ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/2

From Wikisource
Jump to navigation Jump to search

២- អ្នក​តា កង- ជុំ


នៅ​ឃុំ​កុមារ​រាជា ស្រុក​បាទី ខែត្រ​តាកែវ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ២១ –២៤




ក្នុង​អតីត​កាល​យូរ​អង្វែង​ហើយ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ កង ប្រពន្ធ​ឈ្មោះ ជុំ ។ អ្នក​ទាំង​ពីរ​នេះ តាំង​ពី​ភប់​ប្រសព្វ​គ្នា​រក​ស៊ី​មក ចេះ​តែ​ក្រ​ទៅ​ៗ លំបាក​តោក​យ៉ាក វេទនា​ជា​ទី​បំផុត នឹក​អៀន​ខ្មាស​ចំពោះ​អ្នក​ស្រុក​ជិត​ខាង​ណាស់ ដោយ​នឹក​ថា ម្ដេច​ក៏​គេ​រក​ស៊ី​ចេះ​តែ​មាន​ទៅ ឯ​ខ្លួន​ឯង​ម្ដេច​ក៏​ចេះ​តែ​ក្រ? ។ គិត​ដូច្នេះ​ហើយ ក៏​បបួល​ប្ដី​ប្រពន្ធ​រត់​ចេញ​ពី​ស្រុក​ទៅ​រាន​ព្រៃ ធ្វើ​ចម្ការ ដាំ​ដំណាំ​គ្រប់​បែប នៅ​ទី​មួយ​ឆ្ងាយ​ពី​គេ ។ នៅ​កន្លែង​នោះ គេ​សង់​ខ្ទម​តូច ១ គ្រាន់​នឹង​ជ្រក​នៅ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ លុះ​យូរ​ទៅ ឈ្មោះ កង នាង ជុំ ប្រកប​របរ​រក​ស៊ី​ចេះ​តែ​ចម្រើន​ឡើង​ៗ ក៏​បាន​រុះ​រើ​ផ្ទះ​របស់​ខ្លួន​ពី​កន្លែង​ចាស់ យក​មក​សង់​ត្រង់​កន្លែង​ចម្ការ​របស់​ខ្លួន​នោះ ឯ​ឈ្មោះ កង និង​នាង ជុំ ទាំង​ពីរ​នាក់​នេះ ជា​មនុស្ស​សុចរិត​ទៀង​ត្រង់ មាន​ធម៌​សប្បុរស​សង្គ្រោះ​ដល់​អ្នក​កម្សត់​អត់​ឃ្លាន​ឯ​ទៀត​ណាស់ ហៅ​គេ​ឯង​ឲ្យ​មក​នៅ​ជា​មួយ​ផង​ក៏​មាន ។ មិន​យូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាំ​មួន​ជាង​គេ​មាន​បរិវារ​ក៏​ច្រើន ។ ចំណែក​អ្នក​ក្រ​ខ្សត់​ឯ​ទៀត​ៗ ក៏​តែង​តែ​ចូល​ទៅ​ខ្ចី​បុល​ស្រូវ​អង្ករ ប្រាក់​កាស​អំពី​ឈ្មោះ កង នាង​ជុំ គ្រប់​គ្នា តែ​អ្នក​ទាំង​ពីរ​នេះ​តាំង​តែ​ពី​ទៅ​នៅ​កន្លែង​នោះ បាន​ធ្វើ​កន្លែង​មួយ សម្រាប់​អុជ​ទៀន​ធូប​បូជា ដាក់​នំ​ចំណី​សែន​ជា​ធម្មតា​រៀង​រាល់​ថ្ងៃ ។

អ្នក​ជិត​ខាង​ឃើញ​អ្នក​ទាំង​ពីរ​ធ្វើ​ដូច្នោះ ក៏​នាំ​គ្នា​ធ្វើ​តាម លុះ​អ្នក​ទាំង​ពីរ​ចាស់​ជរា​ស្លាប់​បាត់​ទៅ អ្នក​ស្រុក​នៅ​ឯ​ក្រោយ ក៏​នាំ​គ្នា​បូជា​កន្លែង​នោះ​ជាប់​រហូត​មក ។ កន្លែង​នោះ​ដើម​ឡើយ គេ​ហៅ​ថា​ចម្ការ តា​កង យាយ​ជុំ លុះ​ដល់​មក​ខាង​ក្រោយ​ក៏​ក្លាយ​ទៅ​ជា​ហៅ​ថា អ្នក​តា កង ជុំ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

មាន​កូន​ប្រុស តា​កង យាយ​ជុំ ម្នាក់​ឈ្មោះ ឈុំ ជា​អ្នក​កាន់​កាប់​ថែរក្សា​អ្នក​តា​កង ជុំ នេះ តែ​មិនបាន​ជាន់​ទេ គ្រាន់​តែ​បាំង​ម្ដង​ៗ ក្នុង​ពេល​ដែល​គ្រូ ឈុំ ត្រូវ​ទៅ​ព្យាបាល​ជំងឺ ឲ្យ​បាន​ដឹង​ជា​មុន​ថា ជំងឺ​នេះ​មើល​បាន​ជំងឺ​នេះ​មើល​មិន​បាន​តែ​ប៉ុណ្ណោះ ។

