ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/1

From Wikisource
Jump to navigation Jump to search

រឿង ប្រាសាទ​អង្គរ




កាលពី គ.ស ៦០០ មាន​ចៅមានពម្នាក់។ អាយុ​ប្រមាណ ២៥ ឆ្នាំ ជា​មនុស្ស​កម្សត់​ទុគ៌ត​ណាស់។​ ម្ចាស់​បំណុល​បាន​តម្រូវ​ឲ្យ​គាត់​កាប់​ឆ្ការ​ព្រៃ​មួយ​កន្លែង នៅ​ក្បែរ​មាត់​ទន្លេ ដើម្បី​ដាំ​ដំណាំ ។ នៅ​រដូវ​ដែល​បុប្ផជាតិ​ទាំង​ឡាយ​ត្រូវ​រីក​ផ្កា ចៅមានព តែង​បេះ​ផល​ដំណាំ ដែល​គាត់​បាន​ដាំ​ជា​រៀង​រាល់​ថ្ងៃ​ យក​ទៅ​ជូន​ម្ចាស់​គាត់ ។

ថ្ងៃ​មួយ, មាន​នាង​ទេពធីតា ៥ នាក់ ឋិត​នៅ​ឯ​ប្រាសាទ​ព្រះឥន្ទ្រ​បាន​ហោះ​មក​រត់​ប្រលែង​គ្នា​លេង​ឋាន​ក្រោម បាន​ឃើញ​ផ្កា​ក្នុង​សួនច្បារ​តា លឹម សេង រីក​ស្គុសស្គាយ​ព្រោងព្រាត ក៏​បបួល​គ្នា​ចូល​ទៅ​ក្នុង​សួន​នោះ ។ ទេពធីតា​ម្នាក់​ឈ្មោះ​នាង ទិព្វសុតាចន្ទ ក៏​បាន​បេះ​ផ្កា​របស់​ចៅមានព ៦ ទង ព្រោះ​ផ្កា​នោះ​មាន​ក្លិន​ក្រអូប​សាយ​ល្អ ។ ចំណែក​ទេពធីតា​ឯទៀត បាន​ដើរ​លេង​ពាសពេញ​ក្នុង​សួនច្បារ​នោះ​ដែរ តែ​ឥត​បាន​កាច់​ផ្កា​លេង​ទេ ។

លុះ​ត្រឡប់​ទៅ​ដល់​ឋាន​ទេវតា​វិញ ទេពធីតា​ស្លូត​ត្រង់​ក៏​បាន​ព្រះឥន្ទ្រ​រឿង​នាង​ទិព្វសុតាច័ន្ទ លួច​បេះ​ផ្កា​គេ ។ ព្រះឥន្ទ្រ​ក៏​ទ្រង់​សួរ​ទៅ​នាង​ដែល​មាន​ទោស ហើយ​ផ្ដន្ទាទោស​ថា " ត្រូវ​ឲ្យ​ចុះ​មក​ឋាន​កណ្ដាល​ជាមួយ​មនុស្ស​លោក ចំនួន ៦ ឆ្នាំ នឹង​ត្រូវ​ជា​ប្រពន្ធ​តា លឹម សេង នោះ " ។

នាង ទិព្វសុតាច័ន្ទ ខ្មាស​គេ​ណាស់ អស់​សង្ឃឹម​ក្នុង​ចិត្ត ក៏​ហោះ​ចុះ​មក​ឋាន​ក្រោម​ជួប​នឹង​តា លឹម សេង ហើយ​នាង​និយាយ​ប្រាប់​គាត់​ថា " នាង​លួច​បេះ​ផ្កា​គាត់ ៦ ទង ឥឡូវ​ព្រះឥន្ទ្រ​​ដាក់​ទោស ឲ្យ​នាង​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​គាត់​ចំនួន ៦ ឆ្នាំ " ។

ចៅមានព ឆ្លើយ​ថា "ខ្ញុំ​ក្រ​ណាស់ ខ្ញុំ​ពុំ​អាច​ទទួល​នាង​ធ្វើ​ជា​ប្រពន្ធ​បាន​ទេ ព្រោះ​ចៅហ្វាយ​ខ្ញុំ​ចិត្ត​អាក្រក់​ណាស់ គាត់​ឲ្យ​បាយ​ខ្ញុំ​ទទួល​ទាន គ្រាន់​តែ​ឲ្យ​រស់​​តែ​មួយ​ខ្លួន " ។

នាង​ទេពធីតា​ឆ្លើយ​ថា " យ៉ាង​ម៉េច​ក៏ដោយ ចាំ​ខ្ញុំ​ជួយ​លោកតា ខ្ញុំ​នឹង​បង្រៀន​វិជ្ជា​សិល្បៈ ដែល​គ្មាន​នរណា​ចេះ ដល់​លោកតា​ បើ​លោកតា​មិន​ព្រម​ទទួល​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ តើ​ធ្វើ​ម្ដេច​ខ្ញុំ​នឹង​បាន​ទទួលទណ្ឌកម្ម​តាម​ការ​វិន័យ​នៃ​ព្រះឥន្ទ្រ, សូម​លោកតា​អាណិត​ខ្ញុំ​ផង " ។

ចៅមាព ក៏​ព្រម​ទទួល​នាង ទិព្វសុតាច័ន្ទ មក​នៅ​ជាមួយ​នឹង​គាត់ ។ គាត់​ពេញ​ចិត្ត​នឹង​ទេពធីតា​នេះ​ណាស់ ព្រោះ​ជា​ស្ត្រី​មាន​រូប​សម្បត្តិ​ល្អ​លើស​ស្ត្រី​នានា មិន​យូរ​ប៉ុន្មាន​គាត់​ក៏​មាន​សេចក្ដី​ស្នេហា​លើ​រូប​នាង ។ នាង ទិព្វសុតាច័ន្ទ កាល​បើ​បាន​នៅ​ជាមួយ​តា លឹម សេង យូរ​មក​នាង​សង្កេត​ឃើញ​សេចក្ដី​លំបាក​វេទនា​របស់​តា នឹង​ចិត្ត​ស្មោះ​ត្រង់​របស់​គាត់ ក៏​កើត​មាន​ចិត្ត​អាណិត​តា​ជា​ខ្លាំង​ ទើប​នាង​សួរ​គាត់​ថា " លោកតា​បាន​ខ្ចី​លុយ​គេ​ប៉ុន្មាន ? " ។

តា​ឆ្លើយ​ថា " ៦ ណែន " ។

នាង​ប្រាប់​តា​ថា "បើ​លោកតា​ខ្ចី​គេ​តែ ៦ ណែន ដូច្នេះ លោកតា​នឹង​ត្រូវ​នៅ​បម្រើ​គេ​តែ​ម្នាក់​ឯង​ទេ ឥឡូវ​នេះ​សូម​លោកតា​ទៅ​ខ្ចី​ឲ្យ​បាន ៤ ណែន​ថែម​ទៀត ទើប​ចៅ​នឹង​បាន​នៅ​ជាមួយ​លោកតា​ផង លុយ​ដែល​នឹង​ទៅ​ខ្ចី​គេ​ថែម​ទៀត​នោះ យើង​នឹង​យក​មក​ចាយ​វាយ​ប្រើ​ការ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន " ។

ចៅមានព ក៏​ទៅ​ខ្ចី​លុយ​ពី​ម្ចាស់បំណុល​ខ្លួន​បាន ៤ ណែន ទៀត​យក​មក​ឲ្យ​នាង ទិព្វសុតាច័ន្ទ ។ នាង​ក៏​សុំ​ឲ្យ​លោកតា​យក​ប្រាក់​ទាំង ៤ ណែន នោះ​ទៅ​ទិញ​សូត្រ​យក​មក​នាង ។ តា​ក៏​ទិញ​បាន​សូត្រ​នៅ​ជា​សំបុក​ចំនួន ២០ នាឡិ ។ នាង ទិព្វសុតាច័ន្ទ ក៏​រវៃ​សូត្រ​នោះ ហើយ​ត្បាញ​ជា​សំពត់​ផ្សេងៗ មាន​សំពត់​បាក់​ជា​រូប​ស្លឹក​ឈើ រូប​សត្វ និង​ជា​រូប​គំនូរ​ផ្សេងៗ ទៀត​ជា​ច្រើន​រាប់​មិន​អស់ ។ នាង​ត្បាញ​សំពត់​ល្អ​ៗ​ណាស់ ដែល​សម័យ​នោះ​គ្មាន​នរណា​ធ្វើ​បាន​ដូច​នាង​ឡើយ ។ កាល​បើ​ត្បាញ​បាន​សំពត់​ច្រើន​ហើយ នាង​ក៏​ប្រើ​ប្ដី​នាង​ឲ្យ​យក​សំពត់​ទាំង​នោះ​ទៅ​ជូន​ចៅហ្វាយ​ខ្លួន ។ អ្នក​ម្ចាស់​បំណុល​យក​ដៃ​ស្ទាប​សំពត់​មើល មាន​សេចក្ដី​ស្ងើច​ក្នុង​ចិត្ត​ក្រៃលែង ព្រោះ​គ្មាន​នរណា​មួយ​អាច​ចេះ​ត្បាញ​ដូច្នេះ​បាន​ឡើយ ។ អ្នក​ម្ចាស់​បំណុល​ពោល​សរសើរ​ ចៅមានព ជា​ច្រើន ហើយ​ដោយ​អំណាច​គាត់​កើត​សេចក្ដី​សប្បាយ​ពន់ពេក គាត់​ក៏​បាន​ឲ្យ​លុយ ៥០ ណែន​ទៅ​តា ព្រម​ទាំង​ឈប់​ទារ​យក​វិញ នូវ​ប្រាក់​ដែល​តា​បាន​ជំពាក់​គាត់​ពី​មុន​មក​ទាំង​អំបាលម៉ាន​ផង ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ម្ចាស់​បំណុល​បាន​ទាំង​បញ្ជូន​មនុស្ស​ទៅ​រៀន​វិជ្ជា​ត្បាញ​សូត្រ​ពី​នាង ទិព្វសុតាច័ន្ទ ផង ។ នាង ទិព្វសុតាច័ន្ទ ក៏​បាន​ទិញ​សំបុក​សូត្រ​ (សំបុក​ដង្កូវ​នាង ) ជា​ច្រើន​ហាប​យក​មក​បង្រៀន​បម្រើ​ចៅហ្វាយ​មានពឲ្យ​រវៃ ឲ្យ​ត្បាញ​រាល់​ថ្ងៃ ។

