវគ្នានឹងគោសព្ទនេះ បានជារាប់អានគោរពគោ ទើបតាំងសិតសាងជារូបគោ តាំងជាទីបូជារបស់ខ្មែរកាន់ព្រះពុទ្ធសាសនា អើបើដូច្នោះ សត្វគោក្នុងស្រុកខ្មែរនេះក៏មានទួទៅ ហេតុម្ដេចខ្មែរក៏នៅនាំគ្នាប្រើជាគោជាពាហនៈ ជាយានបររទេះភ្ជួរស្រែ ហើយព្រមទាំងសម្លាប់ស៊ីសាច់ផង ហេតុដូចម្ដេចក៏មិននាំគ្នាសំពះបូជាគោសព្វថ្ងៃនេះទៅផង គោជាគោដូចគ្នា ។
ឃ.រឿងធ្វើសក្ការបូជាយាយទែព
[edit]ន័យមួយវិញទៀត មានពួកខ្លះជឿសំពះរូបយាយទែព បន់ស្រន់យាយទែព ដោយក្ដីប្រាថ្នា អ្នកកាន់សំពះយាយទែពនេះ ក៏ពុំដឹងដើមហេតុរឿងប្រវត្តិនៃយាយទែពនោះជាអ្វី រូបយាយទែពនោះកាលរស់នៅ តើគាត់ជាទេវតា ឬ ជាមនុស្សយើងនេះ គាត់ជាប្រពន្ធតាណា តានោះឈ្មោះអ្វី, កាលរស់នៅ តើមានបុណ្យបារមីអាចជួយរំដោះទុក្ខខ្មែរយ៉ាងណាខ្លះ ឬ ជួយប្រាបសត្រូវខ្មែរយ៉ាងណាខ្លះ ជួយការពារសព្វរោគយ៉ាងណាខ្លះ មានគុណនឹងផែនដីយើងនេះដូចម្ដេចខ្លះ, តម្រារឿងប្រវត្តិយាយទែពនោះ តើមាននៅក្នុងតម្រាពង្សាវតារឬក្នុងគម្ពីរសាស្ត្របាលីឯណា បានជាពួកនេះទៅជឿបូជាអួតថាពូកែនោះ។ អើបើដូចជារូបនាងសាន្តារ្ក៍ មានក្នុងពង្សាវតារបារាំងសែស នោះទើបគួរដល់លោកអ្នកជាតិបារាំងសែស គេគោរពបូជា ព្រោះនាងកាលរស់នៅនោះ បានជួយអាសាមហាក្សត្រ ចេញជានាយទាហានលើកពលយោធាច្បាំងនឹងពួកបច្ចាមិត្រ វាយយកខេត្តដែនរបស់ជាតិខ្លួនបានមកវិញ ដល់ក្រោយនាងអស់បុណ្យដោយដៃពួកបច្ចាមិត្រចាប់ទៅដុតភ្លើងទាំងរស់ ពួកអ្នកនគរ គេនឹកដល់គុណនាង ដែលជួយយក គេនឹកដល់គុណនាង ដែលជួយយកអាសាផែនដីនោះ ទើបគេនាំគ្នាសិតសាងរូបនាងទុក គឺជាស្រីអស្ចារ្យតម្កល់ឲ្យពួកជាតិដូចគ្នាគោរពបូជារបស់គេ ត្រាលុះដល់មកសម័យឥឡូវនេះ។
ឯយាយទែពនោះ តើកាលគាត់រស់នៅ បានជួយដោះទុក្ខជាតិខ្មែរយើងយ៉ាងណា ទើបបានបុរាណចាស់គេសាងរូបយាយទែពនេះទុក ឲ្យពួកខ្មែរយើងគោរពបូជារូបគោ ត្រាដល់មកឥឡូវនេះ។
មួយទៀត ពាក្យទែពសព្ទនេះ ជាភាសាក្លាយមកពីភាសាសំស្ក្រឹតថា "ទែត្យ" ប្រែថាខ្មោចយក្ស, អើរឿងខ្មោចយក្សនោះ សឹងជាសត្រូវនឹងជាតិមនុស្សយើងនេះទេ ហេតុម្ដេចក៏គេទៅជឿបូជាវានោះទៀត ឬ ពាក្យទែពសព្ទនោះ ពុំមែនជាទែពនោះទេ គឺថាសព្ទទេពហៅថានាងទេពធីតា សំដៅយករូបនាងឧមាភគវតី ជាអគ្គមហេសីនៃព្រះឥសូរនោះទេដឹង ? ព្រោះមនុស្សជាន់ដើមកាន់សាសនាព្រះឥស្សរាធិបតី រាប់អាននាងឧមាភគវតី ព្រោះនាងជាមហេសីនៃព្រះឥសូរនោះ ទើបគេសិតសាងរូបនាងតាំងទុកមក ហៅថា យាយទេព ៗ នោះដល់យូរមកយារពាក្យហៅថា យាយទែព យ៉ាងនេះទេដឹង ? អើបើទុកជារូបនាងឧមាភគវតីក្ដី យើងជាឧបាសកឧបាសិការាប់អានព្រះពុទ្ធសាសនានេះ មិនត្រូវទៅគោរពសំពះបូជារូបយាយទេពនោះទេ ធ្វើឲ្យសៅហ្មងខាតបង់ត្រៃសរណគមន៍របស់ខ្លួនសោះទទេ យ៉ាងនេះ។
ង.រឿងភ្នំក្រោមនៅខេត្តសៀមរាបនិងភ្នំត្រងិល ក្នុងស្រុកជើង
[edit]មួយទៀត មានអ្នកខ្លះទៅជឿពាក្យព្រេង និយាយកុហកកូនក្មេងតមកថា ភ្នំក្រោមនៅខេត្តស្រុកសៀមរាប ១ ភ្នំត្រងិលនៅខេត្តស្រុកជើងព្រៃ ១ ភ្នំទាំង ២ នេះ ពុំមានដើមឈើដុះលើច្រូងច្រាងដូចយ៉ាងភ្នំឯទៀត។ គឺភ្នំនេះ កាលព្រះរាមចងថ្នល់លើកពលពួកពានរ ទៅយុទ្ធនានឹងក្រុងរាពណាសូរនៅកោះលង្កា បានប្រើឲ្យកំហែងហនុមានជញ្ជូនថ្មភ្នំចងថ្នល់។ ហនុមានមានរឹទ្ធិខ្លាំងភ្នំតូចធំនិងសរសៃរោមហើយ ហោះមកឯភ្នំពីរនេះដាច់ចាករោមហនុមានមានធ្លាក់សំយុងចុះក្រោមបាតឡើងលើ ទើបឈើមិនដុះបាន កូនក្មេងឥតសតិបញ្ញាក៏ជឿតាម ប្រកាន់មាំថាមែន ដល់ខ្លួនចាស់ក៏នៅតែជឿ ព្រោះពុំមានសតិសម្បជញ្ញៈនឹងពិចារណាមើលហេតុ មើលបច្ច័យ ធម្មតាលោកឡើយ ដូចនិទានរឿងតាហូឡាន មានកូនប្រសា ២ នាក់ ។
ច.រឿងតាហួឡាននិងកូនប្រសា ២ នាក់
[edit]កូនក្មេងឥតសតិបញ្ញាក៏ជឿតាម ប្រកាន់មាំថាមែន ដល់ខ្លួនចាស់ក៏នៅតែជឿ ព្រោះពុំមានសតិសម្បជញ្ញៈនឹងពិចារណាមើលហេតុ មើលបច្ច័យ ធម្មតាលោកឡើយ ដូចនិទានរឿងតាហូឡាន មានកូនប្រសា ២ នាក់ ។ ចៅបងជាមនុស្សឥតសតិបញ្ញា ឮតែពាក្យអាពុកក្មេកថាដូចម្ដេច ក៏ធ្វើតាម ឯតាហូឡាន ក៏ស្រឡាញ់រាប់អានចៅបងនោះ។ ឯចៅប្អូនពុំគាប់ចិត្តអាពុកក្មេក ព្រោះជាអ្នកមានសតិបញ្ញា មិនផ្សំមិនប្របតាមការខុស ការមិនគួរជឿ។
ថ្ងៃមួយ តាហូឡាន នាំចៅកូនប្រសា ទាំង ២ ចុះទូកចែវទៅព្រៃ ដើម្បីទៅកាប់ឈើ លុះចែវទៅដល់ទីវាល ១ ឮសម្លេងក្រៀលវាយំកងឡើង អាពុកក្មេកក៏សួរទៅកូនប្រសាថា អើជី សត្វក្រៀលសត្វត្រយងនោះ ម្ដេចក៏វាយំសម្លេងឮខ្លាំងម្ល៉េះ ?។
