ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/4
៤- អ្នកតា ត្រងោល
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ២៩ –៣៣
អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខែត្រតាកែវ ។ តាំងពីដើមរៀងមករាល់ឆ្នាំ អ្នកស្រុកតែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីទូទៅ ពេញទាំងស្រុកព្រៃកប្បាសទាំងមូល ។
ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ ខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ ៖
មានយាយម្នាក់ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជារូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ ។ កាលដែលគាត់នៅរស់នៅឡើយកាលណាជិតដល់កំណត់ថ្ងៃ ខែ ដែលត្រូវឡើងអ្នកតានោះ គាត់តែងតែដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់អង្គាសដល់ផ្ទះខ្ញុំៗ ក៏បានសាកសួរគាត់ អំពីរឿងឡើងអ្នកតានោះយ៉ាងណាៗខ្លះ? យាយដុលក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា : "ឱ ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិនគួរនិយាយសោះ ព្រោះអាសអាភាសពន់ពេកណាស់ លាក់បាំងអីចៅអើយ ! ដល់ពេលឡើងអ្នកតានោះម្ដងៗ គេដេញប្រុសៗចេញឲ្យអស់ ហើយស្រីៗទាំងប៉ុន្មាននាក់ដែលនៅឡើងអ្នកតានោះ គេនាំគ្នាដោះសំពត់អាវចេញពីខ្លួន នៅតែខ្លួនទទេ រួចហើយ ស្រីខ្លះដំក្បាលជង្គង់ធ្វើស្គរ ស្រីខ្លះយកឈើមកធ្វើជាទ្រ ជាចាប៉ី ប៉ីអ ស្រីខ្លះច្រៀងរាំលេង សប្បាយតាមតាមមតិរៀងៗខ្លួន រួចអំពីធ្វើភ្លេង ច្រៀងរាំ ក៏ចាប់ផ្ដើមបោកចំបាប់គ្នា បោកផ្ដួលទៅ រួចដេញចាប់គ្នាទៀត ខ្លះទៅយកដុំថ្មរូបអ្នកតាពីខ្ទមមក ហើយសួរថា: លោកតាឲ្យទឹកភ្លៀងឬមិនភ្លៀងទេ បើមិនឲ្យទេភ្លៀងទេ យើងនឹងនាំគ្នាជិះជាន់លោកតាឯងទាល់តែស្លាប់ ស្រីៗឯទៀតនាំគ្នាឆ្លើយដោយឧបកិច្ចថា : យើងឲ្យភ្លៀងហើយ ! យើងឲ្យភ្លៀងហើយ ! ។
គេលេងដូច្នេះ ចាប់តាំងពីម៉ោងបីរសៀលរហូតម៉ោង ៥ ទើបឈប់ ។ តមកពួកស្រីក្មេងៗ ក្នុងចំណោមស្រីអ្នកលេងទាំងប៉ុន្មាន ក៏នាំគ្នាដងទឹក យកមកឲ្យស្រីចាស់ៗ អ្នកលេងនោះងូត ជួនកាលមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះក៏មាន រំលង ២-៣ ថ្ងៃ ទើបមានភ្លៀងក៏មាន គឺថាឆុតឆាប់ណាស់ ។ របៀបលើងអ្នកតានោះ គេលេងភ្លេងឧបកិច្ចគ្មានលេងភ្លេងមែនទែនទេ ។ ឯប្រដាប់ប្រដាគ្រឿងសំណែនវិញមាន: គោ ១ ស្រា ១ទិនរាល់ៗឆ្នាំ ។ ព្រោះហេតុនោះហើយ បានជាដល់រដូវថ្ងៃ ខែឡើងអ្នកតា គេដើររៃប្រាក់ស្រូវពីអ្នកស្រុក ដើម្បីនឹងយកទៅចាត់ចែងការនោះ ឲ្យបានគ្រប់គ្រាន់ ។