មិន​យូរ​ប៉ុន្មាន ចៅមានព ក៏​បាន​ឡើង​ជា​អ្នក​មាន​ម្នាក់​មាន​អំណាច នឹង​មាន​រាប់​រក​ជា​ច្រើន ។

ប្រមាណ​ជា​មួយ​ឆ្នាំ​ក្រោយ​មក នាង ទិព្វសុតាច័ន្ទ បាន​បុត្រ​ប្រុស​ម្នាក់ ។ ទារក​នេះ​រពឹស​ពន់​ពេក នៅ​ពេល​ដែល​វា​ចេះ​វារ​ វា​ចេះ​ជីក​ដី​ធ្វើ​ជា​កំពែង​ការពារ ពេល​ចេះ​អង្គុយ វា​គូរ​លេង​លើ​ដី​ធ្វើ​ជា​រូប​សត្វ រូប​មនុស្ស គឺ​ថា​វា​ចូល​ចិត្ត​គូរ​ដី​លេង ឥត​ចេះ​ខ្ជិល ឥត​ឈប់ឈរ វា​ជា​ក្មេង​ពុំ​ចេះ​នៅ​ស្ងៀម​​មួយ​ស្របក់​ណា​សោះ​ឡើយ ។ អាស្រ័យ​ហេតុ​ដូច្នេះ ទើប​ម្ដាយ​ដាក់​ឈ្មោះ​ថា​ ព្រះ​ពិស្ណុការ(១)។

លុះ​កុមារ​មាន​វ័យ​ចំនួន ៥ ឆ្នាំ នាង ទិព្វសុតាច័ន្ទ ក៏​ត្រូវ​ផុត​កំណត់ ៦ ឆ្នាំ ដែល​ព្រះឥន្ទ្រ​បាន​ផ្ដន្ទាទោស​តម្រូវ​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​មានព។ ដូច្នេះ ដើម្បី​រំឭក​រឿង​នោះ​ដល់​តា នាង​ក៏​បេះ​ផ្កា​ចំនួន ៦​ទង យក​ទៅ​ដាក់​នៅ​លើ​ខ្នើយ​ដេក រួច​ក៏​ហោះ​ទៅ​កាន់​ឋាន​ព្រះឥន្ទ្រ​វិញ ។

លុះ​ដល់​ពេល​បាយ តា​លឹម សេង ដោយ​មាន​សេចក្ដី​ងឿង​ឆ្ងល់ នឹង​មិន​ឃើញ​ប្រពន្ធ​ចេញ​មក​បរិភោគ​បាយ ក៏​ចូល​ទៅ​ក្នុង​បន្ទប់​រក​មើល​ឃើញ​ផ្កា ៦ ទង ដាក់​ចោល​លើ​ខ្នើយ​ក៏​យល់​ន័យ​មួយ​រំពេច ។ តា លឹម សេង ក៏​ទួញ​សោកស្ដាយ​រឭក​ប្រពន្ធ​ក្មេង ដែល​រត់​ចោល​បាត់​ទៅ​នោះ​ពន់ពេក ។ អ្នក​ជិត​ខាង​បាន​ដឹង គេ​ជួយ​អាណិត​គាត់​គ្រប់​ៗ គ្នា ។ ចំណែក​ព្រះវិស្ណុ​វិញ​ ក៏​រត់​រក​ម្ដាយ​គ្រប់​ច្រកល្ហក​ទាំង​អស់ ស្រែក​បង្កូក​ហៅ​ម្ដាយ​លាន់​ឮ​រំពង​ហើយ​យំ​សោក​បោក​ខ្លួន​ជាមួយ​ឪពុក ។

គ្រានោះ នៅ​ក្នុង​ព្រះរាជអាណាចក្រ​កម្ពុជា ព្រះបាទ​ប្រទេស​រាជ​ទ្រង់​សោយ​ព្រះ​ទិវង្គត​ទៅ ព្រះអង្គ​ឥត​មាន​ព្រះ​រាជ​បុត្រា​បុត្រី ១ អង្គ​ណា ដើម្បី​សោយ​រាជ​ស្នង​ព្រះអង្គ​ឡើយ ។ ព្រះ​ញាតិ​វង្ស​ព្រះថោង​ក៏​ផុត​រលត់​ត្រឹម​នេះ ។ គេ​សង្កេត​ឃើញ​មាន​នៅសល់​តែ ក្រុង​ហ៊ូវ និង​ក្រាយ​ហ៊ូវ ពីរ​រូប​ប៉ុណ្ណោះ​ទេ​ ដែល​ជា​អ្នក​ជាប់​ព្រះ​លោហិត​ក្សត្រ ។ កាល​បើ​ដូច្នេះ ព្រះ​រាជបល្ល័ង្ក​ក៏​ទំនេរ ។

ដំណាល​ពី​បុរស​កម្សត់​ម្នាក់ ដែល​ប្រកប​ការ​ចិញ្ចឹម​ជីវិត​ដោយ​កាប់​ឧស​លក់​នៅ​ក្នុង​ព្រៃ ។ ថ្ងៃ​មួយ នៅ​ពេល​ដែល​បុរស​នោះ​កំពុង​ប្រកប​កិច្ចការ​តាម​ធម្មតា​របស់​ខ្លួន ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បុរស​បាន​រត់​ទៅ​ជ្រក​នៅ​ក្នុង​ខ្ទម​អ្នកតា​មួយ ។ និយាយ​ពី​ឥន្ទ្រាធិរាជ​ដែល​ជា​ស្ដេច​នៃ​ទេវតា នៅ​ពេល​នោះ​ព្រះអង្គ​បាន​និម្មិត​ធ្វើ​ជា​មាន់​គក​ពីរ មួយ​សម្បុរ​ស មួយ​សម្បុរ​ខ្មៅ ។ មាន​ខ្មៅ​មក​ទុំ​នៅ​សសរ​កន្លោង​នៃ​ខ្ទម មាន់​ស​មក​ទុំ​លើ​ដំបូល​ខ្ទម ។ មួយ​សន្ទុះ​មក​មាន​ស​រងាវ ។ ឯ​មាន់​ខ្មៅ​ដែល​ចេះ​និយាយ​ភាសា​មនុស្ស​ក៏​និយាយ​ថា "នរណា​ហ៊ាន​មក​រងាវ​លើ​ក្បាល​អញ​ដូច្នេះ ? តើ​អ្នក​ឯង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ទៅ ? " ។

មាន់​ស​ឆ្លើយ "យើង​មាន​ឫទ្ធិ​អំណាច​ខ្លាំង​ណាស់ ប្រសិន​បើ​នរណា​មួយ​បាន​ស៊ី​សាច់​យើង អ្នក​នោះ​នឹង​បាន​ជា​ស្ដេច​ផែនដី " ។

មាន់​ខ្មៅ​ក៏​ឆ្លើយ​ថា "បើ​មនុស្ស​ប្រុស​ណាមួយ​បាន​ស៊ី​ក្បាល​យើង អ្នក​ឯង​នឹង​បាន​ជា​ស្ដេច​សង្ឃ បើ​មនុស្ស​ស្រី​ណា​បាន​ស៊ី​សាច់​ភ្លៅ​យើង ស្រី​នោះ​នឹង​បាន​ជា​អគ្គមហេសី​ស្ដេច បើ​មនុស្ស​ប្រុស​ណា​បាន​ស៊ី​សាច់​ទ្រូង​យើង អ្នក​នោះ​នឹង​សោយរាជ្យ ដូច្នេះ​ត្រូវ​អ្នក​កុំ​មើល​ងាយ​យើង​ឲ្យ​សោះ​ " ។

តមក មាន់​ស​ក៏​ហើរ​បាត់​ទៅ ។ ឯ​មាន់​ខ្មៅ​នៅ​ទំ​នឹង​សសរ​កន្លោង​ដដែល ។ បុរស​កម្សត់​ក៏​លបៗ ចូល​ទៅ​ចាប់​មាន់​ខ្មៅ​បាន ហើយ​សម្លាប់​ភ្លាម​យួរ​យក​ទៅ​ផ្ទះ​ខ្លួន ។ បុរស​ក៏​និយាយ​ការ​សម្ងាត់​នេះ​ប្រាប់​ប្រពន្ធ​ៗ មាន​សេចក្ដី​រីករាយ​ក្រៃលែង យក​មាន់​នោះ​ទៅ​ចម្អិន​ធ្វើ​ម្ហូប រួច​ដួស​ដាក់​ចាន ដាក់​ថាស លើក​យក​មក​បម្រុង​នឹង​បរិភោគ ។ ប៉ុន្តែ​នៅ​ពេល​នោះ បុរស​ប្ដី​និយាយ​ទៅ​កាន់​ប្រពន្ធ​ថា "យើង​ជិត​បាន​មកុដ​ពាក់​ហើយ ដូច្នេះ​ត្រូវ​យើង​យក​ម្ហូប​វិសេស​នេះ​ទៅ​ឯ​មាត់​ស្ទឹង យើង​នឹង​មុជ​ទឹក​ដុស​ខ្លួន​ឲ្យ​ស្អាត យក​សំលៀកបំពាក់​ថ្មីៗ មក​ស្លៀកពាក់​ឲ្យ​ហ៊ឺហា រួច​សឹម​យើង​ចាប់​បរិភោគ​ម្ហូប​មាន់​នេះ " ។

