ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/14

From Wikisource
Jump to navigation Jump to search

រឿង កណ្ដុរ​ស ឡើង​ជា​ស្ដេច




អ្នក​ផង​តែង​នឹក​ឆ្ងល់​ថា៖ សត្វ​កណ្ដុរ​តូច​តាច​ពេក​ណាស់ ហើយ​ពុំ​មែន​ជា​សត្វ​មាន​ឫទ្ធ​ផង ហេតុ​អ្វី​ក៏​គេ​លើក​ធ្វើ​ជា​តំណាង​ឆ្នាំ​ទី ១ គឺ​ឆ្នាំ​ជូត បាន​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​មួយ​ទាក់​ទង​នឹង​កណ្ដុរ ។

មាន​សេចក្ដី​និទាន​ថា៖ មាន​ប្ដី​ប្រពន្ធ​ជា​អ្នក​ទាល់​ក្រ​មាន​កូន ១៧ នាក់​សុទ្ធ​តែ​ស្រី ។ ថ្ងៃ​មួយ​ឪពុក​ម្ដាយ​ជំនុំ​គ្នា​ថា៖ យើង​បើ​ទាល់​ក្រ​ម្ល៉េះ​នឹង​ទ្រ​ទ្រាំ​ចិញ្ចឹម​កូន​ពុំ​បាន​ទេ ត្រូវ​តែ​យើង​ដាច់​ចិត្ត នាំ​យក​ទៅ​ប្រោស​ចោល តាម​តែ​ផល​កម្ម​របស់​វា​ចុះ ។ ហើយ​និយាយ​ទៅ​កូន​ទាំង​នោះ​ថា ៖

-កូន​អើយ​យើង​នៅ​ក្នុង​ស្រុក​រក​ស៊ី​ចិញ្ចឹម​ជីវិត​មិន​រស់​ទេ គួរ​ទាំង​អស់​គ្នា​ទៅ​នៅ​ព្រៃ​វិញ ។

ឯ​កូន​ក៏​ស្រុះ​ស្រួល​តាម​ទាំង​អស់ ។ ឪពុក​ម្ដាយ​គិត​គ្នា​ហើយ​ស្រេច​ថា​យើង​នាំ​វា​ទៅ​ឲ្យ​ដល់​ព្រៃ​ធំ ហើយ​ចូល​ឲ្យ​ជ្រៅ​ទៅ​ទៀត សឹម​យើង​គេច​ចេញ​ពី​វា ។ គិត​ហើយ​ក៏​នាំ​កូន​ចេញ​ទៅ, ដឹង​ថា​បាន​ឆ្ងាយ​អង្វែង ហើយ​ក៏​ឈប់​សម្រាក​នៅ​ទី​នោះ ហៅ​កូន​ឲ្យ​មក​ជុំ​គ្នា និយាយ​ទៅ​កូន​ថា

-កូន​ឯង​កុំ​ដើរ​បែក​គ្នា បាន​ចំណី​អ្វី​ស៊ី​ចែក​គ្នា​ស៊ី ឥឡូវ​ទាំង​អស់​គ្នា​​នៅ​ទី​នេះ​ចុះ ឪ​ម៉ែ​ទៅ​រក​ផ្លែ​ឈើ ។

