ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/10

From Wikisource
Jump to navigation Jump to search

រឿង សត្វ​រើស​គ្នា​ធ្វើ​ស្ដេច




ក្នុង​កប្ប​ទណ្ឌ​ខាំង​កំបាំង​បាត់ ស្ងាត់​កន្លង​រំលង​យូរ​លង់​ណាស់​មក​ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី ក្នុង​ពិភព​លោក​នេះ ពុំ​ទាន់​មាន​នរណា​មួយ​ជា​ធំ សម្រាប់​ត្រួត​ត្រា​គ្នា​នៅ​ឡើយ ។ លុះ​ចំណេរ​កាល​មក​ខាង​ក្រោយ ទើប​គេ​ជំនុំ​គ្នា​លើក​មនុស្ស​ម្នាក់​ជា​ក្សត្រ​ដាក់​នាម​ថា ព្រះ​សម្មតិ​រាជ ឲ្យ​សោយ​រាជ​សម្បត្តិ​និង​គ្រប់​គ្រង​អាណា​ប្រជានុរាស្ត្រ​តទៅ ។ ពពួក​សត្វ​ទាំង​ឡាយ​គឺ: សត្វ​ម្រឹគ, បក្សី​ និង​មច្ឆា​ជាតិ កាល​បើ​បាន​ឃើញ​មនុស្ស​មាន​ស្ដេច​មួយ​អង្គ សម្រាប់​ត្រួត​ត្រា​ប្រជាពលរដ្ឋ​ទូទៅ​ដូច្នោះ​ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​ជ្រួល​ច្របល់ ប្រកូក​ប្រកាស​ឲ្យ​ពិភព​លោក​គឺ​មនុស្ស និង​សត្វ​ទាំង​អស់​ដឹង​ថា: ពពួក​ខ្លួន​នេះ ពុំ​ទាន់​មាន​ស្ដេច​សម្រាប់​ត្រួត​ត្រា​នៅ​ឡើយ​ទេ, ដើម្បី​ឲ្យ​ពិភព​លោក​ជួយ​គិត​គូរ​អំពី​ពួក​ខ្លួន​នេះ​ផង ។ មិន​យូរ​ប៉ុន្មាន​មនុស្ស​ទាំង​អស់ ក៏​នាំ​គ្នា​ជួយ​គិត​គូរ​រើស​រក​ស្ដេច​ឲ្យ​ពពួក​សត្វ​ទាំង​នោះ ។ គេ​បាន​តាំង​សត្វ រាជ​សីហ៍ ដែល​ជា​សត្វ​ខ្លាំង​ពូកែ​មាន​ឥទ្ធិ​ឫទ្ធិ​អង់​អាច មាន​ប្រាជ្ញា​ឈ្លាស​វៃ និង​ចរិយា​ស្រគត់ស្រគំ​ជាង​គេ ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​សត្វ​ម្រឹគ ។ ពពួក​សត្វ​ម្រឹគ​ទាំង​ឡាយ ពេញ​ចិត្ត​និង​ស្ដេច​របស់​ខ្លួន​នេះ ដោយ​ឥត​មាន​ប្រកែក​អ្វី​ឡើយ ។ ពពួក​សត្វ​ត្រី គេ​បាន​តាំង​អនន្ទ​មច្ឆា ដែល​ជា​ត្រី​ធំ​ជាង​គេ ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​មច្ឆា​ជាតិ​ទាំង​អស់ , ពពួក​សត្វ​មច្ឆា​ក៏​ទទួល​យក​ដោយ​ពេញ​ចិត្ត​យ៉ាង​ក្រៃលែង ។

