ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/25

From Wikisource
Jump to navigation Jump to search

រឿង ដើមស្លា-ម្លូ




មានសេចក្ដីដំណាលថា: កាលពីយូរណាស់មកហើយមានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខជាមួយគ្នា ពុំដែលឃ្នើសឃ្នងអ្វីឡើយ ។ ពេលមួយបានដំណឹងថា មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​

ក្បែរ​នោះ ចេះ​បង្រៀន​វិទ្យា​សាស្ត្រ​ផ្សេង ៗ, បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សាសព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយបានទទួលមរណភាពជាយូរណាស់មកហើយ ។ បុរសបង​អាយុ​បាន ១៩ ឆ្នាំ ចំណែកប្អូនអាយុ ១៦ ឆ្នាំ ។ លុះបានទៅដល់សំណាក់គ្រូអាចារ្យនោះហើយ បុរសកំព្រាទាំងពីរនាក់ ក៏នាំគ្នាឱនលំទោន សុំស្នាក់អាស្រ័យនៅរៀនសូត្រតទៅ ។ កាល​បើបាន​ឃើញ​ឫក​ពា​សុភាព​រាប​សា​នៃ​បុរស​ទាំងពីរនោះហើយ គ្រូអាចារ្យក៏ព្រមទទួលចិញ្ចឹមថែរក្សា ព្រមទាំងជួយបង្រៀនវិជ្ជាសព្វសារពើផង ។

ក្នុងរយៈកាលពីរឆ្នាំក្រោយមក គ្រូពិនិត្យមើលកិរិយាមារយាទកុមារទាំងពីរ ឃើញថាប្រសើរណាស់ ។ គាត់ក៏សុខចិត្តលើកកូនក្រមុំ របស់គាត់ឈ្មោះនាង “ មណី ” ដែល​ទើប​តែ​បាន​អាយុ​ដប់​ប្រាំ​

ឆ្នាំ ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​គួរ​ឲ្យ​អ្នក​ផង​ចាប់ចិត្ត រៀបផ្សំផ្គុំជាមួយចៅ “សុដា” ជាបុរសបង ដែលជាក្មេងកំព្រា បានត្រាច់មកពីស្រុកឆ្ងាយ ហើយមកនៅជ្រកកោនរៀនសូត្រ ជាមួយគាត់នោះ ។

ចាប់​តាំង​ពី​ថ្ងៃដែល “សុដា” បានប្រពន្ធមក, ក្នុងចិត្តចេះតែពុំសូវរីករាយចំពោះប្អូនសោះ ព្រោះគិតតែមានបំណងលោភបុណ្យស័ក្ដិធំ ។ វាគិតថាក្នុងថ្ងៃណាមួយនឹងបានសម្រេចផលវិជ្ជា និង​បាន​ជា​

មន្ត្រី​កិត្តិយស​មួយ ហើយវាមុខជានឹងបានជាទីគាប់ព្រះទ័យរបស់ព្រះរាជា មិនខាន ។ រាល់ៗ ថ្ងៃ, ពេលដែលផុតរវល់ពីការងារហើយ គេតែងដើរទៅជិតប្រពន្ធ ហើយ​និយាយ​ដោយ​ពាក្យ​ទន់​ភ្លន់​រីក​រាយ។

ឯចៅ “សុដ្ឋា” ជាប្អូន ពុំសូវសប្បាយក្នុងចិត្តទេ ព្រោះឃើញកិរិយារបស់បង ពុំសូវរាក់ទាក់នឹងខ្លួនសោះ, ចេះតែនឹកឆ្ងល់ក្នុងចិត្ត, មួយទៀតព្រួយបារម្ភនឹងមុខរបរមិនដឹងបានការអ្វីធ្វើផង ។ ព្រួយ

នោះ​​ហៅមហាព្រួយ, ងាកទៅបងក៏គេស្ដីនិយាយរក, ងាកទៅរកមុខរបរគ្មាន តើអាត្មាងាកទៅខាងណា ? បើចង្អៀតចិត្តខ្លាំងម៉េ្លះ ? គិតសព្វគ្រប់ទៅ, សុដ្ឋាឃើញផ្លូវមួយ គឺ​ត្រូវ​គេច​ខ្លួន​ចេញ​ពី​លំនៅ​ដ៏ចង្អៀតនេះ ។ ព្រឹកមួយ សុដ្ឋារៀបចំអីវ៉ែអីវ៉ាន់ហើយ ដើរចេញពីផ្ទះនេះដោយឥតឲ្យអ្នកណាដឹង បានត្រេចទៅដល់មាត់ស្ទឹងមួយ ហើយអង្គុយយំយ៉ាងកម្សត់ នៅក្រោមដើមជ្រៃធំមួយដើម ដោយ​នឹក​អស់សង្ឃឹម មិនដឹងជានឹងទៅពឹងពាក់អ្នកឯណា ។

