ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/22
ព្រេងទាក់ទងនឹងទង់ក្រពើ - ទង់ព្រលឹងនៅពេលមានបុគ្គលស្លាប់
នៅគ្រប់ស្រុក ក្នុងប្រទេសកម្ពុជា គេតែងនិយាយប្រើទង់ក្រពើ និង ទង់ព្រលឹង នៅពេលមានបុគ្គលស្លាប់ គឺថា កាលណាអ្នកជំងឺមានកម្លាំងតិច ជិតនឹងអស់ខ្យល់អស្សាសៈបស្សាសៈហើយ អាចារ្យតែងឲ្យហែកសំពត់ស ផាឌិប ឬ ទេសឯក ប្រវែង ៤ ហត្ថ បត់ជា ២ យកឈើ ឬបន្ទះឫស្សី ២ កំណាត់ ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ ហើយចងបង្រួមក្រសោបក្រោម សម្រាប់កាន់ មានឆ្នាំងបាយថ្មីមួយចងបន្តោងភ្ជាប់នឹងដងទង់នោះផង ហើយអាចារ្យសរសេរបាលីនៅលើផ្ទៃទង់នោះថា ៖
អាទាយ វត ឥទំ អយំ តុស្សិតភវនំ អាគច្ឆន្តិ អសាមិកំ សុញ្ញំ គណ្ហាបិ
ហើយអាចារ្យលើកទង់នោះ ទៅដាក់នៅក្បាលដំណេកបុគ្គលស្លាប់ រួចផ្ដាំបុគ្គលនោះថា ទង់ព្រលឹងនេះ ជាសំបុត្រដើរផ្លូវរបស់អ្នកហើយ ចូរអ្នកកាន់ឲ្យជាប់ទៅចុះ ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ ក្រែងគេឆែកឆេរតាមផ្លូវ ព្រោះអ្នកត្រូវទៅតែម្នាក់ឯង គ្មានអ្នកណានាំផ្លូវទេ ។ រួចអាចារ្យក៏ដាក់ឈ្មោះរបស់គេក្នុងនាមបព្វជ្ជា ។
រឿងទង់ព្រលឹងនេះ មានដំណាលដូចតទៅ :
មានកូនប្រុសរបស់បុរសម្នាក់ បានលាឪពុកទៅរៀនសិល្បសាស្ត្រឯនគរតក្កសិលា ។ លុះរៀនចេះចប់កាលណា ក៏លាអាចារ្យចេញទៅរកគ្រូផ្សេងរៀនថែមទៀត ។ លុះដើរទៅៗ ក៏ទៅជួបព្រះបច្ចេកពុទ្ធមួយអង្គ ។ ឃើញលោកប្រព្រឹត្តហ្មត់ចត់ល្អតាមរបៀបសមណៈស្ងប់ស្ងៀម មាណពនោះ មានចិត្តស្រឡាញ់ ជ្រះថ្លា ក៏ចូលទៅសុំរៀនក្នុងសម្នាក់ព្រះបច្ចេកពុទ្ធនោះ ។ លោកក៏សុខចិត្តឲ្យរៀន តែលោកដាក់លក្ខខណ្ឌថា ត្រូវឲ្យបួសដូចលោកសិន ។ លុះមាណពនោះបួសរួចហើយ លោកក៏បង្រៀនធម៌កម្មដ្ឋាន ។ នៅរៀនយូរៗ ទៅ មាណពនោះក៏បានសម្រេចពោធិញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គ ដូចព្រះបច្ចេកពុទ្ធជាគ្រូនោះដែរ ហើយក៏ចូលបរិនិព្វានទៅ ។ អ្នកស្រុកអ្នកភូមិ ក៏នាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយបញ្ចុះអដ្ឋិព្រះបច្ចេកពុទ្ធអង្គនោះ ត្រង់ផ្លូវបំបែក ។
បុរសជាឪពុក បាត់កូនយូរពេក ក៏ទៅតាមដល់ស្រុកនោះ ហើយសួររក ។ អ្នកស្រុកក៏បានប្រាប់តាមដំណើររឿងថា កូនរបស់អ្នកឯង បានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គ ចូលបរិនិព្វានបាត់ទៅហើយ ។ បុរសនោះក៏យំសោកអាល័យកូន ទៅដងទឹកមកស្រោចស្រពទ្រនាប់ខ្សាច់ រួចយកក្រមាបង់កចងជាទង់ ដោតឧទ្ទិសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលទៅស្រុកកំណើតវិញ ។ បន្ទាប់មក អ្នកស្រុកក៏យកតម្រាប់តាម ។ លុះចំណេរចីរកាលតមកទៀត ក៏ក្លាយទៅជាទំនៀមទម្លាប់ គឺពេលដែលហែខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខ រហូតដល់ទីប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឦសាន1 ជាសញ្ញាឲ្យខ្មោចនោះដឹងថា ខ្លួនត្រូវចេញដំណើរទៅតាមទិសឦសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ ។
រឿងដំណាលអំពីទង់ក្រពើ :
មានដំណាលថា កាលព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយ មានសត្វក្រពើញីឈ្មោលមួយគូ មានសេចក្ដីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏ចូលទៅសុំព្រះពុទ្ធអង្គបួស តែព្រះពុទ្ធអង្គពុំព្រមអនុញ្ញាត ព្រោះជាសត្វតិរច្ឆាន ។ ក្រពើនោះ ក្រាបទូលព្រះអង្គថា យើងខ្ញុំព្រះអង្គទាំងពីររូបនេះ ពុំមាននិស្ស័យក្នុងសាសនាព្រះអង្គទេ តែដោយយើងខ្ញុំទាំងពីររូបនេះស្រឡាញ់ប្ដូរផ្ដាច់ នូវសាសនាព្រះអង្គ យើងខ្ញុំព្រះអង្គ សូមធ្វើសំណូមពរថា "បើដល់យើងខ្ញុំស្លាប់ទៅ សូមឲ្យគេមកយកស្បែកយើងខ្ញុំទៅដោតជាទង់ថ្វាយចំពោះព្រះភក្ត្រព្រះអង្គ ទុកជាសក្ការបូជា កុំបីអាក់ខានឡើយ" ។ ព្រះពុទ្ធអង្គ ទ្រង់ទទួលសំណូមពរនោះ ដោយព្រះមេត្តា ។ លុះក្រពើនោះស្លាប់ទៅ គេក៏យកស្បែកទៅដោតថ្វាយតាមបណ្ដាំមែន ។
លុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វានទៅ ស្បែកក្រពើនោះ ក៏ពុករលួយអស់ទៅ គេក៏នាំគ្នាយកក្រណាត់សឬក្រដាស មករចនាធ្វើជារាងស្បែកក្រពើ ដើម្បីប្រើជាតំណាងតទៅទៀត ។ ដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កន្លែងអាសនៈព្រះពុទ្ធរូបស្រាប់2 ។
សមាជិកក្រុមជំនុំទំនៀមទម្លាប់ម្នាក់ទៀត3 បានឲ្យការថា
មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទធម្មាសោករាជ ទ្រង់មានព្រះទ័យជ្រះថ្លា បានកសាងព្រះចេតិយ ដើម្បីបញ្ចុះព្រះសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ ។ កាលណោះ ទេវបុត្តមារ មានទិដ្ឋិមានះចង់តាមបំផ្លាញព្រះអង្គ ក៏ទៅបំផ្លាញព្រះចេតិយដោយឫទ្ធានុភាពអង់អាច ។ លុះឃើញការមិនគួរដូច្នោះ ព្រះបាទធម្មាសោករាជ ក៏ទៅទូលព្រះឧបគតត្ថេរ ដែលជាព្រះអរហន្តដ៏វិសេសមួយអង្គ ដើម្បីឲ្យទៅបង្ក្រាបមារដែលកំពុងបំផ្លាញព្រះចេតិយនោះ ។ ប៉ុន្តែ មារកំណាច មិនស្ដាប់ ព្រមទាំងរករឿងប្រឈ្លោះតបនឹងព្រះឧបគតវិញថា "កាលពីមុន យើងខ្លាចតែសមណគោតមមួយប៉ុណ្ណោះ ព្រោះលោកមានឫទ្ធិ, ឥឡូវ ឥតអំពីសមណគោតមហើយ យើងគ្មានត្រូវការគោរពកោតខ្លាចអ្នកណាទៀតទេ" ។ កាលបើទូន្មានយ៉ាងណា ក៏ក្រុងមារនៅតែមិនព្រមស្ដាប់, ទើបព្រះឧបគតយល់ថា "ឃាត់ដោយពាក្យល្អ គេមិនស្ដាប់ទេ" ដូច្នោះ ក៏សម្ដែងឫទ្ធិចងរូបមារនឹងវត្ថពន្ធជាប់ ឲ្យតឹងស្ទើរដាច់ខ្យល់ស្លាប់ ។
