គតិលោក/ភាគទី១០/6
រឿងនន្ទកយក្សជាអ្នករក្សាខ្លោងទ្វារព្រះឥសូរ
មានយក្សមួយឈ្មោះនន្ទកៈ ជាអ្នករក្សាខ្លោងទ្វារវាំងព្រះឥសូរ នៅលើភ្នំកៃលាស នន្ទកៈនោះរូបអាក្រក់ ក្បាលទំពែក សក់មាននៅតែជាយគ្រែងជាទីនាំងឲ្យអស់ពួកទេវបុត្រទេវតា នាគយក្ខទាំងឡាយចូលចិត្តលេងចំអកចំអន់ទៅផ្សេង ពួកទេវបុត្រ ទេវតា នាគ យក្ខ តែឡើងមកគាល់ព្រះឥសូរ កាលណាសឹងនាំគ្នាទះក្បាល ត្បកក្បាលនន្ទកៈនោះ ហើយសើចចំអកចំអន់លេងទៅតាមភាសា ហើយទើបចូលទៅគាល់ព្រះឥសូរឯក្នុងព្រះរាជមន្ទីរ តែយ៉ាងនេះសព្វៗកាលមក ។
ឯនន្ទកៈនោះ ជាយក្ខឥតឫទ្ធីចេស្ដា ត្រូវពួកទេវតាទះក្បាល ត្បកក្បាលដូច្នោះ ក៏ខឹងចិត្តគិតថា បណ្ដាពួកទេវតាទាំងឡាយ ដែលមាក់ងាយអញយ៉ាងដូច្នេះ ក៏ព្រោះអញជាអ្នកថោកទាប ឥតឫទ្ធានុភាពដូចគេ បើដូច្នេះគួរអញចូលគាល់ សូមពរព្រះឥសូរជាម្ចាស់ឲ្យព្រះអង្គប្រោសប្រសិទ្ធីចង្អុលដៃអញ ឲ្យកើតជាចង្អុលដៃពេជ្រឡើង អញនឹងចង្អុលពួកអាអស់នេះ ឲ្យវាធ្លាក់ទៅព្ធដ៍ចក្រវាឡក្រៅ ទើបសមមុខវា ដែលវាមាក់ងាយអញត្បកក្បាលអញនេះ គិតហើយនន្ទកៈក៏ចូលទៅគាល់ព្រះឥសូរ ដល់ហើយក៏ក្រាបបង្គំទូលថា « ខ្ញុំព្រះករុណាចូលមកជាបាវ រក្សាទ្វារព្រះរាជវាំង ល្អងធូលីព្រះបាទនេះ ក៏យូរឆ្នាំណាស់ហើយ ពុំដែលបានរបស់ព្រះរាជទានអ្វីមួយយ៉ាងឡើយ ឥឡូវនេះពួកទេបុត្រ ទេវតា នាគ យក្សទាំងឡាយ គេមាក់ងាយទះក្បាល ត្បកក្បាល ខ្ញុំល្អងធូលីព្រះបាទតែរាល់ៗកាល ខ្ញុំល្អងធូលីព្រះបាទបានក្ដីក្ដៅក្រហាយពេកណាស់ សូមទានម្ចាស់ប្រោសប្រាណប្រទានពរដល់ខ្ញុំព្រះករុណាបានមួយយ៉ាង គឺប្រោសប្រសិទ្ធីចង្អុលដៃស្ដាំខ្ញុំព្រះករុណានេះ ឲ្យកើតជាម្រាមពេជ្រសំរេចដោយឫទ្ធិអាចនឹងចង្អុលពួកអាសាមាន្យអស់នោះ ឲ្យវារត់ខ្ចាត់ខ្ចាយទៅឆ្ងាយអំពីកាយខ្ញុំព្រះករុណានេះ ទើបខ្ញុំព្រះករុណានេះ បាននៅធ្វើរាជការបំរើល្អងធូលីជាសុខស្បាយតទៅ » ។
