Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/14

From Wikisource
ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ (1895?)
ព្រេង​ទាក់ទង​នឹង​ទំនៀម​ក្រោយ​ពី​សំពះ​ផ្ទឹម ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ក្នុង​បន្ទប់
111844ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ព្រេង​ទាក់ទង​នឹង​ទំនៀម​ក្រោយ​ពី​សំពះ​ផ្ទឹម ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ក្នុង​បន្ទប់1895?


ព្រេង​ទាក់ទង​នឹង​ទំនៀម​ក្រោយ​ពី​សំពះ​ផ្ទឹម ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ក្នុង​បន្ទប់




កាល​ពុទ្ធ​សករាជ​កន្លង​ទៅ​បាន ៦១០ ឬ ៦២០ កាល​នោះ កោះ​គោក​ធ្លក មាន​ផែនដី​ដុះ​ឡើង​ធំ​ទូលាយ​ហើយ មាន​ស្ដេច​ចាម​មក​តាំង​ទី​កន្លែង​ជា​ដំបូង​នៅ​លើ​កោះ​នោះ ។ យូរ​បន្តិច​មក មាន​ស្ដេច​មួយ​អង្គ​ទៀត ឈ្មោះ​ព្រះ​ថោង នៅ​ក្នុង​ប្រទេស "មន" ដោយ​មាន​អធិករណ៍ ក៏​យាង​មក​ដោយ​សំពៅ​មួយ ដែល​មាន​ពួក​បម្រើ​ជាង ១០០ នាក់ មក​ជា​មួយ ចូល​មក​សុំ​ស្ដេច​ចាម​នៅ​ជ្រក​នឹង​កោះ​នោះ​ឯង ។ ស្ដេច​ព្រះ​ថោង​នេះ កាល​ជាតិ​មុន យក​កំណើត​ជា​សត្វ​ត្រកួត នៅ​ក្នុង​រន្ធ​ដើម​ធ្លក​ដែល​ដុះ​កណ្ដាល​កោះ​នោះ ។ បាន​ជា​សន្មត​ហៅថា "កោះ​គោក​ធ្លក" សម​ដូច​មាន​អតីត​និទាន​ថា ៖

សម័យ​នោះ ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​គង់​នៅ​ឯ​ព្រះ​វិហារ​ព្រះ​ជេតពន ទ្រង់​បាន​យាង​មក​ប្រថាប់​ក្រោម​ម្លប់​ធ្លក​ម្ដង ដើម្បី​ធ្វើ​ភត្ត​កិច្ច (ឆាន់​ចង្ហាន់​បិណ្ឌ​បាត) នៅ​ទី​នោះ ។ សត្វ​ត្រកួត ឃើញ​ព្រះ​ពុទ្ធ​អង្គ ហេតុ​ជា​បុព្វ​និស្ស័យ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ជ្រះ​ថ្លា ក៏​ចេញ​មក​ឱន​ក្បាល​គំនាប់​ព្រះ​អង្គ ៣ ដង ។ ព្រះ​ពុទ្ធ​អង្គ ចាប់​យក​បាយ​មួយ​ពំនួត​បោះ​ទៅ​ឲ្យ, សត្វ​ត្រកួត​ទទួល​បរិភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ក៏​លៀន​អណ្ដាត លិទ្ធ​មាត់​ភ្លែមៗ, ចុង​អណ្ដាត​សត្វ​នោះ​ព្រែក​ជា​ពីរ ។ ឃើញ​ដូច្នោះ ព្រះ​អង្គ​ទ្រង់​ញញឹម ។ ព្រះ​អានន្ទ​ក្រាប​ទូល​សួរ​ភ្លាម​ពី​ទ្រង់​ញញឹម ។ ព្រះ​អង្គ​ទ្រង់​សម្ដែង​អនុបុព្វីកថា ទំនាយ​ទឹក​ដី​កោះ​នេះ​ប្រាប់​អានន្ទ​ថា "ម្នាល​អានន្ទ​អើយ ! អំណឹះ​តទៅ​មុខ កោះ​គោក​ធ្លក​នេះ នឹង​កើត​ទៅ​ជា​នគរ​មួយ​ធំ​មាន​ឥទ្ធិ​ឫទ្ធិ​ព្រម, ឯ​សត្វ​ត្រកួត​ក្នុង​រន្ធ​ធ្លក ដែល​ចេញ​មក​ឱន​ក្បាល​នមស្ការ​តថាគត​នេះ​ឯង​ហើយ នឹង​បាន​កើត​ទៅ​ជា​មនុស្ស ហើយ​មក​សោយ​រាជ្យ​នៅ​នគរ​នេះ​ជាដើម​ផែនដី, ឯ​មនុស្ស​ក្នុង​នគរ​នេះ និយាយ​មិន​សូវ​សត្យា​ទេ ព្រោះ​ម្ចាស់​ផែនដី ជាតិ​ជា​សត្វ​មាន​ចុង​អណ្ដាត​ព្រែក​ជា​ពីរ" ទំនាយ​តែ​ប៉ុណ្ណេះ​ទ្រង់​ក៏​ស្ងៀម​ទៅ ។

