គតិលោក/ភាគទី១/4
ប្រស្នារឿង ស្រីល្អ ទឹកផ្អែម ត្រីដែលមានរសពីសាជាងត្រីឯទៀត
ឯពលិការនោះ គួរយើងបូជាដល់បុគ្គល ៥ ជំពូក ដូចសេចក្ដីដែលបានអធិប្បាយមកនេះ ។
ស. ស្ត្រីយ៉ាងណា ហៅថាល្អលើសស្ត្រីស្ត្រីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណា ជាទឹកផ្អែមឆ្ងាញ់លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណា ដែលមានរសជាតិឆ្ងាញ់ពីសាលើសត្រីទាំងពួងក្នុងលោកនេះ?
គ. ឱ ឯជាតិស្ត្រីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបញ្ចពិធកល្យាណី មានលំអសក់ជាដើម តែបើនិយាយដោយធម៌ គឺស្ត្រីដែលមានសីលមារយាទល្អនោះឯង បើនិយាយដោយវោហារវិញនោះ គឺស្ត្រីប្រពន្ធគេនោះឯង ហៅថាល្អលើសលែងស្ត្រីក្នុងលោក ហេតុអ្វីក៏បានជាថាលើសគេនោះ ព្រោះស្ត្រីប្រពន្ធគេនោះ មានទោសខុសទាំងពីរផ្លូវ ថាបើបុរសណាទៅប្រព្រឹត្តកន្លងបវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងឮហើយ គេក៏ចាប់ទៅប្ដឹងដល់សាលាជំនុំ ៗ លោកក៏ពិនិច្ឆ័យលក់ឬដាក់គុកធ្វើទោសទៅផ្សេង ៗ ឯខាងផ្លូវបរលោកនោះសោត ក៏បានបាបគឺធ្លាក់ទៅសោយទុក្ខវេទនាក្នុងអបាយភូមិទាំង ៤ មាននរកជាដើម ការដែលដឹងថាមានទោសយ៉ាងនេះហើយ ហេតុអ្វីបុរសលែងពុំបាន បើដូច្នោះស្ត្រីនោះមិនល្អលើសគេហើយហៈ បានជាបុរសលែងពុំបាន យ៉ាងនេះឯងហៅថាស្ត្រីល្អលើសលែងក្នុងលោក ។
២- ឯទឹកដែលផ្អែមពីសា លើសទឹកទាំងពួងនោះ គឺសុរានេះឯង មែនពិតឯទឹកសុរាបានជាថាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាចអាចហាមមិនឲ្យបិទ មិនឲ្យធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន ឯទោសផឹកសុរា គឺបង់ប្រាក់ ១ គឺផឹកទៅហើយ កើតស្រវឹងវង្វែងចិត្ត ទៅប្រព្រឹត្តការជួអាក្រក់ផ្សេង ៗ មានបង្កពាក្យជម្លោះប្រកែកប្រកួតជាដើម ១ មានទោសធ្លាក់ទៅអបាយភូមិទាំង ៤ មាននរកជាដើម ១ អ្នកលេងសុរា សឹងដឹងប្រាកដថា ផឹកសុរានោះជាទីនាំមកនៅសេចក្ដីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះ សុរានោះមិនជាផ្អែមលើសគេហើយហៈ បានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ ។
៣- ឯត្រីដែលមានរសពីសាលើសត្រីនានានោះ គឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពីសានោះ ព្រោះដឹងថា ត្រីព្រលូងនេះ ចួនបរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបានបើដូច្នោះ ត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហៈ បានជាមនុស្សលះលែងពុំបាន ។
ស. ករុណាចូលចិត្តហើយ ១ ទៀត ការទទួលទានសុរានោះ ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅ ជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃឲ្យចូលចិត្តបន្តិចមើល ?
គ. តបថា ការផឹកសុរានោះ បានជាបាបព្រោះព្រះបរមទ្រង់ហាម ពុំឲ្យសេពសុរានោះ ព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្ត ត្បិតមនុស្សយើងសព្វថ្ងៃនេះ មានស្រវឹងនៅពេញខ្លួនហើយ សេចក្ដីស្រវឹងនេះ លោភោ គឺសេចក្ដីជាប់ជំពាក់ ឬចំណង់ចង់បាន នេះជាស្រវឹងប្រការ ១ ទោសោ គឺសេចក្ដីក្រោធខឹង នេះស្រវឹងប្រការ ១ មោហោ គឺសេចក្ដីល្ងង់វង្វែងពុំស្គាល់ខុសត្រូវ នេះស្រវឹងប្រការ ១ មានៈទិដ្ឋិ គឺសេចក្ដីរឹងត្អឹងកាន់ខ្លួន អួតខ្លួន នេះជាស្រវឹងប្រការ ១ ស្រវឹងទាំងអស់នេះ តែងមាននៅសម្រាប់រូបមកហើយ ៗ មកថែមផឹកទឹកស្រវឹងចូលទៅទៀត ស្រវឹងថ្មី ក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំឲ្យលោភខ្លាំងឡើងខ្លួនអ្នកទោសៈឬមោហៈមានៈទិដ្ឋិក៏នាំឲ្យចំរើន ទោសៈមោហៈមានៈទិដ្ឋិខ្លាំងក្លាឡើង មួយទៀត ពាក្យជាអាថ៌កំបាំង ឬកេរ្តិ៍ខ្មាសជារបស់មិនគួរនាចេញសំដែងប្រាក់គេ នោះក៏អាចនាំចេញបង្ហាញគេបានទាំងអស់ មួយទៀតនាំឲ្យកើតជំលោះប្រកែក ចួនក៏ត្រូវព្រះរាជអាជ្ញា បង់ទ្រព្យធនទៅផ្សេង ៗ មួយទៀតទោសសុរានេះ នាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌទោសយ៉ាងនេះឯង បានថាមានបាបក្នុងលោកនេះមួយទៀត ប្រាក់ដែលទៅទិញសុរានោះ ក្នុងមួយឆ្នាំ ៗ បើជាប្រមូលទុកគង់បាននៅច្រើន គ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញបាយត្រីចំណីឯទៀត ចែកកូនប្រពន្ធអាស្រ័យជាជាង ឬឯងយល់ដូចម្ដេច ។