សព្វ​ថ្ងៃ​អ្នក​ស្រុក​តែង​តែ​គោរព​បូជា កាល​បើ​ស្រុក​មិន​ស្រួល ដោយ​មាន​ជំងឺ​រាតត្បាត គេ​បបួល​គ្នា​ធ្វើ​បុណ្យ​កម្សាន្ត សុំ​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ មាន​និមន្ត​ព្រះ​សង្ឃ ៨ អង្គ​មក​ឆាន់ សូត្រ​ធម៌​ដារ​មាន​ធម៌​កុសលា ជា​ដើម ហើយ​មាន​រៀប​ធ្វើ​រទេះ​សេះ- គោ- ក្របី- ដំរី ដោយ​ដើម​ចេក ផ្ទុក​ដោយ​នំ​ចំណី​គ្រប់​មុខ​ក្នុង​នោះ​បញ្ជូន​ទៅ ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ ។ កាល​បើ​ធ្វើ​បុណ្យ​រួច​កាល​ណា ក៏​ឃើញ​ស័ក្ដិ​សិទ្ធិ​ប្រាកដ​មែន ។

ម៉្យាង​ទៀត បើ​ដល់​ខែ​ពិសាខ​ហើយ មិន​មាន​ភ្លៀង អ្នក​ស្រុក​បបួល​គ្នា ធ្វើ​បុណ្យ​បួង​សួង​សុំ​ទឹក​ភ្លៀង ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ។

ពី​ល្ងាច​និមន្ត​ព្រះ​សង្ឃ ៤ អង្គ សូត្រ​ធម៌​ប្រែ​អាកាស មាន​សូត្រ​ធម៌​ជ័យន្តោ​ជា​ដើម រៀប​ធ្វើ​រាជវ័តិ​ព័ទ្ធ​ជុំ​វិញ ឲ្យ​លោក​គង់​ខាង​ក្នុង ពួក​ឧបាសក-​សិកា​នៅ​ខាង​ក្រៅ មាន​បាត្រ គ្រប់​លោក​ទាំង ៤​អង្គ ទឹក អប់​ដាក់​គ្រប់​បាត្រ ទាំង ៤ ឲ្យ​លោក​សូត្រ​ធម៌​បាច​ទឹក​គ្រប់​ទិស​ទាំង ៤ គេ​ធ្វើ​នេះ​នៅ​ចំពោះ​មុខ​អ្នក​តា លុះ​ព្រឹក​ឡើង​ទើប​និមន្ត​ព្រះ​សង្ឃ​ច្រើន​អង្គ (មិន​មាន​កំណត់) គឺ​បើ​លោក​ក្នុង​វត្ត​មាន​ប៉ុន្មាន គេ​និមន្ត​ទាំង​អស់​ទៅ​កន្លែង​អ្នក​តា មាន​អាចារ្យ ៣​នាក់​រៀប​ស្លា​ធម៌ ១ គូ ចម្អាប ១ ស្ពក បង្អែម ១​ថាស ដាក់​ចំពោះ​មុខ​អ្នក​តា ហើយ​នាំ​គ្នា​យក​បាយ​មក​រាប់​បាត្រ និមន្ត​ព្រះ​សង្ឃ សូត្រ​ធម៌ កុសលា ជា​ដើម រួច​ប្រគេន​ព្រះ​សង្ឃ​ឆាន់ អាចារ្យ​នាំ​គ្នា​អុជ​ទៀន​ធូប​បួង​សួង​សុំ​ទឹក​ភ្លៀង ហើយ​ចាប់​ចម្អាប និង​​បង្អែម​គ្រប់​មុខ​យក​មក​ថ្វាយ​អ្នក​តា ។ ឯ​អាស្រម​អ្នក​តា​នោះ មាន​ទំហំ ២ ម បួន​ជ្រុង សសរ​ឈើ​ប្រក់​ក្បឿង មាន​រាន​ហាល​ខាង​មុខ ១ ម មាន​ដើម​ឈើ​ធំ​ៗ ខ្ពស់​ៗ ពី​ខាង​ត្បូង ខាង​កើត ខាង​ជើង និង​ខាង​លិច មាន​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ទទា បាន​ជា​ហៅ​ថា ភ្នំ​ទទា ពី​ព្រោះ​ភ្នំ​សម្បូរ​ដោយ​សត្វ​ទទា ព្រាន​ទាក់​សត្វ​តែង​តែ​មក​ទាក់​នៅ​ភ្នំ​នោះ បាន​ជាប់​ឈ្មោះ​ថា​ភ្នំ​ទទា​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

នៅ​លើ​ភ្នំ​នោះ​មាន​វត្ត​មួយ​ហៅ​ថា វត្ត​ទទា​ដែរ មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​គង់​នៅ​រៀន​សូត្រ​គ្រប់​វិន័យ មាន​រៀប​ធ្វើ​ជា​ជណ្ដើរ​ដោយ​បេតុង​អាបេ ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ ។ ឯ​ភ្នំ​មាន​កម្ពស់​ប្រហែល ១០០ ម ។