គតិលោក/ភាគទី១០/4
រឿងចចកចេះមន្តម្យ៉ាងហៅ បថរិជយ លើកពលសត្វទៅដណ្ដើមយកនគរពារាណសី
មានព្រាហ្មណ៍ម្នាក់ចេះមន្តវិជ្ជាវិសេស ហៅថាបឋវិជយមន្ត ថ្ងៃមួយព្រាហ្មណ៍នោះចូលទៅក្នុងព្រៃភ្នំ ហើយទៅអង្គុយលើខ្នងសិលាថ្មជាមួយ តាំងស្វាធ្យាយរាយសូត្រនូវបឋវីជយមន្តនោះ លុះចប់ហើយក៏វិលទៅកាន់គេហដ្ឋាននៃអាត្មាវិញ ក្រោយនោះមិញ មានសត្វចចកមួយដេកនៅក្នុងរូងថ្ម បានឮបឋវិជយមន្តដែលព្រាណ្មហ៍សូត្រស្វាធ្យាយនោះ ក៏ចាំចេះស្ទាត់បានព្រោះស្ទាត់ចំណាន អំពីជាតិមុនមកធ្លាប់កើតជាព្រាហ្មណ៍ចេះមន្តនោះឯង ។
ចចកនោះកាលណាចេះចាំមន្តនោះហើយ ក៏តាំងស្វាធ្យាយរាយមន្តនោះឡើង មន្តនោះមានអំណាចអាចហានក្លៀវក្លា បណ្ដាពួកសត្វចតុប្បាទទាំងឡាយ មានរាជសីហ៍ សឹង្ហតោ គោ សេះ ដរី ក្របី ខ្លា ប្រើស ក្ដាន់ជាដើម សឹងខ្លបខ្លាចអំណាចមន្តនោះមហិមា នាំគ្នាមឹតមូលចូលមកចោមរោមជាយសបរិវារ ឯចចកនោះក៏កើតមានះ ស្រវឹងយសលើកកំពស់តាំងខ្លួនជាស្ដេចសម្រេចការ ហៅថាព្រះបាទសព្វទាឋរាជ មានអំណាចលើសត្វចតុប្បាទក្នុងលោកិយ ហើយតាំងមេចចកមួយជាអគ្គមហេសី ថ្វាយនាមជាព្រះសិង្គាលីទេវី ជាគាប់ហឫទ័យនៃស្ដេចសព្វទាឋរាជនោះឯង ។
លុះនៅយូរបន្តិចមក ចចកនោះកើតលោភចេតនាប្រាថ្នាចង់បានសម្បត្តិក្នុងនគរពារាណសី ដើម្បីនឹងកំចាត់ពួកមនុស្សទាំងអស់នោះ ឲ្យរត់ចេញចាកស្រុក ហើយអាត្មាឯងនឹងយកនគរនោះ តាំងសោយរាជ្យចចកនោះគិតដូច្នេះហើយ ក៏ហៅពួកសត្វចតុប្បាទទាំងឡាយមកជាមួយពលសកលយោធា ហើយឲ្យដំរីពីរដើរទន្ទឹមដូចជាទឹមនឹមមួយ ឲ្យកេសររាជសីហ៍ឡើងឈរជាន់លើខ្នងដំរីទាំងគូនោះ អាត្មាឯងក៏នាំនាងសិង្គាលីទេពី ជិះលើខ្នងនៃកេសររាជសីហ៍នោះ ហើយឲ្យពួកពលដើរជាក្បួនព្យូហ៍ទ័ព លើកទៅចោមរោមព័ទ្ធនគរពារាណសី ។