លុះ​សត្វ​ត្រកួត​អស់​ជីវិត ក៏​ទៅ​កើត​ក្នុង​ត្រកូល​ស្ដេច "មន" គឺ​តួ​ស្ដេច​ព្រះ​ថោង ដែល​មក​សុំ​ស្ដេច​ចាម​នៅ​នេះ​ឯង ។ លុះ​នៅ​យូរ​បន្តិច​ទៅ កើត​ទាស់​ទែង​នឹង​ស្ដេច​ចាម​ពី​រឿង​លោភ​ទឹកដី ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា​គ្មាន​ឈប់ ទៅ​ជា​លែង​រាប់​អាន​គ្នា ។ ស្ដេច​ព្រះ​ថោង ហេតុ​តែ​ឧប​និស្ស័យ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់​កោះ និង​ដោយ​បាន​នមស្ការ​ព្រះ​អង្គ​ផង ក៏​មាន​តម្រិះ​ប្រាជ្ញា​វាង​វៃ, វេលា​យប់​ស្ងាត់ នាំ​មន្ត្រី​ចាស់​ម្នាក់ ដែល​ជា​ទំនុក​ទុក​ចិត្ត យក​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ទៅ​កប់​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ហើយ​តាក់​តែង​ជា​សាវតារ សរសេរ​ជាក់​តាំង​ពី​ជីតា​ទួត​របស់​លោក​ថា "បាន​មក​ចាប់​កាប់​គាស់​រាន​ទឹកដី​កោះ​នេះ តាំង​ពី​ដុះ​ឡើង បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ទុក​ជា​ព័ស្តុតាង, ដី​កោះ​ព្រះ​កេរ្តិ៍​នេះ ត្រូវ​បាន​ជា​ចំណែក ចែក​ឲ្យ​ស្ដេច​ព្រះ​ថោង​ជា​ចៅ" ហើយ​យក​សាវតារ​ទៅ​រោល​ផ្សែង​ភ្លើង​ឲ្យ​ក្រហម​ជាំ ល្មម​គេ​មើល​ឃើញ​ថា​ជា​របស់​ចាស់​ចុះ​មក​មែន ។

