ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/12

From Wikisource
Jump to navigation Jump to search

១២- អ្នកតា​សិង្ហ និង​អ្នក​តា​ព្រះ​ឥន្ទ


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៧១ – ៧២




នៅ​វត្ត​ភ្នំ​ក្ងោក​មាស ស្រុក​កំពង់​លែង ខែត្រ​កំពង់​ឆ្នាំង មាន​អ្នក​តា​ពីរ​កន្លែង មាន​ឈ្មោះ​ផ្សេង​ពីរ​គ្នា:

ក. អ្នក​តា​ព្រះ​ឥន្ទ មាន​រូប​ធ្វើ​ដោយ​ថ្ម ចាស់​តំណាល​ថា ព្រះ​បាទ​អស្សច័រាជ​ជា​អ្នក​កសាង តាំង​ពី​ជំនាន់​នគរ​វត្ត​ម្ល៉េះ ។ រូប​អ្នក​តា​នោះ​មាន​សណ្ឋាន​ជា​រូប​សិង្ហ ឬ តោ ទំហំ​ជុំ​វិញ​ខ្លួន ០ម៩០ ទទឹង​ខ្លួន ០ម៣០ កម្ពស់ ០ម៧០ មាន​អាស្រម​ធ្វើ​ដោយ​ឈើ​ប្រក់​ក្បឿង ស្ថិត​នៅ​មុខ​ព្រះ​វិហារ​វត្ត​ក្ងោក​មាស​លើ​សព្វ​ថ្ងៃ​នេះ ។

ខ. អ្នក​តា​សិង្ហ មាន​រូប​ពី​បុរាណ​មក​ធ្វើ​ដោយ​ថ្ម គេ​តំណាល​ថា ព្រះ​បាទ​អស្សច័រាជ​កសាង​តំណាល​គ្នា​នឹង​អ្នក​តា​ព្រះ​ឥន្ទ​ដែរ មាន​សណ្ឋាន​និង​ទំហំ​ប៉ុន​គ្នា ឯ​អាស្រម​ទៀត​សោត​ក៏​ដូច​គ្នា ប្លែក​តែ​ទី​កន្លែង​ប៉ុណ្ណោះ គឺ​អ្នក​តា​សិង្ហ​នេះ ឋិត​នៅ​មុខ​ព្រះ​វិហារ​វត្ត​ក្ងោក​មាស​ក្រោម​សព្វ​ថ្ងៃ ។

អ្នក​តា​ទាំង​ពីរ​នេះ ចាស់​ព្រឹទ្ធាចារ្យ​បាន​តំណាល​ថា: ដើម​ឡើយ​អ្នក​តា​ព្រះ​ឥន្ទ មាន​អាស្រម​នៅ​ទួល​គោក​សំរង សង្កាត់​ត្រប់ ស្រុក​ជើង​ព្រៃ ខែត្រ​កំពង់​ចាម ។ ឯ​អ្នក​តា​សិង្ហ នៅ​សង្កាត់​ច្រុប ស្រុក​សន្ទុក ខែត្រ​កំពង់​ធំ​ឯ​ណោះ ។ លុះ​ដល់​រវាង​ព. ស. (តាម​អ្នក​ស្រុក​ស្មាន) ២៣៩៣ ព្រះ​បាទ​អង្គ​ចន្ទ ទ្រង់​យាង​មក​កាន់​វត្ត​ក្ងោក​មាស ទ្រង់​ទត​ឃើញ​ដី​ទួល​ពេញ​ព្រះទ័យ ក៏​ត្រាស់​ឲ្យ​អ្នក​ស្រុក​ទៅ​អញ្ជើញ​អ្នក​តា​ទាំង​ពីរ ពី​កន្លែង​រៀង​រាល់​អង្គ មក​ប្រតិស្ឋាន​នៅ​កន្លែង​សព្វ​ថ្ងៃ​រហូត​មក ។

សព្វ​ថ្ងៃ​នេះ អ្នក​ស្រុក​នៅ​តែ​គោរព​រាប់​អាន​អ្នក​តា​ទាំង​ពីរ​នេះ​ជា​ធម្មតា ។ ឯ​គ្រឿង​សំណែន​ដែល​គេ​រៀប​ចំ​ឡើង​អ្នក​តា​នេះ មាន​ស្លា​ជម បាយ​សី បង្អែម ចំអាម និង​ភ្លេង​ដូរ្យតន្ត្រី​ផង ។ ឯ​គ្រឿង​តង្វាយ​មាន ស្លា​ធម៌​ដូង ១​គូ និង​សំពត់​ព្រែ​ក្រហម ២ម០០។ គេ​ឡើង​អ្នក​តា​នេះ នៅ​ថ្ងៃ​ទី ៣ កើត ខែ​ពិសាខ​រៀង​រាល់​ឆ្នាំ ។ មាន​រូប​សំណឹង​សម្រាប់​បញ្ជាន់​ដែរ​គឺ​ឈ្មោះ ចាន់ សុខ ។