Jump to content

គតិលោក/ភាគទី១/9

From Wikisource
113329គតិលោក, ភាគទី១រឿង​ពាល​សង្រួម​ហួស​ប្រមាណឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ពាល​សង្រួម​ហួស​ប្រមាណ



ស. សួរ​ថា អាការ​មនុស្ស​ពាល ដែល​វា​សំដែង​មក​នោះ តើ​មាន​យ៉ាង​ណា​ខ្លះ​ទាន ?

គ. តប​ថា ឯ​មនុស្ស​ពាល​ដែល​សំដែង​អាការ​ចេញ​នោះ មាន​ច្រើន​ប្រការ​ណាស់ ខ្លះ​វា​ប្រើ​កិរិយា​សង្រួម​ហួស​ប្រមាណ ខ្លះ​វា​ព្យួហ៍​ពាក្យ​បំភ័យ ខ្លះ​ពោល​អួត​វិជ្ជា​ចំណេះ ដែល​ខ្លួន​វា​ពុំ​មាន តែ​បើ​មាន​ប្រាជ្ញា​ពិចារណា តាម​អាការ​វា​ក៏​គង់​យល់​ខ្លះ​មិន​ខាន ។

តម្រា​ពាល​សង្រួម​ហួស​ប្រមាណ

ដូច​និទាន​ពី​តាបស​១​រូប ទៅ​តាំង​អាស្រម​កុដិ នៅ​ខាង​ជាយ​ព្រៃ ១ នៅ​ទៀប​ជន​បទ ១ ក្នុង​ជន​បទ​នោះ មាន​ឧបាសក​ម្នាក់​ជា​អ្នក​រាប់​អាន​តាបស​នោះ​បាន​ថ្វាយ​ខ្លួន​ជា​អ្នក​ឧបដ្ឋាក​ជា​អ្នក​បម្រើ ។ ឯ​តាបស​នោះ​តែង​ចូល​ទៅ​កាន់​ត្រកូល​នោះ​រឿយ ៗ លុះ​នៅ​យូរ​មក ឧបាសក​នោះ​យក​ប្រាក់ ១ ហិប​ទៅ​ផ្ញើ​ទុក​នឹង​តាបស ។ ឯ​តាបស​ក៏​ឲ្យ​ឧបាសក​កប់​ហឹប​ប្រាក់​ក្នុង​ទី ១ ដ៏​សម​គួរ​ខាង​ទី​អាស្រម​នោះ​ឯង ដល់​នៅ​យូរ​បន្តិច​មក តា​បស​នោះ​កើត​លោភ​ចេតនា ទើប​គិត​ថា អាត្មា​អញ​នេះ​មក​បួស​ខំ​ប្រព្រឹត្ត​រក្សា​សីល ក៏​យូរ​ឆ្នាំ​ណាស់​ហើយ មគ្គ​ក៏​មិន​បាន​ដល់ ផល​ក៏​មិន​បាន​សម្រេច ទាំង​ឈាន​ទៀត​ក៏​មិន​កើត​ម្ដង​សោះ បើ​ដូច្នេះ​គួរ​តែ​អញ​សឹក​ចេញ​ចាក​សិក្ខា​ទៅ​ជា​ឃរាវាស​វិញ គិត​ប្រកប​ការ​រក​ស៊ី​យល់​ជា​ប្រសើរ​ជាង ឯ​ប្រាក់​ដែល​ឧបាសក​គេ​ផ្ញើ​នោះ អញ​នឹង​លួច​យក​ទៅ​ធ្វើ​ជា​ដើម​ទុន ប្រកប​ការ​ខាង​ផ្លូវ​លោកិយ​បាន​ហើយ តែ​នឹង​លួច​យក​ទៅ​ឥឡូវ​នេះ ឧបាសក​ជា​ម្ចាស់ គេ​នឹង​តាម​តវ៉ា​ចោទ​ថា​អាត្មា​លួច​បើ​ដូច្នេះ មាន​តែ​គិត​លួច​ជា​ការ​បង្វែង​ដាន កុំ​ឲ្យ​ម្ចាស់​គេ​នោះ​សង្ស័យ​នឹង​ខ្លួន​អញ​បាន, កាល​បើ​តាបស​គិត​យល់​ឧបាយ ១ ដូច្នោះ​ហើយ ទើប​កកាយ​យក​ហឹប​ប្រាក់​អំពី​ទី​នោះ នាំ​ទៅ​កប់​ទុក​ទី​ដទៃ ដើម្បី​មិន​ឲ្យ​ម្ចាស់​ប្រាក់​សង្ស័យ​នឹង​ខ្លួន លុះ​កប់​លាក់​ហឹប​ប្រាក់​នោះ​ស្រេច​ហើយ តា​បស​រៀប​គ្រឿង​បរិក្ខារ​ដាក់​សំពាយ​ស្ពាយ​ដើរ​ទៅ​កាន់​ផ្ទះ​ឧបាសក ។

