Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/28

From Wikisource

២៨- អ្នក​តា​ព័ន្ធ​សាឡី


ចឋប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៩៨ – ២០៣




អ្នក​តា​ព័ន្ធ​សាឡី ស្ថិត​នៅ​ចុង​ដី​ដុះ លូត​ចូល​ទៅ​ក្នុង​ព្រែក​ខាង​ជើង​កំពង់​ស្នេហ៍ ចម្ងាយ​ប្រមាណ ៤​គម. ពី​ភូមិ​ទ័ព​ស្ដេច នៅ​ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។ ផ្ទៃ​ដី​ដែល​ជា​កន្លែង​អ្នក​តា​នេះ ប្រមាណ​ជា ៣០០​ម. X ១.០០០ម. សុទ្ធ​សឹង​ជា​ត្រោក​និង​ព្រៃ​រនាម​ពាស​ពេញ ។

អ្នក​តា ព័ន្ធ​សាឡី នេះ អ្នក​ស្រុក​មិន​ដែល​ហៅ​ថា "អ្នក​តា" ទេ គេ​ហៅ​ថា "អស់​លោក​ព័ន្ធ​សាឡី" ។ ពាក្យ​ថា "អ្នក​តា" និង "អស់​លោក" សឹង​មាន​ន័យ​ព្រលាំ​គ្នា ប៉ុន្តែ​ពាក្យ​ថា "អស់​លោក" គេ​ច្រើន​ហៅ​ចំពោះ​អ្នក​តា ឬ​បង់​បត់​ណា ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពូកែ ហើយ​ចេះ​រក្សា​នូវ​ពាក្យ​សត្យ គួរ​ឲ្យ​មនុស្ស​លោក​គោរព​បូជា។ ដូច្នេះ ពាក្យ​ថា "អស់​លោក" គឺ​ជា​ពាក្យ​ខ្ពស់​ជាង​ពាក្យ​ថា "អ្នក​តា" ។

អ្នក​តា​នេះ មាន​ខ្ទម​សង់​ដោយ​ឈើ ប្រក់​ក្បឿង នៅ​ក្រោម​ដើម​ឈើ​មួយ ។ នៅ​ក្នុង​ខ្ទម​គ្មាន​រូប​សំណាក​អ្វី​ជា​ពិសេស​ទេ មាន​តែ​ថ្ម​ពីរ​ដុំ ទំហំ​ល្មម​លើក​ម្នាក់​រួច​ប៉ុណ្ណោះ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ដុំ​ថ្ម​នោះ​ក៏​បែក​បាក់​ជា​ច្រើន​បំណែក​ទៅ​ហើយ ។