ពេលយប់ក៏មកដល់, សុដ្ឋាក៏ស្រស់ស្រូបអាហារបន្តិចបន្តួច ហើយទម្រេតលក់នៅក្រោមដើមជ្រៃនោះទៅ ។

ក្នុងពេលដែលសុដ្ឋាលក់មួយភាំងទៅ ស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសម្បើម ឈរច្រងាង ដៃម្ខាងកាន់ដំបងយ៉ាងធំមួយ ហើយស្រែកមករកកុមារថា:

នែ ! អានេះឯងមកពីណា បានជាចូលមកកន្លែងអញ ដោយគ្មានអុជទៀនធូបអ្វីបូជាអញសោះ ? ព្រោះនរណាក៏ដោយ ឲ្យតែមកទីនេះត្រូវតែគោរពបូជាអញ !

សុដ្ឋា ញាប់ញ័រក្នុងខ្លួនពេកណាស់ ហើយក៏និយាយតបទៅលោកតាដោយលន់តួថា:

ឱ ! លោកតាអើយ ! សូមលោកមេត្តាអត់ទោសឲ្យខ្ញុំផងចុះ ព្រោះខ្ញុំកើតទុក្ខខ្លាំងណាស់, បើប្រសិនជាលោកម្ចាស់ជ្រាបរឿងនេះផង នោះមុខជាជួយអាណិតខ្ញុំមិនខាន ។

អ្នកតានោះតបវិញថា ៖

ទេ ! អញមិនត្រូវការអាណិតឯងទេ, អញដឹងតែពីអ្នកណាមកចូលកន្លែងអញ ហើយមិនបន់ស្រន់បូជា អញត្រូវតែបំផ្លាញអ្នកនោះអ្នកនោះឯងគ្មានត្រាប្រណីឡើយ ។ ថា​ហើយ​អ្នក​តា​កំណាច​លើក​

ដំបង​ចង្អុល​ទៅ​សុដ្ឋា មាត់សេកមន្តគាថា, មិនយូរប៉ុន្មានកំលោះសុដ្ឋាក៏ក្លាយខ្លួនទៅជាថ្មមួយដុំសស្អាតស្ថិតនៅត្រង់ទីដែលឈរនោះឯង, ឯអ្នកតាចង្រៃក៏អន្តរធានបាត់ក្នុងពេលនោះដែរ ។

និយាយពីនាយ សុដា ជាបង កាលដែលបានដឹងថា: ប្អូនរត់ចេញពីផ្ទះទៅបាត់ហើយ ក៏នឹកដល់ប្អូនពន់ពេក នឹកដល់គ្រាកម្សត់កម្រជាមួយគ្នា តាំង​ពី​ឪពុក​ស្លាប់​ចោល​រហូត​ដល់​ខ្លួន​មក​បាន​ប្រពន្ធ​

នេះ។ គិតសព្វគ្រប់ទៅនាយសុដា ក៏លាប្រពន្ធនិងឪពុកក្មេកដើម្បីធ្វើដំណើរទៅតាមរកប្អូន, គាត់ខំដើររកសព្វច្រកល្ហកព្រៃភ្នំក្រំថ្ម និងភូមិឋាននានា តែមិនឃើញសោះ សួរគេឯងក៏មិនលេចឮ​ដំណឹង។ លុះដើរ ៗ ទៅ បានទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃសាខាត្រឈឹងត្រឈៃដុះប្របនោះ ។ ដោយការអស់កម្លាំង សុដាក៏សម្រាកនៅក្រោមដើមជ្រៃ អង្គុយផ្អែកនឹងដុំថ្មសរលោង ១ ដុំ​នៅ​ក្បែរ​​នោះ ។ លុះលក់មួយស្រឡេតទៅ ស្រាប់តែឃើញមនុស្សយ៉ាងធំម្នាក់លេចចេញខ្លួនមក គឺរូបអ្នកតាដដែលនោះ និយាយសម្លុតថា :

