ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/7

From Wikisource
Jump to navigation Jump to search
ប្រជុំរឿងព្រេងខ្មែរ, ភាគទី២ (1895?) 
រឿងចៅកាំបិតបន្ទោះ


រឿង ចៅកាំបិតបន្ទោះ



កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្ដាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្ត្រា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឲ្យ​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ​ពុំ​ខ្ជិល​សោះ ខំ​រៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឲ្យ​គ្រូ​អាក់​អន់​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សឹក ក៏​ចូល​ទៅ​វន្ទា​លា​គ្រូ​សឹក ។ គ្រូ​ក៏​ព្រម​ឲ្យ​សឹក​ៗ​រួច​លោក​គ្រូ​ផ្ដាំ​បុរស​បង ឲ្យ​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯ​បុរស​ប្អូន គ្រូ​ពុំ​បាន​ផ្ដាំ​អ្វី​ឡើយ​ត្បិត​គ្រូ​មើល​ឲ្យ​ឃើញ​ថា បុរស​ប្អូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្ដេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្ដាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្ដាយ​ក្មេក ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​នគរ​ពីរ អញ​គ្មាន​អ្វី​ឲ្យ​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន ក៏​លា​គ្រូ​ដើរ​ទៅ ។

បុរស​បង​ទៅ​រក​ស៊ី​ឯ​ស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្ដាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន ។ បុរស​ប្អូន​មិន​ដឹង​រក​ស៊ី​អ្វី ទៅ​នៅ​នឹង​បង​ប្អូន​ញាតិ​សន្តាន គេ​ក៏​អាណិត​ដណ្ដឹង​ប្រពន្ធ​រៀប​ការ​ធ្វើ​ផ្ទះ​ឲ្យ​នៅ ។ បុរស​នោះ​ភ្លេច​ពាក្យ​គ្រូ​ផ្ដាំ ក៏​នៅ​រក​ស៊ី​នឹង​ប្រពន្ធ ជួន​មាន​ស៊ី​ជួន​អត់ បាន​ព្រឹក​អត់​ល្ងាច បាន​ល្ងាច​អត់​ព្រឹក សំពត់​ស្លៀក​ក៏​គ្មាន មាន​តែ​ខោ​កញ្ចាស់​ពាក់​កណ្ដាល​ភ្លៅ​មួយ ដាច់​លេច​មុខ​លេច​ក្រោយ ។ បុរស​នោះ​តែង​ដើរ​ទៅ​កំពង់​ទឹក ក្រែង​មាន​គេ​មក​ពី​ស្រុក​ចិន នឹង​បាន​សួរ​ដំណឹង​ពី​បង​ខ្លួន ។

ថ្ងៃ​១​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន បុរស​នោះ​ក៏​ចុះ​ទៅ​សួរ​គេ​ថា «អ្នក​នាយ​សំពៅ​អើយ​! អ្នក​ដែល​បាន​ប្រទះ​ខ្មែរ​ម្នាក់​ដែរ​ឬ​ទេ ? គាត់​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន ៥​ឆ្នាំ​ហើយ» ។ នាយ​សំពៅ​ប្រាប់​ថា «ឃើញ​ខ្មែរ​ម្នាក់​ដែរ ឥឡូវ​គេ​បាន​ជា​ចៅ​សួ​មាន​ងារ​ធំ​ក្នុង​ស្រុក​ចិន គ្មាន​អ្នក​ណា​មាន​ស្មើ​ទេ?» ។ បុរស​សួរ​ទៅ​នាយ​សំពៅ​ទៀត​ថា «អ្នក​នាយ​សំពៅ​អញ្ជើញ​ទៅ​វិញ​ថ្ងៃ​ណា?» នាយ​សំពៅ​ថា «៣​ថ្ងៃ​ទៀត​ខ្ញុំ​វិល​ទៅ​វិញ​ហើយ» ។ បុរស​និយាយ​នឹង​នាយ​សំពៅ​ថា «អ្នក​នាយ​សំពៅ បើ​អ្នក​អញ្ជើញ​ទៅ​វិញ សូម​អ្នក​អាណិត​ឲ្យ​ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង»​។ នាយ​សំពៅ​ព្រម​ឲ្យ​ទៅ​។ បុរស​នោះ ក៏​លា​នាយ​សំពៅ​មក​ផ្ទះ​វិញ ។ ទៅ​ដល់​ផ្ទះ បុរស​និយាយ​នឹង​ប្រពន្ធ​ថា «នាង​អើយ​! យើង​សព្វ​ថ្ងៃ​នេះ ក្រលំបាក​ណាស់ ឥឡូវ​នេះ​ឮ​ដំណឹង​ថា​បង​អ្នក ដែល​ទៅ​នៅ​ស្រុក​ចិន​គេ​មាន គេ​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន​ឥឡូវ​បង​ចង់​ទៅ​សួរ ក្រែង​បង​គេ​ឃើញ​ឯង​ក្រ គេ​អាណិត​ឲ្យ​ប្រាក់​កាស​ចាយ សំពត់​អាវ​ស្លៀក​ពាក់​ខ្លះ» ។ ប្រពន្ធ​ឮ​ប្ដី​ថា​ដូច្នោះ សួរ​ថា «ចុះ​អ្នក​ទៅ​ជា​មួយ​អ្នក​ណា?» ។ បុរស​ជា​ប្ដី​ប្រាប់​ថា បង​សុំ​ដោយ​សារ​សំពៅ​គេ គេ​ព្រម​ឲ្យ​ទៅ​៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ហើយ» ។ ប្រពន្ធ​ថា «បើ​អ្នក​ទៅ​ក៏​ទៅ​ចុះ» ។ លុះ​ដល់​៣​ថ្ងៃ បុរស​ក៏​ចុះ​ទៅ ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​ទៅ ក៏​គេ​ហៅ​ចុះ​សំពៅ​ចេញ​ទៅ ។ កាល​បើ​សំពៅ​រៀង​ទៅ បុរស​នោះ​មើល​ថែ​ទាំ ជួយ​រក្សា​របស់​ទ្រព្យ​នាយ​សំពៅ​ដូច​របស់​ខ្លួន ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​មាន​គំនិត​មារយាទ​ល្អ ក៏​ស្រឡាញ់​រាប់​អាន​អាណិត ឲ្យ​បាយ​ទឹក​ស៊ី​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ ឯ​ប្រពន្ធ​បុរស​នោះ កាល​ក្រោយ​បុរស​ជា​ប្ដី​ទៅ​ស្រុក​ចិន ក៏​លួច​មាន​សហាយ​យក​មក​ដេក​យប់ ថ្ងៃ​ឲ្យ​ទៅ​វិញ ។ និយាយ​ពី​បុរស​ដែល​ទៅ​ជា​មួយ​នឹង​នាយ​សំពៅ លុះ​ដល់​ស្រុក​ចិន ក៏​សួរ​នាយ​សំពៅ​ថា «វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​ណា ប្រាប់​ខ្ញុំ​ផង» ។ នាយ​សំពៅ​ប្រាប់​ថា «៣​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ»​។ បុរស​ឮ​ដូច្នោះ​ក៏​ទៅ​សួរ​រក​បង ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​បង ឃើញ​មនុស្ស​ចាំ​ទ្វារ​សួរ​គេ​ថា «នេះ​ហើយ​ឬ ផ្ទះ​លោក​ចៅ​សួ​ខ្មែរ ?» ។ អ្នក​ចាំ​ទ្វារ​ប្រាប់​ថា «នេះ​ហើយ​ផ្ទះ​លោក​ចៅ​សួ» ។ អ្នក​ចាំ​ទ្វារ​សួរ​បុរស​វិញ​ថា «អ្នក​ឯង​មក​ពី​ណា​មក​សួរ​រក​ផ្ទះ​ចៅ​សួ?» ។ បុរស​ប្រាប់​ថា «ខ្ញុំ​មក​ពី​ស្រុក​ខ្មែរ​លោក​ចៅ​សួ​នេះ ជា​បង​ខ្ញុំ​បង្កើត» ។ មនុស្ស​ចាំ​ទ្វារ​មើល​ទៅ​បុរស​នោះ រូប​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ សំពត់​គ្មាន​ដណ្ដប់​ លេច​មុខ​ចេញ​ក្រោយ មិន​សម​ប្អូន​លោក​ចៅ​សួ​ខ្លួន​សោះ។ អ្នក​ចាំ​ទ្វារ​មិន​ស្ងៀម ទៅ​ប្រាប់​លោក​ចៅ​សួ​ៗ​មិន​នៅ ទៅ​គាល់​ស្ដេច ក៏​ជម្រាប​ប្រពន្ធ​ថា «អ្នក​ចៅហ្វាយ​ស្រី! មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​ខ្មែរ រូប​អាក្រក់​ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ គន់​ទៅ​ខោ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ហើយ​ប្រាប់​ខ្ញុំ​ថា «ត្រូវ​ជា​បង​ប្អូន​លោក​ចៅហ្វាយ​ប្រុស​បង្កើត​ឥឡូវ​ខ្ញុំ​បាន​ឲ្យ​ចាំ​នៅ​មាត់​ទ្វារ» ។ នាង​ជា​ប្រពន្ធ​ចៅ​សួ​នោះ នឹក​ខឹង​ថា «អា​មនុស្ស​កម្សត់​ទុគ៌ត​នេះ​មក​ពី​ណា ក៏​ហ៊ាន​មក​បង្កាច់​កេរ្តិ៍​ថា ប្ដី​អញ​ជា​បង​វា​បង្កើត» ក៏​ប្រើ​មនុស្ស​ឲ្យ​ទៅ​ចាប់​បុរស​នោះ ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ​ថា «ចាំ​ប្ដី​មក​នឹង​ឲ្យ​យក​ទៅ​សម្លាប់» ។ បុរស​នោះ លុះ​គេ​យក​ទៅ​ដាក់​ច្រវាក់​ក៏​នឹក​ថា «ឱ​អញ​អើយ! សង្វាត​មក​ពី​ស្រុក​ខ្មែរ ដល់​ស្រុក​ចិន​ព្រោះ​តែ​បង ឥឡូវ​គេ​មាន គេ​ពុំ​គិត​អាណិត​ឈាម ដែល​កើត​មក​ពោះ​ជា​មួយ​គ្នា​សោះ គេ​ឆ្មើង​មាន គេ​ហ៊ាន​ចាប់​ឯង​មក​ដាក់​ច្រវាក់​នឹង​សម្លាប់​ផង «ឱ​អញ​អើយ​!បើ​ទៅ​ស្រុក​ខ្មែរ​វិញ រក​ស៊ី​តាម​ខ្លួន​ក្រ​គ្មាន​នរណា​ហ៊ាន​ធ្វើ​បាន​ទេ» ។ បុរស​នោះ​ពុំ​ដឹង​ជា​បង​ទៅ​គាល់​ស្ដេច​ ។ លុះ​ចៅ​សួ​ជា​បង​វិល​មក​ដល់​ផ្ទះ ប្រពន្ធ​ប្រាប់​ថា «មាន​បុរស​កម្សត់​ម្នាក់​មក​ពី​ស្រុក​ខ្មែរ​និយាយ​ថា លោក​ជា​បង​បង្កើត តែ​ខ្លួន​នោះ​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ឥឡូវ​ខ្ញុំ​ឲ្យ​ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ ចាំ​លោក​អញ្ជើញ​មក ឲ្យ​នាំ​ទៅ​សម្លាប់» ។ ចៅ​សួ​ជា​បង​ឮ​ហើយ​ថា «ទៅ​យក​វា​មក​មើល ក្រែង​ប្អូន​បង្កើត​មែន» ហើយ​ចៅ​សួ​ឲ្យ​ដោះ​ច្រវាក់​បុរស​នោះ ។ លុះ​បុរស​នោះ​មក​ដល់​ស្គាល់​ជា​ប្អូន​បង្កើត​មែន ក៏​រៀប​បាយ​ឲ្យ​ស៊ី មើល​ទៅ​ប្អូន​ឃើញ​ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ​ចៅ​សួ​ក៏​ឲ្យ​ខោ​មួយ​ស្លៀក ហើយ​សួរ​ប្អូន​ថា «ប្អូន​នៅ​ឯ​នាយ មិន​ដឹង​រក​ស៊ី​អ្វី​ទេ ក្រ​ណាស់​ ហើយ​មាន​ប្រពន្ធ​ផង​បាន​អី​ស៊ី» ។ បង​ឮ​ប្អូន​និយាយ​ក៏​នឹក​អាណិត​ប្អូន មិន​ចេញ​ស្ដី ហើយ​សួរ​ថា «ប្អូន​មក​ជា​មួយ​អ្នក​ណា?» ។ បុរស​ប្អូន​ជម្រាប​ថា «ខ្ញុំ​មិន​នឹង​នាយ​សំពៅ គេ​ឲ្យ​ដោយ​សារ​មក​» ។ ចៅ​សួ​បង​ថា «ចុះ​គេ​ទៅ​វិញ​ថ្ងៃ​ណា» ។ បុរស​ប្អូន​ប្រាប់​បង​ថា «៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ទៅ​វិញ» ។ ចៅ​សួ​បង​ដឹង​ដូច្នោះ ក៏​ស្ងៀម​ទៅ​ឲ្យ​លើក​បាយ​មក ហៅ​បុរស​ជា​ប្អូន​ស៊ី​ជា​មួយ​គ្នា លុះ​ស៊ី​រួច​ប្រាប់​ប្អូន​ថា «ប្អូន​នៅ​ដេក​ផ្ទះ​នេះ​ចុះ បង​ទៅ​លេង​ផ្ទះ​ចិន​សែ» ។ ចៅ​សួ​ទៅ​ផ្ទះ​ចិន​សែ ចិន​សែ​ឃើញ​ក៏​រៀប​កៅអី ថ្នាំ​ចិន​ខ្សៀ​ទឹក​តែ​ទទួល ហើយ​ចៅ​សួ​និយាយ​នឹង​ចិន​សែ​ថា «អ្នក​ចិន​សែ​ខ្ញុំ​មក​រក​មើល​ឲ្យ​ប្អូន​ខ្ញុំ​បន្តិច វា​ចេះ​តែ​ក្រី​ក្រ​អីចឹង​ទៅ ឬ​វា​នឹង​គ្រាន់​បើ​នឹង​ឡើង​ដែរ?» ។ ចិន​សែ​ទាញ​សៀវភៅ​រក​មើល​សព្វ​ៗ ទៅ​ទាយ​ថា «ប្អូន​លោក​មិន​ជា​អ្នក​ក្រ​រហូត​ទេ ៧​ឆ្នាំ​ទៀត នឹង​បាន​សោយ​រាជ្យ​ជា​ស្ដេច​នគរ​ពីរ លោក​នឹង​បាន​ជា​ធំ​ក្នុង​រាជការ​ដោយ​សារ​ប្អូន ប៉ុន្តែ​ឥឡូវ​នេះ​លំបាក​ណាស់ ដល់​វិល​ទៅ​ស្រុក​វិញ​ពាក់​កណ្ដាល​ផ្លូវ និង​បាន​ទ្រព្យ​តម្លៃ​នគរ​ពីរ​ជា​សម្រាប់​ខ្លួន តែ​ថា​ឃ្លាត​ទៅ​វិញ ដល់​កំណត់​បាន​សោយ​រាជ្យ នឹង​បាន​ទ្រព្យ​នោះ​មក​ជា​សម្រាប់​បុណ្យ​វិញ​ទាំង​អស់»។ ចៅ​សួ​បាន​ដឹង​ដំណឹង​ប្អូន​ដូច្នោះ ក៏​លា​ចិន​សែ​ទៅ​ផ្ទះ​វិញ ។ ដល់​៣​ថ្ងៃ នាយ​សំពៅ​គេ​ផ្ទុក​សំពៅ រៀប​នឹង​ចេញ​ទៅ​ថ្ងៃ​នោះ ចៅ​សួ​ជា​បង​យក​ផាឌិប​មក ហែក​មួយ​ត្បូង ហុច​ទៅ​ឲ្យ​បុរស​ជា​ប្អូន ។ បុរស​ជា​ប្អូន ក៏​ទទួល​យក​ផាឌិប​មួយ​ត្បូង​លា​បង​ចុះ​ទៅ ដើរ​បណ្ដើរ​គិត​បណ្ដើរ នឹក​តូច​ចិត្ត​ស្ទើរ​មិន​ចង់​កាន់​ផាឌិប​នោះ​សោះ ចេះ​តែ​នឹក​តូច​ចិត្ត​ថា «ឱ! បង​ប្អូន​នឹង​គ្នា តាំង​ពី​ឪពុក​ម្ដាយ​ស្លាប់​ចោល​ទៅ នៅ​កំព្រា​តែ​បង​ប្អូន​ពីរ​នាក់ កាល​វេលា​ក្រ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ដល់​វេលា​មាន​ទាត់​គ្នា​ចោល ឆ្មើង​មាន ស្ទើរ​មិន​រាប់​គ្នា មាស​ប្រាក់ ដាក់​ឃ្លាំង​គរ​គោក មិន​ហ៊ាន​យក​ឲ្យ​គ្នា​មួយ​ស្លឹង យក​តែ​ខ្មោច​ផាឌិប​ឲ្យ​គ្នា​មួយ​ត្បូង» ។ លុះ​បុរស​នោះ​ដើរ​ទៅ​ដល់​កំពង់ ក៏​ឡើង​លើ​សំពៅ នាយ​សំពៅ ឲ្យ​កូន​ឈ្នួល​ស្រាវ​យុថ្កា​សា​ក្ដោង​បើក​ទៅ ហើយ​នាយ​សំពៅ​សួរ​បុរស​នោះ​ថា «ប្អូន​ទៅ​ឯ​លោក​ចៅ​សួ តើ​លោក​ឲ្យ​អ្វី​ខ្លះ?» ។ បុរស​ប្រាប់​នាយ​សំពៅ​ថា «គ្មាន​ឲ្យ​អ្វី​ទេ​ឲ្យ​តែ​ផាឌិប​មួយ​ត្បូង​និង​ខោ​មួយ» ។ នាយ​សំពៅ​បាន​ដឹង​ហើយ​ក៏​នៅ​ស្ងៀម ។ លុះ​បើក​សំពៅ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ យប់​ងងឹត​នឹង​ទៅ​ពុំ​រួច ក៏​ឲ្យ​បោះ​យុថ្កា​ដេក ។ ហេតុ​តែ​បុណ្យ​ដល់​បុរស​ក៏​នឹង​ឃើញ​ពាក្យ​ដែល​គ្រូ​ផ្ដាំ​ថា «នឿយ​ណាស់​កុំ​ដេក ឥឡូវ​អស់​អ្នក​សំពៅ​នេះ​ដេក​អស់​ ដូច្នេះ​អញ​កុំ​ឲ្យ​ដេក» ក៏​អង្គុយ​នៅ​ក្បែរ​ដង​ក្ដោង ពុំ​ហ៊ាន​ដេក ។ លុះ​ដល់​អធ្រាត្រ មាន​យក្ខ​១ ហោះ​មក​ឃើញ​សំពៅ វា​ចុះ​មក​ប៉ង​នឹង​ស៊ី​មនុស្ស ហើយ​វា​ឈ្ងោក​មើល​ទៅ​ក្នុង​សំពៅ ធ្លាក់​ពុក​មាត់​ទៅ​លើ​បុរស​នោះ​ៗ ក៏​ស្ទុះ​ទៅ​ស្រវា​ចាប់​ជាប់​ហើយ​ស្រែក​ថា «អា​ឯង ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ​ហើយ» ។ យក្ខ​ឮ​បុរស​ថា​ដូច្នោះ ភិត​ភ័យ​ណាស់ តែ​ស្ទុះ​ទៅ​មិន​រួច ដ្បិត​បុរស​នោះ​ចាប់​ពុក​មាត់​ជាប់ យក្ខ​ភ័យ​ក្រែង​ស្លាប់ ក៏​និយាយ​នឹង​បុរស​នោះ​ថា «អ្នក​បុរស​អើយ! បើ​អ្នក​អាណិត​លែង​ខ្ញុំ​ៗ​នឹង​តប​គុណ​អ្នក ជា​ខ្សែ​ចង​ដៃ ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង ។ ខ្សែ​និង​ដំបង​នេះ បើ​មាន​បច្ចាមិត្ត​ពី​ណា​មក​ប្រមាថ ឲ្យ​តែ​ខ្សែ​ទៅ​ចង​ដំបង​ទៅ​វាយ បច្ចាមិត្ត​នោះ នឹង​ស្លាប់​វិនាស​អន្តរាយ​អស់ ។ ឯ​ឆ្នាំ​នេះ បើ​ឃ្លាន​អាហារ​ចំណី ហើយ​និង​ចង់​បរិភោគ​អាហារ​ចំណី​អ្វី ប្រាប់​ឆ្នាំង​ថា «ឆ្អិន​ឡើង​អញ​ស៊ី» ក៏​ឆ្អិន​ឯង​ឡើង​បាន​បរិភោគ មិន​បាច់​ដាំ​ឡើយ» ។ បុរស​ឮ​ដូច្នោះ​ក៏​ថា «បើ​ដូច្នោះ​យក្ខ​ឯង ឲ្យ​មក​អញ​សិន សឹម​អញ​លែង» ។ យក្ខ​ក៏​ហុច​ប្រដាប់​ទាំង​នោះ​មក​បុរស បុរស​នោះ​ទទួល​យក ហើយ​លែង​យក្ខ​នោះ​ទៅ យក្ខ​ក៏​ហោះ​ទៅ​លំនៅ​វា​វិញ ។ លុះ​ព្រឹក​ឡើង បុរស​និយាយ​ប្រាប់​នាយ​សំពៅ​ថា «អ្នក​នាយ​សំពៅ! យប់​មិញ​មាន​យក្ខ​មួយ​មក​គិត​នឹង​ស៊ី​យើង​រាល់​គ្នា កុំ​តែ​បាន​ខ្ញុំ​ កុំ​អី​យក្ខ​វា​ស៊ី​អស់​ទៅ​ហើយ បើ​អ្នក​នាយ​សំពៅ​មិន​ជឿ​ខ្ញុំ សូម​មើល​សំណូក​យក្ខ​ដែល​វា​លូក​ខ្ញុំ​នេះ មាន​ខ្សែ​ចង​ឯង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង​ផង​» ។ នាយ​សំពៅ​ឮ​ដូច្នោះ សួរ​ថា «នៅ​ឯ​ណា​ប្អូន? យក​មក​ឲ្យ​បង​មើល​ផង​!» ។ បុរស​នោះ ហេតុ​តែ​ជា​មនុស្ស​ត្រង់ ក៏​យក​របស់​ទាំង​នោះ​មក​បង្ហាញ​នាយ​សំពៅ ។ នាយ​សំពៅ​ឃើញ​របស់​ទាំង​នោះ នឹក​ថា «របស់​ទាំង​នេះ​មាន​តម្លៃ ឥត​ស្ដេច​នា​ហ្មឺន​ណា​មាន​ឡើយ បុរស​នេះ​មាន​សំណាង​ខ្ពស់​អី​ម្ល៉េះ បាន​ទ្រព្យ​យ៉ាង​នេះ » ។ នាយ​សំពៅ​ នឹក​ទៀត​ថា «បុរស​នេះ​ល្ងង់​ឆោត​ណាស់, អញ​គិត​បញ្ឆោត​ថា​ទុក​រក្សា​ឲ្យ បើ​សំពៅ​ទៅ​ដល់​គោក​ត្រង់​ណា​អញ​នឹង​បញ្ឆោត​ឲ្យ​វា​ឡើង ហើយ​អញ​បើក​សំពៅ​ទៅ​ចោល អញ​នឹង​យក​ទ្រព្យ​ទាំង​អស់​នេះ» ។ នាយ​សំពៅ​គិត​ដូច្នោះ​ហើយ និយាយ​ថា «សូម​ប្អូន​ឲ្យ​ទ្រព្យ​របស់​ទាំង​នេះ មក​បង​រក្សា​ទុក ត្បិត​ប្អូន​ឯង​គ្មាន​ហិប​ដាក់» ។ បុរស​គិត​ស្មាន​ថា «នាយ​សំពៅ គេ​យក​មក​រក្សា​ទុក​ឲ្យ​តាម​ត្រង់» មិន​ដឹង​ជា​គេ​ទុច្ចរិត​នឹង​ខ្លួន​ឡើយ ទើប​យក​របស់​ប្រគល់​ទៅ​នាយ​សំពៅ​ទាំង​អស់ ។ នាយ​សំពៅ ក៏​បើក​សំពៅ​ទៅ​ដល់​ចុង​កោះ​មួយ ដែល​មាន​ដើម​ល្វា​មួយ​ដើម​ដុះ​ក្នុង​ទឹក នាយ​សំពៅ​ឲ្យ​ចាប់​ដើម​ល្វា​នេះ​ឈប់ ហើយ​និយាយ​នឹង​បុរស​ថា «បង​ចង់​ប្រើ​ប្អូន​ឲ្យ​ឡើង​បេះ​ផ្លែ​ល្វា​ស៊ី» ។ បុរស​ឮ​នាយ​សំពៅ​ប្រើ ក៏​ឡើង​ដើម​ល្វា​បេះ​ផ្លែ មិន​ដឹង​ជា​គេ​នឹង​ចេញ​សំពៅ​ទៅ​ចោល​សោះ ហើយ​នាយ​សំពៅ​ចង្អុល​ថា «ហ៍! ប្អូន​ឡើង​ទៅ​មែក​លើ ប្អូន​បោះ​អា​ចង្កោម​ធំ​នោះ​ឲ្យ​បង​!» ។ បុរស​ក៏​ឡើង​ទៅ​លើ​មែក​លើ ។ នាយ​សំពៅ​ឲ្យ​កូន​ឈ្នួល​ច្រាន​សំពៅ បើក​ចោល​បុរស​នោះ​ទៅ ។ បុរស​ស្រែក​ហៅ​គេ​ឲ្យ​មក​យក គេ​ក៏​ពុំ​មក ។ បុរស​គិត​ថា «ឱ​អញ​អើយ!​ គេ​បញ្ឆោត​ឲ្យ​ឡើង​ដើម​ល្វា គេ​ចេញ​សំពៅ​ទៅ​ចោល, គេ​គិត​យក​របស់​ឯង ខ្លួន​ឯង​គេ​ចោល​ឲ្យ​ស្លាប់​ម្នាក់​ឯង​កណ្ដាល​សមុទ្រ បើ​នឹង​ស្លាប់​និង​រស ឲ្យ​តែ​ឆ្នាំង​ឆ្អិន​ឯង​នៅ​ទៅ​រ៉ា គ្រាន់​នឹង​ឲ្យ​ចម្អិន​បាយ​ចំណី​ស៊ី ទម្រាំ​មាន​សំពៅ​គេ​មក នឹង​សុំ​ដោយ​សារ​គេ​ទៅ ឥឡូវ​បាយ​ក៏​អត់​សំពត់​ដណ្ដប់​ក៏​គ្មាន សម​នឹង​ស្លាប់​ពុំ​លែង ។ បុរស​នោះ នឹក​អាណិត​អាត្មា ក៏​យំ​សោក ។ លុះ​យប់​មាន​​ជ្រូក​មួយ​តែង​មក​ស៊ី​ផ្លែ​ល្វា​ទុំ ជ្រូក​នោះ​មាន​កែវ​ពាំ​ដើរ​លើ​ទឹក​បាន លុះ​អធ្រាត្រ​ស្ងាត់ ជ្រូក​នោះ​ពាំ​កែវ​ដើរ​លើ​ទឹក​មក​នឹង​រើស​ផ្លែ​ល្វា​ស៊ី ។ បុរស​ ឃើញ​ជ្រូក​ដាក់​កែវ​នៅ​គល់​ល្វា ក៏​បេះ​ផ្លែ​ល្វា​ចោល​ទៅ​ឆ្ងាយ ឲ្យ​ជ្រូក​តាម​ទៅ​ស៊ី ខ្លួន​នឹង​ឆក់​យក​កែវ​ជ្រូក​នោះ ។ ហេតុ​តែ​កុសល​នោះ​ត្រូវ​មាន​បុណ្យ ជ្រូក​នោះ​ក៏​ទៅ​ស៊ី​ឆ្ងាយ​ពី​កែវ ។ បុរស ក៏​សម្រូត​ចុះ​មក​ឆក់​កែវ​ជ្រូក​បាន រត់​ចេញ​ទៅ​ខំ​ដើរ​ទៅ​ទាំង​យប់ ។ លុះ​ព្រឹក ក៏​បាន​ទៅ​ទាន់​សំពៅ ក៏​ស្រែក​ហៅ​ថា «អី!