ឯពួកសត្វទាំងឡាយ ពង្រាយគ្នាដើរជាក្បួនព័ទ្ធនគរពារាណសីដេរដាសពាសពេញ មានចម្ងាយចេញទៅ ១២ យោជន៍ដោយជុំវិញ ទើបស្ដេចសព្វទាឋរាជឲ្យនាំសារ ចូលទៅទូលស្ដេចពារាណសីថា « យើងទ្រង់នាមសព្វទាឋរាជ ជាចមពលលើពួកសត្វចតុប្បាទទាំងឡាយ លើកពលសត្វមកនេះ ដើម្បីនឹងយកក្រុងពារាណសីនេះជារបស់យើង ថាបើស្ដេចពារាណសីនឹងចង់តតាំងប្រណាំងប្រឡងឫទ្ធិនឹងយើង ក៏ឲ្យរៀបក្បួនទ័ព លើកចេញមកច្បាំងក្នុងកាលឥឡូវនេះ ឬមួយមានចិត្តខ្លបខ្លាចអំណាចយើង មិនហ៊ានប្រឡងតេជដៃទេ ក៏ឲ្យស្ដេចពារាណសីបើកទ្វារនគរចាំទទួលយើងៗ នឹងចូលទៅក្នុងកាលឥឡូវនេះឯង » ។
ឯបណ្ដាមហាជនទាំងឡាយ មានស្ដេចជាដើម កាលបើឃើញពួកសត្វចតុប្បាទទាំងឡាយ លើកមកចោមព្រះនគរមានសភាពដូច្នោះ ក៏សឹងភិតភ័យតក់ស្លុតនាំគ្នារត់ឡើងផ្ទះឡើងប្រាសាទ បិទទ្វាររបងទ្វារកំពែងទ្វារផ្ទះទីទៃៗ ។
ឯស្ដេចពារាណសី ក៏ឲ្យប្រជុំនាម៉ឺនមុខមន្រ្តីពិភាក្សាការតតាំងនឹងទ័ពស្ដេចចចកនោះ កាលណោះមានបុរោហិតម្នាក់ជាអ្នកមានសតិបញ្ញា ក្រាបទូលថា « ធម្មតាកងទ័ពសត្វតិរច្ឆាននេះ វានឹងមានគ្រឿងសស្រ្តាវុធអ្វី ក្រៅអំពីស្នែងចង្កូមធ្មេញក្រញ៉ាំជើងវានោះក៏ទេ ឬវាអាងឫទ្ធានុភាពវេទ្យាគមវិជ្ជាម្យ៉ាងៗទេដឹង ? បើដូច្នេះចាំទៅនិយាយមើលកលការវាសិន ជាវាមានឫទ្ធិយ៉ាងណា បានជាវាក្លាហាន ហ៊ានមកធ្វើសឹកនឹងយើងជាមនុស្សនេះ» ទូលហើយរាជបុរោហិតនោះឡើងទៅលើប៉មកំពែងជាស្ថានខ្ពស់ ហើយស្រែកសួរថា « ហៃស្ដេចសព្វទាឋរាជ, អ្នកមានអំណាចគង់លើខ្នងកេសររាជសីហ៍ មានដំរីជាពាហនៈរងខាងក្រោម ជាចមពលលើពួកសត្វចតុប្បាទ លើកព្យូហៈមកមានទំហំ ១២ យោជន៍ ដើម្បីមកច្បាំងនឹងយើងជាជាតិមនុស្សនេះ តើអ្នកមានគ្រឿងសស្រ្តាវុធអ្វីខ្លះអាចយកជ័យជំនះយើងជាជាតិមនុស្សនេះបានហៈ ?