ក្រុងមារ ក្ដៅចិត្តណាស់ ប្រឹងស្ទុះហោះទាំងចំណងទៅរកព្រះឥន្ទ្រឲ្យជួយស្រាយ ។ព្រះឥន្ទ្រប្រកែកថា តើយើងឯណានឹងអាចស្រាយចំណងព្រះឧបគតនោះបាន ។ ក្រុងមារក្ដៅចិត្តណាស់ ដៀលត្មះព្រះឥន្ទ្រដោយពាក្យទ្រគោះបោះបោកផ្សេងៗ រួចស្ទុះហោះទៅរកព្រះព្រហ្មឲ្យជួយស្រាយទៀត ។ ព្រះព្រហ្មយល់ហេតុការណ៍ ក៏ឆ្លើយតបថា ក្រុងមារអើយ ! ព្រះឧបគតនោះ មានឫទ្ធិអំណាចខ្លាំងណាស់ បើលោកចងហើយ គ្មានអ្នកណាឡើយនឹងស្រាយបានទេ, ចូរមារឯងត្រឡប់ទៅក្រាបអភិវាទព្រះឧបគតវិញទៅ ទើបដោះរួចអំពីចំណងវិញបាន ពុំនោះសោតទេ អ្នកនឹងត្រូវស្លាប់អសារបង់ ។ ទើបមារសុខចិត្តត្រឡប់ទៅសុំអង្វរឲ្យព្រះឧបគតត្ថេរស្រាយឲ្យ ។ វត្ថពន្ធដែលជាប់នៅនឹងកដៃមានោះ បានក្លាយទៅជាគំរង់ស្បែកឆ្កែ ស្អុយក្រៃលែងស្អុយ កម្រនឹងរកអ្វីប្រៀបបានទៅហើយ ។ មុននឹងស្រាយចំណងគំរង់នោះ ព្រះឧបគតត្ថេរ យកខ្សែទាក់កមារអូសបណ្ដើរ ឲ្យស្រែកអាក្រោសតាមផ្សារ ឲ្យសច្ចាថា "រាងចាល លែងមករាតត្បាតបំផ្លាញចេតិយព្រះសារីរិកធាតុ ឬ ព្រះអរហន្តធាតុណាទៀតហើយ" ។ លុះក្រុងមារប្ដេជ្ញាថា "រាងចាលហើយ" ទើបព្រះឧបគតត្ថេរស្រាយចំណងឲ្យវិលទៅស្រុកភូមិវិញ រួចលោកប្រាប់ក្រុងមារថា "ដរាបណា ឯងឃើញទង់សនេះនៅឡើយ, ដរាបនោះ អង្គអាត្មាអញរស់នៅឡើយដែរ ឯងមិនត្រូវចូលមកយាយីដល់អ្នកភូមិអ្នកស្រុកឡើយ ។ លុះក្រោយៗ មក អ្នកស្រុកក៏នាំគ្នាធ្វើទង់សមួយតូចចងនៅមុខផ្ទះ កាលណាមានបុគ្គលស្លាប់ ដើម្បីចៀសវាងអន្តរាយគ្រប់បែបយ៉ាងអំពីសម្នាក់នៃមារនេះឯង4 ។
សមាជិករបស់ក្រុមទំនៀមទម្លាប់ម្នាក់ បានឲ្យនិទានមួយទៀត ក្នុងរឿងទាក់ទងនឹងទង់ក្រពើនេះដែរ5 ថា ៖
មានព្រះរាជបុត្រីនៃព្រះមហាក្សត្រមួយព្រះអង្គ ត្រូវក្រពើលេបហើយសុគតទៅ ។ ព្រះបិតា មិនអស់ព្រះហឫទ័យនឹងព្រះរាជបុត្រីក្ស័យ ក៏បង្គាប់ឲ្យតម្កល់សពនោះ ទុកធ្វើបុណ្យជាយូរថ្ងៃ ដើម្បីចាំប៉ាវគង-ប៉ាវឃ្មោះរកអ្នកចេះប្រស់ ហើយទ្រង់បញ្ជាឲ្យអាមាត្យវះស្បែកក្រពើទៅចងនៅមុខព្រះរាជវាំង ជាសញ្ញាឲ្យគេដឹងថា "ព្រះរាជបុត្រីព្រះអង្គ ត្រូវសុគតដោយក្រពើលេប" (ដូចជំនាន់ដើមដែលគេដោតវែកនៅផ្នូរអ្នកដែលស្លាប់ដោយពស់វែកចឹកដែរ) ។
អ្នកស្រុក ឃើញដូច្នោះ ក៏នាំគ្នារចនាក្រណាត់ជារាងស្បែកក្រពើ ហើយដោតនៅផ្ទះដែលមានបុគ្គលស្លាប់ ជាប់ជាទម្លាប់រហូតមក ។