ប្រវត្តិ​អ្នក​តា

កាល​ពី​សម័យ​មុន​យូរ​មក​ហើយ​នោះ ត្រង់​កន្លែង​អ្នក​តា​នេះ មាន​ដើម​សាលី2​ប្រាំ​មួយ​ដើម ដើម​ស្នាយ​មួយ​ដើម និង​ព្រៃ​រនាម​ដុះ​ព័ទ្ធ​ជុំ​វិញ​ដី​ទួល​មួយ ទំហំ​ប្រមាណ​ជា ១០​ម. បួន​ជ្រុង​ស្មើ​របៀប​ដូច​បន្ទាយ ។ កន្លែង​នេះ​កម្រ​មាន​អ្នក​ណា​មួយ ហ៊ាន​រុក​រក​វល្លិ ឬ កាប់​ឧស​ដុត​ណាស់ សូម្បី​តែ​ដើរ​កាត់​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ដែរ ព្រោះ​ជា​ជម្រក​សត្វ​សាហាវ​មាន​ខ្លា ពស់ និង​ជ្រូក​ព្រៃ​ជា​ដើម ។ ចំណេរ​មក​ខាង​ក្រោយ មាន​មនុស្ស​ម្នាក់​ឈ្មោះ ស្រឹង មិន​ដឹង​ជា​មក​ពី​ស្រុក​ណា​ទេ គាត់​នោះ​មាន​មាឌ​ធំ​ដំបង សក់​រួញ ជា​អ្នក​ក្លាហាន​ក្នុង​រឿង​កាប់​ចាក់ ប្រពន្ធ​ឈ្មោះ​នាង សុវណ្ណ​ពាស​វាល ដែល​មាន​មាឌ​ធំ ប្រដំ​ត្រសង​គ្នា​នឹង​គាត់​ដែរ ហើយ​ប្រកប​ដោយ​រូប​សម្បត្តិ​យ៉ាង​ស្រស់​ផង ។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​មក​តាំង​លំនៅ​ៗ​លើ​ដី​ទួល ក្នុង​ចន្លោះ​ដើម​សាលី​ទាំង​ប្រាំ​មួយ​ដើម​នោះ ។ គាត់​បាន​កាប់​ឆ្ការ​ព្រៃ ធ្វើ​ផ្លូវ​សម្រាប់​ចេញ​ចូល ។ អ្នក​ស្រុក​ផង​ទាំង​ពួង​មិន​ដឹង​ថា គាត់​ប្រកប​របរ​រក​ស៊ី​អ្វី​ទេ ព្រោះ​គេ​ឃើញ​មក​នៅ​ទី​នោះ​តែ ៨ ឬ ១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មិន​ជា​ទៅ​ណា​បាត់ ។ លុះ​៤- ១០​ថ្ងៃ​ក្រោយ​មក ទើប​ឃើញ​គាត់​នៅ​ទី​នោះ​ដដែល​វិញ បាត់​ឃើញ​ៗ តែ​របៀប​នេះ​រវាង​ជាង ១​ឆ្នាំ ទើប​បាត់​លែង​ឃើញ​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​រហូត​តែ​ម្ដង ។

ម៉្យាង​ទៀត ក្នុង​សម័យ​នោះ​អ្នក​ស្រុក​ជិត​ខាង​ទាំង​ប៉ុន្មាន ឲ្យ​តែ​ឃើញ​មាន​មនុស្ស​ណា​បែប​អង់អាច​ក្លាហាន ហើយ​មាន​មាឌ​មាំ​ៗ ធំ​ៗ មិន​ហ៊ាន​និយាយ​ស្ដី​សួរ​នាំ​អ្វី​ទេ ។ ឯ​សត្វ​សាហាវ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ទៀត​សោត ក៏​មិន​មក​បៀតបៀន​ដល់​រូប​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ដែរ ហេតុ​ដូច្នេះ ទើប​អ្នក​ស្រុក​ម្ដុំ​នោះ​កោត​ខ្លាច​គាត់​តែ​រៀង​ៗ​ខ្លួន ។ ម្យ៉ាង​ទៀត បុរស​ស្រឹង ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ស្រុក ជួយ​សង្គ្រោះ​អ្នក​ជិត​ខាង​ជា​ច្រើន ដូច​ជា​មាន​ពស់​ចឹក ឬ ឈឺ​អ្វី​ផ្សេង​ៗ គាត់​តែង​តែ​ជួយ​ឥត​រើស​មុខ នៅ​ពេល​ដែល​គាត់​ដើរ​ទៅ​ប្រទះ ឬ គេ​រត់​ទៅ​ពឹង​ពាក់​គាត់ ។

