គតិលោក/ភាគទី១០/1
រឿងសត្វភេពីរចែកផ្លូវគ្នារកអាហារ
មានសត្វភេពីរ ភេមួយដើររកត្រីខាងទឹកជ្រៅ ភេមួយទៀតដើររកត្រីខាងទឹករាក់ ។ ថ្ងៃមួយ ភេទាំងពីរចុះស្ទឹងមុជទឹកដេញចាប់ត្រី បានត្រីរ៉ស់មួយទើបនាំគ្នាទាញឡើងគោក ដើម្បីនឹងចែកគ្នា ។ ភេខាងទឹកជ្រៅពោលថា « យើងមុជដើរខាងទីជំរៅបានក្ដីលំបាកច្រើន ដូច្នេះយើងត្រូវបានចំណែកខាងក្បាល » ។ ឯភេខាងទឹករាក់ក៏ឆ្លើយថា « ត្រីនេះកុំតែបានយើងស្ទាក់នៅទឹករាក់កុំអីវារួចខ្លួនទៅទីឯណាៗ បាត់ហើយដែលបានត្រីនេះ ក៏ព្រោះកំលាំងយើងៗស្ទាក់ចាប់បាន ដូច្នេះចំណែកខាងក្បាលនោះ ត្រូវបានយើងទើបគួរ » ។
ឯភេទឹកជ្រៅពុំព្រមចែក ទើបភេទាំងពីរ កើតឈ្លោះគ្នា នាំគ្នាទៅរកចចក ជាចៅក្រមឲ្យចែកឲ្យ ឯចចកនោះជាសត្វលោភកាលបើភេទាំងពីរមកប្ដឹងឲ្យ ចែកត្រីដូច្នោះ ក៏សួរទៅថា « ភេណា ដើរទឹកជ្រៅភេណាដើរទឹករាក់ ?» ភេទាំងពីរក៏ថ្លែងសេចក្ដីប្រាប់តាមទីដំណែងខ្លួនទីទៃៗ ទើបចចកកាត់ត្រីនោះជាបីភាគ ភាគក្បាលឲ្យទៅភេ ដែលទឹកជ្រៅ ភាគកន្ទុយឲ្យទៅភេដែលដើរខាងទឹករាក់ ភាគកណ្ដាលចចកយកបរិភោគខ្លួនឯង ហើយថាយើងចែកនេះ ជាយុត្តិធម៌ល្អហើយ បើរូបណាពុំសុខចិត្ត ឲ្យទៅប្ដឹងសាលាណាទៀតចុះ ។ ឯភេទាំងពីរ កាលណាបើឃើញចចកវាយយកភាគកណ្ដាលអស់ដូច្នោះ ក៏តូចចិត្តនឹកស្ដាយចំណីរបស់ខ្លួនពន់ពេក តែភេទឹករាក់ដែលបានកន្ទុយត្រីនោះ ពុំសុខចិត្តខ្លាំង គិតថាកន្ទុយត្រីនេះ មានសាច់ក៏តិច សាច់សោតក៏ឥតជាតិ ស៊ូខាងក្បាលពុំបាន សាច់ក្បាលវិសេសជាង ឥឡូវចចកកាត់ក្ដីឲ្យទៅខាងភេទឹកជ្រៅហើយ អញនេះ ឃើញជាចាញ់ប្រៀបគេខ្លាំងណាស់ បើដូច្នេះ មានតែតវ៉ារើរកចៅក្រមថ្មីឲ្យចែកម្ដងទៀត គិតហើយភេនោះក៏តវ៉ានឹងភេទឹកជ្រៅថា « អ្នកឯងស្វែងមុជខាងទឹកជ្រៅ ក៏ពិតមែនតែការសំរេចបានត្រីនោះ ក៏បានព្រោះយើងខាងទឹករាក់នៅស្ទាក់ទើបចាប់ត្រីនេះបាន មួយសោតក្ដីនឿយ ក្ដីលំបាកនោះ នឹងលើសគ្នាក៏ទេ នឿយដូចៗគ្នា អើហេតុអ្វីអ្នកឯងក៏បានសាច់ខាងក្បាល មានទម្ងន់ជាងសាច់កន្ទុយយ៉ាងនេះ សាច់ក្បាលនោះ គួរបានមកយើងខ្លះទើបត្រូវ បើអ្នកឯងមិនបែងឲ្យយើងទេ យើងនឹងប្ដឹងតទៅសាលាឯទៀត ឲ្យលោកចែកតាមច្បាប់ម្ដងទៀត » ។ ឯភេទឹកជ្រៅក៏ឆ្លើយថា « បើអ្នកឯងមិនសុខចិត្ត ចង់ទៅប្ដឹងឯណាទៀតក៏ទៅចុះ ស៊ូឲ្យអស់ក្បាលអស់កន្ទុយខានស៊ីទាំងអស់គ្នាទៅចុះ » ។
ឯភេទឹករាក់ ក៏ទៅកាន់សំណាក់នៃខ្លាត្រី ដល់ហើយក៏ចូលទៅប្ដឹង តាមរឿងដែលភេទឹកជ្រៅ មិនចែកបែងភាគក្បាលត្រីនោះសព្វប្រការ ។
