ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/2

From Wikisource
Jump to navigation Jump to search
រឿង ក្រុងភ្នំពេញ




ទីក្រុង​ភ្នំពេញ ចាប់​ផ្ដើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី ២១ គ្រិស្ត​សតវត្ស​ទី ១៥ ក្នុង​រជ្ជកាល​ព្រះ​បរម​រាជា ( ពញា​យ៉ាត )(១) គឺ ព្រះ​ស្រីសុរិយោពណ៌(២) នៅ​ពេល​ដែល​ត្រង់​បោះ​បង់​ចោល​ព្រះ​រាជ​វាំង​អង្គរ មក​កសាង​ព្រះ​រាជ​វាំង​ថ្មី នៅ​ទួល​បាសាណ ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វ​ថ្ងៃ​ហៅ​ថា​ស្រុក​ស្រី​សន្ធរ​ក្នុង​ខេត្ត​កំពង់​ចាម ។ ប៉ុន្តែ​ដោយ​ទី​ទួល​បាសាណ​នេះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​សាង​ប្រាសាទ​ព្រះ​រាជវាំង​ហើយ គង់​នៅ​បាន​តែ​មួយ​ឆ្នាំ​ក៏​ទ្រង់​ស្ដេច​យាង​មក​សាង​ទី​ក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​នៅ គ.ស. ១៤៣៤ ។

ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទី​ក្រុង​ភ្នំពេញ មាន ២ លើក

លើក​ទី ១ នៅ​គ្រិស្ត​សតវត្ស​ទី ១៥ រជ្ជកាល​ព្រះបាទ​ពញាយ៉ាត តែ​មិន​ឋិតថេរ

លើក​ទី ២ នៅ​គ្រិស្ត​សតវត្ស​ទី ១៩ រជ្ជកាល​ព្រះបាទ​នរោត្តម ទើប​ឋិតថេរ ។

បាន​ជា​ការ​ស្ថាបនា​ព្រះរាជ​វាំង​នៅ​ទីក្រុង​ភ្នំពេញ មាន ២ លើក ព្រោះ​ពី​ក្រោយ​ស្ថាបនា​លើក​ទី​១ អំពី គ. ស. ១៤៣៤ ដល់ ១៤៩៧ នោះ ព្រះ​រាជវាំង​បាន​ស្ថាបនា​នៅ​អង្គរ​វិញ... ក្រោយ​ពី​អង្គរ ទៅ​ពោធិ៍សាត់ ... ទៅ​បរិបូណ៌... ទៅ​លង្វែក... ទៅ​ឧត្តុង្គ​, ហើយ​ក្រោយ​ពី​ឧត្តុង្គ ព្រះ​រាជវាំង​ត្រឡប់​មក​ស្ថាបនា​នៅ​ក្រុង​ភ្នំពេញ​វិញ​ជា​លើក​ទី ២ នៅ គ. ស. ១៨៦៥ ទើប​បាន​ឋិតថេរ​ដល់​សព្វ​ថ្ងៃ ។ រឿង​ដើម​កំណើត​ទីក្រុង​ភ្នំពេញ

ភ្នំ​ដែល​សន្មត​ជា​នាម​ទី​ក្រុង​របស់​ខ្មែរ គឺ​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ កើត​មាន​តាំង​ពី​មុន​ពេល​ស្ថាបនា​ព្រះរាជវាំង ដោយ​មាន​រឿង​ដំណាល​ថា