តែង​សេចក្ដី​ដូច្នេះ​ស្រេច ទើប​ព្រះ​ថោង ប្រើ​សេនា​ទាហាន​ឲ្យ​ទៅ​បណ្ដេញ​ស្ដេច​ចាម ។ ស្ដេច​ចាម មិន​ព្រម​ដើរ​ចេញ ប្រុង​លើក​ទ័ព​ច្បាំង​គ្នា ដោយ​អះ​អាង​ថា ជា​កេរ្តិ៍​ដំណែល​រៀង​ៗ ខ្លួន ។ ព្រះ​ថោង តវ៉ា​ថា "យើង​អាង​មាន​ព័ស្តុតាង​ជា​កេរ្តិ៍​ដំណែល​របស់​យើង បាន​ជា​ហ៊ាន​បណ្ដេញ​អ្នក​ឯង" ។ ស្ដេច​ចាម​ថា "អ្នក​មាន​ព័ស្តុតាង​យ៉ាង​ណា ?” ។ ព្រះ​ថោង​ថា "យើង​អាង​សាវតារ​ពី​ជីតា​យើង​ចែក​ដី​កោះ​នេះ​ឲ្យ លោក​បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ជា​ព័ស្តុតាង​ទុក​ឲ្យ​យើង ៗ មិន​ទាន់​ទាំង​បាន​ទៅ​គាស់​មាស​នោះ​ផង, បើ​មិន​ជឿ​ត្រូវ​តាំង​ភ្នាល់​គ្នា​យក​ឈ្នះ​ចាញ់ ត្រង់​បន្ទាល់​នេះ​ចុះ" ។ ស្ដេច​ចាម ជា​មនុស្ស​ឆោត ព្រម​ចុះ​សន្យា​នឹង​ព្រះ​ថោង ទទួល​ឈ្នះ​ចាញ់​ត្រង់​មាន​ព័ស្តុតាង​ក្នុង​សាវតារ​ពីរ​ខៈ គឺ ១- ត្រង់​ថា​ជីតា​ចែក​ឲ្យ, ២- មាន​កប់​ដុំ​មាស​នៅ​គល់​ធ្លក, ថា​បើ​ពិត​ជា​មាន សុខ​ចិត្ត​ដើរ​ចេញ​ពី​ទី​នេះ ទើប​ទ្រង់​កំហែង​ទា​សាវតារ​ពី​ព្រះ​ថោង​មើល ។ ព្រះ​ថោង​យក​សាវតារ​មក​ឲ្យ​មើល រួច​សង្ខើញ​ឲ្យ​ជីក​ដី​ក្រោម​គល់​ធ្លក​រក​ដុំ​មាស​ទៀត ។ លុះ​ឃើញ​ពិត​ទាំង​ពីរ​ខ ស្ដេច​ចាម ទាល់​ប្រាជ្ញា តែ​ក្រាញ​មិន​ព្រម​ដើរ​ចេញ ក៏​រក​រឿង​នឹង​លើក​ទ័ព​មក​ប្រឆាំង ។ ព្រះ​ថោង ដឹង​រឿង​ដូច្នោះ ក៏​លើក​ទ័ព​ទៅ​សង្គ្រុប​មុន មិន​ឲ្យ​ដឹង​ខ្លួន ចាប់​បាន​ទាំង​ស្ដេច​ចាម និង​សេនា​ទាហាន ។ ស្ដេច​ចាម អង្វរ​សុំ​ជីវិត សុខ​ចិត្ត​ថ្វាយ​ទឹក​ដី និង​សេនា​ទាហាន ។ ព្រះ​ថោង ក៏​លែង​ទោស ហើយ​ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​ក្រោម ។ ស្ដេច​ចាម ឈឺ​ចិត្ត​ចុក​ឈាម​ស្លាប់​ទៅ ។ ពួក​បណ្ដា​រាស្ត្រ​ចាម​ប្រុស​ស្រី​ប៉ុន្មាន ព្រះ​ថោង ក៏​រឹប​ដាក់​បន្ថោក​សាសន៍​ដាក់​ជា​ជាតិ កួយ ព័រ អស់​ទៅ ។

ក្រោយ​នោះ ព្រះ​ថោង​មាន​សេចក្ដី​អផ្សុក បបួល​សេនា​ទាហាន​ទៅ​លេង​ផ្នូក​ខ្សាច់​ដុះ​ថ្មី ដែល​មាន​ដី​មួយ​ខណ្ឌ ទឹក​មួយ​ខណ្ឌ, ត្រូវ​នឹង​ពេល​នោះ​ទឹក​នាច​ផង ក៏​ជិះ​សេះ​ទៅ​មើល​គ្រប់​កន្លែង​ដី​ដុះ លុះ​កំពុង​តែ​ក្រសាល​សប្បាយ ស្រាប់​តែ​ទឹក​ជោរ​ជន់​មក លិច​អស់ នៅ​សល់​តែ​ត្រង់​កោះ ។ ហើយ​មិន​ព្រម​នាច​ទៅ​វិញ, ទ្រង់​ក៏​ផ្ទំ​លេង​នៅ​នា​កោះ​នោះ ចាំ​ទម្រាំ​ទឹក​នាច ។ ព្រះ​អាទិត្យ អស្ដង្គត​ទៅ, ព្រះ​ចន្ទ​ពេញ​វង់ ក៏​រះ​ឡើង​ភ្លឺ​ត្រចះ​ត្រចង់ ព្រោះ​វេលា​នោះ ជា​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ។