ឯខ្លាត្រីបានឮដូច្នោះ ក៏តបថា « អើ ចចកកាត់ចែកឲ្យយ៉ាងនោះ មិនត្រូវតាមច្បាប់ក្នុងមាត្រាចូលហ៊ុនគ្នាទេ ច្បាប់ចូលហ៊ុននោះត្រូវតែចែកឲ្យស្មើភាគគ្នា នឹងកាត់យល់ដោយផ្លូវជ្រៅ ផ្លូវរាក់នោះឯណាក៏បាន ព្រោះក្ដីនឿយ ក្ដីលំបាកចុះកម្លាំងដូចគ្នា រឿងនេះត្រូវថ្លឹងដោយត្រាជូ ទើបគួរទើបសមគ្នា នឹងផ្លូវយុត្តិធម៌បាន » ថាហើយខ្លាត្រីក៏លើកយកត្រាជូមកតាំង ហើយយកក្បាលត្រី ដាក់លើអ៊ុយម្ខាង យកកន្ទុយត្រីដាក់លើអ៊ុយម្ខាង តាំងថ្លឹងមើលដោយទម្ងន់ប៉ុង ។
ឯក្បាលត្រីដោយមានឆ្អឹងធំក៏ធ្ងន់ចុះ ខ្លាត្រីក៏ថា « អេះអា ខាងនេះមានទម្ងន់ជាង ត្រូវយកសាច់ចេញខ្លះទើបបាន » ថាហើយ ក៏លូកយកក្បាលត្រីចេញចាកអ៊ុយហើយ ឱនខាំស៊ីត្រង់សាច់អមក ហើយដាក់ទៅថ្លឹងទៀត ថ្លឹងទៅខាងក្បាល ស្រាលបះឡើង ខាងកន្ទុយក៏ធ្ងន់ចុះ ។ ខ្លាត្រីក៏ថា « អៈតា ខាងនេះចាស់ជាង ត្រូវយកសាច់ចេញខ្លះ » ។ ថាហើយក៏លូកយកកន្ទុយចេញចាកអ៊ុយ ហើយឱនខាំស៊ីសាច់ខាងគល់កន្ទុយនោះ ហើយដាក់ថ្លឹងទៀត ថ្លឹងទៅខាងកន្ទុយស្រាលបះឡើង ខ្លាត្រីក៏លូកយកក្បាលមកខាំស៊ីហើយដាក់ថ្លឹងតទៅទៀត ។ ខ្លាត្រីថ្លឹងត្រី ក្លែងមិនឲ្យស្មើ ចេះតែស៊ីទៅស៊ីមក ទាល់តែអស់សាច់រេចនៅតែឆ្អឹងទាំងសងខាង ទើបថ្លឹងឯក្រោយឲ្យស្មើបាន ហើយក៏ដាក់ចុះចាកត្រាជូ ហៅភេទាំងពីរថា « ចៅឯងទាំងពីរចូរមើលចុះ យើងថ្លឹងចែកនេះត្រូវដោយយុត្តិធម៌ល្អហើយ តាមចិត្តចៅណាយកភាគខាងណាក៏មកយកទៅចុះ ភាគទាំងពីរនេះ មិនលើសមិនខ្វះទេ »។ ឯភេទាំងពីរ បានឃើញកិរិយាខ្លាត្រីក្លែងថ្លឹងស៊ីសាច់អស់ខាងក្បាលនៅតែរលា ខាងកន្ទុយនៅតែចុងជាយ នឹងយកទៅអាស្រ័យពុំបានដូច្នោះ ក៏កើតខឹងចិត្តស្ដាយគំនិត ប្រព្រឹត្តខុស លុះទៅដោយក្ដីលោភចង់បានតែឯង មិនបែងបទអធ្យាស្រ័យ ក្ដីសាមគ្គីនឹងគ្នា កើតខឹងប្ដឹងផ្ដល់ទាល់តែអស់ស្បៀងរៀងខ្លួន ភេទាំងពីរកើតវិប្បដិសារី រំឭកក្ដីខ្លួនធ្វើខុស កើតក្ដីក្ដៅក្រហាយ ហើយក៏បោលចោលចំណែកខ្លួន ទៅកាន់លំនៅនៃអាត្មាទីទៃៗហោង ។ រឿងនេះអញ្ជើញប្រាជ្ញមានបញ្ញាពិចារណាទៅចុះ ។
ភេអើយភេពីរ ខេះខឹងមមីរ បែកក្ដីសាមគ្គា ព្រោះលោភលាភឯង មិនបែងចែកគ្នា ទៅប្ដឹងដល់វាចចកឲ្យចែក ។ ធម្មជាតិចចក ជាសត្វនៃនក១វាយយកចំណែកកណ្ដាលសាច់ច្រើន ចំរើនអ្នកចែកចុងដើមបំបែក បានភេទ្វេហា ។ ក្រោយភេចោទខឹង ពាំត្រីទៅប្ដឹង ខ្លាត្រីទៀតណា ខ្លាតាំងត្រាជូ ថ្លឹងផ្គូភ្នែកត្រា ទំរាំស្មើគ្នា នៅសល់តែឆ្អឹង ។
ចប់តំរាចៅក្រមកោង ជាគតិ ទី ៦៥។