ក្នុង​កាល​កន្លង​ទៅ​ហើយ (គ.ស. ១៣៧២) មាន​យាយ​ចាស់​ម្នាក់​ឈ្មោះ " ពេញ " ជា​អ្នក​មាន​ភោគ​សម្បត្តិ​បរិបូណ៌ មាន​ទី​លំនៅ​ៗ ក្បែរ​មាត់​ច្រាំង​ទន្លេ​បួន​មុខ ។ ផ្ទះ​គាត់​សង់​នៅ​លើ​ទួល​មួយ​ខាង​កើត​ភ្នំ​តូច​មួយ ។ ថ្ងៃ​មួយ ទី​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ទន្លេ​ជន់​លិច​រហាចរហឹម ដូន​ពេញ​គាត់​ចុះ​ទៅ​កំពង់​ទឹក​ស្រាប់​តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្ដែត​មក​ក្បែរ​ច្រាំង ហើយ​ដោយ​អំណាច​ទឹក​ហូរ​សង​ចុះ​ឡើង ដើម​គគីរ​នោះ​ចេះ​តែ​អណ្ដែត​វិលវល់ នៅ​ក្បែរ​មាត់​ច្រាំង​នោះ ។លុះ​ដូនពេញ​ឃើញ​ដូច្នោះ ក៏​ប្រញាប់​រត់​ទៅ​អំពាវនាវ​ហៅ​អ្នក​ជិត​ខាង​ឲ្យ​មក​ជួយ​ទាញ​យក​គគីរ​នោះ ។ អ្នក​ជិត​ខាង​ក៏​នាំ​គ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្ដងៗ ទាល់​តែ​មក​ដល់​លើ​មាត់​ច្រាំង ។ ពេល​ដែល​ដូន​ពេញ យក​កំណាត់​ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ គាត់​បាន​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​នោះ​មាន​ព្រះពុទ្ធ​រូប ៤ ព្រះអង្គ​តូច​ៗ ធ្វើ​អំពី​សំរឹទ្ធិ នឹង​ទេវ​រូប​មួយ​អង្គ​ទៀត ធ្វើ​អំពី​ថ្ម ទេវរូប​នោះ​ទ្រង់​ឈរ ព្រះហស្ត​ម្ខាង​ទ្រង់​ដំបង ព្រះហស្ត​ម្ខាង​ទៀត​ទ្រង់​ស័ង្ខ ព្រះ​កេសា​បួង ។ ដូន​ពេញ​នឹង​អ្នក​ជិត​ខាង​ដែល​ទៅ​ជួយ​មាន​សេចក្ដី​ត្រេកអរ​ណាស់ ដោយ​រើស​បាន​របស់​ជាទី​គោរព ក៏​នាំ​គ្នា​ដង្ហែ​ព្រះ​បដិមាករ​ទាំង​នោះ​មក​ដល់​ផ្ទះ​ដូន​ពេញ ហើយ​ដូនពេញ​ចាត់​ការ​សង់​ខ្ទម​មួយ​តូច តម្កល់​ជា​បណ្ដោះ​អាសន្ន ។ ថ្ងៃ​ក្រោយ​មក​ដូនពេញ​អំពាវនាវ​ឲ្យ​អ្នក​ជិត​ខាង ជួយ​លើក​ដី​ពូន​ភ្នំ​ដែល​នៅ​ខាង​លិច​ផ្ទះ​គាត់​នោះ​ឲ្យ​ទៅ​ភ្នំ​ធំ​មែន​ទែន ។ បន្ទាប់​ពី​នោះ​គាត់​ឲ្យ​អារ​ឈើ​គគីរ​ធ្វើ​ជា​សសរ​វិហារ ដែល​គាត់​បម្រុង​នឹង​សង់​លើ​ភ្នំ​នោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញ​នឹង​អ្នក​ស្រុក​ជា​ច្រើន​អ្នក​ស្រុះស្រួល​បបួល​គ្នា​សាង​វិហារ​មួយ​ខ្នង ប្រក់​ស្បូវភ្លាំង នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​គាត់​ដង្ហែ​ព្រះ​ពុទ្ធ​រូប​សំរឹទ្ធិ ៤ ព្រះ​អង្គ ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នោះ ។ ចំណែក​ទេវរូប​ថ្ម ១ អង្គ គាត់​ដង្ហែ​ទៅ​តម្កល់​ទុក​លើ​អាសនៈ​មួយ​នៅ​ជើង​ភ្នំ​ខាង​កើត ហើយ​ដោយ​គាត់​យល់​ថា ទេវរូប​នោះ​អណ្ដែត​ទឹក​រសាត់​មក​ពី​ស្រុក​លាវ នឹង​មាន​បែប​ភាព​ដូច​ជា​លាវ គាត់​ក៏​បាន​សន្មត​នាម​ថា " អ្នកតា​ព្រះចៅ " ។ នាម​ចាប់​មក​ដល់​សព្វថ្ងៃ​នេះ ។