កូនប្រសាបងឆ្លើយថា បាទ បានជាវាមានសម្លេងនោះ ព្រោះកវាវែង ទើបបានជាមានសម្លេងឮ ឯចៅកូនប្រសាប្អូនចែវកន្សៃបានឮពាក្យអ្នកទាំង ២ និយាយត្រូវគ្នាដូច្នោះ ក៏ទាស់ចិត្តណាស់ ទើបឆ្លើយឡើងថា សត្វហ៊ីងកូនក្អាត់នោះ តើកវាវែងកាលណា ម្ដេចវាមានសម្លេងឮដែរ។
ឯចៅអាពុកក្មេកនិងកូនប្រសាបង ក៏ទាល់បញ្ញា ពុំអាចឆ្លើយតប ទើបនាំគ្នាស្ងៀមនៅ លុះចែវទោដល់ទីគោកទួល ១ ទួលនោះរលីងពុំមានស្មៅដុះ ទើបអាពុកក្មេកសួរទៀតថា អើទីទួលនេះម្ដេចពុំមានស្មៅដុះ ? ឯចៅកូនប្រសាបងឆ្លើយថា កាលដើមតាព្រហ្មគាត់មកដាំបាយ ហើយគាត់ជាត់ទឹកបាយទៅលើទួលនេះ ហេតុនេះទើបស្មៅដុះពុំបាន ព្រោះទឹកក្ដៅត្រូវស្មៅស្លាប់អស់។
ចៅអាពុកក្មេកក៏ទទួលថា អើមែន ទឹកបាយតាព្រហ្មគាត់ផាត់ដាក់ទៅលើទីនេះ ស្មៅឯងដុំឯណាបាន។
ឯចៅកូនប្រសាប្អូនក៏ឆ្លើយកាត់ឡើងថា មនុស្សក្បាលតំពែកសក់វាមិនដុះនោះ តើតាព្រហ្មគាត់ជាត់ទឹកបាយដាក់លើដែរ ឬម្ដេច ? អ្នកទាំង ២ ក៏ទាល់ស្ងៀមនៅ។ លុះចែវទៅដល់ទីជ្រុងបានឃើញថ្មបែកប្រេះ អាពុកក្មេកក៏សួរថា អើហេតុអ្វីថ្មនេះក៏បែកដូច្នេះ ចៅកូនប្រសាបងឆ្លើយថា កាលព្រះរាមព្រះលក្ស្មណ៍លោកអូសព្រះខ័នមកត្រង់នេះ ថ្មនេះត្រូវនឹងចុងព្រះខ័ន ទើបវាបែកយ៉ាងនេះ។ ឯអាពុកក្មេកក៏តបថា អើព្រះខ័នព្រះរាមនោះមុតណាស់ តែលោកអូសទៅត្រូវអ្វី ៗ ហើយគង់បែកគង់ដាច់មិនខាន។
ចៅកូនប្រសាប្អូនក៏ឆ្លើយកាត់ឡើងថា ចង្វែកក្ដិតមនុស្សយើងនោះ តើព្រះរាមអូសព្រះខ័នដែរឬ ? បានជាវាបែកយ៉ាងនេះ ?។
ឯអ្នកទាំង ២ ក៏ទាល់បញ្ញា មិនអាចហើបហាថា អ្វីតទៅទៀតឡើយ ទើបចែវទៅដល់ព្រៃឈើនាំគ្នាកាប់បានក៏វិលមកផ្ទះវិញ។
ឯងស្ដាប់មើលចុះ មនុស្សយើងនេះ សឹងឥតសតិបញ្ញានឹងពិចារណា ឲ្យឃើញធម្មតាលោកិយ ទៅជឿតែសំដីព្រេងនិយាយបញ្ឆោតកូនក្មេងលេងត ៗ មក ដូចតាហូឡាន ចាញ់សំដីចៅកូនប្រសាប្អូនដូចពណ៌នាមកនេះ។
ឆ.រឿងឆោតជិះក្របីទូលស្រូវ ១ ល្អី
[edit]មួយទៀត ជាតិមនុស្សប្រុសយើង ទោះជាខ្លៅល្ងង់ឆោតយ៉ាងណា ៗ ក្ដី ក៏ពុំទទួលខ្លួនថាឆោត ថាពុំចេះនោះឡើយ សឹងអួតថាខ្លួនចេះដឹង ថាខ្លួនមិនឆោតទាំងអស់។ ដូចនិទានចៅឆោតម្នាក់ជិះក្របីទៅស្រែ យកស្រូវ ១ ល្អីទៅសាបផង ចៅនោះគិតថា អញជិះក្របីនេះវាធ្ងន់វាហើយ បើឯងដាក់ស្រូវ ១ ល្អីនេះលើខ្នងវាទៀត វារឹតតែធ្ងន់គ្នាណាស់ គួរតែជួយទូលវា កុំឲ្យគ្នាធ្ងន់ពេក ចៅនោះគិតដូច្នោះហើយ ទើបជិះក្របីទូលស្រូវបរទៅកាន់ស្រែនៃអាត្មា។
កាលណោះ មានមហាក្សត្រាធិបតី ប្រើរាជអមាត្យ ឲ្យដើររកមើលមនុស្សឆោត ក្នុងព្រះនគរ ក្រៅព្រះនគរ ថាបើមានមនុស្សឆោតនៅក្នុងទីណានោះ ឲ្យអមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអមាត្យតាមក្ដីគាប់។ ឯអមាត្យក៏ដើរត្រាច់មើលមនុស្សទាំងឡាយ តាមតំបន់ពុំមានឃើញមានមនុស្ស ១ ឡើយ, លុះដើរមកវាលស្រែ បែរទៅឃើញចៅជិះក្របី ទូលល្អីស្រូវដូច្នោះ ក៏សំគាល់ថា ចៅនេះឆោតពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះ ជិះលើខ្នងក្របីហើយ ស្រូវ ១ ល្អីនោះ ម្ដេចមិនដាក់លើខ្នងក្របីទៅ ម្ដេចចាំទូលផង ចៅឯងម្ដេចឆោតម្ល៉េះ ចៅឯងឆោតឬឆ្កួតយ៉ាងណា ? ឯចៅនោះ ពុំទទួលខ្លួនជាឆោតល្ងង់ទើបតបទៅថា ខ្ញុំបាទនឹងឆោតល្ងង់កាលណា គឺខ្ញុំបាទចេះ ចេះគិតឃើញថា ខ្លួនជិះលើខ្នងគ្នា ៗ ធ្ងន់មួយសាហើយ សមដាក់ស្រូវ ១ ល្អីថែមលើខ្នងគ្នាទៀត ក្ដីធ្ងន់គ្នាក៏រឹតទ្វេឡើង។ ហេតុនោះ ខ្ញុំបាទមេត្តាក្របីខ្ញុំបាទ ទើបជួយទូលវាយ៉ាងនេះ ហេតុដូចម្ដេចក៏លោកមកពោលថា ខ្ញុំបាទឆោតល្ងង់នោះ។
ឯរាជអមាត្យនិយាយពន្យល់ទៀត ចៅនេះ ក៏មិនទទួលតាម ថាខ្លួនឆោតឡើយ រាជអមាត្យអស់ប្រាជ្ញា ទើបគិតថា មែនហើយ មនុស្សយើងនេះប្រតិបត្តិការខុស ឆោតល្ងង់ ជាប់នូវក្ដីប្រកាន់ខ្ជាប់ហើយ ទោះចេះនិយាយពន្យល់យ៉ាងណា ៗ ក៏មិនតាម នៅរឹងទទឹងដោយទិដ្ឋិខ្លាំង។ រាជអមាត្យនោះរកមនុស្សឆោតល្ងង់ ទទួលខ្លួនជាឆោតល្ងង់ពុំបានឡើយ ហើយក៏ចូលទៅព្រះនគរ ក្រាបទូលស្ដេចដោយសេចក្ដីរកពុំបានមនុស្សទទួលខ្លួនឆោតល្ងង់ ដូចពណ៌នាមកនេះ។
ជ.រឿងសិង្ហតោចង់បានកូនក្រមុំដង្ខៅម្នាក់
