ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/7

From Wikisource
Jump to navigation Jump to search

រឿង ក្អែក​ស្រុក​បង្រៀន​ក្អែក​ព្រៃ




ក្នុង​កាល​អតីត​កប្ប​ខាំង​កំបាំង​ស្ងាត់​យូរ​អង្វែង​ណាស់​ទៅ​ហើយ មាន​ក្អែក​ពីរ​គឺ: មួយ​ក្អែក​ស្រុក​សម្បុរ​ស មួយ​ទៀត​ក្អែក​ព្រៃ​សម្បុរ​ខ្មៅ ។ ក្អែក​ស្រុក​នេះ​វា​ចេះ​ស៊ី​ចំណី​អាហារ​គ្រប់​យ៉ាង វា​រស់​តែ​ដោយ​សារ​លួច​ឆក់​ចំណី​អាហារ​របស់​អ្នក​ស្រុក​ស៊ី​រាល់​ថ្ងៃ ។ មនុស្ស​ណា​ទុក​ចំណី​អា​ហារ​មិន​ប្រយ័ត្ន វា​លួច​ឆក់​ពាំ​ទៅ​ស៊ី​មួយ​រំពេច ។

ថ្ងៃ​មួយ ក្អែក​ស្រុក​ហើរ​រក​ស៊ី​តាម​ធម្មតា បាន​ជួប​នឹង​ក្អែក​ព្រៃ ហើយ​វា​សួរ​ថា “បង​ក្អែក​ព្រៃ​ឯង​រក​ស៊ី​តាម​របៀប​ណា​សព្វ​ថ្ងៃ ? ” ។ ក្អែក​ព្រៃ​ឆ្លើយ​ថា “ ខ្ញុំ​សព្វ​ថ្ងៃ​រក​ស៊ី​តាម​សម្មា​អា​ជីវៈ មិន​លួច​ឆក់​របស់​គេ​យក​មក​ចិញ្ចឹម​ខ្លួន​ទេ បង​ក្អែក​ស្រុក​ឯង​រក​ស៊ី​តាម​របៀប​ណា​ដែរ?” ។ ក្អែក​ស្រុក​ឆ្លើយ​ថា “ រក​ស៊ី​តាម​របៀប​បង​ឯង​នោះ ស៊ី​មិន​ទាន់​មាត់​ទេ រក​ស៊ី​តាម​របៀប​ខ្ញុំ​ទើប​ប្រសើរ ហើយ​ងាយ​ផង ” ។ ក្អែក​ព្រៃ​សួរ​ថា “តើ​រក​ស៊ី​របៀប​ដូច​ម្ដេច? ” ។ ក្អែក​ស្រុក​ឆ្លើយ​ថា “ នៅ​ពេល​ព្រឹក មើល​តែ​មនុស្ស​ម្នា គេ​ហាល​ត្រី​ទុក​ដោយ​ធ្វេស​ប្រហែស ភ្លេច​ត្រចៀក​ឬ​គេ​ដើរ​ទៅ​ណេះ ទៅ​នោះ​អស់ ខ្ញុំ​បោះ​ពួយ​ភ្លែត​ទៅ​ឆក់​យក​មក​ភ្លាម ហើយ​ហើរ​ទៅ​ស៊ី​លើ​ចុង​ឈើ​ឯ​ណោះ​ធ្វើ​ព្រងើយ”។ ក្អែក​ព្រៃ​ថា “ អូ ! អីចឹង, ខ្ញុំ​មិន​ដែល​រក​ស៊ី​ទេ របៀប​ហ្នឹង, បង​ឯង​ប្រយ័ត្ន ដូច​ពាក្យ​ចាស់​ថា “ លួច​គេ​វា​គ្រាន់, ប្រយ័ត្ន​គេ​ទាន់​វា​ក្រែល​ណា៎ ” ក្អែក​ស្រុក​ថា “ មើ ! បង​ក្អែក​ព្រៃ​ឯង​ទៅ​ល​ជាមួយ​ខ្ញុំ​ម្ដង​មើ ! តើ​វា​គ្រាន់ ឬ វា​ក្រែល ? ” ។ ថា​ហើយ​ក៏​នាំ​គ្នា​ហើរ​សំដៅ​ទៅ​រក​ភូមិ​ដែល​មាន​មនុស្ស​នៅ​អាស្រ័យ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ បាន​ឃើញ​អ្នក​ដំណើរ​ម្នាក់​ដាក់​រទេះ​ដាំ​បាយ ហើយ​អាំង​ត្រី​មួយ​ដំបុត​យ៉ាង​ឈ្ងុយ, គាត់​ដាំ​បាយ​បណ្ដើរ អាំង​ត្រី​បណ្ដើរ ចូរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ក្បែរ ៗ នោះ​បណ្ដើរ​នៅ​ក្បាល​ជួត​ដោយ​ក្រមា ១ ផង ។ ក្អែក​ស្រុក​ប្រាប់​ក្អែក​ព្រៃ​ថា “បង​ឯង​ចាំ​ធ្វើ​តាម​បង្គាប់​ខ្ញុំ, ខ្ញុំ​ឆក់​យក​ឈ្នួត​ក្បាល​គាត់ កាល​ណា​គាត់​ដេញ​តាម​ខ្ញុំ បង​ក្អែក​ព្រៃ​ឯង ចូរ​ទៅ​ឆក់​យក​ត្រី​អាំង​របស់​គាត់​នោះ​ភ្លាម​ទៅ ! ” ។ ក្អែក​ទាំង​ពីរ​ជំនុំ​គ្នា​រួច​ហើយ ក្អែក​ស្រុក​បោះ​ពួយ​សំដៅ​ទៅ​ឆក់​យក​ឈ្នួត​ក្បាល​តា​នោះ​បាន ហើយ​ហើរ​យ៉ាង​លឿន ។ តា​នោះ​ក៏​ខំ​រត់​ដេញ​បង្អើល​យក​ឈ្នួត​ក្បាល​វិញ ។ ឯ​ក្អែក​ព្រៃ​ឃើញ​តា​ដេញ​ដណ្ដើម​យក​ឈ្នួត​ក្បាល​ពី​ក្អែក​ស្រុក ក៏​ស្ទុះ​ភ្លែត​ទៅ​យក​ត្រី​អាំង ហើយ​ហើរ​ទៅ​ទំ​លើ​ចុង​ឈើ​ធ្វើ​ព្រងើយ ។ ក្អែក​ស្រុក​ឃើញ​ក្អែក​ព្រៃ​ឆក់​ត្រី​អាំង​បាន​ហើយ ក៏​ទម្លាក់​ឈ្នួត​ក្បាល​ឲ្យ​តា​នោះ​វិញ ។ តា​បាន​ឈ្នួត​ក្បាល​​ក៏​ត្រឡប់​មក​កន្លែង​រទេះ​របស់​គាត់ រក​មើល​ត្រី​អាំង​មិន​ឃើញ ងាក​រក​ចុះ​ឡើង​មិន​ឃើញ​សោះ​ក៏​ក្រឡេក​ទៅ​លើ​ចុង​ឈើ ទើប​ឃើញ​ក្អែក​ទាំង​ពីរ​កំពុង​ចែក​ត្រី​អាំង​គ្នា​ស៊ី​យ៉ាង​ហ៊ឺ​ហា, តា​ក្ដៅ​ចិត្ត​ណាស់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម្ដេច​កើត ។

ចាប់​ពី​ថ្ងៃ​នោះ​មក ក្អែក​ព្រៃ​ក៏​ចេះ​រក​ស៊ី​លួច​ឆក់​ដូច​ក្អែក​ស្រុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។