ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/1
១-ប្រវត្តិអ្នកតាឃ្លាំងមឿង
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី១ – ១៩
ទីកន្លែងអ្នកតានោះ ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញមានមែកបែកសាខា មានម្លប់ត្រឈៃត្រជាក់ គួរឲ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ឆៀវខ្ញៀវខ្ញារ ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសំឡេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅ ឃើញរុក្ខជាតិដង្គុំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក ។ បណ្ដាដើមឈើទាំងអស់នៅទីនោះ មានដើមសំរោងមួយខ្ពស់ធំជាងឈើឯទៀតៗ ដុះចំពីមុខអាស្រម ។ ពីសាលាខែត្រពោធិ៍សាត់ ទៅអ្នកតានោះ ចម្ងាយប្រមាណជា ៦ គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ ពីសាលាខែត្រទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិច ដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា ។
ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ ។ នៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ ៦០ ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើ ប្រក់ស្បូវមានបណ្ដោយ ៨ ម ទទឹង ៤ ម កម្ពស់ ៤ ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។ ជុំវិញអាស្រមមានលានទំហំ ៤ ម ទុកបម្រុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា ។ ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញ មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។ ក្នុងអាស្រមខាងមុខតួអ្នកតា មានរានម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥ តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់ដង្វាយអ្នកតា ខាងជើងនិងខាងត្បូងអ្នកតា មានបង្កាន់ដៃដោតដោយចាមរនិងបៃមន់ធ្វើដោយឈើដែរ ។
តួអ្នកតា មិនមានរូបរាងបែបឈើ ឬ ថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរវាពូនលើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូកមានពំនូកដី ៤-៥ ស្រួចៗបែកចេញ មើលទៅដូចជាកំពូលនគរវត្ត ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកថា បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬចៅហ្វាយស្រុកនៅខែត្រ-ស្រុកនោះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងថាកើតពីត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ ។
ពិធីបុណ្យឡើងអ្នកតា- បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំ ក្នុងខែពិសាខ ថ្ងៃសៅរ៍ ។ តែមិនកំណត់ជាខ្នើតឬរនោចទេ រើសយកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេស្មឹង អាចារ្យវត្តនិងបណ្ដារាស្ត្រទាំងអស់ឲ្យដឹងជាមុន ដើម្បីមកជួបជុំ ជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឲ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការក្នុងខែត្រ ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក ។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ ១៩៤៩ ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ត និងបណ្ដារាស្ត្រ នៅទីកន្លែងអ្នកតា ។ ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតា :" ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឲ្យយើងទាំងអស់គ្នា បានសុខសប្បាយ "រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮសូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របី មកពីស្រុកឆ្ងាយៗ មកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើនព្រះបរិត្ត ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះ ពួកមន្ត្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹងអុជទៀនធូប ជូនអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅលើរាន ចំពោះមុខអ្នកតា ។
តង្វាយអ្នកតាគឺ :
- - កន្ទេលក្រហម ខ្នើយ
- - សំពត់សក្រាលពីលើកន្ទេល
- - ស្លាធម៌ដូង ១ គូ (ដោតម្លូ ៥ ស្លា ៥ ធូប ៣ សរសៃ)
- - ក្បាលជ្រូក ១ គូ មានទាំងកន្ទុយដាក់នៅមាត់ផង ។
- - ផ្ដិលទឹកអប់ ១ គូ ឈើស្ទន់ ១
- - ពានស្លាបារីមួយគូ
- - ដបស្រា ១ គូ មានទាំងពែង
- - ចេកនួន ២ ស្និត តម្កល់លើចានទាប
- - បង្អែម ២ ស្ពក
- - ចំអាប ២ ស្ពក
- - កន្ទោងស្លឹកចេក ១ គូ
- - មាន់ស្ងោរ ១គូ
- - ស្នែងសត្វទន្សោង ១ គូ
រណ្ដាប់តង្វាយទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១៣ មុខនេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណ៍ត្រៀបត្រា ដាក់នៅរាននោះ ។ គេអុជទៀនធូបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា និងនឹកគុណដល់លោកឧកញ៉ាសេនាបតីមឿងដែលស៊ូប្ដូរជីវិត យកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពី គ. ស. ១៥១៦ ដរាបមកដល់សព្វថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង ។ គេរើសរកមនុស្សឲ្យមានរូបរាងប៉ុនៗគ្នា ២ នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង១ តែងតួស្លៀកសំពត់ផាមួងចងក្បិន ខ្លួនទទេ អ្នករាំ ២ នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ ៣ ជុំរួចហើយ គេលេងភ្លេងរាំស្នែងទន្សោង ភ្លេងនោះឈ្មោះ " ភ្លេងភ្លាំង " អ្នករាំចាប់ពាក់ស្នែងរួច ក្រាបថ្វាយបង្គំអ្នកតា ៣ ដង ឡើងរាំបែរឆ្វេងរៀងខ្លួន មកជួបគ្នាគ្រប់គ្នាម្ដង ដល់គម្រប់ ៣ ដង វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចគ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។
