គតិលោក/ភាគទី១០/7
រឿងស្វាព្រាម ១ បានមេស្វាអូវ ១ ជាភរិយា
មានស្វាព្រាមមួយ ទៅបានមេស្វាអូវជាភរិយា ស្វាព្រាមនោះ នាំមេភរិយា ចេញចាកពួកស្វាអូវទាំងឡាយ ដែលជាញាតិទៅនៅទីជើងភ្ន ស្វាព្រាមនោះស្រឡាញ់មេភរិយាក្រៃពេក តាំងថ្នាក់ថ្នមពុំឲ្យទៅរកស៊ីនៅទីឯណាឡើយ ស៊ូទៅបេះផ្លែឈើឬអាហារឯណា ដែលមេនោះចង់ស៊ី ហើយក៏ឧស្សាហ៍នាំមកចិញ្ចឹមភរិយានោះតែសព្វៗថ្ងៃ ។
លុះនៅយូរមកមានស្វាអូវឈ្មោលមួយវង្វេងព្រៃ ដើរទៅដល់ទីស្វាព្រាមនោះឯង ថ្ងៃនោះស្វាព្រាម ទៅស្វែងអាហារឯព្រៃភ្នំ នៅតែមេភរិយាចាំទី ឯមេនោះកាលឃើញស្វាឈ្មោលជាជាតិខ្លួនមកដល់ដូច្នោះ ក៏កើតក្ដីស្នេហាចង់រួមផ្លូវបវេណីតាមជាតិខ្លួន ទើបសាកសួរដោយមាយាទៅថា « ហៃអ្នកកំលោះ អ្នកដើរមកនេះ តើមកអំពីទីស្ថានណា អ្នកមកនេះ តើមានបើប្រាថ្នារកអ្វីហៈ ?។
ឯស្វាឈ្មោលបានឮពាក្យមេនោះសួរដូច្នោះ ក៏គិតថា មេនេះជាជាតិជាមួយនឹងអញ អញមកដល់ទីនេះ ពុំមានស្គាល់នរណាមួយឡើយ គួរហើយនឹងនិយាយប្រលោមឲ្យស្និទ្ធទុកជាមិត្រជាញាតិ នឹងបានជាទីពឹងទៅខាងមុខ គិតហើយក៏ពោលតបទៅថា « ឱនាងអើយ ! ខ្លួនខ្ញុំនេះវង្វេងផ្លូវព្រៃ ដើរស្វែងរកពួកញាតិមិត្រជាជាតិដូចគ្នា ក៏ពុំប្រទះនរណាមួយឡើយ ទើបតែថ្ងៃនេះ ជាបុញ្ញលាភបានមកប្រទះលើនាងជាជាតិដូចគ្នានៅនេះ, អើនាង! ហេតុម្ដេចបានជានាងនៅតែឯង អ្នកជាប្រុសតើគាត់អញ្ជើញទៅឯណា មួយទៀតនាងជាជាតិស្វាអូវ តែងនៅដោយព្រៃរនាមនេះ ហេតុអ្វីមកនៅៗនេះតែឯងដូច្នេះ » ។
មេស្វាឆ្លើយថា « ខ្ញុំមានប្ដីជាជាតិស្វាព្រាម បានជាតាមមកនៅក្នុងទីនេះ ឥឡូវគាត់ទៅស្វែងរកអាហារហើយ ចុះអ្នកកំលោះឯងនឹងគិតទៅឯណា ?។
ស្វាអូវក៏ឆ្លើយប្រាប់ថា « ខ្ញុំនេះមិនកំណត់ទេ ចិត្តចង់នៅនាទីនេះដែរ តែខ្លួនម្នាក់ឯង ពុំមានញាតិមិត្រឯណាមួយជាទីពឹងពាក់អាស្រ័យសោះ គិតថាបើមានទីពឹងពាក់អាស្រ័យបាន ក៏នឹងនៅរកស៊ីនឹងគេតទៅ ថាបើពុំមានទេ នឹងវិលទៅលំនៅដើមខ្លួនវិញ ។