បុរស​ប្ដី​ប្រពន្ធ​ក៏​ជញ្ជូន​ម្ហូប​អាហារ​ទៅ​ដាក់​មាត់​ទឹក មុជ​ទឹក​ក្នុង​ស្ទឹង​លេង​យ៉ាង​សប្បាយ លុះ​ងើប​ពី​ទឹក​ឡើង​បុរស​ប្ដី​ប្រពន្ធ​​មើល​ថាស​ដាក់​ម្ហូប​ពុំ​ឃើញ ដោយ​រលក​ទឹក​បាន​កួច​យក​ថាស​រសាត់​ទៅ​តាម​ខ្សែ​ទឹក​បាត់​ទៅ ។

នៅ​ថ្ងៃ​នោះ​, មាន​ទម័ក​ដំរី​ម្នាក់​ឈ្មោះ ទា គាត់​បាន​នាំ​ដំរី​គាត់​ជា​ច្រើន​ទៅ​ឲ្យ​ចុះ​ត្រាំ​ទឹក​ស្ទឹង​នោះ បាន​ឃើញ​ថាស​នោះ​អណ្ដែត​មក​រក​គាត់​ៗ លើក​យក​នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ​ជា​មេវត្ត​មួយ​អង្គ ។ លោក​សង្ឃ​បាន​ស្គាល់​ច្បាស់​នូវ​គុណភាព​នៃ​សាច់​នោះ ក៏​ចាប់​ក្បាល​មាន់​ឆាន់​ទៅ រួច​លោក​ប្រទាន​សាច់​ទ្រូង ទៅ​ឈ្មោះ ទា សាច់​ភ្លៅ​ទៅ​នាង វង ជា​ប្រពន្ធ​ឈ្មោះ ទា ប៉ុន្តែ​លោក​ឥត​មាន​ពុទ្ធដីកា​ថា​អ្វី​ឡើយ ។ ទា និង វង ក៏​បបួល​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

និយាយ​ពី​បុរស​ប្ដី​ប្រពន្ធ គាត់​បាន​ខំ​ដើរ​រក​ថាស​ម្ហូប​នោះ​គ្រប់​កន្លែង​ទាំង​អស់ ប៉ុន្តែ​ពុំ​ឃើញ គិត​ថា​ប្រាកដ​ជា​នរណា​មក​លួច​យក​របស់​គាត់​ហើយ ក៏​ប្រទេស​ផ្ដាសា​ជន​ពុំ​ស្គាល់​មុខ​នោះ​ជា​ច្រើន​រាប់​ពុំ​អស់ ។

បន្ទាប់​ពី​នោះ​មក​បី​ថ្ងៃ នៅ​ក្នុង​ប្រទេស​ក៏​មាន​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​, នៅ​ក្នុង​សម័យ​ប្រជុំ​នោះ រដ្ឋមន្ត្រី​ទាំងឡាយ​បាន​ប្ដូរ​យោបល់​គ្នា​ថា "ព្រះរាជាណាចក្រ​យើង ពុំ​ទាន់​មាន​ព្រះ​មហា​ក្សត្រ​គ្រងរាជ្យ​នៅ​ឡើយ​ទេ " ដូច្នេះ​ត្រូវ​បញ្ចេញ​ដំរី​មក​កូប ហើយ​បួង​សួង​ដល់​ទេវតា​ សូម​ឲ្យ​នាំ​ដំរី​ចេញ​ទៅ​លត់​ជង្គង់​ខ្លួន​ឯង ចំពោះ​មុខ​ជន​ណាមួយ​ដែល​អាច​អង្គុយ​លើ​រាជបល្ល័ង្ក​បាន ហើយ​សូមឲ្យ​ដំរី​លើក​បុរស​នោះ​ដាក់​លើ​ក្បាល​នាំ​មក​ទី​នេះ ដើម្បី​យើង​នឹង​រៀប​ធ្វើ​ព្រះរាជ​ពិធី​អភិសេក ឲ្យ​បុរស​នោះ​ឡើង​សោយរាជ្យ​ក្នុង​ព្រះនគរ ។

លុះ​ជំនុំ​ហើយ គេ​យក​ដំរី​មក​រៀបចំ​ចង​កូប នឹង​គ្រឿង​លំអ​ឯទៀត​ជា​ច្រើន ហើយ​លែង​ឲ្យ​វា​ដើរ​ទៅ​តាម​ចិត្ត​វា ។ ដំរី​ក៏​ដើរ​សំដៅ​ទៅ​រក​ហ្ម ទា និង​នាង វង ហើយ​លុត​ជង្គង់​នៅ​មុខ​ជន​ទាំង​ពីរ​នាក់ រួច​លើក​ជន​ទាំងពីរ​នោះ​ដាក់​លើ​ក្បាល បញ្ជិះ​មក​កាន់​ព្រះបរមរាជវាំង ។ ខណៈ​នោះ ពួក​រដ្ឋមន្ត្រី​ក៏​រៀបចំ​ធ្វើ​ព្រះ​រាជពិធី​រាជាភិសេក​ភ្លាម តាម​រាជ​ប្រពៃណី ។ ហ្ម ទា ក៏​បាន​ទទួល​ព្រះ​បរម​នាម​ថា ទេវង(១) អស្ចារ្យ ។

ឯ​ក្រុង​ហ៊ូវ និង ក្រាយ​ហ៊ូវ មាន​សេចក្ដី​អាក់​អន់​ព្រះទ័យ​មិន​ព្រម​ចុះ​ចូល​ព្រះ​មហា​ក្សត្រ​ថ្មី​ ក៏​បាន​រត់​ទៅ​នៅ​ឯ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ហើយ​ទ្រង់​បាន​សង់​ប្រាសាទ​មួយ​នៅ​ទី​នោះ ។

ដំណាល​ពី​ព្រះ​ឥន្ទ្រាធិរាជ ទ្រង់​សង្កេត​ឃើញ​ព្រះអគ្គមហេសី​នៃ​ព្រះមហាក្សត្រ​ថ្មី ពុំ​ទាន់​មាន​ព្រះ​រាជ​បុត្រា​នៅ​ឡើយ ក៏​ទ្រង់​ព្រះ​ចិន្ដា​ថា "យើង​នឹង​ផ្ដល់​ព្រះរាជបុត្រ​មួយ​អង្គ​ដល់​ព្រះនាង​វង ព្រះរាជបុត្រ​នេះ​មាន​សញ្ជាតិ​ជា​ជា​ព្រះឥន្ទ្រ​សុទ្ធ ដើម្បី​ឲ្យ​ជាប់​ជា​ព្រះ​ញាតិវង្ស​សោយរាជ្យ​ក្នុង​ប្រទេស​ខ្មែរ​ជា​និរន្តរ​តទៅ " ។

ថ្ងៃ​មួយ នៅ​ពេល​ដែល​ព្រះមហាក្សត្រិយានី​វង ទ្រង់​យាង​ចេញ​ពី​មហាប្រាសាទ ព្រះ​ឥន្ទ្រ​ទ្រង់​ហោះ​ចេញ​មក​ឋិត​នៅ​លើ​អាកាស ។ មនុស្ស​លោក​មើល​ព្រះអង្គ​ពុំ​ឃើញ​ទេ ឃើញ​តែ​ពន្លឺ​មួយ​យ៉ាង​ធំ​ខៀវ​សន្ធឹង​កាត់​អាកាស ។ អ្នក​ស្រុក​ស្រែក​ឆោឡោ​ឡើង​ថា "ពន្លឺ​ធ្លាក់! ពន្លឺ​ធ្លាក់!" ។ ព្រះឥន្ទ្រ ក៏​ទម្លាក់​កម្រង​ផ្កា​មក​លើ​ព្រះ​កាយ​ព្រះនាង វង ហើយ​ទ្រង់​ត្រឡប់​ទោ​ឋាន​ព្រះអង្គ​វិញ​បាត់​ទៅ ។

ព្រះនាង​អគ្គមហេសី​វង ទ្រង់​មាន​ព្រះ​គភ៌​ពី​ត្រឹម​ពេល​នោះ​មក ហើយ​ប្រសូតិ​បាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះអង្គ​ថ្វាយ​ព្រះនាម​ថា " ព្រះកេតុមាលា " មាន​ន័យ​ថា ពន្លឺ​កម្រង​ផ្កា ។

សូម​ដំណាល​ពី​ព្រះវិស្ណុ​វិញ អ្នក​ខំ​រត់​រក​ម្ដាយ​គ្រប់​ច្រក​ល្ហក​អស់​ហើយ ប៉ុន្តែ​ឥត​បាន​ដឹង​ថា​ម្ដាយ​នៅ​ឯណា​សោះ ។ កុមារ​ក៏​កើត​ទុក្ខ​រក​ទី​បំផុត​គ្មាន ទើប​ថ្ងៃ​មួយ​សួរ​ឪពុក​ថា " ម្ដាយ​ខ្ញុំ​ជា​អ្វី ? " ។

ឪពុក​ឆ្លើយ​ថា "ម្ដាយ​កូន​ឯង​ជា​ទេពធីតា នាង​ត្រូវ​មក​នៅ​ក្នុង​ឋាន​មនុស្ស​យើង​នេះ តែ​ត្រឹម ៦ ឆ្នាំ​ទេ ឥឡូវ​នាង​ត្រឡប់​ទៅ​ឋាន​ទេវតា​វិញ​ហើយ ឋាន​នោះ​នៅ​ឆ្ងាយ​ណាស់ ឪពុក​ពុំ​ដឹង​ជា​ម្ដាយ​កូន​ឯ​នៅ​ត្រង់​ណា​ទេ " ។