ថា​ហើយ ក៏​ដើរ​ចេញ​ទៅ នាំ​គ្នា​គេច​ទៅ​ភូមិ​ផ្ទះ​វិញ ។ លុះ​បាត់​យូរ​ពេក កូន​ទាំង​អស់​នាំ​គ្នា​ដើរ​ទៅ​រក ។ ដើរ ៗ​ទៅ​ចូល​ទៅ​ក្នុង​ស្រុក​យក្ស ។ យក្ស​ដែល​ជា​ធំ​នៅ​កំលោះ តែ​គ្មាន​ឪពុក​ម្ដាយ មាន​តែ​ប្អូន​ស្រី​ក្រមុំ​ម្នាក់ ។ ថ្ងៃ​មួយ យក្ស​ប្រុស​ឲ្យ​ប្អូន​ស្រី​ដាំ​បាយ​ដំណើប​ឲ្យ​ច្រើន​ហើយ​វា​រែក​យក​ទៅ​ចាក់​ពូន​ធ្វើ​ជា​ទំនប់​ភ្លឺ​ស្រែ ។ ចាក់​ហើយ​ក៏​ទៅ​លំនៅ​វិញ ទទួល​ពេល​នោះ​នាង ១៧ នាក់ ដើរ​ទៅ​បាន​ជួប​ប្រទះ នាំ​គ្នា​ស៊ី​បាយ​ដំណើប​នោះ ស្រាប់​តែ​យក្ស​មក​ទាន់​ក៏​ចាប់​យក​អស់​ទៅ ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ប្អូន​ស្រី​វា​ទុក​ជា​ខ្ញុំ​បម្រើ​ត​រៀង​ទៅ ។ នាង​ទាំង​នោះ​លំបាក​ណាស់ ព្រោះ​យក្ស​ប្រើ​ឥត​មាន​ត្រា​ប្រណី សំលៀក​បំពាក់​គ្មាន​ទេ វា​ឲ្យ​ដេក​នៅ​តែ​ក្រោម​ផ្ទះ គឺ​យក្ស​មាន​បំណង​ថា ឲ្យ​តែ​នាង​ទាំង​នេះ​ធំ​វា​នឹង​យក​ធ្វើ​ចំណី​អាហារ ។ ថ្ងៃ​មួយ​យក្ស​ហាម​ប្រាម​នាង​ទាំង​អស់​នោះ​ថា កុំ​ឲ្យ​ដើរ​ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​ត្បូង​ឲ្យ​សោះ ។

ចាប់​តាំង​ពី​ថ្ងៃ​បាន​ហាម​ហើយ យក្ស​ប្រុស​ចេះ​តែ​ដើរ​លេង​សប្បាយ​មិន​នឹង​ប្រាកដ​ទី​លំនៅ ។ នាង​ទាំង​អស់​នឹក​ឆ្ងល់​ណាស់ ចង់​លប​ដើរ​ទៅ​មើល ទៅ​ទិស​ខាង​កើត​ឃើញ​ប្រាសាទ ក៏​នាំ​គ្នា​ចូល​ទៅ​មើល​ខាង​ក្នុង ក៏​ឃើញ​មាន​ពាង​អុង​ធំ ៗ បបួល​គ្នា​បើក​មើល​ឃើញ​សុទ្ធ​តែ​ទឹក​មាស​និង​ទឹក​ប្រាក់​ពេញ ៗ អុង ក៏​យក​ចង្អុល​ដៃ​ទៅ​ជ្រលក់ ក្នុង​ទឹក​មាស​គ្រប់ ៗ គ្នា ដក​ឡើង​ដិត​ជាប់​ដៃ​ជូត​មិន​ជ្រះ​សោះ ក៏​នឹក​ភ័យ​ក្រែង​យក្ស​ដឹង គិត​គ្នា​យក​កំណាត់​រុំ ក៏​រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ហើយ​ក៏​នាំ​គ្នា​ដើរ​ទៅ​រក​មើល​ខាង​ទិស​ឯ​ត្បូង​ទៀត ។ នាង​ទាំង​នោះ បាន​យល់​រោង​មួយ​ធំ លុះ​ដើរ​ចូល​ទៅ​មើល ឃើញ​គំនរ​ឆ្អឹង​មនុស្ស​គរ​ជា​ពំនូក ៗ តាម​ផ្នែក​ឆ្អឹង ដោយ​ឡែក ៗ ពី​គ្នា ។ នាង​ទាំង​ឡាយ​ភ័យ​ខ្លាច​ក៏​ថយ​ចេញ​មក​វិញ ជំនុំ​គ្នា​នឹក​គិត​ព្រួយ​ថា៖ បើ​យើង​នៅ​ទី​នេះ​យូរ​ទៅ មុខ​ជា​យក្ស​ស៊ី​ជា​មិន​ខាន ។ ជំនុំ​គ្នា​គិត​រត់ ក្រែង​រត់​មិន​រួច ទាល់​គំនិត​ក៏​ព្រួយ​ក្នុង​ចិត្ត​ឥត​ឧបមា​រាល់ ៗ ថ្ងៃ ។