​អ្នក​នាយ​សំពៅ ចាំ​ខ្ញុំ​ផង!» ។ នាយ​សំពៅ​ឮ​មាត់ បែរ​មើល​ទៅ​ឃើញ​ស្គាល់​ថា​បុរស ក៏​ឲ្យ​មូរ​ក្ដោង​ឈប់​ចាំ ។ បុរស​ទៅ​ដល់​ឡើង​លើ​សំពៅ និយាយ​ថា «ឱ! អ្នកបង​នាយ​សំពៅ មិន​គួរ​គិត​អាក្រក់ មក​ចោល​ខ្ញុំ ឲ្យ​ស្លាប់​កណ្ដាល​សមុទ្រ​សោះ, កុំ​តែ​កុសល​ខ្ញុំ​មាន កុំ​អី​ស្លាប់​បង់​អសារ​តែ​ម្នាក់​ឯង» ។ នាយ​សំពៅ​ឆ្លើយ​ដោះ​ថា «ឱ​ប្អូន​អើយ! បង​ស្មាន​ថា​ប្អូន​ចុះ​មក​ខាង​ក្បាល​សំពៅ​ហើយ បង​មិន​មាន​គិត​ចង់​ចោល​ប្អូន​ទេ» ហើយ​នាយ​សំពៅ​ថា «អើ​! ប្អូន​បាន​អី​ក៏​ដើរ​លើ​ទឹក​បាន? » ។ បុរស​ថា «ខ្ញុំ​មាន​កែវ​ជ្រូក បាន​ជា​ខ្ញុំ​ដើរ​លើ​ទឹក​បាន» ។ នាយ​សំពៅ ហេតុ​តែ​មាន​ចិត្ត​អកតញ្ញូ​ក៏​ថា «​ប្អូន​ឲ្យ​បង​ទុក​ឲ្យ» ។ បុរស​គិត​ឃើញ​ថា « នាយ​សំពៅ​នេះ វា​គិត​បញ្ឆោត​អញ​ទៀត​ហើយ» ក៏​និយាយ​ថា «សូម​អ្នក​នាយ​សំពៅ​យក​របស់​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​ប្រមូល​ឲ្យ​មូល សឹម​ជូន​ទៅ​អ្នក​វិញ ត្បិត​របស់​នេះ​មាន​ប្រយោជន៍​អី​ដល់​ខ្ញុំ គង់​តែ​ខ្ញុំ​ជូន​អ្នក​ទាំង​អស់​ទេ!» ។ នាយ​សំពៅ​ឮ​ដូច្នោះ​នឹក​ថា «បុរស​នេះ​វា​ជា​អ្នក​ល្ងង់ គង់​តែ​បាន​មក​ដៃ​អញ​វិញ​ទាំង​អស់​ទេ» ក៏​យក​ខ្សែ​ចង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង និង​ផាឌិប​មួយ​ត្បូង ព្រម​ទាំង​ខោ​មក​ឲ្យ​បុរស​ៗ​ទទួល រៀប​វេច​រួច​សព្វ​គ្រប់ ក៏​សំពះ​លា​នាយ​សំពៅ ចុះ​ដើរ​លើ​ទឹក​ទៅ ។ នាយ​សំពៅ​នឹក​ស្ដាយ​ក្រោយ មិន​ចេញ​ស្ដី​មួយ​ម៉ាត់ ។ បុរស​ខំ​ដើរ​ដោយ​អំណាច​កែវ ផ្លូវ​ដើរ ៧ យប់ បុរស​ដើរ​តែ​មួយ​ថ្ងៃ ទាល់​ព្រលប់​ដល់​ផ្ទះ ។ លុះ​បុរស​ទៅ​ដល់​ផ្ទះ ក៏​ស្រែក​ហៅ​ប្រពន្ធ​ថា «នាង​អើយ​នាង! បើក​ទ្វារ​ឲ្យ​បង​ទៅ​ផង បង​មក​ដល់​ហើយ!» ។ ឯ​ប្រពន្ធ ជា​ស្រី​អាក្រក់ ក្បត់​ចិត្ត​ប្ដី កំពុង​តែ​ដេក​ឱប​សហាយ ឮមាត់​ប្ដី​ហៅ ធ្វើ​ជា​ថា «អ្នក​ណា​ហៅ​អី? ប្ដី​អញ​មិន​នៅ​ទេ​ កុំ​មក​ហៅ​អញ!» ។ បុរស​ឮ​ប្រពន្ធ​ថា​ដូច្នោះ នឹក​ថា​ប្រពន្ធ​ចិត្ត​ត្រង់​នឹង​ខ្លួន ក៏​ឆ្លើយ​ថា «បង​មក​ហើយ​នាង!» ។ ប្រពន្ធ​ថា «យី!