ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/23

From Wikisource
Jump to navigation Jump to search
ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩  (1895?) 
ព្រេង​ទាក់ទង​នឹង​ទៀន​កាល​នៅ​ពេល​មាន​មនុស្ស​ស្លាប់


ព្រេង​ទាក់ទង​នឹង​ទៀន​កាល​នៅ​ពេល​មាន​មនុស្ស​ស្លាប់



ចាស់​ៗ បុរាណ​និយាយ​ត​ៗ គ្នា​មក​ថា កាល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ត្រឹម​ត្រូវ​ល្អ​ណាស់ បើ​ទៅ​ទី​ប្រជុំ​ចំណោម​ឯ​ណា គេ​តែង​រាប់​រក ទុក​ជា​មនុស្ស​មាន​ប្រាជ្ញា ជា​អ្នក​ដឹង​ខុស​ត្រូវ-ទាប​ខ្ពស់ យល់​គុណ​យល់​ទោស ហើយ​ជា​មនុស្ស​សុចរិត ។ អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ បើ​មាន​ការ​អ្វី​ធំ​ដុំ តែង​ទៅ​អញ្ជើញ​បុរស​នោះ​មក​ជា​ប្រធាន ដើម្បី​សួរ​យោបល់ ឬ​ដើម្បី​ឲ្យ​ជួយ​អារ​កាត់​រឿង​ដែល​ជាប់​ជំពាក់​ស្មុគ​ស្មាញ ។

ថ្ងៃ​មួយ ក្នុង​រដូវ​ប្រាំង (ខែ​ផល្គុន-ចេត្រ) មាណព​នោះ​បបួល​បុរស​ពីរ​នាក់​ទៀត ដែល​នៅ​ផ្ទះ​ក្បែរ​គ្នា​ថា "បង​អើយ ! ខែ​នេះ យើង​ទំនេរ នៅ​ផ្ទះ ស៊ី​បាយ​ហើយ​ដើរ​ត្រែតត្រត​ធ្វើ​អ្វី រវល់​តែ​ឲ្យ​ប្រពន្ធ​បម្រើ បើ​យើង​នាំ​គ្នា​ទៅ​រក​ឃ្មុំ យក​ក្រមួន និង​ទឹក​វា​លក់ ប្រហែល​ជា​មាន​ប្រយោជន៍​ជាង គ្រាន់​បាន​លុយ​កាក់​ទិញ​ខោ​អាវ​ស្លៀក​ពាក់ និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ខ្លះ សោះ​រវល់​លក់​ស្រូវ​ជង្រុក​ចាយ" ។ បុរស​ទាំង​ពីរ​នាក់​នោះ គឺ​ស្រុះ​ស្រួល​សុខ​ចិត្ត​ទៅ​ជា​មួយ​គ្នា តែ​បណ្ដា​អ្នក​ទាំង​ពីរ​នោះ អ្នក​មួយ​ជា​មនុស្ស​ចេះ​ស្ដាប់​បង្គាប់ ឯ​អ្នក​មួយ​ទៀត ជា​មនុស្ស​របឹង​រឹង​រូស​មិន​សូវ​ចេះ​ស្ដាប់ មិន​សូវ​ចេះ​ត្រង​ត្រាប់​ពាក្យ​ប្រៀន​ប្រដៅ​ទេ ។