កុមារ​នៅ​ស្ងៀម ប៉ុន្តែ​ចេះ​តែ​នឹក​មក​រក​ម្ដាយ​ឥត​មាន​ភ្លេច ក៏​សម្រេច​ចិត្ត​ថា​នឹង​ចេញ​ទៅ​រក​ម្ដាយ​ឲ្យ​ទាល់​តែ​ឃើញ ទោះបី​ឪពុក​ខំ​និយាយ​ឃាត់​យ៉ាង​ណា ក៏​កុមារ​ពុំ​យល់​ស្រប​តា​ជា​ដាច់​ខាត ។ ព្រះពិស្ណុការ​កុមារ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ ដើរ​កាត់​ព្រៃ​លេច​វាល លេច​វាល​ចូល​ព្រៃ ពេល​ឃ្លាន​បេះ​ផ្លែ​រុក្ខជាតិ​នានា​ធ្វើ​ជា​អាហារ សំលៀកបំពាក់​រហែក​រយ៉ីរយ៉ៃ​អស់ ។ ប៉ុន្តែ​ដោយ​ហេតុ​កុមារ​នេះ មាន​វាសនា​ល្អ ថ្ងៃ​មួយ​ពួក​ទេពធីតា បាន​ចុះ​មក​លេង​នៅ​លើ​ភ្នំ​មួយ ហើយ​ក្នុង​បណ្ដា​ទេពធីតា​ទាំង​នោះ មាន​នាង ទិព្វសុតាច័ន្ទ មួយ​ផង ។ នាង​កំពុង​នាំ​គ្នា​ដើរ​កាច់​ផ្កា​តាម​ដង​ព្រៃ​ចង​ជា​បាច់​ៗ ។

កាល​ព្រះពិស្ណុការ​បាន​ឃើញ​ស្ត្រី​ល្អ​ៗ ដូច្នោះ​ក៏​នឹក​ថា " អស់​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដែល​អញ​ដើរ​ចេញ​ពី​ទី​ភូមិ​មួយ​ដែល​មាន​មនុស្ស​លោក​នៅ អញ​ឥត​ដែល​បាន​ជួប នឹង​មនុស្ស​ណា​ម្នាក់​ណា​សោះ​សំលៀកបំពាក់​អញ​ក៏​រហែក​ដាច់ដាច ហើយ​អញ​ពុំ​អាច​រក​អ្វី​មក​ផ្លាស់​បាន​ទេ ក្រៅ​ពី​យក​ស្លឹក​ឈើ​មក​ចង​បិទបាំង​ខ្លួន​ដូច្នេះ មនុស្ស​ស្រី​ទាំង​ឡាយ​ដ៏​ល្អ​ៗ ក្រៃ​លែង​នេះ មក​ពី​ឋាន​ណា ? មិន​មែន​ជា​ពួក​ទេពធីតា​ទេ​ឬ ? " ។ គិត​ដូច្នេះ​ហើយ ព្រះពិស្ណុការ​រត់​ពួន ។ ស្ត្រី​ទាំង​នោះ​បាន​ដើរ​មក​ជិត​ដល់​កុមារ​ៗ ក៏​លើក​ដៃ​បួងសួង​ឡើង​ថា " បើ​ក្នុង​ស្ត្រី​ជា​ទេពធីតា​ទាំង​អស់​នេះ ឥត​មាន​ម្ដាយ​ខ្ញុំ​នៅ​ក្នុង​នេះ​ផង​ទេ សូម​ឲ្យ​ហោះហើរ​ទៅ​កាន់​ឋាន​លំនៅ​គេ​វិញ​កុំបី​មាន​សល់​ឡើយ ប៉ុន្តែ បើ​មាន​ម្ដាយ​ខ្ញុំ​មក​នៅ​ក្នុង​ទីនេះ​ផង ខ្ញុំ​សូម​កុំ​ឲ្យ​ម្ដាយ​ខ្ញុំ​ហោះ​ហើរ​ទៅ​ជាមួយ​គេ​រួច " ។

លុះ​បួងសួង​ដូច្នេះ​ចប់​ហើយ ព្រះពិស្ណុការ​ក៏​រត់​ចេញ​សំដៅ​ទៅ​ទីកន្លែង ដែល​នាង​ទេពធីតា​ទាំង​នោះ​កំពុង​លេង ។ នាង​ទេពធីតា​ទាំងឡាយ កាល​បើ​ឃើញ​កុមារ​មនុស្ស​លោក​ក៏​ភ្ញាក់​ផ្អើល​ហោះ​ទៅ​ឋាន​លើ​អស់ នៅ​សល់​តែ​នាង ទិព្វសុតាច័ន្ទ ហោះ​ទៅ​នឹង​គេ​ពុំ​រួច ។ ព្រះ​ពិស្ណុការ​ក៏​រត់​ទៅ​ចាប់​ឱប​រឹត​នាង​យ៉ាង​ស្និទ្ធស្នាល​ជា​ទី​បំផុត ។

នាង​ទិព្វសុតាច័ន្ទ ស្រែក​យ៉ាង​ខ្លាំង​ៗ​ថា "តើ​កម្ម​អ្វី​តាម​មក​គ្រប​សង្កត់​លើ​រូប​ខ្ញុំ​ទៀត​ហើយ ខ្ញុំ​បាន​សោយ​ទុក្ខ​សោយ​ទោស បាន​រួច​ពី​ឋានមនុស្ស​លោក​ហើយ ម្ដេច​ឡើយ​ក៏​មាន​មនុស្ស​លោក​មក​ចាប់​រឹតរួត​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​​ដូច្នេះ ? " ។

ព្រះពិស្ណុការ ស្រែក​ឡើង​ថា " ម៉ែ! ម៉ែ! ខ្ញុំ​នេះ​ត្រូវ​ជា​កូន​ម៉ែ " ។ កាល​ដែល​ម៉ែ​រត់​ចេញ​ពី​ផ្ទះ​បាត់​ទៅ កូន​យំ​ទួញ​សោក​ខំ​ដើរ​រក​គ្រប់​ទី​កន្លែង​ពុំ​ឃើញ​សោះ លោក​ឪពុក​បាន​ចូល​ទៅ​រក​ម៉ែ​ក្នុង​បន្ទប់ ហើយ​ឃើញ​តែ​ផ្កា​ប្រាំមួយ​ទង​ដាក់​លើ​ខ្នើយ គាត់​ក៏​យល់​ភ្លាម​ថា "ម៉ែ​ត្រឡប់​ទៅ​ឋាន​ទេវតា​វិញ​ហើយ " គាត់​កើត​ទុក្ខ​ពន់​ប្រមាណ រក​អ្វី​មក​ប្រៀប​ពុំ​បាន​ទេ នៅ​ក្នុង​លោក​យើង​នេះ មិន​តែ​ប៉ុណ្ណោះ អ្នក​ជិត​ខាង​ក៏​បាន​មក​ជួយ​យំ​សោកស្ដាយ ស្រណោះ​អាឡោះអាល័យ​ម៉ែ​ជាមួយ​នឹង​យើង​ដែរ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​តែ​នឹក​មមៃ​មក​ម៉ែ​ពុំ​មាន​ភ្លេច​សោះ​ឡើយ លុះ​ខ្ញុំ​ធំ​ដឹង​ក្ដី​បន្តិច​ឡើង ខ្ញុំ​ក៏​សុំ​លា​លោក​ឪពុក​ចេញ​ដើរ​ផ្សង​ព្រេង​តាម​រក​ម៉ែ ហើយ​កូន​ស្មាន​ថា " កូន​មុខ​ជា​ស្លាប់​ដោយ​អស់​កម្លាំង​បាក់​ជ័រ​បាយ​ពុំ​ខាន " តែ​ឥឡូវ​នេះ ខ្ញុំ​បាន​មក​ជួន​ម៉ែ​ហើយ​,ខ្ញុំ​សូម​អង្វរ​ម៉ែ​ឲ្យ​ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​កូន ! " ។

នាង ទិព្វសុតាច័ន្ទ ស្គាល់​កុមារ​ថា​កូន​របស់​ខ្លួន​ពិត​ដោយ​សារ​សំដី​កុមារ​និយាយ ។ ដូច្នេះ​នាង​ក៏​យំ​ទួញ​សោយសោក​អាណិត​កូន​ជា​ខ្លាំង ហើយ​វាចា​ទៅ​កូន​ថា

"ម៉ែ​ឥត​មាន​ស្អប់ខ្ពើម​ឪពុក​កូន​ឯង​ទេ ម៉ែ​តែង​នឹក​មក​កូន​នឹង​ឪពុក​ឯង​ពុំ​មាន​ភ្លេច ព្រម​ទាំង​អ្នក​ភូមិ​ផង​​របង​ជាមួយ​ឯង​ទៀត ដែល​ម្ដាយ​ធ្លាប់​នៅ​ជាមួយ​គេ ប៉ុន្តែ​ម៉ែ​ជាតិ​ជា​ទេពធីតា ពុំ​អាច​នៅ​ជាមួយ​មនុស្ស​លោក​បាន​យូរ​ទេ រាល់​ថ្ងៃ​ម៉ែ​តែង​ទៅ​បំពេញ​កិច្ច​នៅ​ចំពោះ​មុខ​ព្រះ​ភក្ត្រ​ព្រះ​ឥន្ទ្រាធិរាជ គឺ​សុំ​អង្វរ​ឲ្យ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​កូន​ឯង​និង​ឪពុក​កូន​ឯង​កុំ​បី​ខាន មិន​តែ​ប៉ុណ្ណោះ ម្ដាយ​បាន​ទាំង​ទូល​សុំ​ព្រះឥន្ទ្រ​ឲ្យ​ព្រះ​អង្គ​មេត្តា​ផ្សាយ​នូវ​សុភមង្គល ដល់​មនុស្ស​នៅ​ឋាន​នេះ​ទូទៅ​ផង កូន​ប្រុស​ពន្លក​ម្ដាយ! ម្ដាយ​ពុំ​អាច​នៅ​ជាមួយ​នឹង​កូន​បាន​ទៀត តែ​ម្ដាយ​យក​កូន​ឯង​​ទៅ​លេង​ប្រាសាទ​ម្ដាយ​​ឯ​ឋាន​លើ​មួយដង ម្ដាយ​នឹង​នាំ​កូន​ឯង​ទៅ​មុជ​ទឹក​ក្នុង​អាង​ក្រអូប​នៅ​ក្នុង​សួន​ព្រះឥន្ទ្រ​ហើយ​ទឹក​នោះ​នឹង​ជម្រះ​កាយ​កូន​ឯង ឲ្យ​បាត់​ធំ​ក្លិន​មនុស្ស​លោក បន្ទាប់​ពី​នោះ​មក ម្ដាយ​នឹង​នាំ​កូន​ឯង​ចូល​ទៅ​ក្នុង​ប្រាសាទ រួច​នាំ​កូន​ឯង​ទៅ​ថ្វាយ​បង្គំ​ព្រះ​ឥន្ទ្រ " ។