កាលដែលយាយដុលនិយាយចប់ហើយ ខ្ញុំក៏សួរតទោទៀត ៖ "លោកយាយ ! ចុះលោកតាហ្នឹងម្ដេចក៏ត្រូវការតែស្រីម្ល៉េះ ! បណ្ដោយឲ្យស្រីអាក្រាតឲ្យជិះជាន់ប្រព្រឹត្តអាការមិនគប្បីដូច្នេះ ? ម៉្យាងទៀត រឿងដើមតើយ៉ាងនាំបានជាគេហៅថា "អ្នកតាត្រងោល" ពីដើមមកគាត់ចេះ មន្តអាគមអ្វី បានជាហៅភ្លៀងបាន ធ្វើថ្ងៃណាភ្លៀងថ្ងៃហ្នឹង ? ។
យាយដុលក៏និយាយថា : យាយបានដឹងបន្តិចបន្តួច តាមឮចាស់ៗនិទានតៗ មកថា : អ្នកតា កាលដើមជាមនុស្សធម្មតា តែមិនដឹងឈ្មោះអ្វីឲ្យប្រាកដទេ គាត់កោរត្រងោល ចេះមន្តអាគមច្រើនជាអ្នកខ្លាំងពូកែណាស់ ហើយមេឃងងឹតប្រុងនឹងភ្លៀង គាត់គ្រាន់តែបាចអង្គរ សូត្រសែកមន្តអាគមទៅ ខ្យល់ផាត់មេឃស្រឡះធេង បាត់ពពកភ្លៀងអស់មួយរំពេច ។ បើគាត់ចង់ឲ្យភ្លៀងវិញ កាត់តាំងពិធីមានស្លាធម៌ បាយសី ប្រដាប់ប្រដាគាត់ជាច្រើន ហើយសូត្រមន្តអាគម (មហាមេមហាដាល" របស់គាត់ មិនយូរប៉ុន្មាន មេឃឡើងខ្មៅ ភ្លៀងធ្លាក់ចុះមួយរំពេច ។
អ្នកស្រុកឃើញដូច្នោះ កោតខ្លាចគោរពរាប់អានគាត់គ្រប់គ្នា ។ លុះគាត់ស្លាប់ទៅ អ្នកស្រុកនៅតែគោរពគាត់ជានិច្ច ទើបយកដីឥដ្ឋមកប៉ាន់ធ្វើជារូបគាត់ឡើង មានក្បាលត្រងោលដូចរូបគាត់កាលនៅរស់ បើគេចង់បានទឹកភ្លៀង គេនាំរៀបចំធ្វើគ្រឿងព្លីការបូជាគាត់សុំទឹកភ្លៀងរៀងរាល់ឆ្នាំ តាមចំណាំដែលធ្លាប់ឃើញគាត់ធ្វើអំពីកាលដែលគាត់នៅរស់នោះរៀងរហូតមកដល់សព្វថ្ងៃ ។ ខ្ញុំក៏សួរបញ្ជាក់យាយដុលទៀតថា ៖ ចុះហេតុអ្វី ក៏ចាំស្រីៗអាក្រាតកេរ្តិ៍ខ្មាសទៅធ្វើដូច្នេះ យាយក៏ឆ្លើយថាខ្ញុំលែងដឹងហើយ ចៅឯងលែងសួរខ្ញុំទៅ ខ្ញុំមិនដឹងទេ ។
ខ្ញុំបាននិយាយទៅយាយនោះវិញថា តាមមតិរបស់ខ្ញុំៗយល់ថា: ប្រហែលជាតាត្រងោលហ្នឹង កាលគាត់នៅរស់នៅឡើយ គាត់ស្អប់ស្រីៗណាស់ បើឃើញស្រីៗ ទៅឱបប្រឡែងនឹងគាត់ៗ តែងឲ្យវត្ថុអ្វីៗទៅស្រីនោះ ដើម្បីឲ្យដើរចេញពីគាត់ឆាប់ៗទៅ ព្រោះគាត់ជិនណាយធុញទ្រាន់នឹងកាមតណ្ហា ។
ហេតុនេះហើយ បានជាអ្នកស្រុក កាលណាចង់បានទឹកភ្លៀង ឲ្យស្រីៗអាក្រាតៗទៅជិះជាន់គាត់ៗ ធុញថប់គាត់ៗ ក៏ខំសូត្រអាគមខាបទឹកភ្លៀងមកឲ្យឆាប់ៗ ដើម្បីឲ្យស្រីៗ អស់ហ្នឹង ឆាប់នាំគ្នាទៅផ្ទះឲ្យស្រឡះពីមុខគាត់ទៅ ក្រែងអីចឹងទេដឹងលោកយាយ? យាយឆ្លើយថា: យាយលែងដឹងហើយហើយចៅ យាយលាទៅផ្ទះហើយ ។