លុះ​ដើរ​ទៅ​ដល់​ព្រៃ ឃើញ​ខ្ទម​អ្នក​តា​មួយ ដែល​ពួក​ថ្មើរ​ព្រៃ​តែង​បូជា ដើម្បី​សុំ​បើក​ព្រៃ​រួច​ទើប​ចូល​ទៅ ។ មក​ដល់​ជិត​កន្លែង​អ្នក​តា​នោះ ទើប​អ្នក​ទាំង ៣​នាក់ នាំ​គ្នា​ធ្វើ​ជំរំ​ឈប់​សម្រាក​បន្តិច​សិន យក​កម្លាំង​នឹង​ដើរ​ទៅ​មុខ​ទៀត ។ ក្នុង​ថ្ងៃ​នោះ គេ​រក​បាន​ឃ្មុំ​មួយ​សំបុក​មាន​ក្រមួន ១២ តម្លឹង ហើយ​ក៏​ត្រឡប់​មក​ជំរំ​វិញ នាំ​គ្នា​ដាំ​បាយ​ដុត​ត្រី​បរិភោគ ។ តែ​មុន​នឹង​បរិភោគ គេ​ចាប់​បាយ និង​ត្រី​ខ្លះ ដាក់​លើ​ស្លឹក​ឈើ​ថ្វាយ​អ្នក​តា សុំ​សេចក្ដី​សុខ​សប្បាយ និង​សុំ​ឲ្យ​ទៅ​រក​ឃ្មុំ​បាន​ប្រទះ​ដូច​សេចក្ដី​ប្រាថ្នា ។ ឯ​បុរស​ម្នាក់​ដែល​ជា​អ្នក​រឹង​រូស​នោះ ឃើញ​អ្នក​ពីរ​នាក់​សែន​អ្នក​តា ក៏​នឹក​ក្នាញ់​ក្នុង​ចិត្ត តែ​មិន​ចេញ​ស្ដី ។ លុះ​ព្រឹក​ឡើង មុន​នឹង​ចេញ​ទៅ​រក​ឃ្មុំ​ទៀត គេ​នាំ​គ្នា​ដាំ​បាយ​ស៊ី ហើយ​ចាប់​បាយ​បេះ​ត្រី​ដាក់​ថ្វាយ​អ្នក​តា​ដូច​ថ្ងៃ​មុន​ទៀត ។ បុរស​រឹង​រូស ទើស​ចិត្ត​ណាស់ ទ្រាំ​អត់​ពុំ​បាន​ក៏​វ័ធ​សម្ដី​គំរោះ​ទ្រគោះ​ថា "មិន​ដឹង​ជា​ថ្វាយ​អ្វី​ក៏​ថ្វាយ​ម្ល៉េះ​ទេ​! ត្រី​តិច​ហើយ​ដណ្ដើម​បេះ​យក​ទៅ​ដាក់​ចោល​ទៀត តើ​ដាក់​ឲ្យ​អាណា​ស៊ី!” ថា​ហើយ ក៏​ងើប​ដើរ​ទៅ​យក​បាយ និង​ត្រី​រុក​បញ្ចុក​មាត់​អ្នក​តា ហើយ​និយាយ​បែប​ចង់​បញ្ជោះ​ឲ្យ​អ្នក​ដែល​ដាក់​ថ្វាយ​នោះ​ផង​ថា "ហឹ ស៊ី​ទៅ​អ្នកតា​! ពី​មុន​ថា​គេ​មិន​ដាក់​ឲ្យ​ដល់​មាត់ ឥឡូវ​អញ​ដាក់​ដល់​មាត់​ហើយ ម្ដេច​ក៏​មិន​ស៊ី​ទៅ ឃើញ​ទុក​ឲ្យ​តែ​ស្រមោច​ជញ្ជូន​លាន់ ម្ដង​នេះ តែ​មិន​ស៊ី​ឲ្យ​អញ​ឃើញ​ផង​ទេ ក្រោយ​ៗ អញ​លែង​ឲ្យ​ទៀត​ហើយ កុំ​សង្ឃឹម !” ។ អ្នក​ពីរ​នាក់​ទៀត ឃើញ​បុរស​នោះ​ធ្វើ​ការ​មិន​គប្បី ក៏​នៅ​ស្ងៀម រួច​បបួល​គ្នា​ចេញ​ដំណើរ​ទៅ ។ ក្នុង​ថ្ងៃ​នោះ គ្មាន​រក​ឃ្មុំ​បាន​មួយ​សំបុក​សោះ ព្រោះ​បុរស​រឹង​រូស​នោះ រវល់​តែ​ចុក​ពោះ​រមូល​ខ្លួន ដើរ​មិន​រួច ទាល់​តែ​សែង រហូត​មក​ដល់​ជំរំ​វិញ ។ មក​ដល់​ហើយ​នាំ​គ្នា​ធ្វើ​ដូចម្ដេច ក៏​ជំងឺ​នោះ​មិន​ស្រាន្ត ។ លុះ​ដល់​ពេល​កម្លាំង​កាន់​តែ​តិច​ទៅ បុរស​ឈឺ​នោះ និយាយ​នឹង​សំឡាញ់​ទាំង​ពីរ​ថា "ចូរ​ឯង​ចែក​ក្រមួន​ឲ្យ​អញ​មួយ​ភាគ​ផង ត្បិត​អញ​ក៏​បាន​ទៅ​រក​ជា​មួយ​ឯង​ដែរ" ។ បុរស​ពីរ​នាក់​ឆ្លើយ​ថា "ឯង​ចង់​បាន​ក្រមួន​យក​មក​ធ្វើ​អ្វី ! បើ​ឯង​ជិត​ស្លាប់​ទៅ​ហើយ​យ៉ាង​នេះ" ។ បុរស​ឈឺ​នោះ​ឆ្លើយ​វិញ​ថា "អញ​យក​ទៅ​បាន ឲ្យ​តែ​ឯង​ចែក​មក ឆាប់​ឡើង! បើ​ឯង​មិន​ឲ្យ​អញ​ទេ តើ​អញ​បាន​អ្វី​បំភ្លឺ​ផ្លូវ​សម្រាប់​ដើរ​ចេញ​ពី​ព្រៃ​នេះ​រួច" ។

