Page:Kambuja Suriya 1926-1927.djvu/339

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ព្យាយាមតិចមិនក្លៀវក្លា មានទោសច្រើនព្រោះមានកិលេសនិងព្យាយាមច្រើនដ៏ក្លៀវក្លា។ ឯអទិន្នាទាននេះមានបយោគដូចបាណាតិបាត ប្រកបដោយអង្គ៥គឺ : ក. បរបរិត្តហិតំ ទ្រព្យគឺបុគ្គលដទៃគេហួងហែងរក្សាទុក ។ ខ. បរបរិត្តហិតសញ្ញិតា សម្គាល់ដឹង ថាទ្រព្យគឺបុគ្គលដទៃគេហួងហែងរក្សាទុក ។ គ. ថេយ្យចិត្តំ ចិត្តជាហេតុលួចយក ។ ឃ. ឧបក្កមោ ព្យាយាមនឹងលួច ។ ង. តេនហរណំ កិរិយាលួចយកនូវទ្រព្យនោះបានដោយព្យាយាមនោះ គឺបុគ្គលលួចព្រមដោយអង្គទាំង៥ នេះទើបត្រូវអទិន្នាទាន បើមិនព្រមដោយអង្គទាំង៥នេះទេ មិនត្រូវអទិន្នាទាននោះឡើយ ។ បើបុគ្គលឯណា ប្រព្រឹត្តលួចយកនូវទ្រព្យនៃបុគ្គលដទៃឲ្យច្រើនចម្រើនឡើងហើយ បុគ្គលនោះធ្វើមរណកាលទៅនឹងទៅកើតក្នុងនរកប្រេត អសុរកាយ តិរច្ឆាន សេសសល់ផលអទិន្នាទាននោះ នឹងវិលមកកើតជាមនុស្សវិញ ជាអ្នកកំសត់អត់ឃ្លាញដល់នូវសេចក្ដីទុក្ខលំបាក រកស៊ីចិញ្ចឹមជីវិតបានដោយកម្រ រកបានរបស់អ្វីៗ តិចតួចមក មានចោរលួច ចោរប្លន់ដណ្ដើមយកអស់ទៅ ដោយផលអទិន្នាទាននោះឯង ។ ហេតុនោះអ្នកទាំងឡាយជាសប្បុរស ដែលមានសេចក្ដីប្រាថ្នា នឹង