Author:ម៉ុក សំឱក

From Wikisource
Jump to navigation Jump to search
ម៉ុក សំឱក

លោក​គ្រូ ម៉ុក សំឱក កើត​នៅ​ក្រុង​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា គ.ស. ១៨៨០។ បិតា​របស់​លោក​នាម ម៉ុក ជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំង ខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋ។ មាតា​នាម ជំទាវ សម។ លោក​គ្រូ ម៉ុក សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំ, បាន​កូន​ស្រី​មួយ​ឈ្មោះ​នាង សំឱក-ម៉ាលីយ៉ាន។

កាល​ពី​បឋម​វ័យ, លោក ម៉ុក សំឱក បាន​សិក្សា​ក្នុង​សាលា​បារាំង-ខ្មែរ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បឋម​សិក្សា​បំពេញ​វិជ្ជា ផុត​ថ្នាក់​ក្នុង​ជំនាន់​នោះ។ ក្នុង​ឆ្នាំ​១៩០៣ រាជការ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ការ​នៅ ក្រសួង​សិក្សា​ធិការ, លុះ​បន្ទាប់​ត​មក លោក​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ក្នុង​សាលា​ដូច​ត​ទៅនេះ៖

  • ឆ្នាំ ១៩០៨ នៅ​សាលា ឌូដាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩១២ នៅ​ខេត្ត​កំពង់​ធំ
  • ឆ្នាំ ១៩១៨ នៅ​សាលា ឌូឌាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩២៥ នៅ​សាលា ហ្វ្រង់ស៊ីគារញ៉េរ ភ្នំពេញ
  • ឆ្នាំ ១៩២៦ នៅ​សាលា ហ្វ្រង់ស្វាដូដ្វាំង ភ្នំពេញ

លោក​ម៉ុក សំឱក ជា​គ្រូ​១​រូប​យ៉ាង​ជំនាញ, ពេញ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ណាស់ ហើយ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​នឹង​គោរព​កោត​ក្រែង ដោយ​ស្មោះ​ត្រង់​នៃ​បណ្ដា​សិស្ស​ទាំង​ឡាយ ទើប​លោក​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ដូច​ខាង​ក្រោម៖

  • មេដៃយ៍​មណី​សារាភ័រណ៍ ……………… (៩ – ១ – ១៤)
  • មេដៃយ៍​ប្រាក់ …………………………….. (១០ – ៥ – ១៥)
  • មេដៃយ៍​សំរិទ្ធិ …………………………….. (២៣ – ៤ – ១៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​២ …… (២៩ – ៧ – ២០)
  • មេដៃយ៍​អស្សរិទ្ធិ ………………………….. (១៣ – ៤ – ២៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​១ ……. (២៦ – ៨ – ២៩)។

លោក​បាន​ឡើង​ថ្នាក់​ជា​គ្រូ​បង្រៀន​ដើម​ខ្សែ​ទី២ ក្នុង​ឆ្នាំ ១៩៣០, តែ​កន្លង​បាន​មួយ​ឆ្នាំ លោក​គ្រូ​មាន​ជម្ងឺ​ក្អក​ឈាម​ជា​ទម្ងន់ ក្រោយ​ដែល​បាន​បំពេញ​រាជការ​ចំនួន ២៨ឆ្នាំ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត លោក​ក៏​ទទួល​មរណភាព​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​១៩៣១ ក្នុង​អាយុ ៥១ឆ្នាំ។ កាល​ដែល​លោក​បាត់​បង់​ទៅ ប្រទេស​កម្ពុជា​ក្នុង​ជំនាន់​នោះ បាន​ខាត​នូវ​គ្រូ​បង្រៀន​ដ៏​ល្អ​មួយ ដែល​បាន​បំពេញ​ករណីកិច្ច​ចំពោះ​ប្រទេស​ជាតិ តាម​នាទី​របស់​ខ្លួន​យ៉ាង​ស្មោះ​ចំពោះ ដោយ​ពេញ​និស្ស័យ។ យើង​កុំ​ភ្លច​ថា​ក្នុង​សម័យ​នោះ អ្នក​មាន​ចំណេះ​ដឹង​ប្រហែល​នឹង​លោក មាន​ចំនួន​តិច​គ្នា​ពន់​ពេក​ណាស់ ហើយ​លោក​ស្ម័គ្រ​ចិត្ត​ខាង​ក្រសួង​សិក្សាធិការ ដែល​ពុំសូវ​មាន​អ្នក​ចូល​ចិត្ត​ធ្វើ ចុះ​លេខ​រៀង​ខាង​គ្រូ​បង្រៀន​ជា​លំដាប់​ទី៤ ដោយ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កុមារ​ខ្មែរ​ណាស់ ចង់​ឲ្យ​បាន​ចេះ ឲ្យ​បាន​សុភាព​រាប​សា​សមរម្យ​ល្អ នឹង​បំពេញ​ក្នុង​សង្គម។ អធ្យាស្រ័យ​នេះ​ជ្រួត​ជ្រាប​ពេញ​ព្រៀប​ក្នុង​កិច្ច​ការ​ជា​ស្នា​ដៃ​របស់​លោក ស្ទើរ​តែ​គ្រប់​ទំព័រ។