ថ្លែង​ពី​នាង​ទាវដ្ដី1 ជា​បុត្រី​ក្រមុំ​ស្ដេច​ភុជង្គ​នាគ នៅ​នគរ​បាតាល មាន​សេចក្ដី​អផ្សុក នឹង​ទប់​ទល់​តម្កល់​អាត្មា​នៅ​ក្នុង​ប្រាសាទ​ពុំ​បាន ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​បិតា​សុំ​ឡើង​មក​លេង​កម្សាន្ត​នៅ​កោះ​គោក​ធ្លក ។ បិតា​ក៏​បើក​ឲ្យ​តាម​ប្រាថ្នា ។

លុះ​ពេល​អធ្រាត្រ​ស្ងាត់ នាង​ក៏​នាំ​ពួក​ស្រី​បម្រើ​ជាង ១០០ នាក់ ជ្រែក​ផែន​ប្រឹថពី​ឡើង​មក​ស្ថាន​មនុស្ស​លោក​មួយ​រំពេច នាំ​គ្នា​លេង​ទឹក​ននៀល​ននះ តាម​ល្បែង​ភេទ​ជា​នាគ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ នៅ​សល់​តែ​កោះ​ធំ​ជាង​គេ​មួយ​ឆ្ងាយ នៅ​ក្នុង​បាង​សមុទ្រ, នាង​ក៏​នាំ​បរិវារ​ទៅ​មើល​ទៀត ឲ្យ​បាន​គ្រប់​ទី​កន្លែង ។

ហេតុ​តែ​កុសល​របស់​នាង​សាង​ពី​អតីត​ជាតិ​មក ឲ្យ​ជា​គូ​នឹង​ស្ដេច​ព្រះ​ថោង ក៏​បណ្ដាល​ឲ្យ​សេនា​ទាហាន​ដេក​លក់​អស់​គ្មាន​សល់​ម្នាក់ នៅ​តែ​ស្ដេច​ព្រះ​ថោង ដែល​ចេះ​តែ​រសាប់រសល់​ផ្ទំ​មិន​លក់ ។

លុះ​នាង​ទៅ​ដល់​កោះ​នោះ ឃើញ​មនុស្ស​ដេក​លក់​ត្រៀប​ត្រា នាង​ក៏​មាន​សេចក្ដី​តក់ស្លុត នឹក​ថា "ខ្មោច​ព្រាយ​មាយា ធ្វើ​ឲ្យ​សម្បើម​លង​លេង ឬ​មួយ​ជា​មនុស្ស​លោក​ទេ ?” នឹក​ហើយ នាង​លើក​ដៃ​បួង​សួង​នឹក​រលឹក​គុណ​ទេពតា សូម​ជួយ​ឲ្យ​ឃើញ​ស័ក្ដិ​សិទ្ធ​ទាន់​ភ្នែក, បើ​ជា​ខ្មោច​បិសាច សូម​ឲ្យ​រលាយ​បាត់​ទៅ, បើ​ជា​មនុស្ស​លោក​មែន​ៗ ឲ្យ​នៅ​ដូច​ដើម ។ បួង​សួង​គ្រប់ ៣ ដង​ស្រេច​ឃើញ​នៅ​ជា​រូប​មនុស្ស​ដដែល នាង​ក៏​ប្រាប់​ស្រី​បរិវារ​ជាង ១០០ នាក់ ឲ្យ​និម្មិត​ខ្លួន​ជា​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខ្លួន​នាង​ផង ហើយ​ឲ្យ​មាន​កាន់​គ្រឿង​ប្រដាប់​គ្រប់​ដៃ ជា​អ្នក​អញ្ជើញ​គ្រឿង​ហែ​នាង​ទៅ​លេង​តាម​របៀប​ស្ដេច ។ គំនិត​នាង​គិត​ឃើញ​ថា បើ​ពួក​មនុស្ស​ឃើញ​នាង, គេ​ដឹង គេ​នឹង​មិន​មើល​ងាយ​នាង​ឡើយ ព្រោះ​គ្នា​នាង​សុទ្ធ​តែ​ស្រី​ៗ បើ​គេ​ឃើញ​ជា​ក្សត្រី​ដូច្នេះ ទើប​គេ​ខ្លាច ។

