Jump to content

គតិលោក/ភាគទី១០/2

From Wikisource
គតិលោក, ភាគទី២
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស
113338គតិលោក, ភាគទី២រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាសឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស




មានព្រាហ្មណ៍ម្នាក់ នៅក្នុងនគរពារាណសី ព្រាហ្មណ៍នោះ លុះធ្វើកាលកិរិយាស្លាប់ទៅៗ កើតជាសុវណ្ណហង្សមួយ នៅក្នុងព្រៃហិមពាន្ត ហង្សមាសនោះរឭកជាតិកំណើតខ្លួនបានដឹងថា នាងព្រាហ្មណ៍ជាប្រពន្ធខ្លួន នឹងនាងធីតាទាំងឡាយ ជាកូនខ្លួនដល់នូវក្ដីក្រីក្រតោកយ៉ាក លំបាកទុគ៌ត រកស៊ីដោយការបំរើស៊ីឈ្នួលគេដូច្នោះ ក៏កើតចិត្តអាណិតដល់ប្រពន្ធកូនក្រៃពេក ទើបហើរមកកាន់ផ្ទះកូនប្រពន្ធនោះ ហើយនិយាយប្រាប់រឿងខ្លួនជាស្វាមីជាបិតា ស្លាប់ទៅកើតជាសុវណ្ណហង្ស មកនេះដើម្បីនឹងជំរុះស្លាបមាស ១- ២ ឲ្យកូនប្រពន្ធយកទៅលក់ចិញ្ចឹមជីវិត កុំឲ្យកូនប្រពន្ធធន់ទៅធ្វើការស៊ីឈ្នួលគេឡើយ ហង្សប្រាប់សេចក្ដីសព្វប្រការហើយ ក៏ជំរុះស្លាបមាស ១ ឲ្យទៅនាងធីតាហើយផ្ដាំថា បើកូនប្រពន្ធលក់ស្លាបមាស ១ នេះចាយអស់ក្នុងកាលណា សឹមយើងមកជំរុះឲ្យក្នុងកាលនោះទៀត ផ្ដាំហើយហង្សមាសក៏លាកូន ប្រពន្ធហើរវិលទៅកាន់លំនៅនៃអាត្មា ព្ធដ៏ព្រៃព្រះហិមពាន្តវិញហោង ។


ឯនាងព្រាហ្មណ៍នឹងធីតាទាំងឡាយ ចាប់ដើមពីបានស្លាបហង្សមាស លក់ចំណាយចាយចិញ្ចឹមជីវិតមក ក៏លែងទៅធ្វើការស៊ីឈ្នួលអ្នកឯណា ឧស្សាហ៍សន្សំទ្រព្យធនបានឡើងជាអ្នកមានគ្រាន់បើ ឯសុវណ្ណហង្សនោះ តែងមកជំរុះស្លាបឲ្យគ្រប់ៗកាល លុះចំណេរតមក នាងព្រាហ្មណ៍កើតលោភចេតនាប្រាថ្នាចង់បានចង់មានឆាប់ ទើបនិយាយនឹងធីតាអាត្មាថា « កូនអើយ ! យើងមានប្រាក់ចាយបាយស៊ី សព្វថ្ងៃនេះក៏ព្រោះហង្សជាបិតានាងឯង មកជំរុះស្លាបមាសឲ្យយើងក្នុងកាលម្ដងៗ តែនឹងទៅទុកចិត្តសត្វតិរច្ឆានឯណាបាន ប្រសិនបើហង្សមិនមក យើងនឹងបានអ្វីចាយទិញដូរវត្ថុអាស្រ័យតទៅ ហេតុនេះ ម្ដាយយល់ថា បើហង្សនោះមកក្នុងថ្ងៃណា យើងនឹងនាំគ្នាចាប់ដកយកស្លាបយករោមឲ្យអស់រលីង ទុកជាទុនបានច្រើនទៅមុខតែម្ដង កុំឲ្យមានក្ដីភិតភ័យ នឹងក្ដីក្រតទៅទៀត » ។


ឯនាងធីតាទាំងឡាយ ឮម្ដាយបបួលដូច្នោះ ក៏ហាមម្ដាយថា « ការដែលម៉ែឯងគិតនេះ មិនត្រូវទេ យើងជាកូនមិនព្រមធ្វើតាមឡើយ » ។ ថ្ងៃមួយ សុវណ្ណហង្សមកកាន់ផ្ទះ ដើម្បីនឹងជំរុះស្លាបឲ្យ ឯនាងព្រាហ្មណីក៏ស្រដីលួងលោមសំណេះសំណាលនឹងហង្សនោះ ដោយមាយា បានជិតហង្សកាលណា ក៏ចាប់ហង្សនោះជាប់ហើយសង្កត់ ដកយករោមស្លាបកន្ទុយហង្សនោះ ទាល់តែអស់ឥតសល់ ហង្សនោះបានក្ដីទុក្ខវេទនា ដោយគេដកស្លាបពន់ពេកណាស់ ខំចម្រះលូនចូលនៅក្នុងទីមានរបាំងបាំងខ្លួននៅបាន ឯរោមស្លាបទាំងឡាយ ក៏ក្លាយជាពណ៌សដូចស្លាបកុកទាំងអស់ មេព្រាហ្មណីយកទៅលក់ឲ្យគេ ក៏ពុំមាននរណាត្រូវការទិញយកឡើយ ។


ឯហង្សនោះទ្រាំទុក្ខវេទនានៅត្រាតែរោមថ្មីដុះឡើងហើរបាន ក៏ហើរទៅកាន់ព្រៃហិមពាន្ត ពុំបានមកកាន់ផ្ទះនាងព្រាហ្មណីនោះទៀតឡើយ ចាប់ដើមពីថ្ងៃនោះមក នាងព្រាហ្មណីនោះខាតលាភគឺពុំមានអ្វីលក់ដូរចែកចាយដូចកាលថ្ងៃមុនៗនោះទៀតឡើយ ក៏ធ្លាក់ខ្លួនជាស្រីទុរគតវិញហោង ។


រឿងនេះ បានគតិដល់បុគ្គលមានក្ដីមហិច្ឆតា ប្រាថ្នាចង់បានច្រើនតែម្ដង ក្ដីលោភនោះនាំឲ្យខាតលាភវិញ ព្រោះអំពើធ្វើហួសប្រមាណក្នុងកាលលាភ នឹងឲ្យដូចអ្នកបេះផ្លែឈើដំណាំ គឺកាប់មែករលើងឫសគល់អស់តែម្ដង បុគ្គលប្រាថ្នាលាភ លើសកាលកំណត់មិនសន្សឹមៗទៅតាមកាល លោភចង់បានឲ្យច្រើនតែម្ដង លាភនោះនឹងខាតនៅត្រឹមនោះ ពុំបានឲ្យផលតទៅទៀត ដូចនាងព្រាហ្មណីលោភដករោមហង្សបង់លាភវិញនោះឯង ។