ឯស្ដេចសព្វទាឋរាជ ក៏ឆ្លើយតបទៅថា « យើងមិនចាំបាច់មានអាវុធអ្វីនាំឲ្យពិបាក នឹងចាក់នឹងកាប់នោះទេ យើងមានតែអាវុធវិសេសមួយយ៉ាង គឺកេសររាជសីហ៍ ជាព្រះទីនាំងយើងនេះ យើងនឹងប្រើឲ្យស្រែកជាសម្រែកសីហនាទកាលណា បណ្ដាមនុស្សទាំងឡាយក្នុងព្រះនគរនេះ ក៏នឹងវិនាសស្លាប់ទាំងអស់ជាម្ដង នគរនេះហោង ក៏នឹងធ្លាក់នៅក្នុងកណ្ដាប់ដៃនៃយើងនេះឯង ។
ឯបុរោហិតបានឮដូច្នោះ ក៏ចូលចិត្តបាន ទើបនិយាយអង្វរទៅថា « អើមហារាជ ការនេះយើងស្ដាប់បានហើយ តែចាំយើងចូលទៅទូលព្រះបាទ អ្នកជាម្ចាស់យើងឲ្យទ្រង់ជ្រាបសិន ជាស្ដេចនឹងព្រមលើករាជសម្បត្តិថ្វាយដល់មហារាជ ឬនឹងគិតប្រឹក្សាយ៉ាងម៉េចទៅទៀត ថាហើយរាជបុរោហិតនោះ ចុះចាកប៉មម្នីម្នាចូលទៅទូលស្ដេចពារាណសី តាមសេចក្ដីនោះហោង ។
ឯស្ដេចពារាណសីបានជ្រាបហេតុដូច្នោះ ក៏ភិតស្លុតព្រះហឫទ័យ ទើបទ្រង់ប្រឹក្សាការនោះនឹងបុរោហិតទៀត បុរោហិតក៏ទទួលអាសា ទើបចាត់អាមាត្យឲ្យយកស្គរចរទៅវាយ ប្រាមប្រាប់អស់អ្នកនគរ ឲ្យយកសំឡីគរ ឬសំពត់ចុកត្រចៀកទាំងអស់គ្នាដោយហោចទៅ តែសត្វចិញ្ចឹមមានឆ្កែឆ្មាជាដើម ក៏ឲ្យចុកត្រចៀកទាំងអស់ ។
បុរោហិតនោះ ចាត់ការរក្សាជីវិតអ្នកនគរស្រេចហើយ ក៏ឡើងទៅលើប៉មទៀត ហើយនិយាយចំអកឡកឲ្យស្ដេចចចកនោះថា ហៃចៅ មពលសត្វចតុប្បាទអើយ អ្នកឯងអួតថានឹងឲ្យកេសររាជសីហ៍ស្រែក ដើម្បីនឹងឲ្យវិនាសដល់ពួកមនុស្សនោះ យើងយល់ថា រាជសីហ៍នោះ គង់មិនស្ដាប់ពាក្យអ្នកឯងជាប្រាកដ ។
ឯស្ដេចចចកលុះឮពាក្យបុរោហិតថាដូច្នោះក៏កើតមានៈឡើងខ្លាំង តាំងទទោកជើងឲ្យសញ្ញាដល់កេសររាជសីហ៍ៗក៏ទទួលបង្គាប់ មុននឹងស្រែកនោះរាជសីហ៍ ក៏តាំងជាន់ជ្រែងជើងទាំងបួនខ្ជាប់លើខ្នងដំរីទាំងពីរ ហើយស្រែកដោយសម្រែកយ៉ាងខ្លាំងឡើង សម្លេងនោះ ក៏លាន់ខ្ទប់ទៅលើត្រចៀក នៃសត្វទាំងឡាយៗមានដំរីជាដើម ក៏បែកត្រចៀកដួលចុះស្លាប់វិនាសពាសពេញលើធរណី ឯដំរីព្រះទីនាំងទាំងពីរក៏ដួលទ្រោមចុះ រាជសីហ៍នោះ ក៏ធ្លាក់ទៅដល់ផែនដីជាស្ដេចសព្វទាឋរាជ នឹងសិង្គាលីជាមហេសី ក៏ធ្លាក់ទៅក្រោមពោះដំរីៗ ដួលសង្កត់ស្លាប់ទាំងពីរប្រាណនៅក្នុងស្ថាននោះឯង ។
សត្វទាំងឡាយ សឹងវិនាសទាំងអស់ នៅសល់តែកេសររាជសីហ៍មួយ រាជសីហ៍នោះ ឃើញពួកខ្លួនស្លាប់អស់ហើយ ក៏ភិតភ័យទើបបោលបោះផ្លោះទៅកាន់ព្រៃព្រះហិមពាន្តវិញហោង ។