ឮ​ដូច្នោះ បុរស​សំឡាញ់​ទាំង​ពីរ​នាក់ ក៏​នាំ​គ្នា​ថ្លឹង​ក្រមួន​ចែក​ជា​បី​ភាគ​ស្មើ​គ្នា ហើយ​យក​ស្លឹក​ឫស្សី​ងាប់​ប្រវែង​មួយ​បង្គុយ​លលក2 មក​ធ្វើ​ជា​ប្រឆេះ ហើយ​យក​ក្រមួន​មួយ​ចំណែក​ទម្ងន់​ប្រហែល​ជា​បួន​តម្លឹង​តាម​ស្មាន មក​លៃ​ជា​បួន​ភាគ យក​បី​ភាគ​លញ់​ធ្វើ​ជា​ទៀន​គោល ។ ក្រមួន​នៅ​សល់​មួយ​ភាគ​ទៀត គេ​យក​ស្លឹក​ត្រែង​ស្ងួត មក​ធ្វើ​ជា​ប្រឆេះ លញ់​ទៀន​រាយ​បួន​ទៀត ហើយ​កាច់​មែក​ឈើ​មក​ដាក់​គង​​លើ​មាត់​ត្រឡោក​ទឹក ដែល​យក​ទៅ​តាម​ខ្លួន យក​ទៀន​ធំ​បិទ​នឹង​ឈើ​នោះ ដើម្បី​កុំ​ឲ្យ​ស្រក់​ក្រមួន​ចោល​ទៅ​ដី ហើយ​យក​ទៀន​រាយ​បួន​ទៀត បិទ​នៅ​មាត់​ត្រឡោក ។ លុះ​អុច​ទៀន​រួច ក៏​ឱន​និយាយ​ដាក់​ត្រចៀក​បុរស​ឈឺ​ថា "នែ​សំឡាញ់ ! ចំណែក​ក្រមួន​ឯង អញ​ធ្វើ​ជា​ទៀន​អុជ​ឲ្យ​ឯង​ហើយ ចូរ​ឯង​ទទួល​យក​ទៅ​តាម​ខ្លួន គ្រាន់​ជា​ពន្លឺ​ផ្លូវ​ចេញ​ពី​ព្រៃ​នេះ​ទៅ​ចុះ !” ។ បុរស​ឈឺ​ទទួល​ថា "អឺ !” ហើយ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។