ឯមេស្វានោះ មានចិត្តស្រឡាញ់ស្វាអូវនោះខ្លាំងណាស់ ក៏ទទួលពាក្យថា « អ្នកឯងចូរនៅទីខ្ញុំនេះចុះ តែអ្នកឯងឆ្លើយថាជាក្មួយខ្ញុំ មកសួរសុខទុក្ខខ្ញុំ យ៉ាងនេះទើបឥតក្ដីរង្កៀស ឥឡូវនេះប្ដីខ្ញុំទៅព្រៃស្វែងអាហារពុំទាន់មក បើគាត់មកកាលណា ចូរបាឯងហៅគេលោកមាៗចុះ យើងប្រាប់ប្ដីយើងថា បាឯងជាក្មួយមកតាមយើង មកសួរយើងៗនឹងឲ្យចៅឯងនៅជាមួយផង កុំឲ្យប្ដីយើងគាត់មានចិត្តរង្គៀសសង្ស័យនឹងចៅឡើយ ថាហើយមេស្វាប្រាប់ឈ្មោះម្ដាយឪពុកនឹងឈ្មោះញាតិសន្ដានឯណោះ ឲ្យចៅពានរនោះចាំឈ្មោះទាំងអស់ ដើម្បីប្ដីសួរសុខទុក្ខដល់វង្សញាតិ នឹងប្រាប់ឲ្យត្រូវឲ្យប្ដីជឿចិត្តថា ជាកូនក្មួយខាងប្រពន្ធមែន មេស្វាប្រាប់ការនោះស្រេចហើយ ក៏នាំចៅពានរនោះចូលទៅក្នុងរូងភ្នំជាលំនៅខ្លួន ហើយសំដែងកិរិយាមាយាញ៉ាំងចិត្តចៅពានរឲ្យទប់ពុំបាន ចៅពានរក៏ចូល រួមសង្វាសសេពមេថុននឹងមេនោះឯង លុះរួចកិច្ចនោះហើយ ចៅពានរក៏ចេញមកខាងក្រៅ ។
លុះដល់ពេលល្ងាច ស្វាព្រាមជាប្ដីមកដល់មេនោះ ក៏ធ្វើជាមាយាប្រើកិរិយាដូចជាគេត្រេកអរនឹងក្ដីក្រៃពេក គឺស្ទុះទៅទទួលប្ដីហើយស្រដីថា ថ្ងៃនេះខ្ញុំនឹកដល់អ្នកណាស់ ព្រោះក្មួយយើងទើបនឹងមកដល់បានដំណឹងអំពីពួកញាតិយើងថា សុខសប្បាយជាទាំងអស់គ្នាទេ ។
ឯស្វាព្រាមពុំដឹងកលមាយាមេប្រពន្ធ ក៏នឹកស្មានថាមែនពិតទើបសួរទៅថា ចុះក្មួយនោះនៅឯណា ទៅហៅវាមកមើល មេស្វាក៏ចេញទៅហៅអាសាហាយនោះមក អានោះមកក៏សំពះសួរតាមភាសាទើបស្វាព្រាមសួរដំណឹងពីពួកញាតិ ខាងប្រពន្ធនោះតាមក្ដីដែលប្រាសមកនៅឆ្ងាយ ឯចៅពានរនោះ ក៏ប្រាប់តាមសេចក្ដី គឺស្វាព្រាមនោះសួរដល់ឈ្មោះណា ចៅពានរក៏ប្រាប់តាមឈ្មោះនោះពុំឲ្យខុសឡើយ ។
ចៅស្វាព្រាមបានឮចៅពានរប្រាប់ឈ្មោះវង្សញាតិត្រូវចំឈ្មោះដូច្នោះ ក៏អស់ក្ដីសង្ស័យ ជឿថាជាញាតិខាងប្រពន្ធខ្លួនពិត ទើបនិយាយថា « អើក្មួយឯងបានមកដល់ទីយើងនេះហើយ ក៏ចូរនៅរកស៊ីនឹងយើងចុះ បើចង់ទៅស្រុកវិញកាលណាចូរប្រាប់មាៗជូនទៅ » , ថាហើយក៏រៀបទីឲ្យចៅពានរនោះនៅក្នុងរូងថ្មជាមួយអាត្មា ហើយតែងនាំស្វាអូវនោះទៅស្វែងរកចំណីព្រៃ នាំមកចិញ្ចឹមគ្នាតាមភាពសត្វពានរហោង ។