កាល​សាង​វិហារ​រួច​ហើយ គាត់​និមន្ត​ព្រះសង្ឃ​​មក​គង់​លើ​ជើង​ភ្នំ​នោះ​ក្នុង​ទិស​ខាង​លិច​ ទើប​កើត​មាន​ឈ្មោះ​ថា " វត្ត​ភ្នំ​ដូនពេញ " ដែល​សព្វ​ថ្ងៃ​នេះ ហៅ​កាត់​ខ្លី​ថា " វត្ត​ភ្នំ " ហើយ​ទី​ភូមិ​នោះ គេ​ហៅ​ថា " ភ្នំពេញ " តាំង​ពី​ពេល​នោះ​មក រហូត​ដល់​សព្វ​ថ្ងៃ ។

ឯ​ព្រះ​ពុទ្ធរូប ៤ ព្រះ​អង្គ និង​អ្នកតា​ព្រះចៅ​នោះ​បាន​បញ្ចេញ​ឥទ្ធិឫទ្ធី​ឲ្យ​ឃើញ​ពូកែ​ស័ក្ដិ​សិទ្ធ​ណាស់ អ្នក​ណា​បន់​ស្រន់​ក៏​បាន​សម្រេច​ដូច​បំណង​ពិត ( នេះ​ជំនឿ​របស់​អ្នក​ស្រុក ) ។

នេះ​ហើយ​ជា​ដើម​កំណើត​ក្រុង​ភ្នំពេញ ដែល​ក្រោយ​ពី​នោះ​រវាង ៦០ ឆ្នាំ បាន​កើត​ជា​ទី​ក្រុង​របស់​ស្ដេច​ខ្មែរ​យ៉ាង​ស្ដុកស្ដម្ភ ។ ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​ លើក​ទី ១

ព្រះរាជ​ពង្សាវតារ​ប្រទេស​កម្ពុជា ចែង​ថា ព្រះបាទ​សម្ដេច​ព្រះ​បរម​រាជា (ពញាយ៉ាត) ទ្រង់​គ្រប់​គ្រង​រាជ​សម្បត្តិ​គង់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង មហា​នគរ (នគរ​ធំ) បាន ១៥ ឆ្នាំ លុះ​មក​ដល់​ឆ្នាំ​គម្រប់ ១៦ នៃ​រជ្ជកាល​របស់​ព្រះ​អង្គ ទើប​ទ្រង់​មាន​ព្រះ​យោបល់​ថា នឹង​ទ្រាំ​នៅ​ក្នុង​មហា​នគរ​នេះ​តទៅ​ទៀត​ពុំ​បាន ក៏​មាន​ព្រះ​បញ្ជា​ឲ្យ​កសាង​ព្រះរាជវាំង​ថ្មី​នៅ​ទួល​បាសាណ ក្នុង​ខេត្ត​ស្រី​ឈរ ដែល​សព្វ​ថ្ងៃ​ហៅ​ថា​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ។

