Jump to content

ពិលាបនៃផ្លូវមួយ

From Wikisource
ពិលាបនៃផ្លូវមួយ
by ម៉ុក សំឱក
109754ពិលាបនៃផ្លូវមួយម៉ុក សំឱក


ខ្លឹមសារ

[edit]

ឱះ​ឱ​អញ​អើយ កើត​ជា​រូប​ហើយ មាន​ឈ្មោះ​ឧត្តម អ្នក​ស្រុក​គេ​ហៅ ថា​ឧក​ញ៉ា​អ៊ំ នាម​ចតុស្ដម្ភ ដែល​ធំ​ក្រៃ​លែង។ គ្មាន​គេ​ឧបត្ថម្ភ រក្សា​ថែទាំ ដូច​គេ​ដូច​ឯង គឺ​គេ​មិន​ស្បិត គិត​តុប​គិត​តែង កម្មអ្វី​តែ​ឯង ឥត​គេ​អាសូរ។ ហេតុ​តែ​កំព្រា ធន់​ក្ដៅ​រងា ក៏​មិន​អាច​ថ្ងូរ លោក​អើយ​អាណិត ជួយ​គិត​ជួយ​គូរ ឲ្យ​បាន​កៅស៊ូ គ្រប​ដណ្ដប់​ផង។ លំអ​រូប​ខ្ញុំ ប្រយោជន៍​ដល់​ក្រុម រាជការ​ទេ​ហោង សូម​លោក​អាណិត ជួយ​គិត​ខ្ញុំ​ផង ឲ្យ​បាន​ដូច​ប៉ង ប្រាថ្នា​នៃ​ខ្ញុំ។ ឱ​លោក​អ្នក​ណា មាន​ចិត្ត​ជ្រះថ្លា នឹង​ការ​សុខុម សូម​លោក​ខំ​គិត បើ​អាណិត​ខ្ញុំ បើ​លោក​មិន​សម ក៏​វ្ហី​ទៅ​ចុះ។ ខ្ញុំ​ក៏​ទ្រាំ​ក្សត់ លោក​ក៏​ទ្រាំអត់ តាម​កម្ម​ផង​មនុស្ស អកុសល​ទាំង​ខ្ញុំ ទាំង​លោក​ទៅ​ចុះ គ្មាន​គេ​អនុគ្រោះ បន្ទោស​នរណា។


ឯកសារយោង

[edit]