ក្រោយ​ពេល​ដែល​បាត់​លែង​ឃើញ​គាត់ ចំនួន ២-៣ ឆ្នាំ​មក សត្វ​សាហាវ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ទាំង​ប៉ុន្មាន ខ្លះ​ក៏​គេច​ខ្លួន​បាត់ ខ្លះ​នៅ​ទី​នោះ​ដដែល ប៉ុន្តែ​បែរ​ជា​ស្លូត​បូត​ទៅ​វិញ ដោយ​ហេតុ​នេះ​ហើយ ទើប​អ្នក​ភូមិ​ជិត​ខាង​ហ៊ាន​បបួល​គ្នា​ទៅ​មើល​កន្លែង​នោះ ។ លុះ​ចូល​ទៅ​ដល់ ហើយ​គ្មាន​ឃើញ​អ្វី​ទាំង​អស់ ឃើញ​តែ​ថ្ម ២​ដុំ មាន​ទំហំ​ល្មម​លើក​ម្នាក់​រួច នៅ​ទន្ទឹម​គ្នា​ទៀប​គល់​ឈើ​មួយ (មិន​ជា​ដើម​អ្វី អ្នក​ឲ្យ​ការណ៍​មិន​បាន​បញ្ជាក់) នឹង​ដាន​ជើង​សត្វ​តូច ធំ​ជា​ច្រើន ។ រូប​តា ស្រឹង និង​ប្រពន្ធ​គាត់ ដែល​កាល​ពី​មុន អ្នក​ខ្លះ​សន្និដ្ឋាន​ថា​ស្លាប់ អ្នក​ខ្លះ​ថា​គាត់​វិល​ទៅ​ស្រុក​កំណើត​គាត់​វិញ​នោះ ក្នុង​ពេល​នោះ​ក៏​ជឿ​ថា ពិត​ជា​ស្លាប់​តែ​ម្ដង ។ ឯ​ថ្ម ២​ដុំ​នេះ គឹ​ក្លាយ​មក​ពី​រូប​យាយ​និង​តា​នោះ​ឯង ។ អ្នក​ស្រុក​នាំ​គ្នា​គោរព​បូជា ថ្វាយ​ផ្លែ​ឈើ​នំ​ចំណី​ផ្សេង​ៗ និង​ធ្វើ​ខ្ទម​ប្រក់​ស្លឹក​តូច​ល្មម ដាក់​ដុំ​ថ្ម​ទាំង​ពីរ​នោះ​ទៅ រួច​ហើយ​នាំ​គ្នា​បន់​ស្រន់ សុំ​សេចក្ដី សេចក្ដី​ចម្រើន ។ ត​មក​ខាង​ក្រោយ ដោយ​ឃើញ​ដី​ម្ដុំ​នោះ​មាន​ជី​ជាតិ​ល្អ អ្នក​ស្រុក​ក៏​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ នៅ​ជិត​ខាង​អ្នក​តា​នោះ​ធ្វើ​ស្រែ​អស់​ទៅ នៅ​សល់​តែ​ត្រោក​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

រី​ឯ​អ្នក​ស្រុក​ដែល​ទៅ​ប្រកប​របរ​ស្រែ នៅ​ក្បែរ​ៗ​អ្នក​តា​នោះ​តែង​តែ​មាន​ប្រទាស់​ដាក់​ម្ហូប​ចំណី បាយ​ដំណើប នំ​កូន​ត្រី កូន​ខោ​អាវ កូន​ក្រមា យក​ទៅ​ដោត​តាម​ភ្លឺ​ស្រែ ឬ​យក​ទៅ​ថ្វាយ​ផ្ទាល់​ចំពោះ​អ្នក​តា​គ្រប់​ៗ​គ្នា បើ​មិន​បាន​ធ្វើ​របៀប​នេះ​ទេ នឹង​ពុំ​សូវ​បាន​សេចក្ដី​សុខ​ក្នុង​ការ​ធ្វើ​ស្រែ​ឡើយ ។


