គតិលោក/ភាគទី១០/3
រឿងបុរសចិញ្ចឹមមេមាន់
មួយទៀត ដូចនិទានចៅបុរសម្នាក់ ចិញ្ចឹមមេមាន់ដើម្បីយកពងលក់ មេមាន់នោះលុះដល់កំណត់ពង ក៏ពងក្នុង ១ ថ្ងៃមួយៗ រៀងទៅតាមធម្មតា ។ ឯចៅម្ចាស់មាន់លោភចង់បានច្រើនតែម្ដង ក៏ចាប់មេមាន់នោះ មករឹតយកពងឲ្យអស់តែម្ដង ឯពងខ្ចីពងចាស់ទាំងឡាយ ក៏បែកល្អិតខ្ទេចខ្ទី ដោយដៃចៅនោះ រឹតច្របាច់យ៉ាងខ្លាំង ទាំងមេមាន់សោតធន់នៅពុំបាន ក៏ស្លាប់វិនាសបង់ក្នុងកាលនោះឯង ចៅម្ចាស់មាន់ ក៏បង់លាភនៅត្រឹមនោះឯង ។ បុគ្គលបន្ទាន់ចង់មានឆាប់មិនធ្វើតាមសណ្ដាប់សន្សឹមៗ ទៅបំបោលតែម្ដងការនោះមិនស្ថាពរថិតថេរចេរកាលឡើយ សឹងធ្លាក់នៅក្នុងកាលវិនាសវិញហោង ។ មួយទៀត បុគ្គលរៀនសូត្រវិជ្ជាអ្វីៗ ហើយបន្ទាន់ចង់ឆាប់ក្ដី បុគ្គលស្វែងទ្រព្យបន្ទាន់ចង់ឆាប់ក្ដី បុគ្គលឡើងភ្នំ បន្ទាន់ចង់ឆាប់បុគ្គលសេពកាមគុណ បន្ទាន់ចង់ឆាប់ក្ដី បុគ្គលខឹងរហ័សក្ដី បុគ្គលទាំង ៥ ពួកនេះ សឹងបាក់ធ្លាក់នៅកណ្ដាលផ្លូវ ទៅមិនដល់ត្រើយឡើយ ។ បទហាមការបន្ទាន់ ការរហ័សនេះ មានក្នុងបទបាលីក្នុងលោកនីតិថាដូច្នេះ
សិនេ សិប្បំ សិនេ ធនំ
សិនេ បព្វតមារុយ្ហំ
សិនេ កាមស្ស កោឆស្ស
សិនេ បញ្ចគុណេ ឥមេ
ប្រែថា រៀនសិល្បកុំរានបន្ទាន់ញាប់ ស្វែងទ្រព្យសន្សំកុំខំខ្លាំង ឡើងភ្នំសន្សឹមកុំប្រណាំង សេពកាមតាមកំលាំងតិចៗរ៉ា ខឹងឃោរតិចៗ កុំឲ្យស៊ិនកាមគុណទាំង ៥ ជាមាត្រា សន្សឹមតិចៗមើលកិរិយា លោកថាសន្សឹមកំបបោល ។
(បទ ) ហង្សអើយហេមហង្ស ហើរទៅស្រោចស្រង់ ភរិយាធីតា ជុះរុះស្លាបឲ្យ ដោយក្ដីមេត្តា មិនដឹងកលវា ភរិយាលោភធំ ។ លោភលន់លើសកាល មិនដើរកណ្ដាល សន្សឹមសន្សំ ដកអស់តែម្ដង គររាងទាំងគុម្ព រំលើងរំលំ រំលាយលាភលាញ ។
ចប់តម្រាប្រាថ្នារួសរាន់បន្ទាន់ខ្លាំង ជាគតិ ទី ៦៦