[edit]មានរឿងតម្រាឃ្លានស្រឡាញ់ចុះឆោត ដូចសត្វសិង្ហតោ ១ បានឃើញកូនក្រមុំចៅនាយដង្ខៅម្នាក់ ក៏កើតចិត្តស្រឡាញ់ចង់បានជាភរិយា ទើបចូលទៅនិយាយនឹងដង្ខៅ ជាមាតានៃនាងថា ខ្ញុំស្រឡាញ់កូនក្រមុំលោក សូមលោកមេត្តាដល់ខ្ញុំ ឯរឿងតែងអាវាហមង្គលនោះ សូមឲ្យលោកបង្គាប់មកចុះ ខ្ញុំនឹងរៀបមកជូនឲ្យពេញចិត្ត កុំឲ្យលោកកោតញញើតឡើយ។ ឯដង្ខៅនោះ ឮសិង្ហតោ មកពោលពាក្យចង់បានកូនខ្លួនជាប្រពន្ធដូច្នោះ ក៏គិតថា អាសិង្ហតោនេះជាជាតិថយថោក មិនគួរនឹងលើកកូនក្រមុំឲ្យភរិយាឲ្យខូចវង្សកូនអញ បើនឹងមិនឲ្យវា ៗ ជាសត្វអង់អាចកាចឃោរឃៅ វាអាងចង្កូមនិងក្រចកជើងវាជាអាវុធ វានឹងយាយីឯង ឲ្យដល់នូវក្ដីវិនាសទៅផ្សេង ៗ បើដូច្នោះ មានតែគិតនិយាយលលួង កាត់អាវុធវាចេញ ទើបកែខៃខ្លួនសុខបាន គិតហើយ នាយដង្ខៅនិយាយទៅថា អើសិង្ហតោ អ្នកឯងមកចង់បានកូនយើងជាភរិយានេះ យើងក៏គាប់ចិត្តណាស់ ចង់បានបាឯងជាកូនជាចៅពិត ៗ ព្រោះយើងឥតឫទ្ធិអំណាចនឹងរក្សាវង្សត្រកូលឲ្យមាំមួនតទៅ តែខាងចិត្តកូនក្រមុំយើងនេះ ជាវាស្ម័គ្រព្រាក់ព្រមស្រឡាញ់បាឯង ឬយ៉ាងម្ដេចនោះ យើងពុំទាន់ដឹង បើដូច្នោះ ចូរបាឯងនៅនេះសិនចុះ ចាំយើងចូលទៅនិយាយនឹងវាមើលសិន ថាហើយ ទើបចូលទៅក្នុងផ្ទះបន្តិច ក៏ចេញមកវិញ ហើយនិយាយថា យើងបាននិយាយនឹងកូនយើងស្រេចហើយ វាព្រមស្ម័គ្រនឹងអ្នកឯងដែរ តែវាថា អ្នកឯងមានក្រចកវែងស្រួចណាស់ ក្រែងបានគ្នាទៅ អ្នកឯងលូកប្រឡែងលេង បិចថ្ពាល់ បិចដោះក្ដី វាខ្លាចក្រែងមុតថ្ពាល់ មុតដោះ, មួយទៀត ក្រែងអ្នកឯងថើបឱបជញ្ជាបថ្ពាល់ ឬ មុខមាត់ទៅ ប៉ះត្រូវចង្កូមនឹងមុត ហេតុនេះ បើអ្នកឯងឲ្យយើងកាត់ចង្កូម កាត់ក្រចកចេញខ្លះនោះ ទើបកូនយើងវាព្រម។
ឯសិង្ហតោ លុះអំណាចក្ដីឃ្លានស្រឡាញ់គ្របសង្កត់ ក៏ឆោត ទើបថា អញ្ជើញលោករកគេមកកាត់ក្រចកកាត់ចង្កូមខ្ញុំចុះ ថាហើយ ក៏ដេកហាមាត់លាត់ក្រចកឲ្យនាយដង្ខៅកាត់, នាយដង្ខៅ ក៏ហៅកូនក្មួយជួយគ្នាកាត់គ្រឿងអាវុធនៃសិង្ហតោនោះ។ ឯសិង្ហតោនោះ ក៏លុះត្រូវគេកាត់ក្រចកដកចង្កូមអស់ហើយក៏ស្បើយកម្លាំង ស្បើយឫទ្ធិចុះ, ឯនាយដង្ខៅនោះដឹងថា សិង្ហតោអស់ឫទ្ធិហើយ ក៏ហៅពួកកូនក្មួយជួយគ្នាដេញវាយសិង្ហតោ, អ្នកខ្លះបានដំបង ខ្លះបានដាវលំពែង តាំងដេញចាក់ ដេញប្រហារសិង្ហតោ ៗ អស់ឫទ្ធិនឹងតស៊ូ ក៏រត់ចូលព្រៃទៅ បានសេចក្ដីវេទនា។
រឿងនេះ ឯងស្ដាប់មើលចុះ ហើយប្រៀបដោយមនុស្សយើងសព្វថ្ងៃនេះ មានលោកចៅអធិការ ឬ លោកអ្នកឯណា ៗ មានសម្បត្តិ ត្រូវមេស្រីអ្នកលេងវាបញ្ឆោតដោយកលកាមរោគ ថាវាដោយហើយ លើកសម្បត្តិឲ្យទៅវាមុនអស់ ដល់ខ្លួនសឹកទៅ វាគេចជាមិនស្នេហាវិញ នឹងទារយកទ្រព្យសម្បត្តិវិញ វាគេចកែប្រែជាពុំបានទទួល មិនបានដឹងឮទ្រព្យនោះ នឹងយកវិញពុំបាន ដូចយ៉ាងសត្វសិង្ហតោ ឲ្យគេកាត់ក្រចកដកចង្កូមអស់ គួរគិតមើលទៅទៀតចុះ តាមរឿងឃ្លានស្រឡាញ់ឆោតនេះឯង។
ឈ.រឿងនាងអមរានិងអាចារ្យទាំង ៤ (មហោសថជាតក)
[edit]និទានក្នុងទសជាតកកថា កាលមហោសថបណ្ឌិត រត់ចោលនាងអមរាទេវី ភៀសអាត្មាជាមនុស្សសាមញ្ញ ទៅនៅអាស្រ័យនឹងពួកស្មូនឆ្នាំងនោះ ក្រោយនោះ អាចារ្យទាំង ៤ នាក់ គឺអាចារ្យសេនក ១ អាចារ្យបុក្កុស ១ អាចារ្យកាមិន្ទ ១ អាចារ្យទេវិន្ទ ១ អាចារ្យទាំង ៤ នោះដឹងថា ព្រះមហោសថបណ្ឌិតរត់ចេញចាកលំនៅ ដោយកលឧបាយរបស់ដែលទូលញុះញង់ ឲ្យព្រះបាទវិទេហរាជកើតស្អប់ចៅមហោសថនោះ សមក្ដីប្រាថ្នាខ្លួនហើយ ក៏មានចិត្តត្រេកអរក្រៃពេក កើតចិត្តប្រមាថនាងអមរាទេវីជាភរិយានៃពោធិសត្វ ចង់បាននាងជាភរិយាទីទៃ ៗ , តែកាលអាចារ្យទាំង ៤ គិតទៅចង់នាងអមរានោះសឹងគិតគំនិតរៀងខ្លួន នឹងបានដឹងគ្នាក៏ទេ។
ថ្ងៃមួយ, អាចារ្យទាំង ៤ ប្រើមេអណ្ដើកឲ្យនាំយកមាសប្រាក់ទៅជូននាង ហើយនិយាយផ្លូវលោកិយផ្សារស្រីមេម៉ាយប្ដីបង់ចោល។
ឯនាងអមរា កាលណាបើដឹងថា អាចារ្យទាំង ៤ ចង់បាននាងដូច្នោះហើយ ក៏និយាយប្រាប់ទៅមេអណ្ដើកទាំង ៤ នាក់នោះថា ខ្លួននាងជាស្រីមេម៉ាយ ប្ដីរត់ចោល នៅកណ្ដែងឯកាឥតទីពឹង ឥឡូវបើបានលោកអាចារ្យមេត្តាប្រោសនាង ឲ្យបានទីពឹងនោះ នឹងដឹងគុណលោកអាចារ្យណាស់ ហើយនាងក៏ព្រមតាមអធ្យាស្រ័យ តែឯងទៅប្រាប់នាយឯងទីទៃ ៗ ថា បើលោកចង់មកផ្ទះនាងនោះ ឲ្យអញ្ជើញមកវេលាយប់ស្អែកនេះ ថាហើយ ទើបសរសេរសំបុត្រជាកំណត់សញ្ញាពេលឲ្យមក ស្រេចហើយ ប្រគល់ឲ្យមកមេអណ្ដើកទាំង ៤ ឲ្យនាំទៅឲ្យនាយនៃខ្លួនទីទៃ ៗ ក្រោយនោះ នាងអមរាចាត់ប្រើទាសាទាសី ឲ្យជីករណ្ដៅ ១ ជម្រៅលិចក្បាល ហើយឲ្យលាមកចាក់ទឹកឲ្យរលាយចំនួនត្រឹមចង្កាមាត់ ហើយឲ្យធ្វើជាយន្តគន្លឹះ បិទបាំងតាំងនូវពាងទឹក ហើយទាសីចាំរក្សា នាងឲ្យសញ្ញាដល់ទាសីទាំងឡាយ តាមឧបាយនាងគិតនោះឯង។