- នែ ! អាកំណាច, អាមកពីណាចូលមកក្នុងទីនេះ គ្មាននិយាយគួរសមនឹងអញសោះ ។ ឮដូច្នោះ សុដាញ័រអស់ខ្លួនប្រាណ ហើយអង្វរលន់តួថា :
- សូមលោកមេត្តាខ្ញុំផង, ខ្ញុំបានជាជ្រុលចូលមកទីនេះទៅហើយ ខ្ញុំសូមស្នាក់ក្នុងទីនេះមួយយប់សិនចុះ, ព្រោះខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយ ដើម្បីស្វែងរកប្អូន តែមិនឃើញសោះ, បើ​លោក​ម្ចាស់​

បាន​ប្រទះ​នឹង​ប្អូន​ខ្ញុំ សូមទានមេត្តាប្រាប់ផង ។

អ្នកតាកំណាចបើកភ្នែកធំ ៗ ហើយស្រែកគំរាមមកទៀតថា :

- ទេ ! អញគ្មានឃើញប្អូនអាណាទេ, អញត្រូវផ្ដន្ទាទោសអាឯងក្នុងពេលនេះ ។ អើ ! បើអាឯងចង់ជួបប្អូនអាឯង អញឲ្យជួបបាន គឺដុំថ្មដែលអាឯងឈរផ្អែកនេះហើយជាប្អូនអាឯង ។

ថាតែប៉ុណ្ណោះ អ្នកតាកំណាចលើកដំបងចង្អុលមុខនាយសុដា ព្រមទាំងសេកមន្តអាគមគាថា ផ្លុំជាខ្យល់យ៉ាងខ្លាំង ។ មួយរំពេចនោះ រូបសុដា ក៏ប្រែក្លាយទៅជាដើមស្លាមួយដើមដុះប្របដុំថ្មនោះ ។ ឯរូបអ្នកតាក៏អន្តរធានក្នុងពេលនោះដែរ ។

ចំណែកនាងមណីជាភរិយា ក្រោយដែលបាត់ប្ដីយូរក្រឃើញត្រឡប់មកវិញ ក៏ដាច់ចិត្តលាឪពុកទៅតាមរកប្ដី ។ ដោយហេតុតែរឭកប្ដីខ្លាំងពេក ទ្រាំនៅពុំសុខ នាង​ក៏​ដាច់​ចិត្ត​ហ៊ាន​ដើរ​កាត់​ព្រៃ​កាត់​វាល​

តែ​ម្នាក់​ឯង, មានតែសត្វសាហាវយង់ឃ្នងជាគ្នាប៉ុណ្ណោះ, នាងដើរ ៗ ទៅបានទៅដល់មាត់ស្ទឹងមានដើមជ្រៃធំ ដ៏ជាលំនៅឋាននៃអ្នកតាកំណាចដដែលនោះ បានឃើញដើមជ្រៃធំដ៏មានមែកសាខា ហើយនៅក្បែរដើមជ្រៃ នាងឃើញដុំថ្មមួយដុំសររលោង និងដើមស្លាមួយដើម បែកធាងមានផ្លែធ្លាក់សំយាកនៅក្បែរដុំថ្មនោះ ។ ដោយនាងអស់កម្លាំងខ្លាំងណាស់ផង នាងក៏អង្គុយផ្អែកទម្រេតខ្លួននឹងគល់ស្លានោះលក់មួយសន្ទុះ ។ អ្នកតាកំណាចដដែល បានមកសម្លុតនាងដោយពាក្យផ្សេង ៗ ដូចកាលសម្លុត សុដ្ឋា និង សុដាដែរ, ទោះបីនាងខំអង្វរករយ៉ាងណា ក៏អ្នកតាចង្រៃមិនព្រមចេះតែស្រែកខ្លាំងឡើង ៗ ថា :

- អញត្រូវតែបំផ្លាញជីវិតនាងក្នុងពេលនេះ ។

នាងមិនព្រមឈប់អង្វរទេ នៅតែទទូចថា :

- សូមលោកតាកុំអាលបំផ្លាញជីវិតនាងខ្ញុំ បើមុននឹងខ្ញុំស្លាប់ សូមឲ្យខ្ញុំបានជួបនឹងប្អូនថ្លៃ ព្រមទាំងប្ដីខ្ញុំសិន ។
អ្នកតាកំណាចសើចចំអកខ្លាំង ៗ ឯនាងមណីភ័យញ័រកាន់តែខ្លាំងឡើង ៗ ។ ឃើញដូច្នោះអ្នកតាក៏ចូលមកជិត ហើយស្រែកខ្ទរដី ជាសម្រែកថា :
- បើនាងឯងចង់ជួបនឹងប្អូនថ្លៃព្រមទាំងប្ដីនាងឯង, មិនអីទេ អញឲ្យជួបបាន ហើយនាងឯងធ្លាប់នែបនិត្យនឹងប្ដីយ៉ាងណា អញនឹងឲ្យនែបនិត្យយ៉ាងនោះទៀត ។ ដើម​ស្លា​ដែល​នាង​អង្គុយ​ផ្អែក​នេះ​