បុរស​ជា​មិត្រ ក៏​នាំ​គ្នា​រក​ឧស​ភ្លើង​មក​ដុត​ខ្មោច​នោះ ហើយ​នាំ​គ្នា​វេច​ខ្ចប់​ធាតុ​យក​មក​ឲ្យ​ប្រពន្ធ ដោយ​ប្រាប់​តាម​ដំណើរ តាំង​ពី​រឿង​ឈឺ ដល់​រឿង​ចែក​ក្រមួន ។ តែ​មក​ដល់​ត្រង់​នេះ ប្រពន្ធ​នៃ​សព​មិន​ព្រម ដោយ​អាង​ថា "ប្ដី​ខ្លួន​ស្លាប់​ទៅ​ហើយ តើ​អាច​យក​ក្រមួន​ទៅ​ផង​ម្ដេច​បាន ?” ។ បុរស​សំឡាញ់​ទាំង​ពីរ​នាក់​ពន្យល់​យ៉ាង​ដូច​ម្ដេច នាង​នោះ ក៏​នៅ​តែ​មិន​ព្រម ទទូច​តែ​យក​ចំណែក​ក្រមួន តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់ ទាល់​តែ​នាំ​គ្នា​ទៅ​ដេក​រៀង​ខ្លួន​ទៅ ។

និយាយ​ពី​ប្រពន្ធ​បុរស​ស្លាប់ លុះ​ដេក​លក់​ទៅ ក៏​យល់​សប្ដិ​ឃើញ​ប្ដី កាន់​ទៀន​ដើរ​ចូល​មក ។ នាង​ក៏​ស្រែក​ទាំង​អរ​ផង​ថា "អ្នក​អើយ ! គេ​មក​ប្រាប់​ខ្ញុំ​ថា អ្នក​ឯង​ស្លាប់​ទៅ​ហើយ ថែម​ទាំង​បាន​ចែក​ក្រមួន​ឲ្យ​ទៅ​អ្នក​ផង ឥឡូវ មាន​ស្លាប់​ឯ​ណា ! អ្នក​មក​វិញ​ហើយ​តើ !” ។ ឯ​ខ្មោច​នោះ ឆ្លើយ​មក​វិញ​ថា "អញ​ស្លាប់​មែន, ហើយ​អញ​បាន​ក្រមួន​ដែល​គេ​ចែក​ឲ្យ​នោះ ធ្វើ​ជា​ទៀន​អុជ​រក​ផ្លូវ​ចេញ​មក​ផ្ទះ កុំ​អី​មិន​ដឹង​ជា​វង្វេង​ទៅ​ធ្លាយ​ឯ​ណា​ទេ !” ។ ប្រពន្ធ​ឮ​ដូច្នោះ ក៏​ស្ទុះ​ទៅ​ស្រវា​ឱប​ប្ដី ភ្ញាក់​ទាំង​ខ្លួន​ឡើង ទើប​ដឹង​ច្បាស់​ថា​ខ្លួន​យល់​សប្ដិ ។ លុះ​ព្រឹក​ឡើង ក៏​ទៅ​ប្រាប់​បុរស​ទាំង​ពីរ​តាម​ដំណើរ​យល់​សប្ដិ ហើយ​ក៏​ឈប់​លែង​ឈ្លោះ​ប្រកាន់​ទៀត​ទៅ ។

អ្នក​ស្រុក ដឹង​រឿង​ដូច្នោះ ក៏​ប្រកាន់​ជឿ​ថា "បើ​មនុស្ស​ណា​ជិត​ស្លាប់, គេ​ត្រូវ​តែ​ធ្វើ​ទាន​កាល​អុជ​ឲ្យ ដើម្បី​ឲ្យ​ខ្មោច​នោះ​បាន​ពន្លឺ​សម្រាប់​បំភ្លឺ​ផ្លូវ​ដើរ​ទៅ​រក​ឋាន​សុខ" ។