អំពី​ឥទ្ធិពល

ពី​ដើម​អស់​លោក​នេះ អ្នក​ខ្លះ​ហៅ​ថា​អស់​លោក "ចុង​ត្រោក" មាន​រក្សា​នូវ​វត្ថុ​ប្រើ​ប្រាស់​ជា​ច្រើន​ដូច​ជា ចាន​ក្បាន តូច- ធំ​ជាដើម ។ល។ វត្ថុ​ទាំង​នោះ បើ​អ្នក​ស្រុក​ត្រូវ​ការ​ខ្ចី​យក​ទៅ​ប្រើ​ប្រាស់ ក្នុង​កិច្ច​រវល់​ផ្សេង​ៗ​មាន​រៀប​មង្គល​ការ កូន​ប្រុស​ស្រី ជា​ដើម អាច​ទៅ​ពឹង​រូប​សម្នឹង​ឲ្យ​ខ្ចី​បាន​ដូច​ប្រាថ្នា ។ ប៉ុន្តែ​រយៈ​ពេល​ដែល​អាច​ខ្ចី​បាន​នេះ គឺ​មាន​ត្រឹម​តែ ៤-៥​ឆ្នាំ ប៉ុណ្ណោះ ក៏​សាប​រលាប​វិញ​អស់​ទៅ ដោយ​ហេតុ​អ្នក​ខ្ចី​យក​ទៅ​ប្រើ ចេះ​តែ​ធ្វើ​ឲ្យ​បាក់​បែក​បាត់ មិន​ទិញ​ដាក់​សង​វិញ ហើយ​យក​ទៅ​សង​មិន​ដែល​គ្រប់​ចំនួន ។

ឯ​សត្វ​ព្រៃ​ដែល​អស់​លោក​រក្សា​គឺ ខ្លា ពស់ ជ្រូក​ព្រៃ រមាំង និង​ក្រពើ ។ អ្នក​ស្រុក​មិន​សូវ​ដែល​បាន​ឃើញ​គ្រប់​គ្នា​ទេ ហើយ​សត្វ​ទាំង​នោះ ក៏​មិន​ដែល​បៀតបៀន​មនុស្ស​ផង វៀរ​លែង​តែ​អ្នក​មាត់​អាក្រក់ អ្នក​តា​នឹង​ធ្វើ​ឲ្យ​មាន​ភ័យ​ភិត​ជា​មិន​ខាន ។ សត្វ​ទាំង​នោះ បើ​លេង​ភ្លេង​ថ្វាយ​ហើយ​សុំ​មើល នឹង​បាន​ឃើញ​ដូច​សេចក្ដី​ប្រាថ្នា ។ ចំណែក​ឯ​រមាំង លោក​គ្មាន​លាក់​លៀម​អ្វី​ទេ គឺ​វា​ដើរ​រក​ស៊ី​ពេញ​តែ​ព្រៃ​នោះ តែ​បើ​យើង​ចង់​ដេញ ឬ បាញ់ ត្រូវ​សុំ​អស់​លោក​សិន ទើប​បាញ់​បាន បើ​មិន​សុំ​ទេ ទោះ​បី​ខំ​ដេញ ឬ បាញ់​យ៉ាង​ណា​ក៏​មិន​បាន​ដែរ ។


ការ​សម្ដែង​ឫទ្ធិ​នៃ​អ្នក​តា​នោះ

រាល់​ថ្ងៃ​ពេញ​បូណ៌មី និង​ថ្ងៃ​ខែ​ដាច់ នា​រាត្រី​កាល មាន​ភ្លើង​ភ្លឺ​ព្រោង​ព្រាត​ពេញ​អាស្រម និង​នៅ​ទី​ជិត​ៗ​អាស្រម​នោះ ភ្លើង​នេះ​នរណា​ក៏​មើល​ឃើញ​ដែរ ។ ដោយ​ពេល​វេលា​កន្លង​ទៅ​ជា​យូរ​យារ​ណាស់​ពេក មនុស្ស​ដែល​ធ្លាប់​ជឿ​ហើយ​គោរព​បូជា​អ្នក​តា​នោះ ក៏​ស្លាប់​អស់​ទៅ​ក្មេង​ៗ​ជាន់​ក្រោយ​មិន​សូវ​ជឿ​មិន​សូវ​គោរព​បូជា ឥទ្ធិពល​អ្នក​តា​ក៏​ថយ​ចុះ​បន្តិច​ម្ដង​ៗ​ជា​លំដាប់​រហូត​មក ។