នៅ​ថ្ងៃ​ទី ១៣ រោច ខែ​មិគសិរ ឆ្នាំ​ជូត​ចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២(១) ព្រះបាទ​សម្ដេច​បរម​រាជា (ពញាយ៉ាត) ទ្រង់​ស្ដេច​យាង​ចេញ​ចាក​មហា​នគរ មួយ​អន្លើ​ដោយ​រាជ​សេវកាមាត្យ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ជា​ដើម ដោយ​ព្រះ​ទីន័ង​នាវា​តាម​ជល​មាគ៌ា​មក លុះ​ថ្ងៃ ១៥ កើត ខែ​បុស្ស ឆ្នាំ​ជូត​ចត្វា​ស័ក ស្ដេច​យាង​ដល់​ទួល​បាសាណ ស្ដេច​គង់​នៅ​ជា​សុខ​សម្រាន្ត​ក្នុង​ព្រះរាជវាំង​បាសាណ​នោះ បាន​ត្រឹម​តែ​ជាង ១ ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទឹក​ទន្លេ​ចេះ​តែ​ឡើង​លិច​ទី​នោះ​រាល់​ឆ្នាំ ទើប​ព្រះអង្គ​មាន​ព្រះរាជ​បញ្ជា​ឲ្យ​សម្ដេច​ចៅ​ពញា កែ នឹង​ឧកញ៉ា​ហោរាធិបតី ខៀវ ព្រម​ដោយ​មន្ត្រី​ឯ​ទៀត​ខ្លះ​ផង ដែល​ស្គាល់​ទី​ដី​មាន​ជយ​ភូមិ ឲ្យ​ទៅ​ពិនិត្យ​មើល​ទី​ដី​នៅ​ជិត​ភ្នំ​ដូនពេញ​ ឃើញ​ថា ទី​ដី​នៅ​ទិស​អាគ្នេយ៍​ភ្នំ​ដូនពេញ​មាន​ជយ​ភូមិ​ល្អ ព្រះ​អង្គ​ក៏​មាន​ព្រះ​រាជ​បញ្ជា​ ឲ្យ​កសាង​ព្រះ​រាជវាំង​ថ្មី​នៅ​ត្រង់​នោះ ។

នៅ​ថ្ងៃ ៩ កើត ខែ​ពិសាខ ឆ្នាំ ខាល​ឆស័ក ព. ស. ១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា (ពញាយ៉ាត) ស្ដេច​យាង​ចាកចេញ​ព្រះ​បរម​រាជវាំង​បាសាណ​, នៅ​ថ្ងៃ ១៥ កើត ខែ​ពិសាខ នុ៎ះ​ឯង ស្ដេច​យាង​ចូល​គង់​ក្នុង​ព្រះរាជវាំង​ថ្មី​នា​ទិស​អាគ្នេយ៍ ភ្នំ​ដូនពេញ ។

នៅ​ថ្ងៃ ១១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ នព្វស័ក ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះ​ប្រទាន​ក្រុង​ថ្មី​នេះ​ថា ក្រុង​ចតុម្មុខ​មង្គល ។ ឯ​ទន្លេ ៤ មុខ ដែល​គេ​ធ្លាប់​ហៅ​ថា ទន្លេ​ច្រាប​ឈាម មក​យូរ​ហើយ​នោះ ទ្រង់​ប្រទាន​ឈ្មោះ​ថា ទន្លេ​ចតុម្មុខ​បូព៌ា វិញ ។ល។ ព្រះ​អង្គ​មាន​ព្រះរាជ​បញ្ជា​ឲ្យ​ឧកញ៉ា​តេជោ ស្រី​ចៅហ្វាយ​ស្រុក​សំរោងទង ជា​អ្នក​កាន់​ការ​លើក​ដី​ចាប់​លុប​បំពេញ​ភ្នំដូនពេញ​ឲ្យ​រីក​ធំ​ខ្ពស់​ឡើង​ផង ។ ទី​ក្រហូង​ជ្រៅ​ដែល​កើត​ពី​ការ​ជីក​យក​ដី​នោះ​​ជាប់​មាន​ឈ្មោះ​ថា បឹង​តេជោ រៀង​មក គឺ​ទី​ដី​ត្រង់​ផ្សា​ថ្មី​សព្វ​ថ្ងៃ​នេះ ។ល។ ទ្រង់​មាន​ព្រះរាជ​បញ្ជា​ឲ្យ​ឧកញ៉ា ផ្លុង ចៅហ្វាយ​ស្រុក​បាទី​កាន់​ការ​ជីក​ព្រែក​១ នៅ​ខាង​ត្បូង​ភ្នំដូនពេញ ដែល​ជាប់​មាន​ឈ្មោះ​ថា ព្រែក​ឧកញ៉ា​ផ្លុង ហើយ​ចំណេរ​កាល​ត​មក​ហៅ​ថា ព្រែក​ពាម​ផ្លុង គឺ​ត្រង់​កន្លែង​សួន​វែង​សន្លឹម​នៅ​ខាង​កើត​ព្រះ​សក្យមុនី​ចេតិយ​សព្វ​ថ្ងៃ​នេះ ។ល។

ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា (ពញាយ៉ាត) ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​កសាង​វិហារ​លើ​ទី​ដី​ខ្ពស់​ដែល​ចាក់​ថែម​ថ្មី ត្រង់​កន្លែង​វិហារ​ចាស់​របស់​ដូន​ពេញ ឲ្យ​កសាង​ព្រះ​ចេតិយ​ធំ​ៗ ពី​ខាង​ក្រោយ​វិហារ ។ល។ ទ្រង់​បញ្ញត្ត​ឲ្យ​ហៅ​វត្ត​ភ្នំ​ដូនពេញ​ថា វត្ត​ព្រះ​ចេតិយ​បព៌ត ដូច្នេះ​វិញ (លុះ​ចំណេរ​កាល​ត​មក​មហាជន​បែរ​ជា​ហៅ​វត្ត​នេះ​ថា វត្ត​ភ្នំដូនពេញ អ្នក​ខ្លះ​ហៅថា​វត្ត​ភ្នំពេញ ឬ​ថា វត្ត​ភ្នំ ជាប់​ត​រៀង​មក ) ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​កសាង​វត្ត ៦ ដទៃ​ទៀត គឺ

១- វត្ត​កោះនៅ​ត្រង់​ទិស​ខាង​កើត​ឆៀង​អាគ្នេយ៍​ភ្នំ​ដូនពេញ,
២- វត្ត​លង្កានៅ​ត្រង់​ទិស​ខាង​កើត​ឆៀង​ឦសាន​ភ្នំដូនពេញ,
៣- វត្ត​ព្រះ​ពុទ្ធឃោសា នៅ​ត្រង់​ទិស​ខាង​ត្បូង​ព្រែក​ចិន​ដំដែក​នា​ទិស​ខាង​ជើង​ភ្នំពេញ
បាន​ជា​ទ្រង់​ព្រះរាជទាន​នាម​វត្ត​ទាំង ៣ នេះ​ដូច្នេះ ដើម្បី​ឲ្យ​សម​នឹង​ដំណើរ​រឿង​ដែល​ថា​ ព្រះ​ឃោសាចារ្យ​ទៅ​ចម្លង​គម្ពីរ​អំពី​កោះ​លង្កា ។.
៤- វត្ត​ពាម​ផ្លុង នៅ​ត្រង់​ទិស​អាគ្នេយ៍​ភ្នំពេញ ជិត​ជាប់​នឹង​មាត់​ព្រែក​ឧកញ៉ា​ផ្លុង ឆ្ងាយ​បន្តិច​ពី​វត្ត​កោះ ។ ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​ដែល​តម្កល់​ក្នុង​វិហារ​វត្ត​ពាម​ផ្លុង​នោះ មាន​ព្រះ​នាម​ថា ព្រះ​ស្រកា​លេញ ព្រោះ​គេ​បិទ​មាស​រំលេច​មាន​សណ្ឋាន​ស្រដៀង​នឹង​ស្រកា​ត្រី​លេញ
៥- វត្ត​ឧណ្ណាលោម ដែល​មាន​នាម​នេះ​ស្រេច​ស្រាប់​មក​ពី​យូរ​ហើយ ជា​នាម​នៃ​ព្រះ​ចេតិយ ដែល​បញ្ចុះ​ព្រះ​ឧណ្ណាលោម (រោម​ប្រជុំ​ចិញ្ចើម) នៃ​ព្រះ​អស្សជិតត្ថេរ នៅ​ចំកណ្ដាល​ព្រះ​ចេតិយ​ទាន ៥ ខាង​លិច​វត្ត​ឧណ្ណាលោម​សព្វ​ថ្ងៃ​នេះ
៦- វត្ត​ខ្ពប​តាយ៉ង ដោយ​យក​នាម​តា​ម្នាក់​ឈ្មោះ​យ៉ង ដែល​ជា​អ្នក​នៅ​នឹង​ខ្ពប​នោះ​មុន​គេ លុះ​ចំណេរ​កាល​មក វត្ត​ខ្ពប​តាយ៉ង គឺ​វត្ត​បទុមវតី​សព្វ​ថ្ងៃ​នេះ ។