ពេល​មួយ​អា​យក្ស​ប្រុស ត្រឡប់​មក​ពី​ក្រៅ​មក​ដល់​ផ្ទះ ឃើញ​នាង​ទាំង ១៧ រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ក៏​សួរ​ថា ៖

-វា​ស្អី បាន​ជា​រុំ​ចង្អុល​ដៃ​ស្រុះ​គ្នា​ម្ល៉េះ ?
-នាង​ទាំង​នោះ​ភ័យ ហើយ​ឆ្លើយ​ថា “ កាំ​បិត​មុត ”

យក្ស​ឆ្លើយ​វិញ​ថា “ អញ​មិន​ជឿ​ទេ ស្រាយ​កំណាត់​រុំ​ចេញ ឲ្យ​អញ​មើល​ភ្លាម ! ”

នាង​ទាំង​នោះ​ស្រាយ​ប្រញាប់​ប្រញាល់ យក្ស​ឃើញ​ហើយ​ក្រេវ​ក្រោធ ស្រែក​សន្ធាប់​ថា៖

-អញ​ហាម​ផ្ដាច់​ហ្នា៎ ឥឡូវ​ម៉េច​ក៏​ចិត្ត​ធំ​ចង្រៃ ទៅ​បំផ្លាញ​ទាល់​តែ​បាន​យ៉ាង​នេះ ? ហង​ឯង​ចង្រៃ​អាក្រក់​ណាស់ ! មក​ទាំង​អស់​គ្នា ! ទៅ​កន្លែង​នោះ​ម្ដង​ទៀត ។

នាង​ទាំង​ឡាយ​ភ័យ​យំ​សស្រាក់ នឹក​ថា​យក្ស​នាំ​ទៅ​សម្លាប់​ហើយ លុះ​ដើរ​ទៅ​ដល់​ជិត​ឃ្លាំង យក្ស​វា​ក្ដៅ​ចិត្ត​វា វា​ចាប់​នាង​ទាំង​នោះ​ម្ដង​មួយ ៗ លើក​ទម្លាក់​ទៅ​ក្នុង​ទឹក​មាស នៅ​លិច​លង់​រង​វេទនា ទាល់​តែ​អស់​ចិត្ត​ទើប​វា​ស្រង់​ឡើង នាង​ទាំង​នោះ​ល្ងីល្ងើ​ស្ទើរ​ស្លាប់ តែ​ជា​គុណ​ម្យ៉ាង​គឺ​នាង​នោះ មាន​រូប​រាង​ប្រកប​ដោយ​រស្មី​ភ្លឺ​ចិញ្ចែង​វិសេស​ដូច​មាស ចាប់​តាំង​ពី​ពេល​នោះ​មក ។ នាង​ទាំង​អស់​កើត​ទុក្ខ​ព្រួយ​ជា​និច្ច នឹក​ថា៖ ទ្រាំ​នៅ​ទៀត​មុខ​ជា​ស្លាប់ ។

គ្រា​នោះ​មាន​កណ្ដុរ​ស​បាន​មក​យល់​រឿង​នេះ កណ្ដុរ​ក៏​មាន​ចិត្ត​មេត្តា​ដល់​នាង​ទាំង​នោះ លុះ​ដល់​ពេល​ស្ងាត់ កណ្ដុរ​មក​ប្រាប់​ថា ៖