ឯបុរោហិតនោះ លុះបានឃើញទ័ពសត្វដល់នូវក្ដីវិនាសដួលស្លាប់ពាសពេញដូច្នោះហើយ ក៏ចុះចាកប៉មភាគបន្ទាយ ម្នីម្នាលីលា ទៅទូលស្ដេចពារាណសី តាមសេចក្ដីនោះសព្វប្រការ ហើយឲ្យអាមាត្យយកស្គរជ័យ ទៅវាយប្រកាសប្រាប់ដល់ពួកអាណាប្រជាជនក្នុងព្រះនគរ ឲ្យបើកទ្វារកំពែងចេញទៅរើសយកសពសត្វទាំងឡាយនោះ មកធ្វើជាភក្សាហារតាមក្ដីប្រាថ្នា ។
ឯអ្នកនគរទាំងឡាយ កាលបើបានដឹងបានឮសេចក្ដីដូច្នោះ ក៏នាំគ្នាបើកទ្វារព្រះនគរចេញទៅរើសយកសពសត្វទាំងនោះ មកចំអិនជាភក្សាហារទីទៃៗ សាច់នោះច្រើនណាស់ អ្នកខ្លះក៏នាំគ្នាធ្វើផ្អកធ្វើងៀតហាលថ្ងៃទុកអាស្រ័យតទៅមុខទៀត តាមក្ដីប្រាថ្នានៃអាត្មាទីទៃៗ មានព្ធដ៏កាលនោះហោង ។
រឿងយើងចេះធ្វើសាច់ងៀតសត្វសព្វថ្ងៃនេះ អាចារ្យពោលថា គឺចេះអំពីកាលមនុស្សអ្នកពារាណសីធ្វើងៀតសត្វនោះឯង គួរចូលចិត្តហោង ។
រឿងនេះ បានគតិដល់មនុស្សចេះសិលវិទ្យាគម សំដែងបញ្ចុះបញ្ចូលអ្នកក្រៅ អ្នកព្រៃ បង្កឡើងជាកងទ័ព តាំងក្បត់នឹងម្ចាស់ផែនដី ដូចយ៉ាងអាចារ្យស្វា អាចារ្យសុក អាចារ្យជ្រាំ អាពោកំបោរ អាសៅសិល្បនោះឯង គួរចូលចិត្តចុះ ។
ឯកំលាំងឫទ្ធិសិល្បវិទ្យាគមនោះ ជួយបានតែមួយគ្រាៗជារបស់ឫទ្ធិឈានលោកិយ នឹងទៅឈ្នះម្ចាស់ផែនដី ដែលលោកមានបុណ្យបារមីបានកសាងការកុសលមកអំពីព្រេងនោះ ឯណាបាន ហើយសិល្ប៍នោះអាស្រ័យតាំងនៅបាន ក៏ព្រោះមានបញ្ញាអាចពិចារណាមើលកល មើលការណ៍ផង ទើបរុងរឿងទៅបាន ដូចយ៉ាងស្ដេចចចកមានតែឫទ្ធិ តែឥតបញ្ញា មិនដឹងជាអាសនាដែលខ្លួនជិះនោះ វានឹងជាអាវុធសំឡាបខ្លួនវិញ បាននូវក្ដីបរាជ័យ ស្លាប់ខ្លួនឯងដូចសំដែងមកនេះ ប្រាជ្ញមានបញ្ញាគួរពិចារណាតាមតំរានេះទៅចុះ ។
ចអើ់យចចក ចចើងចង់យក សម្បត្តិមនុស្សលោក ខ្លួនជាតិរច្ឆាន មិនមានប្រយោគ ទៅអាងសិទ្ធិជោគ ជ័យមន្តវេទ្យា ។ ប្រើរាជសីហ៍ស្រែកឲ្យមនុស្សផងបែកត្រចៀកមរណា មិនដឹងសីល៍ស័ង្ខទីនាំងអាត្មា ត្រឡប់ប្រែជា ម្ឫត្យុលើខ្លួន ។ ពាលអើយពាលពិត ទៅអាងតែឫទ្ធិ មិនគិតឲ្យធួន មើលយល់តែឆ្ងាយ រៀងអាយជិតខ្លួន មិនយល់កលក្បួន ស្លាប់ដោយក្បាច់ឯង ។ ធម្មតាប្រាជ្ញប្រាយ យោគយល់ជិតឆ្ងាយ យល់ខ្លីយល់វែង យល់ការគួរធ្វើ ឬការគួរលែង ទើបលោកចាត់ចែង ការនោះមិនបង់ ។
ចប់តំរាឡើងមានះតំកើងយស ជាគតិទី ៦៧។