ឥទ្ធិពល​ដែល​មាន​នៅ​ខ្លះ​សព្វ​ថ្ងៃ

តាំង​ពី​ឆ្នាំ ១៩៤០ មក អស់​លោក​នោះ​បាន​មក​សណ្ឋិត​លើ​រូប​លោក​យាយ​ម្នាក់​ឈ្មោះ ធាយ អាយុ ៦០​ឆ្នាំ (គិត​មក​ទល់​នឹង​ឆ្នាំ ១៩៦៦) នៅ​ភូមិ​ទ័ព​ស្ដេច គាត់​ធ្លាប់​កាន់​ទំនៀម​ឡើង​អ្នក​តា ដារ​ថ្វាយ​អ្នក​តា​នេះ​យ៉ាង​ជាប់​លាប់​ណាស់ គាត់​តែង​មេ​ផ្ដើម​ធ្វើ​រៀង​រាល់​ឆ្នាំ បើ​មិន​បាន​ធ្វើ​ទេ អ្នក​ស្រុក​មុខ​ជា​ពុំ​សូវ​បាន​សុខ​សប្បាយ​ឡើយ ។ ចំណែក​អ្នក​ដែល​ត្រូវ​ទៅ​ធ្វើ​ស្រែ​ប្រាំង​នៅ​កន្លែង​នោះ ត្រូវ​តែ​រៀប​គ្រឿង​បូជា​ឲ្យ​មាន​សព្វ​គ្រប់​ដូច​ពី​ដើម​ទើប​បាន ។ ឯ​អ្នក​ឃ្វាល​គោ ក្របី ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់ និយាយ​លេង​សើច​ផ្ដេសផ្ដាស​នូវ​ពាក្យ​អាក្រក់ ឬ ជេរ​គ្នា​ជា​ដើម មិន​បាន​ជា​ដាច់​ខាត អ្នក​តា​និង​ឲ្យ​ពស់​ដេញ ឬ វង្វេង​ផ្លូវ​មិន​ខាន ។

សព្វ​ថ្ងៃ​គេ​នៅ​ប្រយ័ត្ន​មាត់​ក​នៅ​ឡើយ នៅ​ពេល​ដើរ​កាត់​ព្រៃ​នោះ ។ ម៉្យាង​ទៀត បើ​មាន​នំ​ចំណី ឬ បាយ​ទឹក យក​ទៅ​ទទួល​ទាន​នៅ​ក្បែរ​នោះ ហើយ​មិន​បាន​ថ្វាយ​បន្តិច​បន្តួច​ទេ អ្នក​តា​នឹង​ធ្វើ​ឲ្យ​ចុក​ពោះ ឈឺ​ក្បាល វិល​មុខ​មិន​ខាន ។ បើ​ឈឺ​ហើយ​លុះ​តែ​ទៅ​និយាយ​បន់​ស្រន់ អុជ​ទៀន​ធូប​នៅ​ឯ​ផ្ទះ​សម្នឹង ហើយ​និយាយ​អង្វរករ​ឲ្យ​ជួយ​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ដោយ​ទទួល​នូវ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ហើយ​សន្យា​ថា​នឹង​លេង​ប្រព្រឹត្ត​ឲ្យ​ខុស​ទៀត​ទើប​ជា ។

នៅ​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ឥត​ប្រើ​ភ្លេង​ទេ គ្រាន់​តែ​អុជ​ទៀន​ធូប និយាយ​បែរ​បន់​អ្នក​សម្នឹង​ទៅ​ជា​ការ​ស្រេច ។ ឯ​ខ្ទម​អ្នក​តា កាល​ណា​បើ​មាន​បាក់​បែក ត្រូវ​តែ​នាំ​គ្នា​សង់​ឡើង​វិញ បើ​មិន​ធ្វើ​នឹង​មាន​ភ័យ​មិន​ខាន នេះ​ចំពោះ​តែ​អ្នក​ភូមិ​នៅ​ជិត​ខាង​ដូច​ជា​ភូមិ​ទ័ព​ស្ដេច​ប៉ាទ្វិប និង​ភូមិ​កំពែង​ស្នេហ៍​។