ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/1
រឿង ត្មាតបោកដំរីស
កាលពីព្រេងនាយ មានស្ដេចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ។ យប់មួយស្ដេចត្មាតនោះ ដេកទៅយល់សប្ដឃើញថា បានចាប់ស្ដេចដំរីស យកមកស៊ីជាអាហារ ។ លុះភ្ញាក់ឡើងក៏ប្រើពួកពល ឲ្យហើរទៅហៅស្ដេចដំរីស ។ ពួកសេនារេហ៍ពលក៏ហើរសំដៅទៅលំនៅនៃស្ដេចដំរីសនោះ ដល់ហើយក៏ស្រែកហៅស្ដេចដំរីសថា “អឺបងដំរី! ម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់យើងយល់សប្ដថា “បានស៊ីសាច់បងដំរីឯង” ។ ដំរីឮដូច្នោះ ក៏ភ័យញាប់ញ័រឥតឧបមា យំបណ្ដើរ លាប្រពន្ធកូននិងពលសេនាបណ្ដើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ស្ដេចត្មាត ។ លុះមកដល់កណ្ដាលផ្លូវ បានជួបនឹងសុភាទន្សាយ ៗ ក៏សួរទៅស្ដេចដំរីថា “យើ ! បងដំរីទៅណាមកណា ក៏រលះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះ ? ដំរីឆ្លើយថា “ឱបងសុភាអើយ ! ស្ដេចត្មាតគេយល់សប្ដឃើញថា គេបានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយ ” ។ ទន្សាយឆ្លើយថា “យី! បងដំរី រូបប៉ុនបងឯង ម្ដេចក៏សុខចិត្តទៅឲ្យអាសត្វត្មាតស៊ីទទេ ៗ យ៉ាងនេះ ចាំខ្ញុំទៅជួយដោះទុកបងឯង ឲ្យរួចរស់បាន” ។ ស្ដេចដំរីបានឮទន្សាយថាដូច្នោះមានចិត្តត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងខ្លួន ដើរសំដៅទៅលំនៅស្ដេចត្មាត ។ លុះឃើញដំរីមកដល់ហើយ ស្ដេចត្មាតញញឹមញញែម រួចនិយាយទៅថា “អឺ ! បងដំរីមកដល់ហើយ យើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះ ព្រោះយើងយល់សប្ដឃើញថា បានស៊ីសាច់បងឯង” ។ នៅពេលដែលដំរីជួបនឹងស្ដេចត្មាតនោះទន្សាយធ្វើពុតជាដេកលក់នៅលើខ្នងដំរី ។ ស្ដេចត្មាតក៏ស្រែកទៅកាន់ទន្សាយថា “នែ ! បងសុភា មកដេកអីលើខ្នងដំរីដូច្នេះ ? ចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះ ។ ទន្សាយឆ្លើយថា “ ឈប់ ៗ ! កុំអាលសិន ! បងនិយាយជាមួយដំរីដូចម្ដេចខ្លះ អម្បាញ់មិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេក ” ស្ដេចត្មាតឆ្លើយថា "យើងយល់សប្ដឃើញថាស៊ីសាច់ដំរីស" ។ ទន្សាយថា " អឺ ! មែនហើយអម្បាញ់មិញ ខ្ញុំដេកលក់មួយភាំង យល់សប្ដថា "បានស្រឡាញ់ប្រពន្ធស្ដេចត្មាតឯង" ។ ស្ដេចត្មាតឆ្លើយថា "យើ ! បងសុភា ! យើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេ" ។ ទន្សាយថា "បើបងឯងមិនឲ្យ ការយល់សប្ដរបស់បងត្មាតឯងក៏ឥតបានការអ្វីដែរ ដំរីក៏ខ្ញុំមិនឲ្យបងត្មាតស៊ីដូចគ្នា" ។ ត្មាតក៏ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ ។ ដំរីសក៏វិលទៅលំនៅខ្លួនវិញទៅ ។ ទន្សាយក៏បោលចូលព្រៃបាត់ដែរ ។