ឯ​ពពួក​បក្សី លុះ​បាន​មក​ជំនុំ​រើស​រក​សត្វ​ដែល​នឹង​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​បក្សី​ទាំង​ពួង ស្រាប់​តែ​មាន​បេក្ខជន​ពីរ​រូប​ឈរ​ឈ្មោះ​ឲ្យ​គេ​តាំង​គឺ: សត្វ​ក្អែក ១ សត្វ​មៀម ១ ។ សត្វ​ទាំង​ពីរ​នេះ សុទ្ធ​តែ​មាន​សត្វ​ជា​បរិពារ​យ៉ាង​ច្រើន​រៀង ៗ ខ្លួន ។ សត្វ​ទាំង​ពីរ​នេះ មាន​គំនិត​ចង់​ធ្វើ​ជា​ស្ដេច​គ្រប់ ៗ គ្នា ម្ល៉ោះ​ហើយ​ក៏​ចែក​ជា​ពួក​បក្ស​ដើរ​ឃោសនា​ប្រកួត​ប្រជែង អួត​តែ​បក្ស​ពួក​របស់​ខ្លួន​រៀង ៗ ខ្លួន, មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ដើរ​ឃោស​នា បន្តុះ​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​ផង ។ ខាង​ក្អែក​ថា “ នរណា​នឹង​ឲ្យ​អា​សត្វ​មៀម​ធ្វើ​ជា​ស្ដេច​កើត ! បើ​ភ្នែក​វា​ធំ​ម្ល៉េះ ។ តែ​កាល​ណា​វា​បាន​ធ្វើ​ជា​ស្ដេច លើ​បក្សី​ផង​ទាំង​ពួង វា​នឹង​បំផ្លិច​បំផ្លាញ​អស់​បក្សី​ផង​នានា, បើ​អ្នក​ទាំង​អស់​គ្នា​មិន​ជឿ​ខ្ញុំ ត្រូវ​អ្នក​មើល​តែ​ភ្នែក​វា យើង​គង់​យល់​បាន ថា​វា​ជា​សត្វ​កាច​យង់​ឃ្នង​ពិត​ប្រាកដ​មែន ” ។ ឯ​ពពួក​សត្វ​មៀម​ក៏​ឃោសនា​បង្អាប់​ទៅ​សត្វ​ក្អែក​វិញ​ថា “ យើ ! អា​សត្វ​ក្អែក ខ្មៅ​ទាំង​ឆ្អឹង ! អា​ឯង​នេះ​ជា​សត្វ​ខ្មៅ មិន​មែន​ខ្មៅ​តែ​រោម​ស្លាប​នឹង​សាច់​ប៉ុណ្ណោះ​ទេ ខ្មៅ​រហូត​ដល់​ទៅ​ចិត្ត​គំនិត​ទៀត បើ​នរណា​សុខ​ចិត្ត​តាំង​អា​សត្វ​ក្អែក​ឲ្យ​ធ្វើ​ជា​ស្ដេច ក្អែក​វា​នឹង​ជិះ​ជាន់​សង្កត់​សង្កិន​លើ​សត្វ​នានា ជា​មិន​ខាន, ព្រោះ​អា​នេះ​ចិត្ត​ខ្មៅ​ណាស់ វា​ជា​សត្វ​ធ្លាប់​រក​ស៊ី ពុំ​តាម​សម្មា​អាជីវោ​ទេ វា​រក​ស៊ី​តែ​លួច​ឆក់ របស់​គេ​ជា​អាហារ បើ​វា​បាន​ធ្វើ​ស្ដេច​វា​នឹង​លួច​ឆក់ ហើយ​វា​ទៅ​សង្កត់​ក​គេ​យក​ស៊ី​ទាំង​ភ្នែក​ស្រស់​តែ​ម្ដង, អ្នក​ទាំង​អស់​គ្នា​មិន​បាច់​គិត​ឲ្យ​វែង​ឆ្ងាយ​ទេ ​មើល​តែ​របរ​វា​រក​ស៊ី​សព្វ​ថ្ងៃ និង​ចរិយា​ក្រឡេមក្រឡឺម ហើយ​នឹង​សម្បុរ​ស្បែក​វា​ក៏​គង់​ដឹង​ហើយ ” ។

បេក្ខជន​ក្អែក​និង​មៀម ឃោសនា​ប្រឆាំង​គ្នា​យ៉ាង​នេះ រហូត​ទល់​តែ​បែក​ជា​បក្ស​ពួក​យ៉ាង​ធំ កើត​ជា​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ទើប​ពពួក​សត្វ​ទាំង​អស់​ដែល​មិន​ចូល​ដៃ-ជើង​ខាង​បក្ស​ពួក​ណា ក៏​ជំនុំ​គ្នា​តាំង​សត្វ​ហង្ស​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​សត្វ​បក្សី​ទាំង​អស់​រហូត​មក ។ ព្រោះ​ហេតុ​នេះ​បាន​ជា​ក្អែក​នឹង​មៀម​ចេះ​តែ​ស្អប់​គ្នា​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ជាប់​ជា​ទម្លាប់​មួយ ដែល​ចែក​សត្វ​ជា​ពួក​រក​ស៊ី​ពេល​យប់ ពួក​រក​ស៊ី​ពេល​ថ្ងៃ ហើយ​ទាំង​ពីរ​ពួក​នេះ ឃើញ​គ្នា​មិន​បាន​ទេ ។