នាង ទិព្វសុតាច័ន្ទ ក៏​ហុច​ក្រមា​ទៅ​ព្រះ​ពិស្ណុ​ផ្លាស់ រួច​នាង​លើក​បុត្រ​ឡើង​ហោះ​កាត់​អាកាស ។ នាង​យក​បុត្រ​ទៅ​ឲ្យ​មុជ​ទឹក​ក្រអូប នាំ​ចូល​ក្នុង​លំនៅ​នាង នាង​យក​សំលៀកបំពាក់​ស្អាត ។ មក​ស្លៀកពាក់​ឲ្យ​យក​ម្ហូប​សួគ៌​មក​ឲ្យ​បរិភោគ រួច​នាំ​ចូល​ទៅ​ក្នុង​ប្រាសាទ​ព្រះ​ឥន្ទ្រ ។ ព្រះ​ពិស្ណុការ​ក៏​កើត​សេចក្ដី​សប្បាយ​អស្ចារ្យ​ណាស់ ប៉ុន្តែ​ដល់​កុមារ​ចូល​ទៅ​ក្នុង​បន្ទប់ សម្រាប់​ជួប​នឹង​ព្រះ​ឥន្ទ្រ​ដោយ​អ្នក​មាន​សេចក្ដី​ចាប់​អារម្មណ៍​ក្រៃ​ពេក ចំពោះ​លំអ​នៃ​បន្ទប់​នោះ​ក៏​ទៅ​ជា​ញ័រ​ដៃ​ញ័រ​ជើង (ចាញ់​បុណ្យ) នៅ​ទី​នោះ ។ នៅ​ពេល​ព្រះ​ឥន្ទ្រាធិរាជ​យាង​ចេញ​មក​តាម​នោះ​ ទ្រង់​ទត​ឃើញ​កុមារ​ទ្រង់​សួរ​ទៅ​នាង ទិព្វសុតាច័ន្ទ ថា " តើ​មនុស្ស​នេះ​ជា​អ្វី បាន​ជា​នាង​នាំ​មក​ដល់​ប្រាសាទ​យើង ? " ។

នាង ទិព្វសុតាច័ន្ទ ទូល​ថា " ជា​បុត្រ​ខ្ញុំ​ម្ចាស់ កាល​ដែល​ខ្ញុំ​ម្ចាស់​ចុះ​ទៅ​នៅ​ឯ​ឋាន​មនុស្ស​លោក រៀប​ការ​ជា​មួយ​នឹង​លោក​តា​ លឹម សេង " ។

ព្រះ​ឥន្ទ្រ​មាន​បន្ទូល​ថា " នែ​កុមារ​ដ៏​ប្រសើរ ! ចូរ​ឯង​ក្រោក​ឡើង " ។

ព្រះ​ពិស្ណុការ​ក៏​បាន​ដឹង​ស្មារតី​ឡើង លុត​ជង្គង់​បន្ទន់​ខ្លួន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ស្ដេច​ទេវតា ។ ព្រះ​ឥន្ទ្រ​ក៏​នាំ​កុមារ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រាសាទ​​ព្រះ​អង្គ ហើយ​ទ្រង់​ត្រាស់​សួរ​កុមារ​ជា​ច្រើន​បញ្ហា អំពី​ឋាន​មនុស្ស​លោក​​ដែល​កុមារ​រស់​នៅ ។ ចម្លើយ​នៃ​ព្រះ​ពិស្ណុការ បាន​ធ្វើ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ពន់ពេក ។ នៅ​ពេល​នោះ នាង ទិព្វសុតាច័ន្ទ បាន​ទូល​ព្រះឥន្ទ្រ​បន្ថែម​ថា " បុត្រ​ខ្ញុំ​ម្ចាស់​មាន​ការ​ប៉ិន​ប្រសប់​ណាស់ គឺ​ចេះ​កូរ ចេះ​ឆ្លាក់ នាំ​ឲ្យ​មនុស្ស​លោក​មាន​សេចក្ដី​កោត​សរសើរ​ស្ញប់ស្ញែង​ជា​ក្រៃលែង ប៉ុន្តែ​ទាស់​តែ​កូន​ខ្ញុំ​ម្ចាស់​ចេះ​ចំណេះ​ទាំង​នេះ ដោយ​ឥត​បាន​រៀន​ពី​គ្រូ​ណា​សោះ គឺ​វា​ចេះ​ដោយ​សារ​គំនិត​វា​តែ​ម្ដង " ។ ព្រះ​ឥន្ទ្រ​ឆ្លើយ​ថា " មែន​ហើយ ! មនុស្ស​ណា ដែល​ចេះ​វិជ្ជា​ឥត​គ្រូ​លោក​ប្រដូច​នឹង​មនុស្ស​ឆ្កួត បើ​ដូច្នេះ ចូរ​ឯង​នាំ​កុមារ​នេះ​ទៅ​ជួប​នឹង​ទេវបុត្ត ដែល​ជា​នាយ​រោង​ជាង​ឈើ គេ​នឹង​បង្រៀន​កុមារ ឲ្យ​ចេះ​មុខ​វិជ្ជា​ប្លែកៗ​សិន រួច​នឹង​ឲ្យ​កុមារ​ត្រឡប់​ទៅ​ឋាន​មនុស្ស​វិញ ព្រោះ​កុមារ​មាន​សញ្ជាតិ​ជា​មនុស្ស​លោក ពុំ​អាច​មក​នៅ​ក្នុង​ទី​នេះ​រហូត​ទៅ​បាន​ទេ " ។

ព្រះ​ពិស្ណុការ​ក៏​ទៅ​នៅ​ជា​មួយ​ទេវបុត្ត ដែល​ជា​អ្នក​បច្ចេកទេស​ខាង​វិជ្ជា​សិល្បៈ​នឹង​ខាង​សំណង់ ។ យុវជន​ខំ​រៀន​គូរ រៀន​ឆ្លាក់ រៀន​លេង​ភ្លេង អំពី​សំណាក់​ទេវបុត្ត​ជា​គ្រូ​ទាំង​នោះ បាន​ចេះ​ចាំ​ស្ទាត់​សព្វ​គ្រប់​ទាំង​អស់ គឺ​ចេះ​សង់​នាវា​អាច​បើក​បរ​លើ​គោក​បាន ចេះ​ឆ្លាក់​ប្រាក់ ឆ្លាក់​មាស ចេះ​ស្ល​ដែក​គ្រប់​យ៉ាង ចេះ​វិជ្ជា​លាយ​ទឹក ហើយ​ទឹក​នោះ បើ​កាល​ណា​គេ​ចាក់​រាយ​លើ​ដី​ឥដ្ឋ ដី​នោះ​នឹង​ក្លាយ​ជា​ថ្ម ។ សរុប​សេចក្ដី​ទៅ គឺ​កុមារ​បាន​ចេះ​ចាំ​ទាំង​អស់ នូវ​មុខ​វិជ្ជា​ទាំង​ឡាយ​ណា ដែល​ទេវបុត្ត​បាន​បង្រៀន ហើយ​ទេវបុត្ត​បាន​និយាយ​លើក​ទឹក​ចិត្ត​កុមារ​ដូច្នេះ​ទៀត​ផង​ថា កិច្ចការ​ដែល​អ្នក​ចេះ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ អាច​គង់​ឋិតថេរ​នៅ​បាន អស់​ពេល​ច្រើន​ពាន់​ឆ្នាំ ឯ​ចំណែក​ការ​ងារ​របស់​ខ្ញុំ​វិញ មាន​មាន​ជីវិត​ត្រឹម​មួយ​រជ្ជកាល​ស្ដេច​មួយ​ព្រះ​អង្គ​ៗ ប៉ុណ្ណោះ​ទេ​, ឧបមា​ថា បើ​ព្រះ​មហា​ក្សត្រ​អង្គ​ណា​មួយ បាន​សោយ​រាជ​សម្បត្តិ ហើយ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ ឲ្យ​ខ្ញុំ​សង់​ប្រាសាទ​ថ្វាយ​ខ្ញុំ​អាច​សង់​បាន​មួយ​រំពេច ប៉ុន្តែ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​​អង្គ​នោះ​ទ្រង់​សោយ​ព្រះ​ទិវង្គត​ទៅ ប្រាសាទ​ក៏​ត្រូវ​រលាយ​បាត់​ក្នុង​ពេល​នោះ​ដែរ ដូច្នេះ ឃើញ​ថា ឫទ្ធិ​អំណាច​របស់​ឯង មាន​អានុភាព​ខ្លាំង​លើស​លប់​​លើ​ឫទ្ធិ​អំណាច​របស់​យើង " ។

ទេវបុត្ត​ក៏​នាំ​សេចក្ដី​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ អំពី​លទ្ធផល​ដ៏​ប្រសើរ​ក្រៃលែង ដែល​កើត​មាន​អំពី​ការ​អប់រំ​ព្រះពិស្ណុការ ។ ព្រះ​ឥន្ទ្រ​ក៏​ទ្រង់​សព្វ​ព្រះទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​ទទួល​ស្គាល់​ថា​ " ព្រះ​ពិស្ណុការ​នឹង​ក្លាយ​ទៅ​ជា​អ្នក​អប់រំ អ្នក​បង្ហាត់​បង្រៀន​មនុស្ស​លោក​ទាំង​អស់ ដែល​កាន់​ព្រះ​ពុទ្ធសាសនា " ។

បន្ទាប់​មក ព្រះ​ឥន្ទ្រ​ក៏​មាន​ព្រះ​ឱង្ការ​ថា "ជាង​សំណង់​ទាំង​អស់ ដែល​ជាតិ​ជា​មនុស្ស​លោក មុន​នឹង​កសាង​អ្វីៗ ត្រូវ​តែ​រៀប​ដង្វាយ​ព្រះ​ពិស្ណុការ​សិន ឯ​ប្រដាប់​ដង្វាយ​មាន​ដូច​តទៅ​នេះ គឺ​ស្រា ១ ដប ប្រាក់ ១ បាត (១ រៀល) ដើម​ចេក ៤ កង់ មាន​ដោត​ម្លូ​និង​ស្លា​លើ​នោះ​ផង​, សំពត់​ស ៤ ហត្ថ អង្ករ ១ ផ្តិល និង​ទៀន ១ បើ​ជន​ណា​មួយ​ចាប់​ធ្វើ​កិច្ចការ​អ្វីៗ មិន​បាន​រៀប​ដង្វាយ​នេះ ថ្វាយ​ព្រះ​ពិស្ណុការ​ទេ អ្នក​នោះ​ឯង នឹង​បើក​ភ្នែក​ពុំ​រួច​ឡើយ ទោះ​បី​បើក​រួច​មើល​ឃើញ​ពន្លឺ​ថ្ងៃ ក៏​នៅ​មាន​ពពឹក​ភ្នែក​គ្រប​ភ្នែក ( ភ្នែក​អៀ​ស៊ី ) ដែរ ។

កាល​ព្រះ​ឥន្ទ្រ​មាន​ព្រះ​បន្ទូល​មក​ដល់​ត្រង់​នេះ ព្រះ​អង្គ​នឹក​ឃើញ​ដល់​កេតុមាលា ហើយ​ព្រះអង្គ​ក៏​ទ្រង់​ហោះ​ចុះ​មក​ប្រទេស​កម្ពុជា ។ ពេល​នោះ​ជា​រាត្រី​កាល មនុស្ស​ទាំង​ឡាយ​មាន​សេចក្ដី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ឃើញ​ពន្លឺ​ភ្លឺ​ត្រចះត្រចង់​នៅ​លើ​មេឃ ហើយ​គេ​ដណ្ដឹង​សួរ​គ្នា​ថា "តើ​នរណា​ធ្វើ​អ្វី បាន​ជា​ពន្លឺ​សន្ធោ​លើ​មេឃ​ដូច្នេះ ?" ។ ព្រះ​ឥន្ទ្រ​ក៏​បាន​ចុះ​មក​ដល់​ក្នុង​ប្រាសាទ​ស្ដេច ។

ពួក​អ្នក​យាម​ក៏​ទៅ​ទូល​ព្រះ​បាទ​ទេវង់អស្ចារ្យ​ថា " មាន​សត្វ​ពុំ​ដែល​ស្គាល់ ចុះ​មក​ពី​ឋាន​ទេវតា មាន​ភាព​ដូច​មនុស្ស ប៉ុន្តែ​មាន​ពណ៌​ខៀវ មាន​ពន្លឺ​ចាំង​ដូច​ភ្លើង បាន​ចូល​មក​ក្នុង​ប្រាសាទ " ។

ព្រះ​បាទ​ទេវង់អស្ចារ្យ​យាង​ប្រញាប់ តម្រង់​ទៅ​ប្រាសាទ​ព្រះ​អង្គ ហើយ​ទ្រង់​បាន​ស្គាល់​ថា​ជា​ព្រះ​ឥន្ទ្រ ព្រះ​រាជា​ទ្រង់​ឱន​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ​ឥន្ទ្រ​ៗ សួរ​ថា " តើ​ព្រះ​មាន​ស្គាល់​ព្រះ​រាជបុត្រ​ខ្ញុំ​ឬ​ទេ ? " ។

ព្រះ​បាទ​ទេវង់អស្ចារ្យ​ទូល​ថា " ទូល​ព្រះ​បង្គំ​ពុំ​ដែល​ស្គាល់​ទេ​ " ។

ព្រះ​ឥន្ទ្រ​សួរ​ថា "កាល​ដែល​ព្រះ​កេតុមាលា ទ្រង់​ព្រះ​សម្ភព តើ​មាន​អាភេទ​ដូចម្ដេច? " ។

ព្រះ​បាទ​ទេវង់អស្ចារ្យ​ទូល​ថា " ឃើញ​ពន្លឺ​ខៀវ​លាត​សន្ធឹង​នៅ​លើ​មេឃ រួច​ស្រាប់​តែ​មាន​កម្រង​ផ្កា ធ្លាក់​មក​លើ​អគ្គមហេសី​ទូល​ព្រះ​បង្គំ ហើយ​ត​មក អគ្គ​មហេសី​ទូល​ព្រះ​បង្គំ​មាន​ផ្ទៃ​ពោះ ឥឡូវ​ប្រសូតិ​បុត្រ​មក សន្មត​នាម​ថា កេតុមាលា ឥឡូវ​មាន​វ័យ​ចម្រើន​ធំ​ហើយ " ។

ព្រះ​ឥន្ទ្រ​មាន​ព្រះ​បន្ទូល​ថា " ហ្នឹង​ហើយ ! គឺ​កូន​ខ្ញុំ វា​ចុះ​មក​ចាប់​បដិសន្ធិ " ។

ឮ​ដូច្នោះ ព្រះ​បាទ​ទេវង់អស្ចារ្យ​ ក៏​ទ្រង់​ត្រាស់​ឲ្យ​ហៅ​ព្រះ​កេតុមាលា​ឲ្យ​ចូល​មក ។ ព្រះ​ឥន្ទ្រ​ក៏​ចាប់​លើក​ព្រះ​រាជ​កុមារ ឲ្យ​អង្គុយ​លើ​ព្រះ​ឧរូ ( ភ្លៅ ) រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា " ពី​ដើម​ខ្ញុំ​ឈ្មោះ​ថា​មឃមាណព ខ្ញុំ​បាន​ស្ថាបនា​ផ្លូវ​ថ្នល់ ស្ថាបនា​ទំនប់​ទឹក សង់​សាលា សង់​ស្ពាន ខ្ញុំ​បាន​ធ្វើ​បុណ្យ​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ​លំបាក ដោយ​ផល​នេះ ខ្ញុំ​បាន​កើត​ទៅ​ជា​ព្រះ​ឥន្ទ្រ ដូច​ខ្ញុំ​មាន​ចិត្ត​នឹក​ដល់​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​ប្រទេស​ទើប​នឹង​កើត​ឡើង​ថ្មី​ៗ ហើយ​តាំង​ពី​ពេល​នោះ មក​ទល់​ឥឡូវ​នេះ គ្មាន​មនុស្ស​ខ្លាំង​ពូកែ​ណា​ម្នាក់​មក​នៅ​ក្នុង​ប្រទេស​នេះ​សោះ ដូច្នេះ​យើង​ជួយ​ធ្វើ​ឯង​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​មាន​អាយុ​វែង​ផង ត្បិត​មនុស្ស​លោក​សម័យ​នេះ អាយុ​ខ្លី​ណាស់ កម្រ​មាន​នរណា​អាយុ​បាន​មួយ​រយ​ឡើយ យើង​នឹង​នាំ​យក​ឯង​ចុះ​មុជ​ទឹក​ក្នុង​អាង​មួយ ដើម្បី​ឲ្យ​បាន​អាយុ​វែង " ។

ព្រះ​ឥន្ទ្រ​ក៏​លើក​ព្រះ​កេតុមាលា ហោះ​ទៅ​កាន់​ឋាន​ទេវតា ។ នៅ​ក្នុង​សួនច្បារ​នៃ​ព្រះ​ឥន្ទ្រ មាន​អា​ទឹក​មួយ ព្រះ​ឥន្ទ្រ​ក៏​យក​ព្រះ​កេតុមាលា ទៅ​ឲ្យ​មុជ​ទឹក​អាង​នោះ​មួយ​ថ្ងៃ ៧ ដង លុះ​ត្រា​តែ​គ្រប់ ៧ ថ្ងៃ ។ បន្ទាប់​មក ព្រះ​ឥន្ទ្រ​នាំ​ព្រះ​កេតុមាលា ចូល​ទៅ​ក្នុង​ប្រាសាទ​ព្រះ​អង្គ រួច​ព្រះ​ឥន្ទ្រ​អញ្ជើញ​ទេវតា​ជា​ព្រាហ្មណ៍ ៧ នាក់ ឲ្យ​មក​សូត្រ​សែក​មន្ត​គាថា​នឹង​ប្រោះ​ព្រំ​ទឹក​មន្ត​ទៅ​លើ​ព្រះ​កេតុមាលា ដើម្បី​ឲ្យ​បាន​អាយុ​ជាង​រយ​ឆ្នាំ ។

កាល​បើ​ពិធី​នេះ បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​ឥន្ទ្រ​ទ្រង់​​បង្គាប់​ឲ្យ​គេ​ទឹម​ព្រះរាជ​រថ​បញ្ជិះ​ព្រះ​កេតុមាលា បរ​ហោះ​ព័ទ្ធ​ជុំវិញ​ប្រសាទ​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​កេតុមាលា អាច​មើល​ឃើញ​​លំអ​ប្រាសាទ​សព្វ​គ្រប់​ទាំង​អស់ ។

កាល​បើ​ព្រះ​កេតុមាលា ទៅ​មើល​ក្រោល​គោ​សួគ៌​ទៀត ។

ព្រះ​ឥន្ទ្រ​ក៏​សួរ​ព្រះ​កេតុមាលា ថា " អ្នក​ពេញ​ចិត្ត​នឹង​វត្ថុ​អ្វី​ៗ ដែល​បាន​ឃើញ​ឬ​ទេ ? " ។

