ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/15

From Wikisource
Jump to navigation Jump to search
ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩  (1895?) 
ព្រេង​ទាក់ទង​នឹង​មនុស្ស​ស្លាប់​ថ្មីៗ


ព្រេង​ទាក់ទង​នឹង​មនុស្ស​ស្លាប់​ថ្មីៗ




កាល​បើ​មាន​បុគ្គល​ថ្មី​ៗ ស្លាប់​លើ​ផ្ទះ អាចារ្យ​យោគី ត្រូវ​រក​ទឹក​មួយ​ក្អម​តូច និង​ថ្ម​មួយ​ដុំ​តូច ហើយ​អុជ​ធូប ៣ សរសៃ យក​ទៅ​ដាក់​ចុង​ជើង​បុគ្គល រួច​ធ្វើ​ឧបកិច្ច​ការពារ កុំ​ឲ្យ​អសុរកាយ​វា​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន ។ បើ​មិន​ធ្វើ​ដូច្នេះ​ទេ កាល​ណា មាន​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង​បុគ្គល​នោះ អសុរកាយ នឹង​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន​ពុំ​ខាន ។ តែ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ព័ទ្ធ​សីមា បើ​បាន​ព័ទ្ធ​សីមា​ហើយ ទោះ​បី​មាន​ឆ្មា​ខ្មៅ​លោត​រំលង ក៏​មិន​ថ្វី​ដែរ ។ តាម​ជំនឿ​របស់​ខ្មែរ​ថា អសុរកាយ ជា​ពួក​បិសាច តែង​ត្រាច់​រង្គាត់​រក​ស៊ី​រង់ ហើយ​ជួន​កាល អាច​បន្លាច​មនុស្ស​ផង​ក៏​មាន ទើប​គេ​ត្រូវ​តែ​ការពារ​បុគ្គល ដោយ​ពិធី​ផ្សេង​ៗ ។

គេ​តែង​ប្រាប់​គ្នា​ឲ្យ​ធ្វើ​កិច្ច​ផ្សេង​ៗ ចំពោះ​បុគ្គល​ស្លាប់​ដូច្នេះ ដើម្បី​ចៀស​វាង​អន្តរាយ ដូច​មាន​រឿង​មួយ​ដំណាល​ថា ៖

នៅ​ស្រុក​មួយ ជា​ទី​រហោ​ឋាន​ដាច់​ស្រយាល​អំពី​ទី​ប្រជុំ​ជន ជា​ស្រុក​សម្បូណ៌​ដោយ​ឈើ​ព្រៃ​ស្រោង​ស្រឹង​ស្ងាត់​ជ្រងំ មាន​អាកាស​ធាតុ​ត្រជាក់​ដោយ​ទឹក​សន្សើម និង​ឮ​សូរ​តែ​សំឡេង​សត្វ​នានា​ស្រែក​យំ គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ នៅ​តំបន់​នោះ មាន​ផ្ទះ​មួយ ជា​ជម្រក​នៃ​មនុស្ស ៤ នាក់ គឺ ឪពុក ម្ដាយ និង​កូន​ប្រុស ២ នាក់ ដែល​នៅ​ក្នុង​វ័យ​ជំទង់ ។ ឪពុក ចេញ​ទៅ​រក​ស៊ី​ស្រុក​ឆ្ងាយ យូរ​ៗ ទើប​វិល​មក​ផ្ទះ​ម្ដង ។ កូន​ប្រុស​ទាំង​ពីរ​នាក់​នៅ​ជា​មួយ​ម្ដាយ ។ ថ្ងៃ​មួយ ជា​ចៃដន្យ​អ្វី នាង​ម្ដាយ​នោះ មាន​ជំងឺ​ជា​ទម្ងន់ ក៏​ធ្វើ​មរណ​កាល​ទៅ ។ អ្នក​ស្រុក ដែល​នៅ​ភូមិ​ជា​មួយ​គ្នា ប៉ុន្តែ​ផ្ទះ​គេ​នៅ​ឆ្ងាយ​ៗ នាំ​គ្នា​មក​ជួយ​ធ្វើ​ក្ដារ​មឈូស​ដាក់​សព​រួច​ស្រេច ដល់​ល្ងាច ក៏​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​អស់​ទៅ ។ ផ្ទះ​សព​នោះ ក៏​ត្រូវ​នៅ​ត្រមោច​កំព្រា មាន​តែ​កូន​ពីរ​នាក់​អុជ​ភ្លើង​បំប្លុង​នៅ​យាម​សព​ម្ដាយ រង់​ចាំ​ដល់​ភ្លឺ​នឹង​បាន​អ្នក​ជិត​ខាង​មក​ជួយ​ទៀត ។ ឯ​សព​នៅ​ក្នុង​ក្ដារ​មឈូស​នោះ ពុំ​ទាន់​បាន​ព័ទ្ធ​សីមា ឬ​ធ្វើ​កិច្ច​អ្វី​មួយ​ឡើយ ព្រោះ​ពេល​ក៏​ខើច នឹង​ទៅ​រក​អាចារ្យ​ណា​ក៏​ពុំ​ទាន់ ណា​មួយ​ផ្លូវ​កាត់​ព្រៃ ហើយ​ត្រូវ​នឹង​ពេល​ព្រលប់ ជា​ពេល​ដែល​សត្វ​សាហាវ​ចេញ​រក​ស៊ី​ផង ។