-នាង​ឯង​រាល់​គ្នា តែ​ខំ​នៅ​ទី​នេះ មុខ​ជា​យក្ស​វា​ស៊ី ជា​ចំណី​វា​ហើយ បើ​គិត​រត់​ក៏​មិន​រួច​ជើង​វា​ដែរ ។ ឥឡូវ​នេះ​យើង​ជួយ​គិត​ឧបាយ​សង្គ្រោះ​បាន​តែ​នាង​ឯង​ចូរ​ចាំ​ថា ដល់​ពេល​ជាត់​បាយ​កុំ​ជាត់​ចោល ទុក​ទឹក​បាយ​ឲ្យ​យើង​ផឹក យើង​នឹង​កាយ​រូង ក្នុង​ដី​ធ្វើ​ផ្លូវ​ឲ្យ​នាង​រួច​រត់​ឲ្យ​ផុត​ពី​ស្រុក​យក្ស ហើយ​នាង​ត្រូវ​លៃ​ធ្វើ​បាយ​ខាវតាក​សម្រាប់​ធ្វើ​ជា​ស្បៀង​តាម​ផ្លូវ​ចុះ ” ។

នាង​ទាំង​អស់​ទទួល​ថា “ មិន​អី​ទេ សូម​ឲ្យ​តែ​កណ្ដុរ​ជួយ​សង្គ្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចុះ ”

គ្រា​នោះ​កណ្ដុរ​ស​និយាយ​ឲ្យ​ការណ៍​សព្វ​គ្រប់​ហើយ​ក៏​ថយ​ទៅ ឯ​នាង​ទាំង​នោះ ជាត់​បាយ​ហើយ តែង​តែ​ទុក​ទឹក​បាយ ឲ្យ​កណ្ដុរ​ផឹក​ជានិច្ច ចំណែក​បាយ​ខាវតាក ក៏​បាន​ប្រុង​ប្រៀប​លៃ​លក​ទុក​សម្រាប់​ខ្លួន​ជា​ស្រេច ។

រវាង​កន្លះ​ឆ្នាំ កណ្ដុរ​ស​ចូល​មក​និយាយ​ប្រាប់​នាង​ទាំង ១៧ ថា៖ ផ្លូវ​យើង​ធ្វើ​រួច​ស្រេច​ហើយ ឯ​ដើម​ផ្លូវ​នៅ​ត្រង់​ចន្លោះ​នោះ យើង​បាន​កាច់​មែក​ឈើ​ទុក​ឲ្យ​ជា​សញ្ញា ចូរ​នាង​ប្រញាប់​ដោះ​ខ្លួន​កុំ​នៅ​យូរ រួច​ហើយ​កណ្ដុរ​ស​ក៏​លា​ថយ​ចេញ​ទៅ ។ លុះ​ដល់​ពេល​ស្ងាត់​នាង​ទាំង ១៧ ដើរ​ទៅ​រក​មើល​ផ្លូវ ឃើញ​ហើយ​ក៏​រីក​រាយ​ចិត្ត ផ្លូវ​នោះ​ស្អាត​ទូលាយ​ណាស់ ក៏​ថយ​មក​កន្លែង​វិញ គិត​គ្នា​លៃ​លក​អំពី​អាហារ ដំណើរ​តាម​ផ្លូវ ក្រែង​ពុំ​បាន​គ្រប់​គ្រាន់ ។ លុះ​គិត​រួច​ស្រេច​អស់​ហើយ ថ្ងៃ​មួយ​ពេល​ស្ងាត់​យក្ស​ប្រុស វា​ចេញ​ដើរ​ទៅ​ក្រៅ​បាត់ នាង​ទាំង ១៧ នាំ​បង​ប្អូន​ចេញ​ទៅ តាម​ផ្លូវ​ដែល​ស្ដេច​កណ្ដុរ​ធ្វើ​ឲ្យ ហើយ​នាំ​គ្នា​ប្រឹង​រូត​ដំណើរ មិន​ហ៊ាន​សម្រាក​សោះ​ឡើយ ក្រែង​មិន​ផុត ហើយ​អស់​ដាច់​អាហារ​តាម​ផ្លូវ ។ ដំណើរ​ត្រាច់​ទៅ​នោះ​រវាង ៣ ខែ ទើប​បាន​ផុត ទៅ​ដល់​នគរ​មួយ​ផ្សេង​ទៀត ទៅ​នៅ​នឹង​មាត់​ស្រះ​ទឹក​មួយ​ជា​ស្រះ​ទឹក​របស់​ស្ដេច ដែល​ភីលៀង​ស្ដេច​តែង​តែ​ទៅ​ដង​ទឹក​ស្រះ​នោះ​ជា​រឿយ ៗ ។

