Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/21

From Wikisource

រឿង ដើមកោងកាង និងឈើទាល




តាមបុរាណបានដំណាលត ៗ មកថា កាលពីដើមឡើយ ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និង​មាត់​អូរ​

ម្ល៉ោះ​ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់ ។

ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងរាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំគ្នាថា ៖ ពួកយើងនឹងនៅទ្រាំទ្រ ដុះលើដីទំនាបយ៉ាងនេះ តទៅទៀតពុំបាន បើដូច្នេះ យើង​ត្រូវ​នាំគ្នា​ទៅ​និយាយ​

នឹង​ដើមកោងកាង ឲ្យមកដុះនៅលើដីមាន សភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមានឫសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន ។ លុះជំនុំគ្នាព្រមព្រៀងហើយ ពពួក​ដើម​ឈើ​ទាល​ទាំង​

ឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក ។ មុនដំបូងដើមកោងកាងប្រកែក តែដើមឈើទាលអង្វរថា ៖

បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង, យើងរាល់គ្នានឹងតបឧបការគុណអ្នក រាល់ឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាង កាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរ ចុះមកដុះនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ។ ឯដើមឈើទាល ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​

ភ្នំ និងជើងភ្នំវិញ ។

ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃនេះ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញ ។ ចំណែកឯដើមកោងកាង គេឃើញដុះនៅតែតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ

និងមាត់សមុទ្រជាដរាបមក ។

ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើមឈើទាលជម្រុះ ស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួសជូនដើមកោងកាងនោះឯង ។
ចំណែកដើមកោងកាង កាលបើបានដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រកាលណា តែងទៅលបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យក​ឈើទៅ​បោះ​

ចម្រូង​ពាសពេញ គឺដើមក្លាំពូនេះឯង ដើម្បីមិនឲ្យកោងកាងចូលទៅ លបលួចចែចង់កូនក្រមុំខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនឲ្យចូលចុះដូច្នោះ ក៏តាំង​បោះស្ពាន​

ឆ្លង​កាត់​ចម្រូងនោះទៅទៀត ។ ព្រោះហេតុនោះឯង បានជាសព្វថ្ងៃ មានដើមកោងកាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូដែលដុះឡើងនោះ

បើ​ក្រឡេក​មើលទៅ ឃើញវិស័យដូចជាចម្រូងមែន ៗ ដោយហេតុនោះមូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ ចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែង ៗ ធំ ៗ ចាក់​ស្រេះ​ទៅ​

ក្នុង​ដី​ក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក ឬជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ។