ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/8

From Wikisource
Jump to navigation Jump to search

៨- អ្នក​តា​យាយ​ខ្មៅ


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៥១ – ៥៦




នៅ​ភូមិ​សង្កែ សង្កាត់​ទ្រឿងខាញ ស្រុក​បាសាក់ ខែត្រ​ឃ្លាំង មាន​អ្នក​តា​មួយ​ឈ្មោះ​យាយ​ខ្មៅ ។ តាម​រឿង​រ៉ាវ​ដែល​ចាស់​ព្រឹទ្ធាចារ្យ​បាន​ចាំ​តែង​តំណាល​តៗ​គ្នា​មក មាន​សេចក្ដី​ថា ៖

កាលដែល​ពុទ្ធ​សករាជ​កន្លង​ទៅ ប្រមាណ​ជា ២. ០០០​ឆ្នាំ នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​នាម​លោក​តា ស្រី ដើម​ឡើយ​លោក​បួស​នៅ​វត្ត​ពាង​សំរឹទ្ធ សង្កាត់​អាំងនិញ ខែត្រ​ជា​មួយ​គ្នា ។ លោក​គ្រូ​អង្គ​នោះ បាន​និមន្ត​ទៅ​ក​វត្ត​ថ្មី នៅ​ភូមិ​សង្កែ ហៅ​តាម​នាម​ភូមិ​ថា "វត្ត​សង្កែ" ។ កាល​ដែល​ផ្ដើម​ក​វត្ត​នោះ លោក​បាន​បោះ​គោល​ចារឹក​ទី​បរិវេណ​វត្ត​ជា ៤ ជ្រុង ទំហំ​ដី​វត្ត​ប្រមាណ​ជា ២ ហិកតារ ហើយ​បាន​សាង​វិហារ​សង់​កុដិ សាលា ដោយ​គ្រឿង​ឈើ​ប្រក់​ស្លឹក ។ លើ​ដី​ជុំវិញ​វត្ត លោក​ដាំ​ដើម​ឈើ​ផ្សេង​ៗ មាន​ចេក​ជា​ដើម ។ មាន​កន្លែង​មួយ​នោះ ដាំ​ដើម​ចេក​ទៅ​ចេះ​តែ​រលួយ​គល់​ងាប់​ទាំង​ដើម​ទៅ លោក​គ្រូ​ចង់​ឈ្នះ ក៏​ប្រើ​សិស្ស​ឲ្យ​ដាំ​ចេក​នៅ​កន្លែង​នោះ​ទៀត អស់​វារ ២​ដង នៅ​តែ​ងាប់​ដដែល ។ លុះ​ដាំ​លើក​ទី ៣ ស្រាប់​តែ​ឃើញ​ចេក​នោះ​នោះ​រស់ ដុះ​ឡើង​មាន​ចុង​ពត់​ចាក់​ចុះ​ទៅ​ក្នុង​ដី ក្បែរ​គល់​តែ​ម្ដង ឯ​ដើម​ពង់​កោង​ឡើង​ផុត​ពី​ដី ។ លោក​តា​ឃើញ​ដូច្នោះ មាន​សេចក្ដី​សង្ស័យ​ណាស់ ទោះ​ប្រើ​កូន​សិស្ស​ឲ្យ​ជីក​ដី​ត្រង់​កន្លែង​នោះ ជម្រៅ​ប្រមាណ ១ម​៥០ ក៏​ឃើញ​ថ្ម ២​ផ្ទាំង​ត្រួត​លើ​គ្នា ថ្ម​មាន​ភាព​ដូច​គ្នា​ទាំង​ពីរ​ផ្ទាំង ហើយ​មាន​ពណ៌​ដូច​ថ្លើម​អណ្ដើក មាន​ប្រហោង ៤ ជ្រុង​ត្រង់​កណ្ដាល ឥត​មាន​ក្បាច់​អ្វី​ទេ ។