ឯ​ឧបាសក បាន​យល់​តាបស​មក​ដូច្នោះ​ហើយ​ក៏​រៀប​ទី​អាសនៈ​ដ៏​សម​គួរ ហើយ​និមន្ត​តាបស​ឡើង​ទៅ​លើ​គ្រឹះ​ស្ថាន វន្ទា​ធ្វើ​បដិសណ្ឋារៈ​សួរ​ទទួល​ដោយ​សេចក្ដី​រាប់​អាន ។ ឯ​តាបស​និយាយ​ថា "ចំរើន​ពរ​អាត្មា​ភាព​មក​លា​ញោម​ទាំង​អស់​គ្នា នឹង​ទៅ​នៅ​ព្រៃ​ព្រះ​ហិមពាន្ត​ហើយ ត្បិត​ទី​លំនៅ​សព្វ​ថ្ងៃ​នេះ ជា​ទី​នៅ​ជិត​ទៀប​ស្រុក​មនុស្ស​ម្នា​ទៅ​មក​មិន​ដាច់ នាំ​ឲ្យ​កង្វល់​រវល់​នឹង​ការ​លោកិយ​ច្រើន​ណាស់ រក​ឱកាស​នឹង​ចំរើន​មេត្តា​ភាវនា​ពុំ​បាន, ១ ទៀត​រឿង​ប្រាក់​ញោម​ដែល​ផ្ញើ​នោះ ឲ្យ​ញោម​ទៅ​យក​ផង​ចុះ អាត្មា​ទៅ​ហើយ​ក្រែង​មាន​អន្តរាយ​ជា​ខាង​ក្រោយ ញោម​កុំ​មៃ​ថា​អាត្មា​ឡើយ" ។ ឯ​ឧបាសក​នោះ​ក៏​ឆ្លើយ​ថាៈ "មិន​អី​ទេ ព្រះ​ករុណា រឿង​ប្រាក់​ដែល​កប់​លាក់​ទុក​នោះ ចំពោះ​ដឹង​តែ​លោក​ម្ចាស់ នឹង​ខ្ញុំ​ករុណា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ឯង អ្នក​ឯ​ណា​នឹង​បាន​ដឹង​ឮ​ផង ជា ៣-៤ នាក់​ពុំ​មាន បើ​លោក​ម្ចាស់​ចង់​ទៅ​នៅ​ព្រៃ​ហិមពាន្ត​ក្នុង​ថ្ងៃ​ណា ក៏​សូម​និមន្ត​ទៅ​ចុះ រឿង​ប្រាក់​នោះ​ចាំ​ខ្ញុំ​រួច​ធុរៈ​រវល់​ថ្ងៃ​ណា​សឹម​ខ្ញុំ​ទៅ​យក" ។ ឯ​តាបស​ក៏​ឆ្លើយ​ថា "ចំរើន​ពរ​អញ្ជើញ​ទៅ​យក​ចុះ" ថា​ហើយ​ក៏​លា​ត្រកូល​នោះ​ចេញ​ទៅ កាល​ចុះ​ទៅ​ដល់​មាត់​ជណ្ដើរ តាបស​ក៏​កាន់​យក​ស្បូវ​ដែល​ប្រក់​ផ្ទះ​នោះ​មួយ​សរសៃ ហើយ​សៀត​ជាប់​នឹង​ជដា គឺ​ផ្នួង​សក់ ដើរ​ទៅ​ដល់​មាត់​ជ្រក​ផ្លូវ ហើយ​វិល​ត្រឡប់​មក​វិញ លើក​យក​កំណាត់​ស្បូវ​នោះ​ជូន​ទៅ​ឧបាសក​ហើយ​ថា "ញោម​អើយ​អាត្មា​ភាព​សូម​ទោស​ញោម​ផង​ចុះ​ត្បិត​អាត្មា​ពុំ​បាន​ក្លែង​លួច​កំណាត់​ស្បូវ​នេះ​ទេ គឺ​វា​ជាប់​ទៅ​នឹង​ផ្នួង​ជដា​នៃ​អាត្មា ៗ ពុំ​ដឹង​សោះ លុះ​តែ​ដើរ​ទៅ​ដល់​ក្រៅ​របង ស្រាប់​តែ​ឃើញ​ស្បូវ​នេះ​វា​ធ្លាក់​ពី​ជដា​មក ទើប​អាត្មា​កើត​សេចក្ដី​ភិត​ភ័យ​ដោយ​សីល ក្រែង​សៅហ្មង ហេតុ​នេះ​ទើប​យក​មក​ជូន​ញោម​វិញ សូម​ញោម​មេត្តា​អត់​ទោស​អាត្មា​ចុះ" ។ ឯ​ឧបាសក​នោះ លុះ​ឮ​ពាក្យ​ជដិល​កោង​និយាយ​ជូន​កំណត់​ស្បូវ​ដូច្នោះ​ហើយ ក៏​សំគាល់​ថា "លោក​តាបស​នោះ​មាន​សីល​ពិសេស" ទើប​តប​ទៅ​ថាៈ "បពិត្រ​ព្រះ​ករុណា​ម្ចាស់ កុំ​មាន​ហឫទ័យ​រង្គៀស​ឡើយ យើង​ខ្ញុំ​ពុំ​មាន​ចិត្ត​សង្ស័យ​នឹង​សីល​លោក​ម្ចាស់​ទេ ចូរ​លោក​ម្ចាស់​និមន្ត​ទៅ​តាម​សប្បាយ​ចុះ" ។