ព្រះ​ថោង​ឮ​មាត់​មនុស្ស​ខ្សឹប​គ្នា​រសឹបរសាវ ច្បាស់​ខ្លះ មិន​ច្បាស់​ខ្លះ ទ្រង់​តើន​ឡើង ឈ្មៀង​ព្រះ​នេត្រា​ទៅ ឃើញ​សុទ្ធ​តែ​ហ្វូង​ស្រី​ខ្ញៀវខ្ញារ​គួរ​អស្ចារ្យ ទ្រង់​ទត​ឃើញ​ច្បាស់​ដោយ​ពន្លឺ​ព្រះ​ចន្ទ ទ្រង់​ភិត​ភ័យ​បន្តិច អរ​បន្តិច លាន់​ព្រះ​ឱស្ឋ​ថា "យី ! និម្មិត​នេះ​ជា​អ្វី ? ជា​ខ្មោច​បិសាច អារក្ស អ្នក​តា​ទឹក មក​លេង​អញ ឬ​មួយ​ជា​ទេវតា នាគ វិជ្ជាធរ ហោះ​មក​លេង​ស្ថាន​នេះ ? អញ​ប្រថុយ​ទៅ​សួរ​ឲ្យ​ដឹង​ដាន ព្រោះ​អញ​ជា​ព្រះ​ចៅ​ផែនដី​នេះ" គិត​ស្រេច ស្ដេច​យាង​ចូល​ទៅ​ជិត ឃើញ​នាង​មួយ​មាន​រូប​ល្អ​ឆើត​ពេញ​ព្រះ​ទ័យ សម្បុរ​ភ្លឺ​វិស័យ​មាស មាន​បរិវារ​កាន់​គ្រឿង​ហែហម របៀប​ជា​ក្សត្រី ។

ស្ដេច​មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ថា "ព្រះ​នាង​អើយ ! កុំ​ចាប់​ទោស​អូស​ដំណើរ​យើង, យើង​ជា​ស្ដេច​ផែនដី​កោះ​នេះ, សូម​ព្រះ​នាង​អត់​ទោស ព្រះ​នាង​ជា ទេវតា នាគ វិជ្ជាធរ ឬ​មួយ​ខ្មោច​បិសាច រក្សា​កោះ​នេះ ? យើង​មិន​ដែល​ដឹង​សោះ សូម​ព្រះ​នាង​ប្រាប់ កុំ​លាក់ !” ។ នាង​ទាវដ្ដី​ក្រាប​ទូល​ដោយ​ត្រង់​ថា " ខ្ញុំ​ម្ចាស់ មិន​មែន ទេវតា ខ្មោច បិសាច អ្វី​ទេ ! ខ្ញុំ​ម្ចាស់​ជា​បុត្រី​ព្រះ​បាទ​ភុជង្គ​នាគ មាន​សេចក្ដី​អផ្សុក លា​ព្រះ​បិតា​មក​លេង​កម្សាន្ត​នៅ​ទី​នេះ សូម​ទ្រង់​ជ្រាប !” ។