ឯអាចារ្យសេនក លុះបានទទួលសំបុត្រនាងបានអានមើលដឹងសេចក្ដីហើយ ក៏ត្រេកអរក្រៃពេក លុះដល់រាត្រីយប់ម៉ោង ៨ អាចារ្យក៏រៀបចាត់ចែងតែងកាយ ស្លៀកពាក់សមគួរហើយ ក៏ចេញចាកគ្រឹះស្ថាន ដើរឆ្ពោះទៅកាន់ផ្ទះនាងអមរា ដល់ហើយក៏នៅមាត់ទ្វារ គោះទ្វារជាសញ្ញា។
ឯពួកទាសីទាសានាងអមរា ឃើញអាចារ្យសេនកមកដល់ ក៏នាំចេញទៅទទួល ហើយនាំចូលទៅក្នុងបន្ទប់ទឹក និយាយប្រលោម ថា "លោកនាយ, ខ្ញុំម្ចាស់ផ្ដាំថា បើលោកតាមកដល់ សូមឲ្យលោកតាងូតទឹកជម្រះសរីរកាយ បំព្រំប្រោះទឹកអប់សិន សូមអញ្ជើញឡើងតំណាក់ព្រះនាង " ។
ឯអាចារ្យសេនក ត្រូវមេទាសីវាប្រលោម ក៏ព្រមផ្លាស់សំពត់ ដោះអាវ ចិញ្ចៀនពេជ្រ ឲ្យមេទាសីវាកាន់ មេខ្លះ នាំចូលទៅក្នុងល្វែងបន្ទប់ឲ្យអង្គុយលើក្ដារយន្ត មេខ្លះ យកផ្ដិលប្រាក់ដងទឹកស្រោច មេខ្លះ ធ្វើជាជួយដុសក្អែលឲ្យ លុះងូតបន្តិច មេអស់នោះទាញយន្តឡើង ឯក្ដារនោះភ្លាត់ចាកទី បះឡើង, អាចារ្យសេនក ក៏ធ្លាក់ចុះទៅក្នុងរណ្ដៅអាចម៍នោះ ងើបតែកឡើងឲ្យផុតអំពីលាមក នៅរងទុក្ខដូចសត្វនៅគូថនរកនោះឯង។
ថ្លែងឯអាចារ្យបុក្កុសនោះ លុះដល់យប់ម៉ោង ៩ ក៏ចាត់ចែងតែងខ្លួនទៅផ្ទះនាងអមរា, ឯពួកមេទាសីវាក៏ប្រលោម ដូចបទអាចារ្យសេនកហើយ វាទាញយន្តទម្លាក់អាចារ្យបុក្កុសនោះ ទៅក្នុងរណ្ដៅគូថជាមួយនឹងអាចារ្យសេនកនោះឯង។
លុះដល់ពេលម៉ោង ១០ អាចារ្យកាមិន្ទទៅចុះកល ដូចអាចារ្យទាំង ២ ជាន់មុន។
លុះដល់ពេលម៉ោង ១១ អាចារ្យទេវិន្ទទៅចុះកល ដូចអាចារ្យទាំងអស់, អាចារ្យទាំង ២ នៅក្នុងរណ្ដៅគូថ រងទុក្ខវេទនា ដោយលាមកមកជោរពោរពោរឡើងដល់ត្រឹមចង្កាមាត់ បានដឹងគ្នាថា ចុះកលនាងអមរាទេវី នៅរងទុក្ខអស់ ១ រាត្រី លុះព្រឹកឡើង នាងអមរា ប្រើពួកទាសីទាសា យករងកទាក់កអាចារ្យទាំង ៤ ទាញឡើងចាករណ្ដៅ ហើយឲ្យទឹកចិត្តលាងសព្វសព៌ាង្គកាយនៃអាចារ្យ ឲ្យយកដុំឥដ្ឋដុសក្បាលអាចារ្យទាំង ៤។
ឯអាចារ្យទាំង ៤ បានសេចក្ដីឈឺចាប់ ដោយមេទាសីវារូសកោសដុសដោយដុំឥដ្ឋនោះឯង លុះជម្រះលាងកាយអាចារ្យទាំង ៤ ហើយ នាងអមរាឲ្យយកកន្ទេលយ៉ាងធំរុំអាចារ្យភ្ជាប់គ្នា ហើយឲ្យអ្នកបម្រើសែងអាចារ្យ ដូចគេសែងខ្មោច, នាងក៏ចូលទៅក្នុងព្រះរាជវាំង នាំយកអាចារ្យទាំងនោះ ទៅថ្វាយដល់ព្រះបាទវិទេហរាជ, ស្ដេចឲ្យស្រាយសំណុំកន្ទេលមើល ស្រាប់តែឃើញអាចារ្យទាំង ៤ នៅក្នុងនោះ ទើបទ្រង់ត្រាស់សួរនាងអមរា ៗ ក៏ក្រាបទូលតាមដំណើរអាចារ្យទៅកំហែងប្រមាថនាង តាំងអំពីដើមដល់ចប់ សព្វប្រការ។
ព្រះបរមរាជា បានទ្រង់ស្ដាប់ដូច្នោះ ក៏ទ្រង់ស្ដាប់ដូច្នោះ ក៏ទ្រង់ព្រះពិរោធខ្ញាល់នឹងអាចារ្យទាំង ៤ ហើយទ្រង់ត្មះតិះដៀលដោយពាក្យអាក្រក់ផ្សេង ៗ ទ្រង់បណ្ដេញឲ្យទៅផ្ទះរៀងខ្លួនទីទៃៗ ។
ឯអាចារ្យទាំង ៤ បានសេចក្ដីអប្បយស ខ្មាសអស់បណ្ដាមហាជនទាំងឡាយ ពុំអាចនឹងទៅកាន់ទីជំនុំជនានុជនផងបាន ខានចូលព្រះរាជវាំងអំពីថ្ងៃនោះមក។
ឯនាងអមរាទេវី លុះសម្រេចកិច្ចខ្លួនហើយ ក៏ក្រាបថ្វាយបង្គំលាស្ដេច នាំពួកបរិវារនាងវិលទៅកាន់គ្រឹះស្ថាននាងវិញហោង។
រឿងនិទាននេះ មានសេចក្ដីពិស្ដារ ក្នុងគម្ពីរទសជាតកឯណោះ មានសេចក្ដីតទៅទៀត យើងទាញតែបទត្រង់នេះមកសម្ដែង ដើម្បីឲ្យឃើញសេចក្ដីត្រង់តម្រាឆោត កើតដោយសេចក្ដីឃ្លានស្រឡាញ់នេះឯង។
ញ.រឿងក្រពើនិងអ្នកបររទេះ
[edit]មានសត្វក្រពើ ១ នៅក្នុងបឹងធំ លុះដល់រដូវប្រាំង ទឹកបឹងនោះក៏រីងខះអស់ ក្រពើនោះនៅពុំបាន ទើបវារឡើងគោកដើរត្រាច់រកទីមានទឹកនឹងអាស្រ័យ។ កាលនោះ មានតាចាស់ម្នាក់ បររទេះមកត្រង់ផ្លូវដែលក្រពើវាវារនោះឯង បានជួបនឹងក្រពើនាកណ្ដាលផ្លូវ។
ឯក្រពើក៏សូមដោយសារទេះតានោះ តានោះសួរថា "ចៅឯងតើនឹងទៅឯណា ? “ ក្រពើប្រាប់ថា "ខ្ញុំបាទនេះ រកទីអាស្រ័យពុំបាន គឺបឹងដែលខ្ញុំបាទធ្លាប់នៅនោះ ឥឡូវទឹករីងខះអស់ នឹងនៅតទៅពុំបាន នឹងទៅអាស្រ័យនៅ ថាបើមេត្តានាំខ្ញុំបាទទៅបានដល់ទីត្រង់ណាដែលមានទឹកនោះ សូមតាមេត្តាដាក់ខ្ញុំបាទត្រង់ទីនោះចុះ" ។
ឯតានោះក៏ព្រម ទើបដោះគោចេញចាកនឹម ហើយឲ្យក្រពើឡើងជិះលើទូករទេះ ឯក្រពើនោះខ្លួនវែង ក៏លូនក្រាបក្បាលដល់ក្បាលក្រពើរទេះ ហើយមិនទុកចិត្តខ្លួនក្រែងធ្លាក់ ទើបឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះ តានោះក៏ធ្វើតាមពាក្យក្រពើស្រេចហើយ តាក៏(ទឹមគោបរចេញអំពីទីព្រៃនោះ លុះត្រាដល់ទីបឹងមានទឹក ១, តានោះក៏បញ្ឈប់រទេះដោះគោចេញ ហើយស្រាយចំណងក្រពើ ប្រាប់ថា "បឹងនេះគួរហើយ ចូរអ្នកឯងលូនទៅនៅបឹងនេះចុះ"។