គ្រា​កាល​នោះ ព្រះ​ពោធិសត្វ​ជា​ម្ចាស់​យើង​នេះ អន្ទោល​ជាតិ​កើត​ជា​នាយ​ឈ្មួញ ១ នាក់ បាន​ទៅ​ជួញ​ដល់​ទៅ​ស្រុក​នោះ លុះ​ដើរ​ទៅ​បាន​ឮ​តាបស​ជូន​កំណាត់​ស្បូវ ដែល​ខ្លួន​កាន់​យក​ដោយ​ឧបាយ​កោង​ដូច្នោះ​ហើយ ក៏​យល់​ដោយ​ប្រាជ្ញា​ជ្រាប​ថា តាបស​នេះ មាន​បើ​លួច​ទ្រព្យ​អ្វី ៗ របស់​អ្នក​ផ្ទះ​នេះ​មិន​ខាន​ឡើយ ទើប​ពោធិសត្វ​ដណ្ដឹង​សួរ​ទៅ​ឧបាសក​នេះ​ថា "អ្នក​ឯង​មាន​ផ្ញើ​ទុក​ដាក់​របស់​អ្វី នឹង​តាបស​នេះ​ខ្លះ​ដែរ​ឬ​ទេ" ។ ឧបាសក​នោះ​ប្រាប់​ថា ខ្ញុំ​បាទ​ផ្ញើ​ប្រាក់ ១ ហឹ​ប​នឹង​លោក" ។ ពោធិសត្វ​ថាៈ "ឱ ! បើ​ដូច្នោះ​ប្រាក់​អ្នក​ឯង​នោះ វិនាស​ដោយ​ដៃ​លោក​ជីតុន​អ្នក​ឯង​ប្រាកដ​ហើយ ប្រាក់ ១ ហឹប​នោះ លោក​ជីតុន​អ្នក​ឯង​លួច​យក​ទៅ​ហើយ ចូរ​អ្នក​ឯង​ទៅ​តាម​ចាប់​ខ្លួន​ឲ្យ​ទាន់​ក្នុង​កាល​ឥឡូវ​នេះ ។