ព្រះ​ថោង​ឮ​ដូច្នោះ ក៏​មាន​សេចក្ដី​ប្រតិព័ទ្ធ​នឹង​នាង លុង​ព្រះ​ទ័យ​ស្ទើរ​នឹង​ទប់​ទល់​តម្កល់​ព្រះ​កាយ​ពុំ​បាន ក៏​និយាយ​លួង​លោម​ថា ម្ចាស់​អូន​អើយ ! បង​មើល​ទៅ ហាក់​ដូច​ជា​មិន​ទាន់​មាន​ស្វាមី​ទេ" ។ នាង​ក៏​ទូល​ថា "ខ្ញុំ​ម្ចាស់​នៅ​ក្រមុំ​ទេ" ។ ស្ដេច​ទ្រង់​ត្រេក​អរ​ណាស់ ហើយ​ប្រើ​ពាក្យ​លួង​លោម​ព្រះ​នាង​ថា "អូន​អើយ ! បើ​អូន​មាន​ចិត្ត​អាណិត​បង ៗ នឹង​លើក​អូន​ជា​អគ្គ​មហេសី​ធំ ព្រោះ​បង​គ្មាន​អគ្គ​មហេសី​ទេ" ។ នាង​ក្រាប​ទូល​ថា "បើ​ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​ខ្ញុំ​ម្ចាស់ សូម​ចាំ​ខ្ញុំ​ម្ចាស់​ត្រឡប់​ទៅ​ក្រាប​ទូល​បង្គំ​ព្រះ​វរ​បិតា ឲ្យ​ទ្រង់​បាន​ជ្រាប​ជា​មុន​សិន, បើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ព្រមព្រៀង​ហើយ ទ្រង់​នឹង​ហែ​ខ្ញុំ​ម្ចាស់​មក​ផ្សំ​ផ្គុំ​ថ្វាយ, ខណៈ​នេះ ខ្ញុំ​ម្ចាស់ នឹង​កន្លង​បវេណី​មិន​បាន​ទេ ! សូម​ទ្រង់​សណ្ដាប់​ច្បាប់​ស្រុក​ភុជង្គ​នាគ" ។ ព្រះ​ថោង​ថា "ឱ អូន​អើយ ! ជាតិ​ប្រុស និង​ស្រី បើ​មិន​ទាន់​បាន​ប្រតិព័ទ្ធ​នឹង​គ្នា​ទេ ហើយ​សន្យា​ដូច្នេះ, មេឃ​អើយ ! កាល​ណា​នឹង​ទាប​មក" ។ នាង​ទូល​ថា សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះ​ទ័យ, នគរ​យើង​ឯ​នាយ​កាន់​សច្ចៈ​ជាប់ ហៅថា "ពាក្យ​សង្ឃ ពាក្យ​សត្យ", តែ​ចាក​សច្ចៈ​ហើយ នឹង​រលត់​រលាយ​ជីវិត​មួយ​រំពេច" ។ ព្រះ​ថោង ថា "អូន​អើយ ! បង​ជឿ​ហើយ តែ​មិន​ទាន់​ស្រឡះ​ចិត្ត" ។ នាង​ថា "បើ​ព្រះ​អង្គ មិន​អស់​មន្ទិល​ក្នុង​ព្រះ​ទ័យ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​ស្លា​មួយ​មាត់​ទុក​បញ្ចាំ​ចិត្ត" ។ (ប្រហែល​ជា​ត្រង់​ណេះ​ហើយ ដែល​យើង​រៀប​ការ​សព្វ​ថ្ងៃ បង្គាប់​ស្រី​ឲ្យ​បៀក​ស្លា​មួយ​ម៉ាត់​ជូន​ដល់​ដៃ​ប្ដី​ថ្មី​ថ្មោង នៅ​ពេល​តោង​ស្បៃ​គ្នា​ចូល​ទៅ​ក្នុង​បន្ទប់) ។ រួច​នាង​ក៏​លា​ព្រះ​ថោង ទៅ​ស្ថាន​ភុជង្គ​នាគ ក្រាប​ទូល​បិតា​មាតា តាម​ដំណើរ​រឿង​សព្វ​គ្រប់ ។

ស្ដេច​ភុជង្គ​នាគ​យល់​ព្រម​តាម​បុត្រី ទ្រង់​ឲ្យ​រៀប​ពល​សកល​យោធា និង​គ្រឿង​បណ្ណាការ ហែ​កូន​ស្រី​ឡើង​មក​ឋាន​មនុស្ស​លោក, ទ្រង់​បង្គាប់​សេនា​នាគ​រាជ ដែល​មាន​ឫទ្ធិ​ទាំង​ប៉ុន្មាន ឲ្យ​ជប់​បង្អុះ​ទឹក​ឲ្យ​គោក​ជា​ផែនដី​ធំ​ទូលាយ​ឡើង ហើយ​ឲ្យ​និម្មិត​ជា​វាំង​ប្រាសាទ បាន​គ្រប់​គ្រាន់ កុំ​ឲ្យ​ខ្វះ​ចន្លោះ​អ្វី ។