ឯក្រពើជាសត្វអកតញ្ញូ មិនដឹងគុណគេ កើតក្ដីឃ្លានអាហារ ដោយអត់មកយូរថ្ងៃ ហើយ ទើបនិយាយទៅថា "តាឯងនេះ ចងយើងភ្ជាប់នឹងទូករទេះ យើងបានសេចក្ដីទុក្ខវេទនាពន់ពេកណាស់ តាឯងត្រូវឲ្យគោយើង ១ ស៊ី ទើបតាឯងរួចទោស ថាបើមិនឲ្យគោដល់យើងទេ ត្រូវយើងស៊ីតាឯងក្នុងកាលឥឡូវនេះ "។
ឯតានោះលុះឮក្រពើពោលពាក្យដូច្នោះ ក៏ភិតភ័យទើបស្ដីអង្វរថា អ្នកក្រពើ ខ្ញុំឯងនេះមានគុណ បានដឹកនាំបាឯងមកដល់ទីនេះ ឥឡូវបានឹងស៊ីខ្ញុំវិញ ការនេះ ខ្ញុំឯងឥតទោស មិនគួរអ្នកនឹងពិឃាត បើដូច្នេះ ខ្ញុំពុំសុខចិត្ត ចាំខ្ញុំទៅរកលោចៅក្រម ឲ្យលោកវិនិច្ឆ័យរឿងក្ដីនេះសិន សឹមប្រតិបត្តិទៅតាម, ឯក្រពើក៏ព្រមថា "អើ តាឯងទៅរកចៅក្រមណា ក៏ទៅឲ្យឆាប់ចុះ យើងពុំខ្លាចទេ " ។
ឯតានោះ បានចេកទុំ ១ ស្និត ក៏កាន់ដើរទៅរកចៅក្រម, កាលនោះ មានសត្វទន្សាយគល់ ១ នៅលើទួលដំបូក បានឃើញតាកាន់ចេកដើរកាត់ព្រៃចូលមក ទន្សាយក៏សួរទៅថា " តាអើយតា ៗ ឯងមាននេត្រាជលជោរសោកសៅ ដោយមានទោសទុក្ខយ៉ាងណា ? មកនេះ តើនឹងទៅស្ថានឯណា ?។
ឯតានោះ ក៏និយាយសេចក្ដីខ្លួន និងក្រពើកើតហេតុនឹងគ្នា ប្រាប់ទន្សាយនោះសព្វប្រការ។
ទន្សាយបានស្ដាប់ដូច្នោះ ក៏ថាអើ អាសត្វក្រពើនោះ ជាសត្វមិនដឹងគុណតាឯង បើដូច្នោះ ខ្ញុំនឹងទទួលទៅជាចៅក្រមជម្រះឲ្យ តាឯងកុំភ័យឡើយ ឲ្យតែចេកនោះមកខ្ញុំស៊ីសិន សឹមទៅជាមួយគ្នា។
តានោះក៏ឲ្យចេក ១ ស្និតទៅសុភាទន្សាយ ៗ បរិភោគចេកនោះអស់ហើយ ក៏នាំគ្នាទៅទីតំណាក់ដែលឈប់នោះ ដល់ហើយសុភាទន្សាយ និយាយទៅថា "ម្ដេចចៅក្រពើ ចៅឯងវង្វេងផ្លូវព្រៃមិនដឹងជាទៅឯណា បានតាគាត់មេត្តា ឲ្យដោយសារមកផង ឥឡូវបានដល់ទីសមគួរ នឹងរកអាស្រ័យនៅហើយ ម្ដេចចៅគិតវេរឃ្នើសគុណគេ គិតនឹងស៊ីគេវិញ គេធ្វើទុក្ខទោសអ្វីឲ្យដល់ចៅឯង " ។
ឯក្រពើក៏ឆ្លើយថា "អើលោកសុភា តានេះគាត់ឲ្យខ្ញុំដោយសារកនេះក៏មែន ប៉ុន្តែគត់ធ្វើបាបខ្ញុំខ្លាំងណាស់ គឺគាត់ចងខ្ញុំភ្ជាប់ទៅនឹងទូករទេះខ្លាំងពេក រកតែនឹងរេខ្លួនដកដង្ហើមក៏ពុំបាន គាត់ធ្វើទុក្ខខ្ញុំយ៉ាងនេះ បានជាខ្ញុំខឹង ត្រូវឲ្យគាត់ប្រគល់គោគាត់បាន ១ ឲ្យស៊ី ថាបើគាត់ពុំឲ្យគោនោះទេ ត្រូវស៊ីគាត់វិញ" ។
ទន្សាយក៏ឆ្លើយអនុលោមតាមថា " អើតា ៗ ឯងចងគេតឹងខ្លាំងហួស បានជាគេខឹង ចុះតាឯងម្ដេចក៏ចងគ្នាតឹងម្ល៉េះ គ្នារកតែរកខ្លួនមិនរួចដូច្នោះតា ?” ។
តានោះថា " ទេ, ខ្ញុំបាទចងធូរទេលោក ចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណោះឯង "។
ទន្សាយថា " អើ ខាងចោទថា ចងតឹងខ្លាំង ខាងចម្លើយថា ចងធូរ, ពាក្យទាំង ២ នេះ សឹងពុំមានបន្ទាល់សាក្សីអាង, អើបើដូច្នោះ ចៅក្រពើឯងលូនឡើងលើទូករទេះវិញ ឲ្យតាគាត់ចងម្ដងទៀត យើងនឹងមើលឲ្យដឹងជាតឹង ឬ ធូរ ជាសាក្សី នឹងបានកាត់សេចក្ដីនេះ ឲ្យជាយុត្តិធម៌ទៅបាន "។
ឯក្រពើជាសត្វខ្លៅ ក៏វាឡើងទៅក្រាបលើទូករទេះឲ្យតានោះចងដូចមុន តានោះយកចំណងតាំងចងដូចមុនវិញ ទន្សាយសួរថា " ម្ដេចចៅកុម្ភា, តាគាត់ចងតឹងយ៉ាងនេះឬ ? ក្រពើក៏ឆ្លើយថា " ទេលោកកាលគាត់ចងខ្ញុំមុននោះ តឹងលើសនេះខ្លាំងណាស់ បើចងតែប៉ុណ្ណេះ ខ្ញុំនឹងទៅខឹងអ្វីនឹងគាត់ "។ ទន្សាយថា " អើ ចូរតារិតខ្សែទ្វេឡើងទៀត ឲ្យគេសុខចិត្ត "។ តានោះ ក៏រឹតចំណងឡើងទៀត។ ទន្សាយសួរថា " ម្ដេចចៅកុម្ភា ម្ដងនេះតើជាតឹងដូចកាលជាន់មុននោះហើយឬ ? ក្រពើថា " នៅពុំទាន់ស្មើចងមុននោះទេ "។ ទន្សាយថា " តាឯងកាប់ឈើមកធ្វើជាកូនកំព្រារឹតម្ដងទៀតទៀត ", តានោះក៏ធ្វើតាម ហើយតាំងត្របែងរឹតទាំងមុខទាំងក្រោយពេញកម្លាំង, ឯក្រពើនោះ ត្រូវត្របែងដោយកូនកំព្រាខ្លាំង តឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបាន ទើបឆ្លើយថា " សូមទានកាលជាន់មុននោះ គាត់ចងតឹងយ៉ាងនេះឯង, លោកអើយ នរណាឡើយនឹងអត់បាន សូមលោកជាសាក្សីមើលចុះ ជាអ្នកឯណាខុស ឯណាត្រូវ " ។
ទន្សាយ ឃើញក្រពើរើខ្លួនពុំរួចហើយ ទើបបង្គាប់តានោះថា " តាចាំអ្វីទៀត ពូថៅធំក្នុងរទេះនោះ មិនយកមកពុះក្បាលវាទៅ ទុកឲ្យរស់ធ្វើអ្វី ខ្មោចអាសត្វអកតញ្ញូពុំដឹងគុណគេ ដែលធ្វើធ្វើលើខ្លួន ", តាចាស់នោះ បានឱកាសដោយទន្សាយប្រាប់ដូច្នោះ ក៏ស្ទុះទៅយកពូថៅមកសំពង កាប់កាត់ក្រពើនោះជាកំណត់តូចធំ ក្រពើក៏លុះនូវក្ដីអន្តរាយជីវិតហោង។
សុភាទន្សាយបង្គាប់ថា "កងកន្ទុយវានោះ តាឯងឆ្អើរដាក់យកទៅស្លពិសាឬចង់ញាំក៏ជា ឯពោះវៀនបត់ចន្ទាសវានោះនោះញាំភ្លាជាណាស់តាអើយ " ។