ឯ​ឧបាសក​ជា​មនុស្ស​ឥត​ប្រាជ្ញា ក៏​ឆ្លើយ​តប​ថាៈ "លោក​ជីតុន​ខ្ញុំ​នេះ លោក​មាន​សីល​វិសេស​ពេក​ណាស់​លោក​នឹង​អាច​ហ៊ាន​លួច​ប្រាក់​នោះ​ឯ​ណា​បាន​តែ​ត្រឹម​កំណាត់​ស្បូវ ១ សរសៃ ដែល​ជាប់​ទៅ​នឹង​ជដា​សក់​របស់​លោក ម្ដេច​លោក​ក៏​ពុំ​ហ៊ាន​កន្លង​លោក​នាំ​យក​មក​ឲ្យ​វិញ ហេតុ​នោះ​នឹង​ថា​លោក​លួច​ប្រាក់​ខ្ញុំ​ឯ​ណា​ក៏​បាន" ។

ពោធិសត្វ​តប​ថាៈ "ឱ ! អ្នក​ឯង​មិន​ស្គាល់​អាការ​ពាល​ទេ​តើ ! នែ​អ្នក, ក៏​ឯ​សីល​អទិន្នាទាន​នឹង​ដាច់​នឹង​សៅហ្មង ព្រោះ​កំណាត់​ស្បូវ ១ សរសៃ​នោះ​ឬ​អី​នេះ​ឯង​ហើយ ជា​អាការ​របស់​មនុស្ស​យក​សក់​បាំង​ភ្នំ​បន្លំ​ដាន លួច​ប្រាក់​អ្នក​ឯង​ពិត​ហើយ​បើ​អ្នក​ឯង​មិន​ជឿ​អញ្ជើញ​ទៅ​មើល​ប្រាក់​អ្នក​ចុះ ដែល​ផ្ញើ​ទុក​នោះ ជា​នៅ​ដើម​ឬ​ដូច​ម៉េច​ទៅ ចូរ​ទៅ​ឲ្យ​ឆាប់ ទាន់​តាបស​គាត់​មិន​ទាន់​ទៅ​ឆ្ងាយ" ។ ឯ​ឧបាសក​នោះ​ក៏​យល់​តាម​ទើប​នាំ​ពោធិសត្វ​ទៅ​អាស្រម​នៃ​តាបស ទៅ​មើល​ទី​ដែល​កប់​ប្រាក់​នោះ ឃើញ​អាចម៍​ដី​ខ្ចាយ​រាយ​ពាស​ទើប​កកាយ​ទៅ​ខាង​ក្រោម ក៏​ពុំ​ឃើញ​ហឹប​ប្រាក់​នោះ​ឡើយ ។ ឧបាសក​ក៏​រឹត​តែ​ជឿ​ពាក្យ​ពោធិសត្វ​ក្រៃ​ពេក​ទើប​នាំ​ពោធិសត្វ​រត់​ទៅ​តាម​តាបស បាន​ទាន់​នា​កណ្ដាល​ផ្លូវ ហើយ​ក៏​ចាប់​ខ្លួន​តាបស​នោះ​មក​សាក​សួរ​ថា ប្រាក់​យើង​ដែល​ផ្ញើ​នោះ​បាត់​អស់​ទៅ​ហើយ​កាល​យើង​មក​កប់​ទុក​នោះ ពុំ​មាន​អ្នក​ណា ១ អាច​ដឹង​ទេ គឺ​ដឹង​តែ​ប្រស្ដែង​ឯង