អំពី​លក្ខណៈ នៅ​វេលា​ដែល​លោក​គ្រូ​លើក​ផ្ទាំង​ថ្ម​នោះ​ឡើង ក៏​បាន​ឃើញ​បដិមា​មួយ​មិន​ច្បាស់​ជា​រូប​អ្វី ធ្វើ​ដោយ​ថ្ម ឋិត​នៅ​ពី​ខាង​ក្រោម​ផ្ទាំង​ថ្ម​នោះ​ឯង ។ ពេល​នោះ​ព្រះ​សង្ឃ ព្រម​ទាំង​ឧបាសក-សិកា​ស្រុក​ជិត​ឆ្ងាយ ផ្អើល​បបួល​គ្នា​មក​មើល​យ៉ាង​សន្ធឹក​សន្ធាប់ ថែម​ទាំង​បបួល​គ្នា​ធ្វើ​បុណ្យ ៣ យប់ ៣ ថ្ងៃ​ផង ចម្រើន​ព្រះបរិត្ត រួច​ហើយ​យក​អំបោះ​ចង​កួច​ភ្ជាប់​នឹង​រូប​នោះ អន្ទង​លើក​ឡើង​ដុស​លាង​ស្អាត​បាត​ហើយ ទោះ​ឃើញ​ប្រាកដ​ជា​រូប​ស្ត្រី​ភេទ មាន​ផ្នួង​សក់​ខាង​លើ​ចំ​កណ្ដាល​សិរសា ។ នៅ​លើ​ថ្ងាស​មាន​ជរ​ទ្រ​ជើង​សក់ លែង​ខ្លួន​ទទេ​ត្រឹម​ចង្កេះ ហើយ​មាន​ស្នាម​ឆូត​ៗ ជា​ក្រវាត់​ចង​លើ​ថ្នក់​សំពត់ ឯ​សំពត់​ស្លៀក​សម្លុយ​ចុះ​ក្រោម​ដៃ​សង​ខាង​សណ្ដូក​ចុះ​ក្រោម​តាម​ដង​ខ្លួន ពី​ត្រឹម​កែង​ដៃ​អង្កុញ​បត់​ទៅ​មុខ ។ ដៃ​ស្ដាំ​ក្ដាប់​ចុះ​ក្រោម ដៃ​ឆ្វេង​ក្ដាប់​ផ្ងារ​ឡើង​លើ ទទឹង​ស្មា ១ម​១៣ កម្ពស់​ពី​បាត​ជើង​ទៅ​ដល់​ត្រឹម​ផ្នួង​សក់ ១ម​៥៣ ឈរ​លើ​ផែន​ថ្ម​មួយ​ផ្ទាំង​រាង ៤ ជ្រុង ក្នុង​១​ជ្រុង​ប្រវែង ១ម​១៤ កម្រាស់ ០ម​០៤ ។ ឥឡូវ​នេះ គេ​ប្រើ​លាប​ម្រ័ក្សណ៍​ទាំង​អស់​ទៅ​ហើយ ពិនិត្យ​មើល​ទៅ​មិន​ដឹង​ជា​ថ្ម​ពណ៌​អ្វី​ឡើយ ថែម​ទាំង​គេ​តម្កល់​បដិមា​នោះ​លើ​បល្ល័ង្ក​ឈើ ហើយ​សង់​សាលា​មួយ​ខ្នង​ដាក់​រូប​នោះ​ទៀត​ផង ។