ព្រះ​កេតុមាលា ទូល​ថា " ខ្ញុំ​មាន​សេចក្ដី​ស្ញប់ស្ញែង​ណាស់ " ។

ព្រះ​ឥន្ទ្រ​មាន​បន្ទូល​ថា " ដូច្នេះ​ខ្ញុំ​ប្រគល់​អាណាចក្រ​កម្ពុជា​នេះ​ឲ្យ​ឯង ហេតុ​នេះ បើ​ឯង​ពេញ​ចិត្ត​នឹង​ប្រាសាទ​ណាមួយ ដែល​ឯង​បាន​ឃើញ ហើយ​ចង់​សង់​ប្រាសាទ​ណាមួយ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ល្អ​ដូច្នេះ​ចូរ​ឯង​គ្រាន់​តែ​នឹក​ក្នុង​ចិត្ត​ឡើង យើង​នឹង​បញ្ជូន​ស្ថាបនិក​ម្នាក់ ឲ្យ​ទៅ​សង់​ឲ្យ​ឯង នៅ​ក្នុង​ប្រទេស​ឯង​មួយ​រំពេច" ។ នៅ​ពេល​នោះ​ព្រះ​កេតុមាលា ទើប​តែ​នឹង​មាន​ព្រះ​ជន្ម ១២ ឆ្នាំ ។ ដូច្នេះ ព្រះ​កុមារ​មាន​សេចក្ដី​តក់​ស្លុត​ខ្លាច​ព្រះ​ឥន្ទ្រ​ពន់​ប្រមាណ ទ្រង់​គិត​ឃើញ​ថា "នៅ​ក្នុង​ប្រទេស​អញ អញ​ពុំ​ត្រូវ​ឲ្យ​ល្អ​ជាង​ប្រាសាទ​ព្រះ​ឥន្ទ្រ​ទេ បើ​សិន​ជា​អញ​ធ្វើ​ឲ្យ​ល្អ​ជាង ឬ​ប្រហែល​ព្រះ​អង្គ​នោះ ព្រះ​អង្គ​មុខ​ជា​អាក់​អន់​ព្រះ​ទ័យ​ពុំ​ខាន " ។

ទ្រង់​គិត​ដូច្នេះ​ហើយ ព្រះ​កេតុមាលា​ទ្រង់​ឆ្លើយ​ថា "ទូល​ព្រះ​បង្គំ​ចង់​ឲ្យ​សង់​ប្រាសាទ​មួយ ដែល​មាន​លំអ​ប្រហែល​ក្រោល​គោ​ព្រះ​អង្គ " ។

ព្រះ​ឥន្ទ្រ​ក៏​ទ្រង់​ព្រះ​សម្រួល​ថា "ក្រោល​នេះ​ជា​របស់​ល្អ​ចំពោះ​ភ្នែក​ចៅ​ឯង​ហើយ​ឬ?" ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ​ពិស្ណុការ​ថា "ចៅ​ជា​ជាតិ​មនុស្ស​លោក ពុំ​អាច​ឋិត​នៅ​ឋាន​លើ​នេះ​បាន​រហូត​ទេ​យើង​បញ្ជូន​ចៅ​ឯង​ទៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ឯង​សង់​ប្រាសាទ​ឲ្យ​ព្រះ​រាជ​បុត្រ​យើង​មួយ​ខ្នង ឲ្យ​មាន​សោភ័ណភាព​ល្អ​ជាង​ក្រោល​គោ​យើង កាល​បើ​ចៅ​ឯង​សង់​រួច​ស្រេច​ហើយ យើង​ចុះ​ទៅ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​អភិសេក​ព្រះ​រាជ​បុត្រ​យើង ឲ្យ​ឡើង​សោយរាជ្យ"

កាល​បើ​ព្រះ​ពិស្ណុការ បាន​ពិនិត្យ​មើល​ក្រោល​គោ​ព្រះ​ឥន្ទ្រ​បាន​សព្វ​គ្រប់​ហើយ ព្រះ​ឥន្ទ្រ​ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​គេ​រៀបចំ​ទឹម​ព្រះ​រាជ​រថ​ព្រះអង្គ​បញ្ជិះ​ព្រះកេតុមាលា និង​ព្រះ​ពិស្ណុការ ចុះ​មក​កាន់​ផែន​ដី​ត្រង់​ប្រទេស​កម្ពុជា ។

ព្រះ​ពិស្ណុការ​ក៏​ចាប់​សង់​ប្រាសាទ​ភ្លាម នៅ ព. ស. ៦២០ ។ លោក​បង្គាប់​ឲ្យ​ជីក​ស្នាម​ភ្លោះ យក​អាចម៍​ដី​ចាក់​គរ​លើ​គ្នា​យ៉ាង​ខ្ពស់ រួច​ទើប​ពិស្ណុការ​យក​រូប​ចម្លាក់​ផ្សេង​ៗ ទោ​ផ្ដិត​លើ​ដី​នោះ​គ្រប់​ទិស​ទាំង​អស់ ។

ដំណាល​ពី​កូន​មេភូមិ​ម្នាក់​ឈ្មោះ សុវណ្ណ ។ អ្នក​កំលោះ​នោះ​បាន​ចូល​ធ្វើ​ជា​កម្មករ​ព្រះ​ពិស្ណុការ ។ លុះ​សុវណ្ណ​បាន​យល់​ការ​ថ្នឹក​ល្មម​ធ្វើ​ការ​ខ្លួន​ឯង​កើត ព្រះ​ពិស្ណុការ​ក៏​ជិះ​ទូក​ទៅ​កាន់​សមុទ្រ​ដើម្បី​រក​សំបក​ខ្យង​មក​ដុត​ធ្វើ​ជា​កំបោរ ដើម្បី​បូក​ប្រាសាទ ។ លុះ​ត្រឡប់​មក​វិញ មក​ដល់​សំរោងសែន ស្រុក​កំពង់លែង ទូក​ក៏​ត្រូវ​លិច​ទឹក ។ ព្រះ​ពិស្ណុការ​ក៏​បាន​ស្ដារ​យាន​ជំនិះ​នោះ​ឡើង ប៉ុន្តែ​ឥត​កើប​យក​សំបក​ខ្យង​ទេ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ គេ​ឃើញ​មាន​សំបក​ខ្យង​ជា​ច្រើន​គំនរ កប់​នៅ​ក្នុង​ភូមិ​សំរោង​សែន ។ ចាប់​តាំង​ពី​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​, អ្នក​ស្រុក​ក្នុង​ភូមិ​នោះ តែង​បបួល​គ្នា​រើស​សំបក​ខ្យង​​នោះ​មក​ដុត​ធ្វើ​ជា​កំបោរ ប៉ុន្តែ​សំបក​ខ្យង​នៅ​តែ​មាន​ចំនួន​ជា​ច្រើន​ក្រៃ​លែង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ថ្ងៃ​ក្រោយ​មក​ទៀត ព្រះពិស្ណុការ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​ដើម្បី​រើស​សំបក​ខ្យង​ទៀត ។ ប៉ុន្តែ​ម្ដង​នេះ មាន​ទូក​សំពៅ​ច្រើន​ណាស់ ហើយ​ក៏បាន​សំបក​ខ្យង​មក​ជា​ច្រើន​ក្រៃ​លែង ។ បន្ទាប់​មក​ទៀត ព្រះ​ពិស្ណុការ​ក៏​ចេញ​សំពៅ​បី ដើម្បី​ទៅ​រក​គ្រាប់​ល្ង ប៉ុន្តែ​លុះ​ត្រឡប់​មក មាន​យល់​ព្យុះ​បោក​បក់​សំពៅ​ត្រង់​កោះ​កំញាន ខាង​លិច​ដូន​ទ្រី ។ ព្រះ​ពិស្ណុការ​ចាក់​គ្រាប់​ល្ង​ក្នុង​សំពៅ​នោះ​ចោល​ទាំង​អស់ រួច​ក៏​ធ្វើ​គ្រាប់​ល្ង​នោះ​ឲ្យ​រឹង​ក្លាយ​ទៅ​ជា​កោះ​មួយ ហេតុ​នោះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ក្នុង​កោះ​កំញាន មាន​ពណ៌​ខ្មៅ​ដូច​គ្រាប់​ល្ង គ្មាន​ដី​អ្វី​ទៀត​នៅ​ជាមួយ​ឡើយ ។

ចំណែក​ឯ​គ្រាប់​ល្ង​នៅ​ក្នុង​សំពៅ​ពីរ​ទៀត ព្រះពិស្ណុការ​ក៏​យក​ទៅ​លាយ​បូក​ពីលើ​ប្រាសាទ​ដី ដែល​លោក​បាន​សង់​នោះ ។ ដី​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ថ្ម​មួយ​រំពេច ។ កាល​សង់​ប្រាសាទ ព្រះពិស្ណុការ​ឥត​ចាំ​បាច់​ចង​រន្ទា ដាំ​សសរ​មួយ​ម្ដង​ៗ ដូច​យើង​ទេ គឺ​លោក​យក​ដី​មក​សង់​ជា​ប្រាសាទ ៥ ជាន់ តែ​ម្ដង ទើប​យក​ទឹក​ថ្នាំ​លាយ​ទៅ​លាប​ពី​លើ​តួ​ប្រាសាទ​ដី​ទាំង​មូល ។ ប្រាសាទ​នោះ​ក៏​ក្លាយ​ទៅ​ជា​ថ្ម ។

អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​យើង​ឃើញ​ត្រង់​វង់​កោង​នៃ​ដំបូល​ប្រាសាទ​ឥត​មាន​រនូត ឬ​សសរ​ទ្រ​ពី​ក្រោម​ទេ ។