និង​រូប​យើង​ពីរ​នាក់​ប៉ុណ្ណោះ​ទេ ឥឡូវ​បាត់​ពី​ទី​នោះ​ទៅ នឹង​ថា​អ្នក​ឯ​ទៀត​ណា​មក​លួច​នោះ​ក៏​មិន​បាន គឺ​ប្រស្ដែង​ឯង​លួច​ពិត​ហើយ​ចូរ​អ្នក​ប្រាប់​យើង​ដោយ​ពិត​ចុះ បើ​ពុំ​ប្រាប់​យើង យើង​នឹង​វាយ​ឲ្យ​ស្លាប់​ឥឡូវ​នេះ​ឯង ។ ឯ​ជដិល​កោង​នោះ​ក៏​ភិត​ភ័យ​ខ្លាច​សេចក្ដី​ស្លាប់ ក៏​ប្រាប់​តាម​ដំណើរ​ខ្លួន​លួច​បង្វែង​ទៅ​កប់​ទុក​នៅ​ទី​ឯ​ទៀត ហើយ​ក៏​នាំ​ឧបាសក​នោះ ទៅ​យក​ហឹប​ប្រាក់​ដែល​ខ្លួន​លាក់​ទុក​នោះ​ប្រគល់​ឲ្យ​ដល់​ឧបាសក​ជា​ម្ចាស់​ប្រាក់ ។ ឯ​ឧបាសក​ក៏​ទទួល​យក​ហឹប​ប្រាក់ ហើយ​តិះ​ដៀល​តាបស​នោះ​ដោយ​ប្រការ​ផ្សេង ៗ ហើយ​បែរ​ទៅ សរសើរ​ប្រាជ្ញា​នៃ​ពោធិសត្វ ដោយ​អនេក​ប្បរិយាយ ទទួល​ពោធិសត្វ​ទុក​គ្រូ​អាចារ្យ​ប្រដៅ​ខ្លួន​អំពី​ថ្ងៃ​នោះ​មក ។

ចប់​តម្រា​ពាល​សង្រួម​ហួស​ប្រមាណ

ស. ឆ្លើយ​ថា​ករុណា​លោក​គ្រូ​ម្ចាស់ ៗ សំដែង​មក​នេះ​ខ្ញុំ​ចូល​ចិត្ត​ហើយ តែ​ការ​ដែល​​នឹង​ស្គាល់​អាការ​កិរិយា​មនុស្ស​ពាល​នោះ​ក្រ​ណាស់ ចួន​មនុស្ស​ពាល​នោះ វា​មាន​អំណាច​និយាយ​បញ្ចុះ​បញ្ចូល​អ្នក​ស្រុក​អ្នក​ស្រុក​ក៏​នាំ​គ្នា​ជឿ​តាម​ពាល​នោះ​ទៅ ចួន​ជា​មាន​អ្នក​ណា ១ ដឹង​ស្គាល់​អាការ​កិរិយា​នៃ​មនុស្ស​ពាល នៅ​មិន​ប្រព្រឹត្ត​មិន​ជឿ​តាម​គេ ៗ ក៏​បៀត​បៀន​អ្នក​នោះ​ឯង​ថា​ជា​​មនុស្ស​ឆ្កួត​វិញ ដូច្នេះ នេះ​លោក​គ្រូ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា នឹង​ឲ្យ​រួច​អំពី​ពាល​នោះ​បាន ?