ស្ដេច​ព្រះ​ថោង ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​បិតា​មាតា​ក្មេក ។ ស្ដេច​នាគ ទ្រង់​បង្គាប់​ឲ្យ​ព្រះ​សុណិសា​រៀប​ខ្លួន ព្រម​ទាំង​សេនា នឹង​រៀប​មង្គល​ការ​ផ្សំ​ផ្គុំ​អភិសេក​ឲ្យ​សោយ​រាជ​សម្បត្តិ ។ លុះ​រួច​ស្រេច​មង្គល​ការ​នៅ​ទីនោះ​ហើយ នឹង​ត្រូវ​យាង​ស្ដេច​ទៅ​អភិសេក​ឯ​ឋាន​ភុជង្គ​នាគ​ម្ដង​ទៀត ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ស្គាល់​ផង នឹង​ថ្វាយ​នាម​នគរ តាម​បុត្រ​ទាំង​ពីរ ជា​ថ្មី​ផង ។

ព្រះ​ថោង ឮ​ដូច្នោះ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ជា​អនេក ដោយ​យល់​ថា "ព្រះ​អង្គ​ជា​មនុស្ស នឹង​ជ្រែក​ដី​ទៅ​តាម​បង្គាប់​បិតា​ក្មេក​ដូច​ម្ដេច​បាន ? មុខ​ជា​ខ្មាស​គេ​ក្នុង​គ្រា​នេះ​ហើយ", ព្រះ​អង្គ​ទ្រង់​វិតក្ក​ឡើង​ព្រះ​ភក្ត្រ​ក្រហម​ជាំ​ខ្មៅ ។

ព្រះ​នាង​នាគ​អគ្គ​មហេសី​ឃើញ​ដូច្នោះ ក៏​ទូល​សួរ​ភ្លាម​ថា "ហេតុ​អ្វី បាន​ជា​ព្រះ​អង្គ​ពុំ​សប្បាយ​ព្រះ​ទ័យ ហើយ​មិន​សោយ​ព្រះ​ស្ងោយ​ដូច្នេះ ? ឬ​ក៏​ព្រះ​អង្គ​អាក់​អន់​ព្រះ​ទ័យ​នឹង​ខ្ញុំ​ម្ចាស់​ពី​រឿង​អ្វី​ឬ ? ឬ​មួយ ព្រះ​អង្គ​អាក់​អន់​ព្រះ​ទ័យ​នឹង​មន្ត្រី​មនុស្ស – មន្ត្រី​នាគ​ធ្វើ​ឲ្យ​ខុស​ឆ្គង ? សូម​ព្រះ​អង្គ​ស្វាមី​មាន​ព្រះ​បន្ទូល​ឲ្យ​ខ្ញុំ​ម្ចាស់​ដឹង​ផង" ។ ព្រះ​ថោង ដោយ​មាន​សេចក្ដី​ស្នេហា​នឹង​មហេសី​ថ្មី​ថ្មោង​ស្មើ​ជីវិត នឹង​លាក់​ពុំ​បាន, បើ​តាម​សេចក្ដី​ខ្មាស​មិន​ចង់​ប្រាប់​ទេ តែ​ខំ​ស្ដី​កាត់​ទាំង​ក្ដី​អៀន​ខ្មាស​ថា "ហៃ​អូន​ជីវិត​បង ! បង​គ្មាន​អាក់​អន់​នឹង​អូន ឬ​មន្ត្រី​ណា​ទេ ! បង​ព្រួយ ព្រោះ​ព្រះ​វរ​បិតា​ឲ្យ​បង​ទៅ​រៀប​អភិសេក​ឯ​ឋាន​ភុជង្គ​នាគ​ទៀត អូន​ដឹង​ទេ ! ខ្លួន​បង​ជា​មនុស្ស ធ្វើ​ម្ដេច​នឹង​ទៅ​តាម​អូន​បាន ? ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​បង​ព្រួយ" ។ នាង​ក្រាប​ទូល​ថា "ការ​ត្រង់​នេះ ស្រេច​នៅ​លើ​ខ្ញុំ​ម្ចាស់ កុំ​ព្រះ​អង្គ​ព្រួយ ! សុំ​ព្រះ​អង្គ​ស្ដេច​សោយ​ព្រះ​ស្ងោយ​ឲ្យ​ស្កប់​ស្កល់​ទៅ ! ចាំ​ដល់​ពេល​ដែល​ហែ​ចេញ​ទៅ សូម​ព្រះ​អង្គ​ចាប់​ជាយ​ស្បៃ​ខ្ញុំ​ម្ចាស់​ឲ្យ​ជាប់​កុំ​លែង គង់​នឹង​ទៅ​រួច​ដូច​គេ​ហើយ ឯ​ពួក​នាម៉ឺន​មុខ​មន្ត្រី និង​សេនា​ទាហាន ដែល​ហែ​ទៅ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​តោង​តែ​ជាយ​ព្រះ​ពស្ត្រ​ព្រះ​រៀម​ឲ្យ​ជាប់ ក៏​អាច​ទៅ​បាន​ដល់​ឋាន​ភុជង្គ​នាគ​ដូច​គ្នា គ្មាន​បញ្ហា​អ្វី​ឡើយ ។