អំពី​ការ​បញ្ជាន់​រូប តាម​ដំណើរ​នៃ​រឿង​នោះ​ថា: កាល​នោះ​មាន​យាយ​ចាស់​ម្នាក់​ឈ្មោះ យាយ​ខ្មៅ ផ្ទះ​គាត់​នៅ​ជិត​វត្ត​នោះ គាត់​ឈឺ​ស្ពឹក​ហើម​ជាង ២ ឆ្នាំ​មក​ហើយ ។ លុះ​បាន​ឮ​គេ​ផ្អើល​មក​គោរព​បូជា​ដល់​រូប​នោះ​គគ្រឹក​គគ្រេង ក៏​ប្រើ​កូន​ចៅ​ឲ្យ​ទៅ​សុំ​ទឹក​អប់​អំពី​រូប​នោះ​មក​ល្បង​មើល លុះ​បាន​ទឹក​អប់​មក គាត់​អាស្រ័យ​ផង​លាប​ខ្លួន​ប្រាណ​ផង ។ ចាប់​ដើម​ពី​ថ្ងៃ​ដែល​គាត់​បាន​ព្យាបាល​រោគ ដោយ​ទឹក​អប់​នោះ​មក រោគ​គាត់​ក៏​បាន​ស្រាក​ស្រាន្ត​បន្តិច​ម្ដង​ៗ អស់​រយៈ​កាល​តែ ៧ ថ្ងៃ​ប៉ុណ្ណោះ យាយ​ខ្មៅ​ក៏​បាន​ដើរ​រួច ហើយ​ឲ្យ​កូន​នាំ​គាត់​ទៅ​វត្ត​នោះ លុះ​ទៅ​ដល់​ហើយ គាត់​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ ស្រាប់​តែ​ខ្មោច​ចូល​គ្រញែង​ខ្លួន​ដូច​ជា​អារក្ស​ជាន់ ក្រោក​ឡើង ស្រែក​ច្រៀង​ជា​បទ​ភ្លេង​ទស​បារមី ហើយ​រាំ​ដើរ​ប្រទក្សិណ​រូប​នោះ រួច​និយាយ​ថា: លោក​គ្រូ​មិន​ស្គាល់​យើង​ទេ​ឬ? ឯ​លោក​គ្រូ​ចៅ​អធិការ​ក៏​ឆ្លើយ​តប​ទៅ​វិញ: "អាត្មា​មិន​ស្គាល់​លោក​យាយ​ទេ ចុះ​លោក​យាយ​ឈ្មោះ​អ្វី? ដូចម្ដេច​បាន​ជា​មក​កាប់​ខ្លួន​នៅ​ក្នុង​ដី​នេះ? តើ​នរណា​យក​មក​កប់​ទុក​ដូច្នេះ?” យាយ​ខ្មៅ​ចូល2​រូប​នោះ​តប​វិញ​ថា: "យើង​នេះ​ឈ្មោះ​ទេព​ធីតា​រក្សា​មនុស្ស​លោក ការ​ដែល​មក​កាប់​ខ្លួន​ក្នុង​ប្រឹថពី​នេះ ឬ​អ្នក​ណា​យក​មក​នោះ យើង​ឥត​ដឹង​ទេ យើង​តែង​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស​លោក​ជានិច្ច មិន​មែន​ឋិត​នៅ​ក្នុង​ទី​តែ​មួយ​នេះ​ទេ ក៏​ឥឡូវ​នេះ​យើង​មក​ចូល​រូប​យាយ​ខ្មៅ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ក្នុង​ស្រុក​នេះ ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ទាំង​អស់​គ្នា បើ​លោក​គ្រូ​ចង់​ឲ្យ​វត្ត​នេះ​បាន​ថ្កុំថ្កើង​រុង​រឿង ត្រូវ​ធ្វើ​តាម​បង្គាប់​យើង​។

អំពី​របៀប កាល​ដែល​យាយ​ខ្មៅ​ថ្លែង​ប្រាប់​លោក​គ្រូ​អធិការ​ដូច្នេះ​រួច​ហើយ លោក​ក៏​ចាត់​ការ​ឲ្យ​ធ្វើ​តាម​បង្គាប់​គឺ: ឲ្យ​ធ្វើ​រាន ៨​ថ្នាក់ ១ ស្លា​ធម៌ ១​គូ ទឹក​អប់ ១​គូ បាយ​សី ១​គូ ក្លស់​បាំង ១​គូ ទៀន ៥ ធូប ៥ ព្រម​ទាំង​លាជ​និង​ផ្កា រួច​ហើយ​មាន​ឲ្យ​លេង​ភ្លេង​ខ្មែរ​បញ្ជាន់​រូប​យាយ​ខ្មៅ​ថែម​ទៀត ។ គ្រឿង​សែន​ថ្វាយ តាំង​ពី​បុរាណ​កាល​មក​ទល់​គ្នា​នឹង​សម័យ​សព្វ​ថ្ងៃ​នេះ ក៏​នៅ​តែ​ដូច​ដើម​ដដែល ឥត​មាន​ការ​ប្លែក​ឡើយ ។