ហើយ​ ជាប្ដីនាង ។ ឯដុំថ្មសស្អាតមួយដុំនោះឯង ជាប្អូនថ្លៃនាង ! ឥឡូវនាងឯងទៅនៅជាមួយចុះ ។

ថាតែប៉ុណ្ណោះអ្នកតាលើកដំបងចង្អុលដូចមុន ៗ ទៀត ។ រូបនាងមណីក៏ក្លាយជាដើមម្លូ ដុះលាស់ខ្ចីវារឡើងតោងដើមស្លាមួយរំពេច ។ អ្នកតាក៏អន្តរធានក្នុងពេលនោះដែរ ។
ក្នុងកាលជាចំណេរតមក មានព្រះរាជាមួយព្រះអង្គ, បានកេណ្ឌរេហ៍ពលទៅប្រពាតព្រៃ បានប្រទះនឹងដើមជ្រៃ ព្រមទាំងដុំថ្មសស្អាត និងដើមស្លា-ម្លូ ដុះប្រពាក់ប្រព័ន្ធគ្នា ដែល​ជា​ហេតុ​ឲ្យ​ព្រះ​អង្គ​នឹក​

ប្លែក​ក្នុងព្រះទ័យពន់ពេក ក៏សួររកអ្នកណាដឹងរឿងរ៉ាវវត្ថុទាំងបីនេះ ។ មិនយូរប៉ុន្មានមានអ្នកដឹងរឿងរ៉ាវនេះ គឺពួកអ្នកស្រុកជិតខាងទីនេះ ដែលគេបានឃើញហេតុការណ៍ច្បាស់ បាន​មក​ក្រាប​ទូល​ព្រះ​រាជា​តាម​ដំណើរសព្វគ្រប់ ។ ព្រះអង្គក៏ទ្រង់ចាត់ឲ្យ សេវកាមាត្យយកស្រាមក ហើយបេះផ្លែស្លា - ស្លឹកម្លូទៅដាក់លើដុំថ្មនោះ រួចចាក់ស្រាស្រោចពីលើវត្ថុទាំង ៣ ។ ក្នុងគ្រានោះវត្ថុទាំង ៣ ក៏​រលាយ​ជា​ទឹក​មានពណ៌ក្រហមដូចឈាមហូរធ្លាក់ចុះទៅលើផ្ទៃធរណី ។ ព្រះរាជាទ្រង់ទតនូវឧប្បត្តិហេតុនេះហើយ ក៏ទ្រង់ឈ្វេងយល់ថា: “ អ្នកទាំងបីនេះ ពីជាតិមុនស្រលាញ់គ្នាណាស់ បាន​ជា​ជាតិ​នេះ​នៅ​តែ​រួម​ធាតុ រួមរសជាតិជាមួយគ្នាយ៉ាងនេះ ” ។

ដោយព្រះអង្គចង់ទុកអនុស្សាវរីយ៍ យ៉ាងប្លែកនេះ ឲ្យឋិតថេរបានយូរអង្វែងតទៅ ទ្រង់ក៏បញ្ញត្តច្បាប់ឲ្យពពួកអ្នកស្រុកយកវត្ថុទាំង ៣ គឺ : ម្លូស្លានិងស្រា សម្រាប់ធ្វើជាជ័យមង្គល ក្នុង​ពេល​រៀប​បង្កក់​

កូន​ខ្ចីដែលទើបនឹងកើត, ក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងក្នុងឱកាសបុណ្យខ្មោច ។ មានអ្នកស្រុកខ្លះក៏យកដុំថ្មដុតធ្វើជាកំបោរ ហើយទទួលទានជាមួយនឹងម្លូស្លារហូតរៀងមកដល់សព្វថ្ងៃ ។

ឯដើមស្លាក៏តែងតែបាននៅជាការនិយមរបស់ដើមម្លូ គឺថា : ម្លូចូលចិត្តវារឡើងដើមស្លាជាងអ្វី ៗ ទាំងអស់ ។ នេះក៏ដោយសារអ្នកទាំងពីរជាប្ដីប្រពន្ធស្មោះស្ម័គ្រនឹងគ្នាក្នុងរឿងព្រេងនេះឯង ។