ឯមេស្វានោះក៏លបលាក់សហាយនឹងអាស្វាអូវនោះជាប្រក្រតី ចៅស្វាព្រាមជាប្ដីពុំដឹងកលមាយានោះឡើយ ដោយការទុកចិត្តថាជាញាតិជាក្មួយខ្លួន ឯស្វាទាំងពីរតាំងពីបានរួមរសកាមសង្វាសនឹងគ្នាក៏កើតចិត្តស្អប់ប្ដីគិតនឹងលួចទ្រព្យរបស់ឲ្យបានច្រើន ហើយនាំគ្នារត់ចោលស្វាព្រាម ទៅនៅព្រៃរនាមវិញ ។ មានកាលថ្ងៃមួយ មេនោះក្លែងធ្វើជាឈឺពុំសប្បាយ តាំងដេកនៅពុំនាំពា ក្លែងមាយាប្រាប់ប្ដីថា « ខ្ញុំនេះតាំងពីកូនក្មួយមកនៅផង ក៏ពុំចេះជាឡើយ តែងក្ដៅក្រហាយរសាប់រសល់ ស៊ីពុំបានដេកពុំបានកើតរំខានខ្លាំង, ខ្ញុំបានទៅរកហោរគន់គូរមើល គេថាត្រូវខាងខ្មោចដូនតាមេបាខឹង ព្រោះកូនក្មួយមកដល់មិនគិតសែនព្រេនទទួលខ្មោច ហេតុដូច្នេះចូរអ្នកមេត្តាប្រពន្ធចុះ ចូរអ្នកទៅព្រៃស្វែងរកឃ្មុំផ្លិតបានមួយសំបុក យកមកសែនដូនតាឲ្យខ្ញុំ ព្រោះដូនតាខ្ញុំគាប់ចិត្តតែនឹងឃ្មុំផ្លិត ទាល់តែមានឃ្មុំផ្លិតទើបទទួលសំណែននោះ នឹងធ្វើឲ្យបានជាសុខសប្បាយតទៅ ហើយថ្ងៃនេះ កុំឲ្យក្មួយវាទៅព្រៃផងឡើយ ទុកឲ្យវានៅជួយមើលជម្ងឺខ្ញុំ » ។ ឯស្វាព្រាមពុំដឹងកលមាយាប្រពន្ធឡើយ ក៏ជឿតាម ហើយឲ្យអាក្មួយនៅរក្សាមីង ខ្លួនឯងក៏ចេញទៅស្វែងរកឃ្មុំហោង ។
ឯមេនោះ កាលប្ដីទៅបាត់ហើយ ក៏សប្បាយនឹងអាសហាយតាមកាលស្ងាត់ វានាំគ្នារើយករបស់ទ្រព្យយ៉ាងល្អៗ វេចស្ពាយហើយនាំគ្នារត់ចោលទីប្ដីទៅនៅឯព្រៃរនាម តាមក្ដីប្រាថ្នាវាហោង ។
លុះដល់ពេលល្ងាច ស្វាព្រាមកដល់រូងវិញស្រាប់តែស្ងាត់ឈឹង រកមើលរបស់ទ្រព្យខ្លួនបាត់អស់រលីង ស្វាព្រាមក៏ដឹងថា អានោះមេនោះវាពង្រត់គ្នាទៅចោលខ្លួនហើយ ស្វាព្រាមបានក្ដីក្ដៅក្រហាយដោយចាញ់កលមាយាស្រ្តី ជាការធ្វើឲ្យបុរសដឹងមិនដល់បាន ជាការធ្វើឲ្យបុរសលុះលង់បង់ប្រាណ មានសភាពដូច្នេះហោង ។
រឿងនេះ បានគតិដល់ស្រីជួប បានប្ដីជាតិដទៃអំពីជាតិខ្លួន ហើយទោះប្ដីនោះស្រឡាញ់ថ្នាក់ថ្នមឲ្យសម្បត្តិយ៉ាងណាក៏ដោយ តែឃើញប្រុសជាតិខ្លួនហើយក៏កើតត្រេកអរនឹងជាតិខ្លួនវិញ គឺបែរទៅស្រឡាញ់ប្រុសជាតិជាមួយ ដូចមេស្វាអូវ ទៅសហាយនឹងអាស្វាអូវ ចោលស្វាព្រាមប្ដីដើមនោះឯង ។