ក្នុង​រាត្រី​នោះ ក្មេង​ទាំង​ពីរ​នាក់​បង​ប្អូន ចេះ​តែ​នាំ​គ្នា​ភ័យ​ព្រួយ ព្រោះ​យប់​កាន់​តែ​ស្ងាត់​ទៅ, សត្វ​ខ្លែង​ស្រាក លលក​ខ្មោច ក៏​ចេះ​តែ​បញ្ចេញ​សម្រែក​គួរ​ឲ្យ​ព្រឺ​ក្បាល ព្រឺ​ស្បែក ។ ថ្លែង​ពី​អសុរកាយ ដែល​តែង​ត្រាច់​រង្គាត់​រក​សាក​សព​សត្វ​ព្រៃ​ធ្វើ​ជា​អាហារ លុះ​មក​ប្រទះ​ឃើញ​ខ្មោច​នៅ​ក្នុង​ក្ដារ​មឈូស ដែល​មិន​ទាន់​បាន​សីមា​ការពារ​នៅ​ឡើយ ក៏​រលៀក​ខ្លួន​ចូល​ទៅ​ស៊ក​ក្នុង​រូប​សព​នោះ​មួយ​រំពេច ។ ខ្មោច​ដែល​នៅ​ស្ដូក​ស្ដឹង ប្រៀប​បាន​នឹង​ដុំ​ឈើ​នោះ ក៏​ស្រាប់​តែ​ហាក់​ដូច​ជា​មាន​វិញ្ញាណ​ឡើង​វិញ ហើយ​បម្រះ​ប្រវេ​ប្រវា​ព្រូស​ប្រះ​រក​ងើប​ចេញ​ពី​ក្ដារ​មឈូស ។

កុមារ​បង​ប្អូន ដេក​នៅ​ជិត​ក្ដារ​មឈូស, ប្អូន​មិន​ទាន់​ដឹង​ការ​អ្វី​ច្រើន ក៏​ដេក​លក់​ទៅ នៅ​តែ​កុមារ​បង​ដែល​ចេះ​តែ​មាន​ការ​បារម្ភ​ខ្លាច ។ លុះ​ឮ​សូរ​ខ្មោច​នោះ​រើ​គ្រុះគ្រះ​ក្នុង​ក្ដារ វា​ក៏​ចេះ​តែ​លួច​សម្លឹង​ទៅ​រក​ក្ដារ​មឈូស ។ មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​ខ្មោច​នោះ អើត​ក្បាល​ចេញ​ពី​ក្ដារ​មក​ក្ងក់, ម៉ែ​អើយ ! អើត​មក​ធ្វើ​អ្វី​ហ្នឹង ? កុមារ​បង​ឃើញ​ដូច្នោះ ភ័យ​ណាស់ កន្ត្រាក់​ដៃ​ប្អូន​អូស​រត់​ចុះ​ពី​លើ​ផ្ទះ ។ ប្អូន​ក៏​ស្ទុះ​ទៅ​តាម​ទាំង​សើងម៉ើង ។ បង​និយាយ​បណ្ដើរ​រត់​បណ្ដើរ ប្រាប់​ប្អូន​កុំ​ឲ្យ​ងាក​ក្រោយ​ឲ្យ​សោះ ។ ក្មេង​ទាំង​ពីរ​នាក់ រត់​ទៅ​មិន​យូរ​ប៉ុន្មាន ខ្មោច​នោះ ក៏​លោត​ចុះ​ដេញ​តាម​ពី​ក្រោយ​ទៅ​ដែរ ។ ឃើញ​ដូច្នោះ ក្មេង​ទាំង​ពីរ ខំ​រត់​សំដៅ​វត្ត ព្រោះ​គិត​ឃើញ​ថា "មាន​តែ​វត្ត​ទេ ដែល​អាច​ជួយ​ខ្លួន​ឲ្យ​ផុត​ពី​ភ័យ​អន្តរាយ​នេះ" ។

ឯ​អសុរកាយ លុះ​តាម​ទៅ​ដល់​របង​វត្ត ឃើញ​សីមា វា​មិន​ហ៊ាន​ចូល ក៏​ចេញ​ពី​រូប​សាក​សព​នោះ​ទៅ ។ ឯ​សាក​សព​នោះ ក៏​រលំ​ដួល​ដេក​ច្រងាង​ក្នុង​ទី​នោះ​ឯង ។

លុះ​ព្រឹក​ឡើង ព្រះ​សង្ឃ និង​អ្នក​ស្រុក ដឹង​រឿង​ហើយ ក៏​ផ្អើល​មក​ឈូឆរ ហើយ​នាំ​គ្នា​លើក​ខ្មោច​នោះ​ទៅ​បូជា ធ្វើ​កិច្ច​រម្ងាប់​ចង្រៃ​គ្រប់​បែប​យ៉ាង​ទៅ​តាម​ទម្លាប់ ។

ដោយ​ខ្លាច​មាន​ហេតុ​អាក្រក់​ជា​ចៃដន្យ ដូច​ក្នុង​រឿង​ដំណាល​នេះ​ឯង ទើប​ចាស់​បុរាណ​បាន​បង្គាប់​គ្នា ឲ្យ​រៀប​រណ្ដាប់​ធ្វើ​កិច្ច​ផ្សេង​ៗ និង​ឲ្យ​ព័ទ្ធ​សីមា​ជា​ការ​ចាំ​បាច់ ដើម្បី​ការពារ​ទុក​ជា​មុន ។

របៀប​នេះ ក៏​បាន​ជាប់​ជា​ទំនៀម​ទម្លាប់​រហូត​មក ។