ឯតានោះ ធ្វើតាមសុភាទន្សាយប្រាប់សព្វប្រការ ហើយយកចេកត្រសក់ជូនទន្សាយ ដោយក្ដីខ្លួនផុតអន្តរាយនឹងក្រពើ ស្រេចហើយយកគោមកទឹមរទេះ លាសុភាទន្សាយបរទៅកាន់ទីឋាននៃអាត្មាហោង។
ក្រពើអើយក្រពើ គេមានគុណលើ មិនដឹងគុណគេ ចៅបានដល់បឹង គិតខឹងបែររេ ត្រឡប់ខាំគេ ឲ្យសូន្យជីវិត។ ធ្លាក់កលឧបាយ សុភាទន្សាយ ឲ្យចងចៅភ្ជិត នឹងទូករទេះ ស្រមេះអស់រឹទ្ធិ ចៅបង់ជីវិត ដោយពូថៅតា។
ដ.រឿងក្រពើញីផើមចង់ស៊ីថ្លើមស្វា
[edit]តម្រាឃ្លាន គិតបញ្ឆោត លុះគេចោទ ឆោតប្រាប់គេ
កាលណោះ ព្រះពុទ្ធជាម្ចាស់យើង នៅក្នុងកាលសាងបញ្ញាបារមី អន្ទោលជាតិ កើតជាសត្វពានរហៅថា មហាកបិន្ទ កបដោយកម្លាំងក្លាហាន អាស្រ័យនៅព្រៃត្រើយស្ទឹងធំ ១ ស្ទឹងនោះមានកោះ ១ កបដោយផ្លែឈើមើមឈើបរិបូណ៌ ទីក្បាលកោះនោះមានដីខ្សាច់នឹងដុំថ្ម ១ ដុះនាកណ្ដាលទីនោះជិតនឹងត្រើយ ពោធិសត្វតែងលោតផ្លោះអំពីត្រើយទៅដល់កោះនោះ ដើម្បីស្វែងផលាផលរាល់ ៗ ថ្ងៃ ។
គ្រាកាលណោះ មានសត្វក្រពើញីឈ្មោលជាប្ដីប្រពន្ធ អាស្រ័យនៅក្រោមស្ទឹងនោះឯង លុះនៅយូរមក មេក្រពើនោះផើម គឺមានគភ៌នឹងពង កើតក្ដីទោហលាចំណង់ចង់ស៊ីថ្លើមពានរ ទើបនិយាយនឹងក្រពើឈ្មោលថា " ខ្ញុំមានក្ដីចង់ទទួលទានថ្លើមមហាពានរនោះ ជាខ្លាំងណាស់ បើអ្នកមិនគិតរកឲ្យខ្ញុំបរិភោគក្នុងសម័យនេះ ខ្ញុំនឹងស្លាប់ចោលអ្នកឯងជាប្ដីសម្លាញ់ហើយ "។
ឯក្រពើឮប្រពន្ធពោលដូច្នោះ ក៏លោមទៅថា " ហៃមេកុម្ភីមាសបង ! នាងមានក្ដីបំណងប៉ងសាច់ថ្លើមនៃពានរនោះ ជាភ្នាក់ងារបងនឹងទៅរកមកឲ្យប្អូនបានក្នុងកាលថ្ងៃនេះ ព្រោះមានផ្លូវ ១ នៅខាងលើទីយើង មានមហាពានរ ១ តែងលោតផ្លោះឆ្លងពីត្រើយទៅកោះ ពីកោះទៅឯត្រើយវិញ ដូច្នេះ បងនឹងចាំលាក់ខ្លួនពួនអែបនៅខាងដុំថ្មធំ ចាំគោះមហាពានរនោះ ត្រាតែបាន", ថាចៅកុម្ភាក៏ហែលលីលាត្រង់ទៅទីដុំថ្មធំ ដល់ហើយតាំងឡើងក្រាបលើទីថ្ម ធ្វើអាការដូចថ្ម ដើម្បីឲ្យពោធិសត្វសំគាល់ថាជាដុំថ្ម នឹងលោតទៅលើខ្លួននឹងងាយចាប់។
ឯមហាកបិន្ទរាជ លុះពេលល្ងាចត្រជាក់ បរិភោគផលាផលឆ្អែតហើយ នឹងវិលទៅខាងត្រើយនាយវិញ លុះចុះចាកកោះផ្លោះមកដល់ទីឆ្នេរស្ទឹង ហើយនឹងលោតទៅជាន់ដុំថ្មកណ្ដាលនោះ បែរទៅឃើញកុម្ភាក្រាបលើថ្ម ក៏កើតក្ដីសង្ស័យគិតថា ថ្មនេះសព្វកាលរៀងមក តែងទាបត្រឹមខ្នងទឹកនេះទេ ថ្ងៃនេះ ហេតុអ្វី ក៏ថ្មនេះខ្ពស់ដូច្នេះ ទំនងជាមានសត្វកំណាចមកដេកក្រាបលើថ្មនេះ ដើម្បីយាយីជីវិតអាត្មាប្រាកដ ពោធិសត្វគិតដូច្នោះហើយ ក៏ពោលពាក្យហៅទៅថា "ហៃដុំថ្មដ៏ប្រសើរអើយ ! អើខ្លួនចៅឯងនេះ សព្វកាលរៀងមក ពុំដែលលូតខ្ពស់ហួសអំពីខ្នងទឹកនេះទេ ថ្ងៃនេះ ហេតុអ្វី ក៏ថ្មឯងលូតខ្ពស់លើសកាលមុន ៗ ហះ ? ពោធិសត្វពោលហៅថ្មយ៉ាងនេះ មិនតែម្ដង គឺហីអស់វារៈ ៣ ដង ។
ឯក្រពើក្រាបលើថ្ម ឮពានរហៅថ្មជាគំរប់ ៣ ដង ក៏គិតថា ថ្មនេះ កាលពីដើមទំនងជាចេះនិយាយ ទើបបានពានរនេះហៅប្រស្រ័យ ឥឡូវឯងមកដេកក្រាបលើខ្នងវា បានជាវានិយាយតទៅនឹងស្វាវិញពុំរួច បើដូច្នោះ មានតែអញឯងក្លែងនិយាយជួសថ្មនេះ ទើបបានស្វានេះវាលោតមក ព្រោះថ្មនេះនឹងស្វានោះ គេធ្លាប់ចរចាប្រស្រ័យនឹងគ្នា គិតហើយ ចៅកុម្ភាក៏ឆ្លើយតបទៅថា "ហៃមហាកបិន្ទរាជ អ្នកឯងសង្ស័យនឹងយើងថា លូតខ្ពស់ហួសអំពីមុននោះឬ ? យើងតាំងនៅដដែល ដូចកាលមុននោះទេ អញ្ជើញលោតមកជាន់យើងដូចកាលមុន ៗ នោះចុះ "។
ឯបរមពោធិសត្វ បាឮក្រពើពោលតបដូច្នោះក៏ថា "ភោ នរណាមកពោលពាក្យតនឹងយើងនេះ ថ្មយើងធ្លាប់ជាន់នេះ មិនចេះនិយាយជាភាសាលោកទេ នេះគឺរូបនរណាពោលប្រាប់មកយើងនេះ" ។
ឯក្រពើនោះ លុះឮដូច្នោះ ក៏ទាល់បញ្ញា នឹងគេចខ្លួនពុំរួច ទើបឆ្លើយប្រាប់តាមក្ដីពិតថា " យើងនេះគឺតួមហាកុម្ភា នៅនាទីស្ទឹងនេះណា៎ពានរ"។
-"ឱចៅមហាកុម្ភាទេហះ ! អើ ហេតុអ្វី ក៏ចៅមកដេកក្រាបលើថ្មនេះ ?” ។ "នែចៅពានរ យើងនេះមានសេចក្ដីប្រាថ្នាចង់បានសាច់ថ្លើមបេះដូងនៃចៅឯង នឹងនាំទៅភរិយាយើងបរិភោគ" ។
-”ឱ ៗ បើចៅប្រាថ្នាជីវិតយើងដូច្នោះ ចូរចៅហាមាត់ធ្មេចភ្នែកឡើង យើងនឹងលោតទៅត្រង់ឥឡូវនេះ ។ ឯក្រពើនោះ ក៏តាំងហាមាត់ឡើងចង្គ្រាងធំ ធ្មេចភ្នែកទាំង ២ ជិត ប្រុងចាំត្របាក់ត្របាក់ពានរ ។ ឯពោធិសត្វ បានឱកាសហើយ ក៏លោតផ្លោះស្ទុះទៅអំពីទីទាបត្រង់ទៅជាន់លើក្បាលចៅកុម្ភា ហើយផ្លោះទៅដល់ត្រើយនាយដោយកម្លាំងខ្លាំងលឿន ដូចខ្យល់មួយរំពេច ពោធិសត្វក៏ទៅដល់ទីលំនៅនៃអាត្មា ។