បន្ទាប់​ពី​នោះ ព្រះ​បរម​រាជា (ពញាយ៉ាត) ព្រះ​អង្គ​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ជីក​ព្រែក​មួយ​ទៀត​នៅ​ទិស​ខាង​ត្បូង​ព្រះ​បរម​រាជវាំង ហើយ​ឲ្យ​លើក​កំពែង​ព័ទ្ធ​ជុំ​វិញ​ក្រុង ។ ព្រែក​នៅ​ខាង​ត្បូង​នោះ​ឲ្យ​ឈ្មោះ​ថា ព្រែក​តាកែវ នៅ​ខាង​លិច​ព្រែក​នោះ មាន​អូរ ១ ហៅ​ថា អូរគរ ។ មាន​ព្រែក ១ នៅ​ខាង​ជើង​ភ្នំ​ហៅ​ថា ព្រែក​ពុំពាយ ប៉ុន្តែ​ដោយ​ហេតុ​ត្រង់​កន្លែង​នោះ មាន​រោង​ចិន​ដំដែក​វិញ ។

នៅ​តាម​មាត់​ទន្លេ ៤ មុខ ព្រះរាជា​ទ្រង់​មាន​ព្រះរាជ​បញ្ជា​ឲ្យ​លើក​ដី​ជា​កំពែង​ដើម្បី​ការពារ​ទឹក​ទន្លេ​កុំ​ឲ្យ​ឡើង​លិច​ទី​ក្រុង ។ ខាង​ក្នុង​កំពែង​ទី​ក្រុង​ថ្មី​នេះ ពួក​អ្នក​រាជការ​និង​អ្នក​ស្រុក​សង់​ផ្ទះ​សម្បែង​បាន​តាម​ចិត្ត ។ ឯ​ភូមិ​ភាគ​ខាង​លិច​ទីក្រុង​សុទ្ធ​តែ​ជា​វាល​ស្រែ ។

បួន​ឆ្នាំ​ក្រោយ​មក ព្រះ​នារាយណ៍​រាជា​ជា​ព្រះ​រាជបុត្រ​ច្បង​នៃ​ព្រះ​បរម​រាជា (ពញាយ៉ាត) បាន​ត្រូវ​តាំង​ជា​ព្រះ​ឧបរាជ ហើយ​ទ្រង់​ទៅ​សាង​ប្រាសាទ​គង់​នៅ​ឯ​ជ្រោយ​រលួស ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ​ស្រីរាជា ជា​ព្រះ​រាជ​បុត្រ​បន្ទាប់​នៃ​ព្រះ​បរម​រាជា (ពញាយ៉ាត) ទ្រង់​ទៅ​គង់​នៅ​ទី​ខាងលិច​អូរគរ លើ​ទួល​មួយ​ដែល​ជាប់​នាម​ហៅ​ថា ទួល​ព្រះ​ស្រី នៅ​ខាង​ជើង​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ ។ ការ​ស្ថាបនា​ព្រះ​រាជវាំង​នៅ​ទី​ក្រុង​ភ្នំពេញ​លើក​ទី ២

នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំ​ឆ្លូវ​សប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥(១) ម៉ោង ៩ ព្រឹក ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម បរម​រាម​ទេវាវតារ (ព្រះ​សុវណ្ណកោដ្ឋ) ស្ដេច​យាង​ចេញ​ចាក​ព្រះ​បរម​រាជវាំង​ស្រះ​សារពើយុត្ត ក្រុង​ឧត្តុង្គ​មាន​ជ័យ មក​គង់​ក្រុង​ភ្នំពេញ ចតុម្មុខ​នគរ ។

ការ​កសាង​ក្រុង​ភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ករុណា​នរោត្តម​នេះ ជា​ការ​កសាង​លើក​ទី ២ ត​ពី​ទី ១ ក្នុង​រជ្ជកាល​ព្រះ​បរម​រាជា (ពញាយ៉ាត) បាន​ប្រកប​ដោយ​ជោគ​ជ័យ សិរី​មង្គល រុងរឿង ចម្រើន ឋិតថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​សម័យ​បច្ចុប្បន្ន ។