Jump to content

គតិលោក/ភាគទី៣/1

From Wikisource
113164គតិលោក,​ភាគ​ទី៣រឿង​សត្វ​កន្លង់​និង​គីង្គក់​ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​សត្វ​កន្លង់និង​គីង្គក់




មួយ​ទៀត អ្នក​មាន​បញ្ញា​វៃ តតប​សេចក្ដី​យក​ឈ្នះ​វិញ​ក៏​មាន ដូច​និទាន សត្វ​កន្លង់​តតប​នឹង​ពាក្យ​គីង្គក់​នោះ​ឯង : មាន​សត្វ​កន្លង់ ១ ហើរ​ក្រេប​កេសរ​ផ្កា នា​កណ្ដាល​ផ្លូវ បាន​យល់​គីង្គក់ ១ លោត​ទៅ​ខាង​គុម្ព​ផ្កា ទើប​សួរ​ថា "បង​គីង្គក់ បង​ឯង​នឹង​ទៅ​ឯណា?។ គីង្គក់​ជា​សត្វ​អួត​ឫទ្ធិ គិត​ថា អញ​នឹង​ប្រាប់​គតិ​នេះ​ឲ្យ​កន្លង់​កោត​ខ្លាច​អញ គិត​ហើយ​ទើប​ប្រាប់​ថា "យើង​ទៅ​កាន់​មហា​ស្រះ​ឯ​ព្រៃ​ហេមពាន្ត ដើម្បី​នឹង​ទៅ​ចង់​ស្រី អើ​កន្លង់​ឯង​កោត​យើង​ឬ​ទេ​ហះ ?។ ឯ​កន្លង់​តប​ថា "បង​ឯង​អាច​ទៅ​ដល់​ឬ ? ព្រៃ​ហេមពាន្ត​នោះ​ឆ្ងាយ​ម្ល៉េះ"។ "ឱ ! យើង​ទៅ​វិល​ល្ងាច​ផង​ណា៎​កន្លង់ ឯង​សង្ស័យ​អ្វី ឫទ្ធី​យើង​នេះ, អើ​ខ្លួន​ចៅ​ឯង តើ​ធ្វើ​អ្វី​នៅ​នេះ សូរ​ឮ​ងឹងៗ នោះ?។ កន្លង់​បាន​ឱកាស​ក៏​តប​ថា "យើង​ហើរ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ណា៎​បង​គីង្គក់"។ "ឱ ! ឯង​ហើរ​ប្រទក្សិណ​ជុំ​ភ្នំ​ព្រះ​សុមេរុ​នោះ​ធំ​ម្ល៉េះ​បាន​ឬ?។ "អើ​យើង​ហើរ​ប្រទក្សិណ​ក្នុង ១ ថ្ងៃ​បាន​៧​ជុំ​ផង​ណា៎​បង​គីង្គក់, បង​ឯង​ខ្លាច​ឫទ្ធី​យើង​ឬ​ទេ ? ។ ឯ​គីង្គក់​នោះ​ក៏​តប​កាត់​ឡើង​ថា "ខ្មោច​អា​ឯង​ស្លាប ១ សុញ​ទេ នៅ​អួត​ភរ​ថា​ហើយ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ១ ថ្ងៃ ៧ ជុំ​បាន អាណា​ទៅ​ជឿ​ឯង​បាន"។ ឯ​កន្លង់​ក៏​តប​ថា "ខ្មោច​អា​ឯង​ជើង​ខ្លី ១ សុគ​ទេ ក៏​អួត​ភរ​ថា​ឯង​ទៅ​ដល់​ព្រៃ​ហេមពាន្ត វិល​ល្ងាច​វិញ​បាន អាណា​ទៅ​ជឿ​ឯង​បាន" ។ គីង្គក់​ក៏​ទាល់​ឈប់​នៅ អស់​សេចក្ដី​តែ​ប៉ុណ្ណោះ។