លោក​ម៉ុក សំឱក, ថ្វី​បើ​បាន​បំពេញ​ចំណេះ​វិជ្ជា​ខាង​សាលា បារាំង-ខ្មែរ, គង់​អាច​ចាត់​ជា​អ្នក​ប្រាជ្ញ​មួយ​រូប ដោយ​ពេញ​លក្ខណៈ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ តែ​ការណ៍​នេះ​មិន​គួរ​នាំ​ឲ្យ​ងឿង​ឆ្ងល់​ទេ ព្រោះ​ក្នុង​ជំនាន់​នោះ​នៅ​ពុំ​ទាន់​កើត​ការ​តាំង​ជញ្ជក់​មាត់​សរសើរ​ភាសា​បរទេស​ដល់​ធ្វេស មិន​រវល់​ចំពោះ​ភាសា​របស់​ខ្លួន រហូត​ដល់​ទៅ​បន្ថោក​ភាសា​របស់​ខ្លួន​ដូច​សព្វ​ថ្ងៃ​នេះ​នៅ​ឡើយ។ ឯ​ប្រវេណី​បុរាណ​ខ្មែរ នៅ​ព្រាយ​ពន្លឺ​ច្បាស់​លាស់ ណា​មួយ​បិតា​របស់​លោក​ជា​អ្នក​កាព្យ​ឯក ប្រើ​កាព្យ​ជា​ភាសា​និយាយ​ធម្មតា​ផង។ លោក ម៉ុក សំឱក បាន​រៀប​រៀង​រឿង​រ៉ាវ​ជា​ច្រើន​សម្រាប់​បង្រៀន​សិស្ស។ រឿង​រ៉ាវ​ទាំង​នោះ​ច្រើន​មាន​ចុះ​នៅ​ក្នុង បុល្លឺតាំង​ក្រសួង​សិក្សា​ធិការ និង​សៀវភៅ​សម្រាប់​ថ្នាក់​មាន កុមារ​ដ្ឋាន ជា​ដើម និង​ក្នុង​សៀវភៅ​ទស្សនាវដ្ដី “ស្រុក​ខ្មែរ” ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ ១៩៣០។ តាម​សង្កេត​មើល​ស្នាដៃ​របស់​លោក យើង​បាន​ប្រទះ​ពាក្យ​កាព្យ ច្រើន​ជាង​ពាក្យ​រាយ ជា​បទ​គ្រប់​បែប​មាន កាកគតិ, ព្រហ្មគីតិ, ភុជុង្កលីលា ជា​ដើម។ ចំណែក​សិស្ស​គណៈ​របស់​លោក ដែល​បាន​ទន្ទេញ​ដំបូន្មាន​ជាពាក្យ​កាព្យ ចាំ​ស្ទាត់​សូត្រ​មាត់​ទទេ​បាន តាំង​ពី​កាល​ខ្លួន​នៅ​ជា​កូន​សិស្ស ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ច្រើន​រូប​ដែរ។ យើង​សូម​ដក​ស្រង់​ស្នាដៃ​របស់​លោក​មក​ដោយ​អន្លើៗ ចុះ​ផ្សាយ​ចែក​ជូន​លោក​អ្នក​អាន​ទាំង​ឡាយ ដូច​សេកក្ដី​តទៅនេះ។

ស្នាដៃ[edit]


ឯកសារយោង[edit]

  • ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​ទស្សនាវដ្ដី មិត្តសាលាបាលី ឆ្នាំ​ទី១ ខែ​មិថុនា លេខ​៦។ (ឆ្នាំ១៩៥០)