ឯមហាកុម្ភា ដឹងជាពានរលោតផុតខ្លួន ៗ ចាប់ពុំទាន់ដូច្នោះ ក៏កើតក្ដីទោមនស្សតូចចិត្ត ដោយចាញ់កលមហាកបិន្ទរាជ គឺអាត្មាឆោតខ្លៅពិត ៗ ហើយ ក៏ចុះពីខ្នងសិលាម្នីម្នា ហែលទៅកាន់ទីរូងក្បាលកោះជាទីលំនៅនៃអាត្មាវិញហោង ។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរចរិយាបិដកឯណោះ មើលច៕ ។
ឋ.រឿងក្អែកនិងសំពោច
[edit](តម្រាឆោតដោយស្រវឹងយសឡើងបញ្ជោរ)
(ពាក្យអានជាបទ) កាកគតិតែង តំណាលតំណែង ដំណើរបក្សា ក្អែកគោកមួយនៅ លើចុងរុក្ខា សែនសុខស្ថា- ពរពិតឥតមោះ។ ថ្ងៃ ១ បក្សី ចេញស្វែងចំណី តាមភូមិកៀនកោះ ឃើញអ្នកនិគម ហាលនំទឹកដោះ ក្អែកអរហើរផ្លោះ ចុះចោះចឹកបាន ។ កាងស្លាបហើរស្លៅ តម្រង់ត្រង់ទៅ លំនៅស្មសាន ដល់ហើយចុះទំ ទ្រនំនៃប្រាណ បែរមើលទីឋាន ដានដែលយាត្រា។ កាលនោះមានសត្វ សំពោច ១ ធាត់ ស្វែងរកភោក្ដា មកដល់យល់ក្អែក ទំមែករុក្ខា មាត់ពាំនំប្រា- កដជាចំណី។ សំពោចគិតថា អញនឹងចរចា បញ្ជោរបក្សី ឲ្យវាហាមាត់ ភ្លាត់ធ្លាក់ចំណី ជ្រុះមកដល់ដី បានអញវិញណា។ គិតហើយទើបពោល ជាពាក្យបញ្ជោរ ទៅកាន់ក្អែកថា ក្អែកអើយអ្នកក្អែក រូបឯកសោភា ចំពុះដូចជា ខ័នកែវមរកដ។ រោមស្លាបស្រស់ស្រិល រលង់ដូចនិល រលើបម៉ត់ចត់ ចង្កេះសមទ្រង់ ជង្គង់សមបទ វង់មុខសមមាត់ សមមានលក្ខណា ។ រូបអ្នកឧត្ដម បើតាមក្បួនខ្ញុំ ទំនាយទាយថា នឹងបានសម្រេច ជាស្ដេចបក្សា តែស័ព្ទសរា ពុំទាន់ប្រត្យក្ស។ បើសិនអ្នកស្រែក ខ្ញុំឮសម្រែក សូរសមចំស័ក្ដិ ខ្ញុំហ៊ានទំនាយ ទាយថាអ្នកជាក់ បានជាចមចក្រ កំពូលបក្សា។
ក្អែកឡើងអំនួត ឮគេសង្កួត សរសើរអាត្មា ចង់ឲ្យគេស្ដាប់ សូរស័ព្ទសរា ទើបឈរឡើងហា មាត់ស្រែកចេញខ្មី។ ឯនំពានោះ ធ្លាក់ពីចំពុះ ជ្រុះមកដល់ដី សំពោចស្រុះស្រួល ទទួលចំណី ហើយបែរស្រដី ចំអកបក្សា។ ក្អែកអើយចៅក្អែក អ្នកឯងបែងចែក ចំណីនេះណា យើងពេញគាប់ចិត្ត ដ្បិតអ្នកយល់ថា យើងជាហោរា ទួលខាន់ខៅ។ ជាហើយចោរក្អែក ប្រព្រឹត្តនេះឯក ឥតមានហ្មងសៅ អ្នកឯងទៅរក មកទៀតណា៎ចៅ ពីថ្ងៃនេះទៅ យើងបានពឹងផង ។ ថាហើយសំពោច បែរប្រាណស្ទុះផ្លូច ចូលព្រៃដូចប៉ង កាកោបង់នំ ក្រំចិត្តកន្លង ពុំដឹងទំនង ខ្មោចលងភក្សា។
និទានរឿងនេះ អញ្ជើញប្រាជ្ញចេះ ត្រិះមើលកិរិយា ក្អែកបង់ចំណី ព្រោះក្ដីប្រាថ្នា ក្នុងបសំសា បាយ៉សង្កួត។
នរូអ្នកណា មានចិត្តប្រាថ្នា ចង់ឲ្យគេអួត នឹងដូចក្អែកខ្មៅ ត្រូវគេសង្កួត ឆោតឡើងអំនួត បង់នំឯងអើយ ។
ឌ.រឿងចចកនិងរាជសីហ៍
[edit]តម្រាឆោតព្រោះមានះ
(ពាក្យបទព្រហ្មគីតិ) តម្រាកម្រើកចិត្ត អាងឥទ្ធិរិទ្ធិ៍ ឥតវិញ្ញាណ ថាគ្រានោះមែនមាន សត្វចចកមួយអប្រិយ។ នៅក្នុងគោហាស្ងាត់ អាស្រ័យសត្វជាចំណី ដោយសារសត្វរាជសីហ៍ ជាមិត្រភ័ក្ដិ ស្ម័គ្រស្មាគម។ ថ្ងៃ ១ ចចកចរ លើងសិង្ខរ ចូលល្អាងភ្នំ យល់ថ្មដា ១ ធំ ភ្លឺដូចឋានកញ្ចក់ឆ្លុះ។ ចចកយល់ឆាយា នៃអាត្មានៅក្នុងនោះ ដឹងជាស្រមោលច្នោះ កើតកួចចិត្តគិតទ្រុស្តមិត្រ។ គិតថាទៅមុសា ប្រាប់សីហាប្រកបឫទ្ធិ ថាមានបច្ចាមិត្ត ចង់លង់ឫទ្ធិជំនាញជ័យ។
មិត្រអញកាន់មានះ អាងតបៈកំហែងហល់ តែថាបញ្ញាទាល់ យល់ស្រមោលគង់បោលដាក់។ មែនបើមិត្រប្រហារ ត្រូវថ្មដានោះជៀងជាក់ គល់កមិត្រគង់បាក់ សូន្យជីវិតពិតពុំខាន។
បើរាជសីហ៍ស្លាប់ សាច់ជាភព្វអញឯងបាន អាស្រ័យទទួលទាន ឃើញជាមានរសឱជា។ ចចកគិតច្នោះហើយ ពុំលង់ឡើយទើបយាត្រា ទៅប្រាប់រាជសីហា ដល់ហើយថាហៃមហាមិត្រ។ ឥឡូវមានរាជសីហ៍ មួយនៅទីល្អាងវិចិត្រ អួតថាខ្លួនប្រសិទ្ធ ចង់លងឫទ្ធិនឹងមិត្រឯង។
រាជសីហ៍ស្ដាប់ចចក និយាយឡកដោយកលលេង ស្មានពិតដូចពាក្យថ្លែង កើតជឿចិត្តឥតសង្ស័យ។ ទើបតបថាអើចៅ មកយើងទៅជំនាញជ័យ ខ្លាចអ្វីអាសត្វព្រៃ នៅឯណាណា៎ចចក។
ចចកនាំរាជសីហ៍ ឡើងគិរីកាត់ឈូងឆក ដរាបទៅដល់ច្រក ល្អាងសិលាថ្មដាឆ្លុះ។ ចចកក្លែងធ្វើខ្លាច មកក្រោយរាជសីហ៍ស្មោះ ខ្សឹបថាហ្ន៎អីនោះ មិត្តមើលចុះនោះវាហើយ។ វាគ្មានព្រឺមិត្តទេ ឈរចំអែនៅកន្តើយ បើមិត្តធ្វើម្ដេចហើយ វាក៏ធ្វើតបវិញស្ដែង។
រាជសីហ៍ជឿស្ទុះចូល យល់ស្រមោលអាត្មាឯង ស្មានសត្វដទៃផ្សេង ទើបសម្ដែងឫទ្ធិសីហា។ ស្ទុះក្រាបចាក់ក្រាញក្រោយ កន្ទុយកោយកន្ទះរា សំញេញញាក់ភក្ត្រា ធ្វើកិរិយាចូលជាញជ័យ។ រូបភាពស្រមោលនោះ ខ្លួនធ្វើដូច្នោះវាច្នោះនៃ រាជសីហ៍ទោសោក្រៃ ស្ទុះទះទល់ជល់ថ្មដា។ លុះត្រូវសិលាឡាក់ កក៏បាក់ដល់ពិការ រាជសីហ៍សូន្យសង្ខារ នៅនាកាលនោះឯងនៃ។
