Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/39

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១២៩ .

- ​អសារ​កម្មសិទ្ធិករ​មិនអាច​ធ្វើឱ្យ​រំខាន​ដល់​សិទ្ធិ​របស់​ផលុបភោគី ទោះ​តាម​រូបភាព​ណាក៏ដោយ​។ ​ចំណែកឯ​ផលុបភោគី​វិញ នៅពេល​អស់សិទ្ធិ​អាស្រ័យ​ផល មិនអាច​ទាមទារ​សំណង​នៃ​ការកែលំអ​ដែល​ខ្លួន​អះអាងថា​បានធ្វើ​នៅលើ​អចលនវត្ថុ​ជាប់​ផលុបភោគ​បានឡើយ ទោះជា​អចលនវត្ថុ​នោះបាន​កើន​តម្លៃ​ដោយសារ​ការរៀបចំ​រប​ស់​ខ្លួន​ក៏ដោយ​។ ​ផលុបភោគី​ឬ​ទាយាទ​របស់​ជននេះ​អាច​ដកយក​ចេញ​បាន​នូវ​កញ្ចក់ ផ្ទាំងគំនូរ និង​គ្រឿង​តុបតែង​ផ្សេងៗ​ដែល​ខ្លួន​បានដាក់​តាំងនៅ​ក្នុង​អគារ ប៉ុន្តែ​ត្រូវ​រៀបចំ​កន្លែង​នោះ​ឱ្យមាន​ស្ថានភាព​ដូចដើម​ឡើងវិញ​។

​មាត្រា ១៣០.

- ​ផលុបភោគី​ត្រូវបាន​ទទួលបន្ទុក​តែ​លើ​ការជួសជុល​ថែទាំ​ប៉ុណ្ណោះ​។ ការជួសជុល​ធំៗ​ជា​បន្ទុក​របស់​អសារ​កម្មសិទ្ធិករ លើកលែងតែ​ការខូចខាត​ណា​ដែល​បណ្ដាលមកពី​ការខ្វះ​ស្មារតី​ថែទាំ​របស់​ផលុបភោគី ចាប់ពី​ទទួលបាន​ផលុបភោគ​មក​។ ក្នុងករណីនេះ​ផលុបភោគី​ត្រូវធ្វើ​ដោយ​ខ្លួនឯង​។ ​ការជួសជុល​ធំៗ​គឺ ការជួសជុល​ជញ្ជាំងទ្រ ក្លោងទ្វារ ការរៀបចំ​ឡើងវិញ​នូវ​ធ្នឹម ដំបូង​ទាំងស្រុង ការរៀបចំ​ឡើងវិញ​នូវ​ទំនប់ទឹក ជញ្ជាំង​ទប់​ដី​ឬ​ទឹក​និង​របង​ទាំងមូល​។ ​ការជួសជុល​ក្រៅពីនេះ​ជាការ​ជួសជុល​ថែទាំ​។ ​

មាត្រា ១៣១.

- ​ទាំង​អសារ​កម្មសិទ្ធិករ ទាំង​ផលុបភោគី គ្មាន​កាតព្វកិច្ច​សង់​ឡើងវិញ​នូវ​អ្វីដែល​បាន​ទ្រុឌទ្រោម ឬអ្វី​ដែល​បាន​បំផ្លាញ​ដោយ​ករណី​ប្រធាន​សក្ដិ​ឡើយ​។ ​ប៉ុន្តែ​បើ​អចលនវត្ថុ​ដែល​បានដាក់​ធានារ៉ាប់រង​ត្រូវ​វិនាស​បណ្ដាលមកពី​មហន្តរាយ​ជាយថាហេតុ​អសារ​កម្មសិទ្ធិករ​ឬ​ផលុបភោគី​អាច​សុំ​យក​ថ្លៃ​ធានារ៉ាប់រង​ទៅ​ជួសជុល ឬ​សាងសង់​ឡើងវិញ​បាន​។​

1438