ឯព្រះមហិស្សរាធិបតី កាលបើបានស្ដាប់ពាក្យនន្ទកៈដូច្នោះហើយ ក៏អាណិតនន្ទកៈនោះទើបទ្រង់ចាប់ចង្អុលដៃស្ដាំនន្ទកៈ លើកឡើងសូត្រប្រសិទ្ធីដោយឫទ្ធិព្រះសយម្ភូមួយរំពេចឡើង ឯចង្អុលដៃនោះក៏កើតជាពេជ្រដូចចិត្តប្រាថ្នានៃនន្ទកៈនោះឯង ។
ឯនន្ទកៈនោះកាលសំរេចក្ដីប្រាថ្នាខ្លួនហើយ ក៏ក្រាបលាព្រះឥសូរចេញមករក្សាទ្វារដូចប្រក្រតីមុន ហើយតាំងចង្អុលពួកទេវបុត្រទេវតា ដែលមកលលេងត្បកក្បាលខ្លួននោះ ឲ្យអណ្ដែតខ្ចាត់ទៅចក្រវាឡនាយតែរឿយៗរាល់ៗថ្ងៃ ។
ពួកទេវតានាគយក្ខទាំងឡាយ សឹងខ្លបខ្លាចចង្អុលដៃនន្ទកៈនោះគ្រប់ៗគ្នា ឯនន្ទកៈសោតក៏ចេះតែចង្អុលមិនថាទេវតាអង្គណាឡើយ និមិត្តតែឃើញហោះមកពីចម្ងាយ ក៏ចង្អុលឲ្យធ្លាក់ទៅ ចក្រវាឡទាំងអស់ ឯពួកទេវតាអស់នោះសឹងភិតភ័យខ្លាចនន្ទកៈគ្រប់ប្រាណ ពុំហ៊ានចូលមកគាល់ព្រះសូរសោះឡើយ ទីជំនុំព្រះឥសូរក៏ស្ងាត់សូន្យឈឹង ចាប់ដើមអំពីថ្ងៃនោះមក ។
ការនោះពុំបាត់ស្ងាត់ឡើយ ក៏ឮជ្រួតជ្រាបដល់ព្រះឥសូរៗ ក៏កើតក្ដីតក់ស្លុតព្រួយព្រះហឫទ័យដោយក្ដីគិតឃើញថា អាត្មាឲ្យពរដល់នន្ទកៈនោះ ជាការហួសប្រមាណណាស់ នេះនន្ទកៈវាចង្អុលតែពួកទេវតាក្រៅៗ ប្រសិនណានន្ទកៈវាគិតក្បត់នឹងអាត្មាវាចង្អុលរូបអញកាលណា អញក៏នឹងអណ្ដែតខ្ចាត់ទៅឯចក្រវាឡនាយពុំខាន សម្បត្តិរាជស្ថានអញក្នុងភ្នំកៃលាសនេះ នឹងបានទៅនន្ទកៈវាយកជារបស់វាប្រាកដអេះ ការនេះនឹងស្ងៀមនៅពុំបាន ចាំគិតអានយករូបវាចេញ ទើបក្ដីសុខអញនឹងមានតទៅ ។ ព្រះឥសូរគិតដូច្នោះហើយ ទើបឲ្យទៅអញ្ជើញព្រះនារាយណ៍ជាព្រះអនុជចូលមកគាល់ខាងក្នុង ។
ព្រះនារាយណ៍ក៏ឡើងទៅគាល់ព្រះឥសូរៗ ក៏ត្រាស់ប្រាប់រឿងនន្ទកៈ បានចង្អុលដៃពេជ្រជាអាវុធវិសេសនោះសព្វប្រការ ព្រះនារាយណ៍បានស្ដាប់ដូច្នោះក៏ទូលថា ព្រះជេដ្ឋាមានពរហើយ មិនពិចារណាឲ្យយល់ការអន្តរាយនឹងមានដល់ខ្លួន ឥឡូវនឹងទៅដកទៅស្រូបយកវិញឯណាក៏បាន ដ្បិតការវាហួសទៅហើយ ដូច្នេះមានតែគិតកែឧបាយសម្លាប់វាចេញទើបបាន ទូលហើយព្រះនារាយណ៍ក៏ទទួលយកអាសាទើបបង្គំលាព្រះមហិស្សរា ធិបតី ចេញមកខាងក្រៅព្រះរាជមន្ទីរ ហើយនិម្មិតកាយប្លែងកាយជាស្រីក្រមុំសមសោភា លីលាកែក្រាយដើរចូលទៅកាន់សំណាក់នៃចៅនន្ទកៈនោះឯង ដល់ហើយក៏ប្រើឫកពារកិរិយាឆៀងចុងភ្នែក ដើមភ្នែក ក្រឡេកគន់មុខនន្ទកៈធ្វើអាការដូចជាស្រីអ្នកលេងគប់ប្រុស ញ៉ាំងនន្ទកៈឲ្យស្នេហាក្នុងលោកិយ ដោយប្រការផ្សេងៗឯនន្ទកៈ បែរទៅឃើញនារាយណ៍នារីគួរជាទីស្នេហានោះ ក៏ពុំដឹងជានារាយណ៍កាឡា នឹកស្មានថានារីពួករបាំជាប្រាកដ ទើបកើតកួចចិត្តប្រដិព័ទ្ធ ស្រឡាញ់ខ្លាំងក្នុងរូបនារាយណ៍កាឡានោះ ហើយក៏ប្រើកិរិយាញញឹមរីករាយនិយាយប្រលោមលួងលោម ដោយពាក្យកំណាព្យឆ្លើយឆ្លងថា « កែវអើយកែវស្នេហ៍បែរមកណេះ បងសូមសំណេះសំណាលផង ទៅណាមកណាណាកែវបង រូបចៅគួរបងចិត្តមេត្រី ។ បងអើយបងសួរគួរតបសង គួរស្នាលគួរស្នងគួរបេតី ប្អូនមកនេះគឺស្វែងរកប្ដី ត្រូវចិត្តប្អូនស្រីនឹងរ៉ាប់រង ។ កែវអើយកែវកបកល្យាណី ចៅមករើសប្ដីនឹងស្នាលស្នង រើសរូបយ៉ាងណាៗនួនល្អង យ៉ាងបងតើគាប់ចិត្តឬទេ ។ ប្រុសអើយប្រុសប្រស់ស្រស់ប្រិមប្រីយ៍ ប្អូនស្វែងរកប្ដីចេះរាំរេ បើប្រុសចេះរាំបានដូចគេ ប្អូនក៏រាប់ស្នេហ៍យកជាប្ដី ។ មាសអើយមាសមានរូបល្អឯក ត្រង់ការរាំរែកក្បាច់ម្ដេចក្ដី បងអាចរាំបានទេប្អូនស្រី ក្រអ្វីចូរស្រីរាំទៅរ៉ា សឹមបងរាំតាមមិនឲ្យខុស បំណាច់ជាប្រុសមានបញ្ញា រៀនមកពីគ្រូអស់តម្រា អញ្ជើញកល្យាណ៍រាំទៅអើយ » ។
ឯព្រះនារាយណ៍កាឡា បានឮនន្ទកៈទទួលរ៉ាតាមដូច្នោះ ក៏រេកាយរាយក្បាច់ចាក់លាត ហើយកួចចង្អុលដៃស្ដាំចង្អុលចុះចំត្រង់ដើមភ្លៅនៃអាត្មា ។
ឯនន្ទកៈក៏រាំតាម ចង្អុលតាម និមិត្តតែចង្អុលដៃពេជ្រនោះត្រូវចំភ្លៅកាលណា ភ្លៅនន្ទកៈក៏បាក់ដួលធ្លាក់ចុះក្នុងទីនោះមួយរំពេច ។