អនិច្ចាសត្វសីហោ ភ្លើងទោសោដុតឲ្យក្ស័យ មោហោបញ្ញាខ័យ ជំនាញជ័យនឹងរូបឯង។ លុះនៅវិនាសប្រាណ នេះព្រោះគ្មានបញ្ញាឈ្វេង យកតែមានះឯង មកសម្ដែងតាំងជាមុន។ មានះនេះខូចខ្លួន ចុះក្នុងក្បួនលោកតាំងទុក មានះនាំបុករុក នាំមនោឲ្យម្នេញអើយ។
ឍ.រឿងព្រានព្រៃនិងសត្វសេក
[edit]តម្រាឆោតព្រោះឃ្លានមាន
មានចៅព្រានព្រៃម្នាក់ តែងដើរបរបាញ់សត្វម្រឹគបក្សី យកមកចិញ្ចឹមជីវិតនៅជាប្រក្រតី ថ្ងៃ ១ ចៅព្រានព្រៃ ទៅស្វែងបរបាញ់ក្នុងព្រៃ លុះពេលល្ងាច ក៏ត្រឡប់វិលមកផ្ទះ ដើរមកដល់ព្រៃ ១ មានដើមឈើធំ ១ ដើម ដុះនៅខាងផ្លូវ មានមេសេក ១ ទៅធ្វើសំបុកភ្ញាស់កូន នៅលើចុងឈើនោះឯង។
ចៅព្រានព្រៃដើរមកជិតនោះ ហើយពោលពាក្យថា ថ្ងៃនេះ ពេលក៏ចួនល្ងាចណាស់ អញនឹងឡើងយកកូនសេកនៅសំបុកនេះពុំទាន់ បើដូច្នោះ ចាំព្រឹកស្អែកចុះ នឹងមកយកវាទៅស្លស៊ី ថាហើយ ចៅព្រានព្រៃក៏ដើរហួសទៅផ្ទះ។
ឯមេសេក នៅលើសំបុក លុះបានឮពាក្យព្រានព្រៃគុំនឹងយាយីដូច្នោះ ក៏កើតក្ដីភិតភ័យសោកស្ដាយបុត្រ នឹងជីវិតអាត្មាថា ឱអញអើយ ! កើតមកជាសេកនេះ ជាសត្វឥតពិសឥតអាវុធនឹងតនឹងមនុស្សនោះសោះ ឥឡូវវាថាព្រឹកស្អែកនេះ វានឹងមកយកកូនអញទៅអាស្រ័យ, ឱ ! បើកូនអញដល់នូវសេចក្ដីវិនាសហើយ តើជីវិតអញឯណាក៏នឹងតាំងនៅបាន គង់អញស្លាប់តាមកូនអញមិនលែងឡើយ, ឱកូនអញអើយ ! តូច ៗ ពេក ពុំទាន់ដុះក្រាសដុះស្លាបឲ្យមាំមួន នឹងបាននាំបង្ហើរចេញឲ្យផុតអំពីសត្រូវនេះ, មួយទៀត អញនឹងគិតរកសត្វណា អាចនឹងជួយបានអេះ ! ។
ឱ ! បើគិតទៅឃើញឧបាយ ១ ល្មមកែខ្លួនបានគឺអញមានសត្វពស់វែក ១ នៅឯដំបូកខាងនោះ ពស់នោះ ជាសម្លាញ់នឹងអញមកយូរហើយ ចាំអញទៅនិយាយ ឲ្យសម្លាញ់ជួយដោះទុក្ខនេះទើបបាន កាលដែលសេកនោះ គិតដូច្នោះ ក៏ហើរទៅកាន់សំណាក់ពស់ ដល់ហើយក៏និយាយប្រាប់ពស់ តាមរឿងចៅព្រានព្រៃ វានឹងមកចាប់កូនខ្លួន ក្នុងវេលាព្រឹកនេះឯង។
ឯពស់វែក ឮដូច្នោះ ក៏អាណិតសេកជាសម្លាញ់ ទើបទទួលជួយដោះទុក្ខសេក ទើបផ្ដាំសេកថា បើព្រាននោះវាឡើងនឹងយកកូនសេកឯងកាលណា ឲ្យសេកឯងនិយាយអង្វរសូកវាថា លែងតែអ្នកមេត្តា កុំយកកូនខ្ញុំចុះ ខ្ញុំនឹងប្រាប់ទីកំណប់មាសប្រាក់កែវកងនៅទីដំបូកនោះឲ្យអ្នក ក៏ឯជាតិមនុស្សនោះ តែឮត្រង់កំណប់មាសប្រាក់ហើយ គង់ចង់បានលើសកូនសេក ១-២ នោះជា ១០០ គុណ គង់ឲ្យសម្លាញ់ឯងនាំផ្លូវវាមកដំបូកនេះ សម្លាញ់ឯងចូរប្រាប់វាថា ទីត្រង់នេះហើយ វានឹងលូកដៃមកក្នុងរន្ធនេះមិនខាន បើវាលូកដៃមកកាលណាហើយ ខ្ញុំឯងនឹងចឹកវាឲ្យលុះដល់មរណកាលនាទីនេះឯង ឯសម្លាញ់ឯងក៏នឹងរួចអំពីអន្តរាយ។
មេសេកនោះ បានស្ដាប់ឧបាយពស់ប្រាប់ដូច្នោះហើយ ក៏ត្រេកអរក្រៃពេក ទើបលាពស់ហើរវិលឆ្ពោះមកទ្រនំវិញ ចូលក្រាបគ្របគ្រងកូននៅអស់មួយរាត្រីកាល លុះអរុណរឿងរះស្រឡះមេឃា ចៅព្រានព្រៃ ក៏ម្នីម្នារៀបអាត្មា ទៅកាន់ដើមឈើធំ ដល់ហើយក៏លាត់សំពត់វ័ណ្ឌគាត់ខ្ជាប់ឡើងដើមឈើ ដើម្បីយកកូនសេក។
ឯមេសេក ឃើញចៅព្រានឡើងជិតដល់ប្រគាបឈើកាលណា ក៏ស្ទុះហើរមកទំមែក ១ ហើយនិយាយទៅថា បពិត្រអ្នកជាជាតិមនុស្ស អ្នកឯងខំព្យាយាមឡើងឈើនេះ ដើម្បីសាច់កូនសេកនិងសាច់ខ្ញុំជាមេនេះ សេចក្ដីប្រាថ្នាអ្នកនឹងសម្រេចហើយ តែសាច់កូនសេកនិងសាច់ខ្ញុំនេះ អ្នកបរិភោគទៅក៏បានឆ្អែតតែក្នុងថ្ងៃនេះឯង ដល់ថ្ងៃស្អែកខានស្អែក អ្នកនឹងឃ្លានវិញ ហេតុនោះ ចូរអ្នកកុំប្រាថ្នាសាច់សេកស៊ី ១ ពេលនេះឡើយ ចូរអ្នកចុះទៅយកកំណប់ឯទីជើងដំបូកឯណោះវិញ មានប្រយោជន៍លើសលែងសាច់សេកនេះជា ១០០ គុណ។ បើអ្នកចង់បាន ខ្ញុំឯងហើរនាំអ្នកទៅកាន់ទីកំណប់នោះ។
ឯចៅព្រានព្រៃ បានឮសេកប្រាប់ទីកំណប់ដូច្នោះ ក៏ត្រេកអរក្រៃពេកណាស់ ទើបថា អើសេក បើឯងប្រាប់ទីកំណប់ អញបានមាសប្រាក់ ដូចឯងថានេះហើយ អញលែងយកកូនសេកឯង មកយើងទៅឥឡូវនេះ ថាហើយក៏ចុះចាកឈើលុះដល់ដី មេសេកបក្សី ក៏ហើរនាំផ្លូវទៅត្រង់ដំបូកអាសិរពិសពស់វែកដល់ហើយ ក៏ស្រែកប្រាប់អំពីលើថា អ្នកព្រានព្រៃនោះហើយ ទីរណ្ដៅកំណប់មាសប្រាក់ តាមចិត្តអ្នកប្រាថ្នាកកាយយកចុះ។
ឯចៅព្រានចង់មានខ្លាំង ក៏តងលើកលូកដៃចុះទៅក្នុងរន្ធពស់ដោយឥតពិចារណា ឯពស់វែកនោះ ក៏ចឹកដៃព្រានព្រៃមួយរំពេច ពិសពស់នោះ ក៏ផ្សព្វផ្សាយកាយចៅព្រានព្រៃ ដល់ក្ដីមរណកាលនៅជើងដំបូកនោះឯង។
ឯមេសេក ឃើញចៅព្រានព្រៃដល់ក្ដីមរណៈ ក៏អស់ក្ដីសត្រូវខ្លួនពីថ្ងៃនោះឯង ហើយក៏ហើរវិលទៅទ្រនំ ទំគ្រប់គ្រងព្យាបាលកូន ដរាបចម្រើនធំនាំទៅរកស៊ីតាមនិស្ស័យហោង។
ចប់ភាគ ៣ តែប៉ុណ្ណោះ។