ទំនុកច្រៀង
១- បងដើរព្រៃស្តុក តត្រុកព្រៃស្បាតៗ
ដើរកាត់ព្រៃញាត លេចវាលចូលព្រៃ ។
២- ឡើងភ្នំចុះភ្នំ ថ្មដាធំៗ
ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា
កៀងញីឃ្មាតខ្មីៗ ល្បាស់ព្រេចលាស់ខ្ចី
ស្រណោះខែពិសាខៗ ។
៣- កន្ទ្រែតៗអើយ ទន្សោងគោបា
លេបបន្លាបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ ។
៤- ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន
កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
៥- កន្សែងបងបាត់ បងមិនស្ដាយ
បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ ។
ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរ ទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣សរសៃ រួចនិយាយបួងសួងថា "ថ្ងៃជាថ្ងៃជាពេលាល្អ យើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតា មឿង ដែលមានគុណចំពោះស្រុកខ្មែរ សូមលោកតាឲ្យពរសព្ទសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយ សូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្តិ សូមឲ្យបានសេចក្ដីសុខសប្បាយ អស់កាលជាអង្វែងរៀងទៅ សូមឲ្យទឹកភ្លៀងបង្អោរចុះមក ឲ្យបានសព្វផែនដីប្រទេសកម្ពុជា ឲ្យស្រុកសម្បូណ៌សប្បាយ កុំឲ្យមានភ័យអន្តរាយអ្វីឡើយ ។ បួងសួង ៣ ដងស្រេចហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម ។ រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្តព្រះសង្ឃ ៥ អង្គបង្សុកូល ពួកឧបាសកសូត្រឧទ្ទិសផល មេស្មឹងយកទឹកអប់ទៅលើដំបូក ដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និងមន្ត្រីតូចតាចគ្រប់ដំណែង បាចទឹក ១ ផ្តិលៗ ម្នាក់ រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង ១១ រៀបភោជនាហារ លៀងពួកមន្ត្រីសាលាខែត្រសាលាស្រុកធំតូចគ្រប់ដំណែងដោយវត្ថុដ៏ឧត្ដម ពីសាសប្បាយ មានភ្លេងត្រពាំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២ ជាការបង្ហើយកិច្ច ។
អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (សករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ ១ ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រាន ២នាក់ មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃ ដើម្បីបរបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសំឡេងភ្លេងដូរ្យតន្ត្រីលាន់ឮរងំ ដូចជាសំឡេងទ្រសាយដៀវ ឃើញសត្វទន្សោង ១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា ១ គូក្រាបនៅទីនោះ វាគោះកន្ទុយហាក់ដូចគេវាយស្គរ ។ មានសត្វក្ងោក ១ គូ កាងស្លាប បើកកន្ទុយ លោតចុះលោងឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់លាន់មាត់ថា " ឱហ្ន ! សត្វទាំងនេះប្លែកចម្លែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងដូរ្យតន្ត្រី សត្វទន្សោងនិងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងនេះ ទុកជាកេរ្តិ៍ឲ្យកូនចៅឯក្រោយ។ ប្រវត្តិអ្នកតាឃ្លាំងមឿង
ក្នុងអតីតកាលកន្លងទៅ ក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នីបន្ទាយលង្វែក (គ. ស. ១៥០២) កាលជាន់នោះស្រុកខ្មែរ ជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គ មានព្រះនាមមិនប្រាកដ ឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវ ធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារអាករយកទៅមិនអស់ ឬ មួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅ ដើម្បីជំនួសព្រះនេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ ចេះដឹងប្រហែលមនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមក រវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជានឹកព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឫទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឈឃាដចាប់រាជបុត្រស្ដេចសៀម យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាៗហើរចុះ ហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀម ថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គដល់ទិវង្គតហើយ រឿងនេះពិតស្ដេចស្រុកខ្មែរសម្លាប់ ។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាមរឿង រួចបង្គាប់ឲ្យលើកទ័ព មកសងសឹកស្ដេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួកសេនាបតីហើយរិបជាន់យកទ្រព្យសម្បត្តិ និងកៀរពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ ។ ពួកកងទ័ពក៏ចេញមក មកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ ។ ចំណែកព្រះម្នាង ប៉ែន ជាស្នំ ក៏ភៀសខ្លួនរួចពីគ្រោះថ្នាក់ជាមួយនឹងសេនាបតី មឿង ព្រមទាំងភរិយានឹងបុត្រ ៤នាក់ទៀត ។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាង ប៉ែន ទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ មានកូននៅក្នុងពោះ ឈ្មោះជំទាវប៉ោលប៉ៃ ដែលជាព្រះទីន័ងដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទ ធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុ ស្រីណាមានកូនខ្ចី ចាប់ច្រកការុងឲ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុងពោះ ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់ ។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឲ្យពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម ជិតក្រុងហើយសន្មតឲ្យឈ្មោះថា "ក្រុមខ្មែរអ្នកគ្រួ " ។
ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុព្វវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ ដោយសៀមកៀរយកទៅយ៉ាងនឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគភ៌ ជាកូនមានឥទ្ធិឫទ្ធីមានបុណ្យ ក៏បណ្ដាលឲ្យអ្នកផងជិតខាង មានចិត្តទោរទន់ រាប់អានស្រឡាញ់ ជួយឧបត្ថម្ភ ជួយយកអាសានាងគ្រប់យ៉ាង ។ លុះនាងមានគភ៌គ្រប់ខែដប់ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏មកមិនមានខាន ដោយអំណាចគុណបុណ្យតេជះបារមីនៃទារកនោះ ។ លុះប្រសូតបាន ៣ ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឲ្យឈ្មោះកូននោះថា ឧទេន ។
ចំណែកមេដំរីដែលជាព្រះទីន័ង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លីង ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឲ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ថ្ងៃ ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ ។ កូនដំរីនោះមានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែក អំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង ទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់ ។
ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំ ដឹងសេចក្ដីខុសត្រូវខ្លះនឹកភ្នករកបិតា សួរម្ដាយថា "ឪពុកខ្ញុំទៅណា ពុំដែលឃើញ ក្មេងគេឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូចគេ?” ម្ដាយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូង អួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់វៀងវៀះទៅ កុំឲ្យកូនសួរទៀត ពីព្រោះខ្លាចក្រែងរឿងនោះ មិនជិតដឹងទូទៅ នឹងដល់នូវសេចក្ដីអន្តរាយនៃជីវិត ។ កូនចេះតែសួរញយ នាងក៏និយាយបង្វេះពង្វាងមិនឲ្យសួរបាន ដរាបដល់កូននោះ អាយុ ១២ ឆ្នាំ ។ ថ្ងៃមួយនាងនឹកថា កូននេះខានប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមរហូតដល់ចុង កូនស្ដាប់បាន យល់សេចក្ដីសព្វគ្រប់ ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះ កូននឹងគិតរកមធ្យោបាយណាមួយ ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន ចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង មានអក្សរជាដើមឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកពីកុមារធម្មតា។
ថ្ងៃមួយកុមារឧទេន ចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើបោសច្រាសរោងដំរី ដើម្បីរៀនវិជ្ជាខាងហ្មដំរីឲ្យស្ទាត់ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ ដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះ មកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង ។ ចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៍ដំរី ដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា ។ លុះស្ពៃនោះធំល្មមដក កុមារឧទេនដកយកទៅលាងយ៉ាងស្អាត រែកយកទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា "នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា" កុមារក្រាបទូលតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់នឹងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។
ដំរី ជាកូនមេដំរីឈ្មោះជំទាវប៉ោលប៉ៃ ដែលជាទីន័ងដ៏ប្រសើររបស់ព្រះចៅ ក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតី កាចសហាវមិនព្រមស្ដាប់បង្គាប់ ព្រិចហ្មស្លាប់ មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុក បោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន ។ ពួកអ្នកគង្វាលដំរី នាំសេចក្ដីទៅទូលព្រះចៅៗទ្រង់ចាត់ការឲ្យស៊ើបសួររក អ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះកុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួលការចាប់ដំរីនោះឲ្យបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេន ចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីន័ងនោះបាន ។ ឧទេនបង្គាប់ឲ្យប្រមូលដំរី ៥០០ មក ដើម្បីនឹងរើសយកដំរីណាគួរមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអ៊ឹកធឹក ។ អ្នកស្រុកផ្អើលមកមើលគឹកកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឲ្យចេក ៣ ស្និត អំពៅ ៣ បាច់ ពេលទៅដល់ ព្រះទីន័ងស្ទុះមករក ហាក់ដូចជាប្រុងនឹងព្រេច តែបែរទៅជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជះបុណ្យបារមីនៃឧទេនៗនិយាយទូន្មានប្រដៅថា "ទីន័ងឯងតាំងពីថ្ងៃនេះទៅទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឲ្យស្លូតល្អដូចដើម" ឲ្យចេកនិងអំពៅស៊ីរួច និយាយថា "ឯងទៅតាមយើង" ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងអ្វីឡើយហាក់ដូចជាហ្មចាស់យូរមកហើយ ។
ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីន័ងមក ព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទេននិងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរីនិងខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញនិងទុកព្រះហឫទ័យលើជ័យអស្ចារ្យ ប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ ។
លុះដល់អាយ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នក់នឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់សៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀម ឲ្យបានសម្រេចដូចសេចក្ដីបំណង ។
