ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/16

From Wikisource
Jump to navigation Jump to search

រឿង តាដក់ជាន់កូនក្រួច



សត្វតាដក់បានជាមានក្បាលតម្ពែក ព្រោះហេតុត្រូវសត្វដទៃទៀត ខោក-ថង ទាល់តែរបើករុះសក់អស់ ដូចមានសេចក្ដីនិទានតទៅនេះ ៖
រឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម្ល៉ោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវ ឬសត្វតូចតាច ក៏ពុំសូវឃើញ ។

តាដក់ដើរទៅ ៗ ស្ទើរដាច់សង្វែង ក៏ទៅជាន់លើកូនក្រូច ដែលពួនជ្រកនៅក្នុងគុម្ពត្រែង ស្លាប់បង់ជីវិតទៅ ។ មេក្រួចក្ដៅចិត្តខ្លាំងណាស់ តែមិនដឹងធ្វើដូចម្ដេច ព្រោះខ្លួនតូចតាច ពុំ​ហ៊ាន​តវ៉ា​ជា​មួយ​

នឹង​​តា​ដក់​ដែល​មាន​មាឌ​ធំ​ជង្គ្រោង​នោះឡើយ ។

មេក្រួចដើរស្វែងរកសត្វណាដែលស្លូតបូត មានគតិទៀងត្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបាន ខ្លួននឹងនាំយករឿងទៅប្ដឹងសត្វនោះឲ្យជួយជម្រះ ក្ដីសម្រាលទុក្ខខ្លួន ។

គ្រានោះ ក្រួចដើរទៅជួបនឹងសត្វគីង្គក់ គីង្គក់ស្រែកសួរថា ៖

- អើ ! បងក្រួចទៅណាមកណា ?

ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរណាស់ ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្ត ប្រាប់គីង្គក់សព្វគ្រប់ ។ គីង្គក់ក៏កោះហៅតាដក់មកសួរថា ៖

- តាដក់ ! ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ ?

តាដក់ឆ្លើយថា ៖ បានជាខ្ញុំជាន់កូនក្រួចព្រោះខ្ញុំភ័យ ដោយមកពីខ្ញុំឃើញសត្វក្រសារវាហូតដាវខ្វាក ៗ ខ្ញុំនឹកថាប្រហែលជាមានសត្រូវមកដល់ទើបបានជាខ្ញុំស្ទុះម្នីម្នា មិនឃើញ ទៅជាន់កូនក្រូចដូច្នេះ !

គីង្គក់ក៏កោះហៅសត្វក្រសារមកទៀត ហើយសួរថា ៖

- ចុះហេតុអីបានជាក្រសារឯងហូតដាវ នាំឲ្យតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង ?

ក្រសារក៏ឆ្លើយភ្លាមថា ៖

- បានជាខ្ញុំហូតដាវប្រញាប់ណាស់ ព្រោះពេលនោះខ្ញុំឃើញក្អែកទឹកលើកទ័ពសម្បើមណាស់ ទើបខ្ញុំភ័យ !

គីង្គក់កោះហៅក្អែកទឹក មកសួរចម្លើយទៀត ។

ក្អែកទឹកឆ្លើយថា ៖

- បានជាខ្ញុំនាំគ្នាលើកទ័ព ព្រោះខ្ញុំឮសូរត្លុមវាវាយស្គរ ខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់ហើយ បានខំនាំគ្នាលើកពលរេហ៍ទៅរង់ចាំការពារនឹងសត្រូវនោះ ។

គីង្គក់ក៏កោះហៅសត្វត្លុមមកដល់ទៀតហើយសួរថា ៖

- ចុះមានហេតុអ្វី បានត្លុមឯងវាយស្គរឲ្យផ្អើលគេឯងយ៉ាងនេះ ?

ត្លុមឆ្លើយថា ៖

- បានជាខ្ញុំវាយស្គរ ពីព្រោះខ្ញុំឃើញសត្វទុងវាលយសំពៅ ខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ ។

គីង្គក់កោះហៅសត្វទុងមកសួរទៀត ។ ទុងឆ្លើយថា ៖

ធម្មតា ខ្ញុំក៏រកស៊ីលើគោកដែរ ប៉ុន្តែពេលនេះបានជាខ្ញុំម្នីម្នានាំគ្នាលយសំពៅ ប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះ ពីព្រោះឃើញតាដក់ វាស្ពាយយាមហើយក៏ស្មានថាមានអាសន្នមកដល់ហើយ !

អ្នកទាំងអស់ក៏ហ៊ោគឹលឡើង ស្រែកព្រមគ្នា ៖

- ទោសនេះ មកពីតាដក់ខ្លួនឯងនេះតើ !

គីង្គក់សួរយោបល់សត្វទាំងអស់តបថា “ត្រូវនាំគ្នា ខោក ថងក្បាលវាឲ្យវារាងចាល ! ” ថាហើយ សត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់គ្រប់ ៗ គ្នា ទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលតាដក់ដែរ ទាល់តែរោមក្បាលតាដក់រុះអស់ តម្ពែករហូតសព្វថ្ងៃ ។