អំពី​ពិធី​បន់​ស្រន់ កាល​ដើម​បើ​មាន​ជំងឺ​កើត​ឡើង​ក្ដី ឬ​មាន​ប្រាថ្នា​ការ​អ្វី​ក្ដី ប្រាថ្នា​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ល្អ ជួញ​ប្រែ​ឲ្យ​បាន​ចំណេញ​ឬ​ស្បថ​ស្បែ​នឹង​គ្នា​ក្ដី គេ​តែង​ទៅ​បន់​ស្រន់​សុំ​ទឹក​អប់ អំបោះ​ចង​ដៃ​និង​ក តាម​សេចក្ដី​ដែល​គេ​ប្រាថ្នា​នោះ ដោយ​ហោច​ទៅ សូម្បី​តែ​ចង់​បាន​បុត្រ​ធីតា ក៏​ទៅ​សុំ​នៅ​ទី​នោះ​ដែរ ការ​បន់​ស្រន់​នេះ​នៅ​មាន​ដដែល តាំង​ពី​បុរាណ​កាល​មក​រហូត​ដល់​សព្វ​ថ្ងៃ ឥត​កែ​ប្រែ​ឡើយ ។ អំពី​ការ​សែន​ថ្វាយ គ្រឿង​តង្វាយ​មាន ហែ​ផ្កា ថ្វាយ​អង្ស័ក កង​ក កង​ដៃ-អង្កាំ ចិញ្ចៀន​សុទ្ធ​តែ​ធ្វើ​ដោយ​មាស ទម្ងន់​ពី​មួយ​ជី​ទៅ​ដល់ ១​តម្លឹង​ក៏​មាន ។ ជួន​កាល​គេ​ថ្វាយ​បាយ​សី-ស្លា​ធម៌​ដូង ចេក នំ ឬ ក្លស់ ។ សព្វ​ថ្ងៃ​នេះ គេ​ច្រើន​តែ​ថ្វាយ​ឡង់​មួយ​គូ​ប៉ុណ្ណោះ អ្នក​ខ្លះ​បន់​កោរ​សក់​ថ្វាយ​ក៏​មាន ។ លុះ​យាយ​ខ្មៅ​នោះ​ស្លាប់​ទៅ ក៏​ទៅ​ចូល​រូប​យាយ​ដទៃ​ទៀត​ជា​ច្រើន​តំណ ទល់​មក​ដល់​សព្វ​ថ្ងៃ ទោះ​ចូល​រូប​យាយ​ណា​ក៏​ដោយ ក៏​នៅ​តែ​ហៅ​ថា: "យាយ​ខ្មៅ" ដូច​ឈ្មោះ​យាយ​ដែល​ចូល​រូប​ពី​ដំបូង​នោះ​ដែរ ។

អំពី​បទ​ភ្លេង ពិធី​បញ្ជាន់​រូប​យាយ​ខ្មៅ​នោះ មាន​របៀប​សែន​ថ្វាយ​ដូច​បាន​បរិយាយ​មក​ខាង​លើ​ស្រាប់ ឯ​បទ​ភ្លេង​នោះ​មាន​តែ ១​ទេ​គឺ: ភ្លេង​ទស​បារមី ឬ​ហៅ​យ៉ាង​ខ្លី​ថា: បារមី​ដូច្នេះ​វិញ​ក៏​បាន មាន​ទំនុក​ច្រៀង​ថា :

សូម​ថ្វាយ​បង្គំ សម្ដេច​បារមី

មាន​រិទ្ធិ​ក្រាស​ក្រៃ អំណាច​ជាក់​ស្ដែង ។

មិន​ដឹង​ទេ​ឬ? ឈ្មោះ​ទេព​ធីតា

ចុះ​មក​រក្សា មនុស្ស​លោក​សព្វ​ថ្ងៃ ។

អញ្ជើញ​គ្រូ​តូច អញ្ជើញ​គ្រូ​ធំ

ស្ថិត​នៅ​លើ​កំពូល​ភ្នំ កៃលាស​ឋាន​នាយ ។

នាង​ស្រី​សែន​ស្រណោះ អណ្ដាត​ជា​ភ្លើង

គ្រលួច​ឆេះ​ឡើង បង្ក្រាប​បិសាច ។