ឯព្រះនារាយណ៍ ក៏ប្រែកាយជានារាយណ៍រឿងរឹទ្ធិចតុករ គឺមានហត្ថា ៤ កាន់ចក្រ ស្ទុះទៅចាប់ក្បាលនន្ទកៈសង្កត់ចុះ ងាចក្រឡើងប្រហារនន្ទកៈនោះឯង ឯនន្ទកៈបែរទៅឃើញព្រះនារាយណ៍ដូច្នោះ ក៏ទោមនស្សតូចចិត្តគិតថា អាត្មាចាញ់ព្រះនារាយណ៍បញ្ឆុកបញ្ឆោតប្លែងជារូបស្រីឲ្យអាត្មាលុះលង់បង់គំនិត ។ នន្ទកៈខឹងខាំមាត់បែរពោលទៅថា « យើៗយើងខុសស្នៀតសត្រូវចូលបៀតបាន ឱព្រះអង្គអើយ ណ្ហើយចុះ ធ្វើម្ដេចឯងមានដៃតែពីរ នឹងទៅតស៊ូនឹងព្រះអង្គ ៤ ព្រះករឯណាបាន បើប្រសិនជាដៃពី ដូចគ្នាខ្ញុំមិនទទួលចាញ់ព្រះអង្គទេ » ។
ឯព្រះនារាយណ៍បានឮពាក្យនន្ទកៈដូច្នោះ ក៏ត្រាស់ថា «ជាតិនេះយើងដៃ ៤ ចៅដៃតែពីរ ទើបចាញ់យើងបើដូច្នេះចៅឯងទៅកើតនាស្ថានមនុស្សលោក នាយឲ្យមានមុខ ១០ ដៃ ២០ ចុះ យើងចុះទៅកើតជាមនុស្សមានដៃតែពីរវិញ នឹងតស៊ូគ្នាទៅខាងមុខទៀត » ។
ព្រះនារាយណ៍ត្រាស់ហើយ ក៏ប្រហារជីវិតនៃនន្ទកៈនោះដោយកង់ចក្រវិសេសហោង ។
ដោយឮថា នន្ទកៈនោះមកកើតជាក្រុងរាពណាសូរ ជាស្ដេចយក្ខនៅកោះលង្កា ព្រះនារាយណ៍បែងភាគចាករូបចាស់នៅឆ្នេរមហាសាគរ មកកើតជាអង្គព្រះរាមា បានធ្វើសឹកនឹងគ្នាជាអធឹកខ្លាំងក្រៃ មានសេចក្ដីពិស្ដារនៅក្នុងសាស្រ្តារឿងរាមកេរ្តិ៍ឯណោះ អញ្ជើញទៅមើលចុះ ។
ខ្ញុំបាទទាញរឿងដើមតែប៉ុណ្ណេះនេះ ដើម្បីឲ្យឃើញជាគតិថា នន្ទកៈនោះស្លាប់ដោយចង្អុលដៃរបស់ខ្លួន បានគតិដូចបុគ្គលអ្នកប្រាជ្ញព្រោកនិយាយអួតតែខ្លួនឯង ចង្អុលតែខ្លួនឯង សរសើរតែខ្លួនឯង បុគ្គលណាអួតសរសើរតែខ្លួនឯងហើយ បុគ្គលនោះនឹងលុះសេចក្ដីនិន្ទាអ្នកដទៃ បានសេចក្ដីវិនាសដូចនន្ទកៈនោះឯង ប្រាជ្ញមានបញ្ញាគួរគិតទៀតចុះ ។
នន្ទអើយនន្ទកៈ បានព្រះនាយក ជ្រលក់អង្គុលី កើតជាម្រាមពេជ្រ សំរេចឫទ្ធី ចង្អុលពួកនីករទេពខ្ចាត់ខ្ចាយ ។ ចៅអាងម្រាមដៃ ឥតអធ្យាស្រ័យ ដល់ទេពទាំងឡាយ កៅដល់សូលី កោសីចៅហ្វាយ ប្រើឲ្យព្រះនារាយណ៍ កំចាត់ចៅបង់ ។ ចៅបង់ជីវិត ព្រោះដោយឥទ្ធិឫទ្ធិ ភ្លើងរាគរោលអង្គ ឃើញតែរូបស្រី ចំណីនៃសំ សារត្រូវក្ដីបង់ ប្រាណព្រោះមិនឈ្វេង ។ លុះលង់ភ្លើងកាម ទៅរេរាំតាមនារាយណ៍រាំក្លែង រាំក្បាច់ផ្កាថ្កុល ចង្អុលភ្លៅឯង ដួលបាក់ច្រខែង ចៅឯងក្សិណក្ស័យ ។
ចប់តម្រាស្លាប់ដោយម្រាមដៃឯងជាគតិទី ៦៨ ។