ព្រះ​ថោង ក៏​មាន​សេចក្ដី​ត្រេក​អរ​ឡើង​វិញ ហើយ​ទ្រង់​ប្រាប់​មន្ត្រី​ទាំង​អស់ តាម​បង្គាប់​អគ្គ​មហេសី ។ លុះ​ដល់​វេលា​នឹង​ហែ​ទៅ ព្រះ​ថោង ក៏​តោង​ជាយ​ស្បៃ​នាង​ទាវដ្ដី, ពួក​នាម៉ឺន​មន្ត្រី ក៏​តោង​ព្រះ​ពស្ត្រ​ស្ដេច​ត​ៗ​គ្នា គ្រប់​ទាំង​ប្រុស​ទាំង​ស្រី ទៅ​រហូត​ដល់​ឋាន​ភុជង្គ​នាគ ។

ព្រះ​បាទ​ភុជង្គ​នាគ រៀប​អភិសេក​កូន​នៅ​ឋាន​ភុជង្គ​នាគ​រួច ទ្រង់​ក៏​ថ្វាយ​នាម​ជា​ថ្មី​ទាំង​អស់ ។ ព្រះ​ថោង ជា​ព្រះ​បាទ​អាទិច្ចវង្សា, នាង​ទាវដ្ដី ជា​នាង​ទាវធីតា, កោះ​គោក​ធ្លក ជា​ក្រុង​កម្ពុជា​ធិបតី ដែល​ឋិត​នៅ​ក្នុង​ការ​ទំនុក​បម្រុង​នៃ​នគរ​ភុជង្គ​នាគ ។ ព្រះ​បាទ​ភុជង្គ​នាគ ទ្រង់​ចាត់​នាគ​សេនា​មាន​ឫទ្ធិ ២ រូប ឲ្យ​មក​គាល់​បម្រើ និង​ការពារ​ជានិច្ច បង្ការ​ក្រែង​បើ​មាន​ភ័យ​សឹក​សង្គ្រាម​មក​សង្កត់​សង្កិន នឹង​បាន​ដឹង​ដំណឹង​ឆាប់ អាច​ឲ្យ​លើក​ពល​សកល​យោធា​មក​ជួយ​ការពារ​ទាន់ ។

ត្រង់​នេះ​ហើយ ដែល​គេ​តែង​តែ​ធ្វើ​ត​មក​ដល់​សព្វ​ថ្ងៃ គឺ​កាល​ណា​ក្រោក​ឡើង​ពី​អង្គុយ​ផ្ទឹម​សំពះ​ការ គេ​ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ទៅ​ក្នុង​បន្ទប់ ដោយ​យក​តម្រាប់​តាម​ព្រះ​បាទ​អាទិច្ចវង្សា ដែល​តោង​ស្បៃ​នាង​នាគ​ជា​អគ្គ​មហេសី​ទៅ​ឋាន​ភុជង្គ​នាគ​នោះ​ឯង ។