គ. ឱ ! ឯង​ថា​នោះ​ត្រូវ​ហើយ ក៏​វិស័យ​គេ​ឆ្កួត​ពេញ​ស្រុក​ហើយ ឯង​ជា​តែ​ម្នាក់​ឯង ឯ​ណា​ក៏​នឹង​បាន​តែ​តោង​មើល​កាល មើល​សម័យ ពិចារណា​មើល​តាម​អាការ​នោះ​ផង ជា​ការ​ពាក់​ព័ន្ធ​ដោយ​ទោស​រាជ ឬ​ដោយ​ទោស​រាស្ត្រ គឺ​កើត​មក​ជា​មនុស្ស​ត្រូវ​ឲ្យ​ស្គាល់​ទោស​ពីរ​ប្រការ គឺ​ទោស​រាជ ១ ទោស​រាស្ត្រ ១ ឯ​ទោស​រាជ​នោះ គឺ​ពាល​នោះ​ឯង វា​ក្លែង​តាំង​ខ្លួន​ជា​អ្នក​បុណ្យ ហើយ​អួត​ខ្លួន​ថា​វា​ជា​ស្ដេច ជា​ព្រះអង្គ​ម្ចាស់ មាន​នាម​ថា ព្រះ​បាទ​ធម្មិករាជ​ជា​ដើម តាំង​បញ្ចុះ​បញ្ចូល​មហាជន​ជា​កង​ទ័ព គិត​ក្បត់​ម្ចាស់​ផែនដី​យ៉ាង​នេះ​ហៅ​ថា ទោស​រាជ គឺ​ទោស​ព្រោះ​តាំង​ខ្លួន​ជា​ស្ដេច ថា​បើ​ឯង​ដឹង​អាការ​ហេតុ​ដូច​យ៉ាង​ថា​មក​នេះ ហើយ​តោង​គិត​វេះ​គេច​ចេញ​ចាក​ទី​នោះ​បង់ ទើប​អាច​រក្សា​ខ្លួន​ឲ្យ​សុខ​បាន ។

ឯ​ទោស​រាស្ត្រ​នោះ គឺ​ពាល​មាន​អំណាច​ក្ដី ឥត​អំណាច​ក្ដី វា​ប្រចុប​ប្រចែង​ក្លែង​ក្លាយ ប្រើ​ឧបាយ​មាយា​និយាយ​អួត​កុហក​ថា វា​ចេះ​ធ្វើ​ហោរ​ទាយ ចេះ​អង្គុយ​ធម៌​មើល​ហួយ មើល​ខ្មោច ចេះ​គ្រូ​មើល​ជម្ងឺ​មើល​ស្ដោះ​គ្រោះ បូជា​គ្រោះ​ជា​ដើម ហើយ​វា​និយាយ​បំភ័យ​ឲ្យ​អ្នក​ស្រុក​បូជា​ផ្សេង​ៗ ។ មនុស្ស​ទាំង​ឡាយ​ជឿ​វា​ពេញ​ស្រុក​ហើយ តែ​ឯង​មិន​ជឿ​តាម​គេ ៗ ថា​ឯង​ឆ្កួត​យ៉ាង​នេះ​ហៅ​ថា​ទោស​រាស្ត្រ ។ តែ​បើ​ពាល​មាន​អំណាច​វា​នឹង​បៀត​បៀន​ហើយ តោង​ប្រព្រឹត្ត​ទៅ​តាម​កិរិយា​ដូច​តម្រា​ថា "លោក​ប្រែ​តោង​ប្រព្រឹត្ត តែ​ចិត្ត​កុំ​ប្រែ​តាម​វា" គឺ​ប្រព្រឹត្ត​តែ​កិរិយា​ក្រៅ​ទៅ​ចុះ ព្រោះ​ការ​ទាល់ ដូច​មាន​និទាន​រៀង​ចៅ​សន​ជា​បែប ។