ទើបដើរនយោបាយចាត់មនុស្ស ១៥ នាក់ ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាលនិងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរីញាត់ឲ្យណែន ទុកឲ្យស្ងួត ចាក់រាយតាមស្ទឹងឬផ្លូវ យកឈើជើងដំរី ដើរសង្កត់ជាស្នាមដាន ដូចជាជើងដំរីដើរមែនៗ ដើម្បីឲ្យស្រុកឃើញ ហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅៗ នឹងទ្រង់ចាត់សេនាជ័យអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម៉្យាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយ ជឿជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។
ចំណែកអ្នកស្រុក លុះឃើញដានជើងដំរីនិងអាចម៍ធំៗ អណ្ដែតតាមទឹកមកដូច្នោះ ក៏នាំសេចក្ដីនោះទៅក្រាបទូលព្រះចៅៗ ទ្រង់ប្រើជ័យអស្ចារ្យទៅតាមទាក់ដំរីព្រៃ ដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ក៏ច្រើន ហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅ សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យ ។ ព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យជ័យអស្ចារ្យ តាមត្រូវការ ធ្វើបែបណាៗ ស្រេចនៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធី ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃ ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា "សូមទ្រង់មេត្តាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីធំនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្តាប្រោសព្រះរាជទាន បញ្ជូនមកឲ្យឆាប់ ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង" ។
ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬ សង្ស័យដោយហេតុណាមួយឡើយ ។
ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្តដំណើរទៅទៀត ចំនួន១៥ថ្ងៃ ក្រោយមក ក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរ ។ មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូល ថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បម្រើព្រះវរបិតាឈ្មោះ មឿងនិងកូនប្រុស៤ នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបាន ។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ រួចចងកូបជំទាវប៉ាល់ប៉ៃឲ្យទៅទទួលម្ដាយ ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់ ៣ ដង ម្ដាយភ្ញាក់ នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូនឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រូតឲ្យជួបនឹងកូននៅស្រុកបាត់ដំបង ។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតា ។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេក នឹកតូចព្រះទ័យក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់មកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកល បោកបញ្ឆោតយកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណ រត់ទោស្រុកខ្មែរ ហេតុនេះ ត្រូវលើកទ័ពតាមទៅដណ្ដើមមកវិញឲ្យបាន ហើយចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ ។
ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងមិនបរិបូរណ៍ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជម្នះ ពេលនេះ ពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះ មានតែសេនាមឿងឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចម្លែក គឺហ៊ានប្ដូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម ។ ទើបបង្គាប់ឲ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះ ដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះ សេនាមឿង បង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទ លោកប្រកាសថា "សូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះ ដើម្បីរំដោះដែនដី ឲ្យបានរួចពីកណ្ដាប់នៃបច្ចាមិត្ត ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះ បើខ្ញុំស្លាប់ទៅបាន ៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ ។ លុះផ្ដាំរួចលោតចុះទៅក្នុងរណ្ដៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះ ក៏លោតទៅជាមួយនឹងប្ដីព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា ដល់ថ្ងៃជាគម្រប់ ៧ លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែន ។
ទ័ពសៀមចូលដល់បាត់ដំបង ឆ្លងចូលមកដល់អូរមួយ សព្វថ្ងៃគេហៅថាអូរស្វាយដូនកែវ ជួបគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញទៅមុនសម្ដែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួលៗ ទ័ពព្រះជ័យចេស្ដាចូលទៅកាប់សម្លាប់អស់ ពួកកងទ័ព សៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញ ។
ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ។ ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យ និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ ។ លុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយ ទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ធរបស់សេនាមឿង យ៉ាងឧឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបមកដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំង មឿង ទៅវិញ ។