តាំង​ពី​នោះ​មក នាង​ទាំង ១៧ នាក់​បាន​សុខ​សប្បាយ ហើយ​ខ្លួន​ក៏​កាន់​តែ​ពេញ​ជំទង់​ក្រមុំ​អស់​ហើយ នៅ​លំហែ​កាយ​នឹង​ស្រះ​នោះ ទទួល​នឹង​ពេល​មួយ ភីលៀង​ទៅ​ដង​ទឹក​បាន​ឃើញ​នាង​ទាំង​អស់​នោះ​ឋិត​នៅ​ព្រោង​ព្រាត​ក្បែរ​ស្រះ នាង​ពិនិត្យ​មើល​ឃើញ​សព្វ​គ្រប់ ក៏​ប្រញាប់​ទៅ​ទូល​ព្រះ​រាជា​វិញ ។ ដល់​ហើយ​ក្រាប​បង្គំ​ទូល​ថា៖

-ខ្ញុំ​ម្ចាស់​ទាំង​អស់​គ្នា ទៅ​ដង​ទឹក​ឯ​ស្រះ​នោះ បាន​ជួប​ប្រទះ​ឃើញ មាន​ស្ត្រី​ក្រមុំ ១៧ នាក់ មាន​រូប​រាង​កាយ​ភ្លឺ​ល្អ ៗ ណាស់​មក​ជ្រក​នៅ​នឹង​មាត់​ស្រះ ប៉ុន្តែ​គ្មាន​សំលៀក​បំពាក់​ទេ ខ្លួន​ប្រាណ​នៅ​ទទេ​ស្អាត​ទាំង​អស់ ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ស្លូត​ព្រះ​រាជ​ហឫទ័យ ក៏​ទ្រង់​ចាត់​ព្រះ​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​នាំ​យក​នាង​ទាំង ១៧ នោះ​ចូល​មក​កាន់​ព្រះ​រាជ​ដំណាក់ ។ ឯ​នាង​នោះ​បាន​ប្រកែក​ថា ៖ ខ្លួន​ខ្មាស​ដោយ​គ្មាន​អ្វី​ស្លៀក​ពាក់ ។ ឯ​រាជ​បម្រើ​ក៏​ត្រឡប់​ទៅ​វិញ ទៅ​ក្រាប​ទូល​ស្ដេច​តាម​ដំណើរ ស្ដេច​បាន​ចាត់​ឲ្យ​ស្រី​ស្នំ​ភីលៀង នាំ​យក​សំលៀក​បំពាក់ ទៅ​ឲ្យ​នាង​ទាំង ១៧ ហើយ​ដង្ហែ​ចូល​មក​ធ្វើ​ជា​មហេសី ។

កាល​បើ​បាន​ជា​មហេសី​ស្ដេច​ហើយ នាង​ទាំង​១៧ ក៏​ចាត់​ឲ្យ​ស៊ើប​រក​ឪពុក-ម្ដាយ​ទាល់​តែ​ឃើញ នាំ​មក​ប្រទាន​ទ្រព្យ​និង​យស​ងារ ហើយ​ចាត់​ឲ្យ​ស្វែង​រក​កណ្ដុរ​ស​ដែល​ជួយ​សង្គ្រោះ​នោះ មក​ចិញ្ចឹម​រក្សា​ក្នុង​ទី​កន្លែង​សម​គួរ ព្រម​ទាំង​តែង​តាំង​ឲ្យ​កណ្ដុរ​ស​នោះ ជា​ស្ដេច​លើ​កណ្ដុរ​ទូទៅ ។