លុះ​ការ​ស្ថាបនា​បាន​រួច​ស្រេច​កាលណា ព្រះ​ពិស្ណុការ​ក៏​លាប​ថ្នាំ​លើ​រូប​ចម្លាក់​ទាំង​នោះ, តម្រូវ​ទៅ​តាម​ពណ៌​ផ្សេងៗ ធ្វើ​ឲ្យ​ប្រាសាទ​មាន​លំអ​យ៉ាង​ត្រចះត្រចង់ គឺ​ល្អ​ដូច​ជា​ក្រោល​គោ​ព្រះ​ឥន្ទ្រ ។

ព្រះ​កេតុមាលា​ពេញ​ចិត្ត​នឹង​ប្រាសាទ​នោះ​ណាស់ បាន​ពោល​សរសើរ​ព្រះ​ពិស្ណុការ​ជា​ច្រើន ហើយ​បាន​សុំ​ឲ្យ​ព្រះ​ពិស្ណុការ​សង់​ប្រាសាទ​ឯ​ទៀត​ជា​ច្រើន​តាម ដោយ​មាន​រូប​ចម្លាក់​យ៉ាង​ឆើតឆាយ ។

ព្រះ​ឥន្ទ្រាធិរាជ​ដោយ​មាន​ពួក​ទេវតា​ជា​ច្រើន​តាម​ដង្ហែ​ផង បាន​យាង​ចុះ​មក​ឋាន​ក្រោម​ ប្រសិទ្ធិពរ​អភិសេក​ព្រះរាជ​បុត្រ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ថ្វាយ​ព្រះ​នាម​ថា អរិដ្នពលពាហនោ (ព្រះ​កេតុមាលា ) រួច​ទ្រង់​ប្រទេស​ខ្មែរ​យើង​ថា កម្ពុជា ដូច​សព្វ​ថ្ងៃ​នេះ ។

ពេល​ក្រោយ​មក ព្រះ​កេតុមាលា​​ទ្រង់​បាន​សង្កេត​ឃើញ​កំពូល​ប្រាសាទ​មួយ​ពុំ​សូវ​ត្រង់ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ប្រាប់​ព្រះ​ពិស្ណុការ​ឲ្យ​ឡើង​តម្រង់​កំពូល​នោះ ។ ព្រះ​ពិស្ណុការ​បាន​ឆ្លើយ​ថា " សូម​ព្រះ​អង្គ​ទ្រង់​ប្រើ​តែ​ស្ត្រី​ម្នាក់​ឲ្យ​យក​ផ្លែ​ឃ្លោក​ទុំ​ទៅ​វាយ​កំពូល​នោះ​ៗ នឹង​ងើប​ត្រង់​ឡើង​វិញ​ហើយ " ។

ទ្រង់​ព្រះ​សណ្ដាប់​ដូច្នេះ ព្រះ​កេតុមាលា ក៏​ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង ព្រះ​អង្គ​ទ្រង់​បាន​បញ្ចេញ​នូវ​សូរ​ខ្លាំង​ៗ ថា "ម៉េច​ក៏​និយាយ​ដូច្នេះ កំពូល​ប្រាសាទ​ធ្វើ​សុទ្ធ​តែ​អំពី​ថ្ម ម្ដេច​ក៏​ឯង​ប្រាប់​ថា​ឲ្យ​ស្ត្រី​យក​ផ្លែ​ឃ្លោក​ទុំ​ទៅ​វាយ​តម្រង់ ? " ។

ចំណែក​ឯ​ព្រះ​ពិស្ណុការ ក៏​ខឹង​នឹង​ព្រះ​រាជា​ដែរ តែ​ដោយ​គោរព​ព្រះ​ចេស្ដា លោក​ក៏​ប្រើ​ស្ត្រី​ម្នាក់ ឲ្យ​យក​ផ្លែ​ឃ្លោក​ទុំ​ទៅ​គោះ​កំពូល​ប្រាសាទ កំពូល​ប្រាសាទ​នោះ​បាន​ត្រង់​ឡើង​វិញ ។

ក្រោយ​ពី​នោះ​បន្តិច​មក​ទៀត ព្រះ​កេតុមាលា​ទ្រង់​បាន​ប្រគល់​ដែក​ទម្ងន់ ៣​ហាប​ដើម្បី​ព្រះ​ពិស្ណុការ​ធ្វើ​ព្រះ​ខ័ន​មួយ ជា​និមិត្ត​រូប​នៃ​តេជានុភាព​ព្រះ​អង្គ​ថ្វាយ​ព្រះ​អង្គ ។ ព្រះ​ពិស្ណុការ​បាន​យក​ដែក​ទៅ​ស្ល​រំលាយ​នៅ​សល់​ល្មម​តែ​ធ្វើ​ព្រះ​ខ័ន​តូច​មួយ មាន​មុខ​ស្ដើង​ជាង​ស្លឹក​ស្រូវ​ទៅ​ទៀត​ហើយ​មុត​ក្រៃ​លែង គឺ​ថា​បើ​គេ​យក​ព្រះ​ខ័ន​នេះ​ទៅ​កាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ជា​ពីរ​កំណាត់ គេ​ពុំ​អាច​មើល​ដឹង​ថា ខ្លួន​មនុស្ស​ដាច់​ឡើយ គេ​ស្មាន​ថា​កាប់​ឥត​ត្រូវ​ខ្លួន ហើយ​មនុស្ស​នៅ​និយាយ​បាន​ដូច​ដើម លុះ​តែ​គេ​ដៃ​ទៅ​ច្រាន ទើប​ឃើញ​ខ្លួន​មនុស្ស​នោះ​ដាច់​ធ្លាក់​ជា​ពីរ​កំណាត់​ភ្លាម ម្យ៉ាង​ទៀត បើ​គេ​យក​ពាង​មួយ​ធ្វើ​អំពី​ដី​មាន​ដាក់​ទឹក​ពេញ ហើយ​គេ​អាច​កាត់​ពាង​នោះ​ ឲ្យ​ដាច់​ជា​ពីរ​កំណាត់​មិន​ឲ្យ​ទឹក​ក្នុង​ពាង​នោះ​ហូរ​ចេញ​បាន លុះ​តែ​គេ​យក​ដៃ​ច្រាន​ពាង​នោះ​​ទើប​ពាង​បែក​ដាច់​ជា​ពីរ ហើយ​ទឹក​ក៏​កំពប់​ចេញ ។

ព្រះ​ពិស្ណុការ​បាន​យក​ព្រះ​ខ័ន​ដែល​ទើប​នឹង​ធ្វើ​ហើយ​នោះ ទៅ​លត់​ទឹក​យ៉ាង​ត្រឹម​ត្រូវ រួច​យក​ទៅ​ថ្វាយ​ព្រះ​កេតុមាលា ។ ព្រះ​កេតុមាលា​កាល​បើ​ទ្រង់​ទត​ឃើញ​ទំហំ​ព្រះ​ខ័ន​ភ្លាម ក៏​ទ្រង់​ព្រះ​ពិរោធ​ខ្លាំង​ក្រៃ​លែង, ព្រម​ទាំង​ទ្រង់​បាន​បន្ទោស​ព្រះ​ពិស្ណុការ យ៉ាង​គំរោះគំរើយ​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់​ថា " អ្នក​ឯង​លួច​ដែក​យើង​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​ជា​ដែក ៣ ហាប ធ្វើ​ព្រះ​ខ័ន​ឲ្យ​យើង​បាន​តែ​មួយ​តូច​ប៉ុណ្ណោះ " ។ ព្រះ​ពិស្ណុការ​ក៏​ច្រឡោត​តូងតាង​ដែរ​ហើយ​ឆ្លើយ​ថា "ខ្ញុំ​លែង​នៅ​ប្រទេស​កម្ពុជា​ទៀត​ហើយ ខ្ញុំ​នឹង​ត្រឡប់​ទៅ​នៅ​ឯ​ប្រទេស​ចិន​ឯ​ណោះ​វិញ " ។

ថា​ហើយ ព្រះ​ពិស្ណុការ​ក៏​ក្រោក​ដើរ​ចេញ ដោយ​អូស​មុខ​ព្រះ​ខ័ន​លើ​ក្ដារ ។ លុះ​ព្រះ​ពិស្ណុការ​ដើរ​ចេញ​ទៅ គេ​ក៏​សង្កេត​ឃើញ​ក្ដារ​ដាច់​ជា​ពីរ ដោយ​អំណាច​មុខ​ព្រះ​ខ័ន​ដែល​ព្រះ​ពិស្ណុ​ការ​បាន​អូស​ពីលើ ។ ព្រះ​កេតុមាលា​ទ្រង់​ទត​ឃើញ​ដូច្នោះ ក៏​ត្រាស់​បង្គាប់​ឲ្យ​គេ​រត់​តាម​ស្រែក​ហៅ​ព្រះ​ពិស្ណុការ ទារ​យក​ព្រះ​ខ័ន​មក​ថ្វាយ​ព្រះ​អង្គ​វិញ ។ ប៉ុន្តែ​ព្រះ​ពិស្ណុការ​​ប្រកែក​ពុំ​ព្រម​ឲ្យ ហើយ​គ្រវែង​ចោល​ទៅ​កណ្ដាល​ទន្លេ​សាប រួច​ក៏​ចុះ​សំពៅ​បើក​ក្ដោង​សំដៅ​ទៅ​ស្រុក​ចិន​ ដែល​ជា​ស្រុក​កំណើត​របស់​គាត់​ទៅ ។

នេះ​ហើយ​ជា​រឿង​ព្រះ​ពិស្ណុការ ដែល​មនុស្ស​ភាគ​តិច​ណាស់​បាន​ដឹង ហើយ​ដោយ​សារ​តែ​មាន​រឿង​ព្រេង​នេះ បាន​ជា​អ្នក​ស្រុក​គេ​ជឿ​គេ​យល់​ថា ប្រាសាទ​អង្គរ​ជា​ស្នាដៃ​ទេវតា​សាង ។