​អ្នក​ទេ​ឬ? ខ្ញុំ​គិត​ថា​មនុស្ស​ផ្ដេសផ្ដាស​វា​ហៅ​ខ្ញុំ» ហើយ​មេ​នោះ​ថា «អ្នក​ចាំ​ខ្ញុំ​អុជ​ចន្លុះ​សិន!» តែ​វា​បណ្ដោះ​សហាយ​វា​សោះ ។ បុរស ក៏​ជីក​ដី​ក្រោម​ជណ្ដើរ កប់​កែវ​និង​ខ្សែ​ចង​ដំបង​វាយ​ឯង​ឆ្នាំង​ឆ្អិន​ឯង​រួច លប់​ដី​ទៅ ។ មេ​នោះ​បណ្ដោះ​សហាយ​វា​រួច វា​អុជ​ចន្លុះ​មក​ទទួល​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ រៀប​បាយ​ទឹក​ឲ្យ​ប្ដី​ស៊ី​រួច វា​នាំ​ប្ដី​ចូល​ដេក ពេល​ដេក វា​និយាយ​ថា «អ្នក​ទៅ​ស្រុក​ចិន បាន​អី​មក​ផ្ញើ​ខ្ញុំ​ខ្លះ? » ។ បុរស​ជា​ប្ដី​ប្រាប់​ប្រពន្ធ​ថា «បង​គ្មាន​បាន​អី​ទេ បង​គេ​ឲ្យ​ខោ​មួយ ផាឌិប​មួយ​ត្បូង» ។ មេ​នោះ ធ្វើ​ជា​ស្រែក​យំ​ថា «មិន​មែន​ទេ! អ្នក​កុហក​ខ្ញុំ មិន​ដែល​អ្នក​ណា​ទៅ​ដល់​បង​ហើយ គេ​មាន​ក៏​នឹង​ឲ្យ​ផាឌិប​មួយ​ត្បូង ខោ​មួយ​ដូច្នេះ​ទេ» ។ បុរស​នឹក​ពាក្យ​គ្រូ​ផ្ដាំ​ថា «ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ» បុរស​នោះ​ក៏​ថា «ណ្ហើយ​នាង ចាំ​ព្រឹក​សឹម​បង​ប្រាប់» ។ ឯ​សហាយ​មេ​នោះ វា​លប​ស្ដាប់​ក្រោម​ផ្ទះ ។ មេ​នោះ សួរ​ប្ដី​ទៀត ។ បុរស​ស្មាន​ថា ប្រពន្ធ​ចិត្ត​ត្រង់​នឹង​ខ្លួន អាណិត​ប្រពន្ធ នឹង​ចង់​ប្រាប់​តែ​ក្រែង​ខុស​នឹង​បណ្ដាំ​គ្រូ ក៏​រា​រែក​ក្នុង​ចិត្ត ។ ដល់​មេ​នោះ​ចេះ​តែ​ទទូច​សួរ បុរស​ក៏​ភ្លេច ដោយ​យល់​ឃើញ​ថា យប់​នេះ​ស្ងាត់ និង​ដោយ​មិន​ដឹង​ជា​សហាយ​ប្រពន្ធ​នោះ​នៅ​ក្រោម​ផ្ទះ ក៏​ប្រាប់​ប្រពន្ធ​ថា «បង​កប់​កែវ​ជ្រូក​១ ខ្សែ​ចង​ឯង​១ ដំបង​វាយ​ឯង​១ ឆ្នាំង​ឆ្អិន​ឯង​១ នៅ​ក្រោម​ជណ្ដើរ​មុខ​ផ្ទះ» ។ សហាយ​ឮ​ក៏​មក​គាស់​យក​អស់ ។ បុរស​និង​ប្រពន្ធ ក៏​ដេក​លក់​ទៅ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​រក​របស់​បាត់​អស់​ឃើញ​តែ​ស្នាម ។ បុរស​នោះ​មិន​ចេញ​ស្ដី ដោយ​ដឹង​ច្បាស់​ថា «ប្រពន្ធ​មាន​សហាយ» ក៏​ធ្វើ​ឃ្នាង​ដាក់​ជណ្ដើរ​យក​ខ្សែ​ចង​អូស​ទៅ​ប្ដឹង​ចៅ​ក្រម ។ ចៅ​ក្រម​ទទួល​ជម្រះ វាយ​ជណ្ដើរ​ពិចារណា​សួរ​ថា «ជណ្ដើរ​ឯង​ទទួល​បញ្ញើ​បុរស​នេះ ម្ដេច​ឯង​ឲ្យ​មនុស្ស​លួច​របស់​គេ​អស់?» ។ ចៅ​ក្រម ហេតុ​តែ​ជា​អ្នក​ឥត​ប្រាជ្ញា មិន​យល់​ការ​រាក់​ជ្រៅ​អាថ៌កំបាំង ក៏​បបួល​គ្នា​សើច​នឹង​បុរស ស្ដី​ឲ្យ​បុរស​ថា​នាំ​បង្កើត​ក្ដី​ថា «បុរស​ឯង​ឆ្កួត គ្មាន​ជី​ដូន​ជី​តា​នរណា​គេ​ក្ដី​នឹង​ជណ្ដើរ ដូច​នៅ​ឯង​ទេ ចៅ​ឯង​ទៅ​រក​នរណា​គេ​ជម្រះ​ឲ្យ​ចុះ» ។ បុរស​ក៏​ចង​ជណ្ដើរ​អូស​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង ។ ពេល​នោះ ជួន​ជា​ស្ដេច​ទ្រង់​ចេញ​ប្រថាប់​នៅ​ចុង​ព្រះរាជ​រោង ទ្រង់​បាន​ទត​ឃើញ ។ ស្ដេច​ទ្រង់​ឲ្យ​អាមាត្យ​រត់​ទៅ​ហៅ​បុរស​នោះ​មក ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​ថា «ដំណើរ​ដូច​ម្ដេច បាន​ជា​អ្នក​ដាក់​ឃ្នាង​ជណ្ដើរ ហើយ​ចង​អូស​ដូច្នោះ! តើ​មក​ពី​ហេតុ​អ្វី?» ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! កាល​ដើម​ឡើយ ទូល​ព្រះ​បង្គំ បាន​យក​របស់​ទៅ​ជីក​កប់​ក្រោម​ជណ្ដើរ​នេះ ផ្ញើ​នឹង​ជណ្ដើរ​ឲ្យ​ជណ្ដើរ​រក្សា​ឲ្យ ជណ្ដើរ​នេះ ឲ្យ​មនុស្ស​លួច​យក​អស់ បាន​ជា​ទូល​ព្រះ​បង្គំ​ពុំ​សុខ​ចិត្ត​នឹង​ជណ្ដើរ​នេះ» ។ ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​បុរស​ថា «របស់​អ្វី​ខ្លះ?» ។ បុរស​ក្រាប​ទូល​ថា «ខ្សែ​ចង​ឯង ឆ្នាំង​ឆ្អិន​ឯង និង​កែវ​ដើរ​លើ​ទឹក​បាន» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​បុរស​យក​ជណ្ដើរ​នោះ​មក​ថ្វាយ​ព្រះអង្គ ។ ទ្រង់​ឲ្យ​អាមាត្យ​យក​ទុក ហើយ​ទ្រង់​មាន​បន្ទូល​ថា «ប្រពន្ធ​ចៅ​ឯង​មាន​សហាយ ចៅ​ឯង​នៅ​នឹង​យើង​ចុះ» រួច​ទ្រង់​ក៏​ព្រះ​រាជ​ទាន​សំពត់​អាវ​ឲ្យ​បុរស​នោះ​ស្លៀក​ពាក់ ។ បុរស​នោះ ក៏​នៅ​គាល់​បម្រើ​ស្ដេច​ប្រមាណ ៣​ថ្ងៃ ។ ស្ដេច​ទ្រង់​ព្រះរាជ​ទាន​ព្រះភូសា​ឲ្យ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា «ចូរ​ឯង​យក​សំពត់​ដែល​យើង​ឲ្យ​នេះ ទៅ​ផ្ទះ បើ​មាន​គេ​បបួល​ថា ឲ្យ​មក​មើល​របាំ ចូរ​ឯង​កុំ​មក ឯង​ឲ្យ​តែ​សំពត់​នេះ ទៅ​ប្រពន្ធ​ឯង​ស្លៀក​ពាក់​មក​មើល​របាំ​ចុះ» ។ បុរស​នោះ ទទួល​ព្រះ​រាជឱង្ការ​ហើយ ក៏​ថ្វាយ​បង្គំ​លា​វិល​ទៅ​ផ្ទះ​វិញ ។ ឯ​ប្រពន្ធ​ឃើញ​ប្ដី​បាន​សំពត់​ល្អ​ធ្វើ​ឫក​ជា​ស្រឡាញ់​ប្ដី​ណាស់ លុះ​ព្រឹក​ឡើង ស្ដេច​ឲ្យ​ប៉ាវ​គង​ថា «ឲ្យ​អស់​អាណា​ប្រជានុរាស្ត្រ​ទាំង​អស់​មើល​របាំ ត្បិត​ស្ដេច​ចាត់​ចែង​របាំ​ឲ្យ​អស់​រាស្ត្រ​មើល!» ។ អស់​អ្នក​ស្រុក ក៏​បបួល​គ្នា​ទៅ​មើល​ល្ខោន​ទ្រហឹង​អឺងកង ។ មេ​ប្រពន្ធ វា​បបួល​បុរស​នោះ​ថា «អ្នក​ទៅ​មើល​រាំ​នឹង​គេ​ឬ​ទេ?» ។ បុរស​ថា «នាង​ឯង​យក​សំពត់​នេះ​ស្លៀក​ទៅ​មើល​រាំ​នឹង​គេ​ចុះ បង​មិន​ទៅ​ទេ» ។ មេ​នោះ ឮ​ប្ដី​ឲ្យ​សំពត់​ល្អ​ទៅ​ស្លៀក​មើល​រាំ ក៏​នឹក​អរ ចង់​យក​ទៅ​ឲ្យ​សហាយ​វា​ស្លៀក ត្បិត​ប្ដី​មិន​ទៅ​មើល​ទេ ។ មេ​នោះ​បាន​សំពត់ ក៏​រលះ​រលាំង​ចុះ​ដើរ​ទៅ​ស្កាត់​រក​សហាយ ឃើញ​ហើយ ក៏​ឲ្យ​សំពត់​នោះ ទៅ​សហាយ​ស្លៀក រួច​បណ្ដើរ​គ្នា​ទៅ​ក្នុង​ព្រះរាជវាំង ចូល​ទៅ​មើល​ល្ខោន ឈរ​ទន្ទឹម​គ្នា ។ ស្ដេច​ទ្រង់​ឲ្យ​ទាហាន​ក្រុម​វាំង​ដើរ​ល្បាត​មើល បើ​ឃើញ​នរណា​ស្លៀក​សំពត់ ដែល​ទ្រង់​ព្រះ​រាជ​ទាន​ឲ្យ​ទៅ​បុរស​នោះ ទ្រង់​ឲ្យ​ហៅ​មក​ទាំង​ប្រុស​ទាំង​ស្រី ។ អស់​ពួក​ទាហាន​ក្រុម​វាំង ក៏​ហៅ​អា​នោះ​មេ​នោះ​មក​ថ្វាយ​ស្ដេច​ៗ​ទត​ឃើញ​មិន​មែន​បុរស ទើប​ទ្រង់​ឲ្យ​ទៅ​ហៅ​បុរស​នោះ​មក ទ្រង់​សួរ​ថា «ឯ​ណា ប្រពន្ធ​ចៅ​ឯង?» ។ បុរស​ក្រាប​ទូល​ថា «នាង​នេះ​ហើយ​ជា​ប្រពន្ធ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ» ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ចុះ​ប្រុស​នេះ ចៅ​ឯង​ស្គាល់​ទេ?» ។ បុរស​ក្រាប​ទូល​ថា «មិន​ស្គាល់​ទេ​!» ។ ស្ដេច​ទ្រង់​ឲ្យ​យក​សំពត់​កញ្ចាស់​មក ឲ្យ​អា​សហាយ​នោះ​ផ្លាស់​សំពត់​ថ្មី​ចេញ​ហើយ​ទ្រង់​សួរ​ថា «សំពត់​នេះ ចៅ​ឯង​បាន​មក​ពី​ណា?» ។ អា​សហាយ​ភិត​ភ័យ ក៏​ក្រាប​ទូល​ថា «នាង​នេះ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ស្លៀក» ។ ស្ដេច​ត្រាស់​សួរ​ថា «ឯង​លួច​ប្រពន្ធ​បុរស​នេះ​មែន​ទេ?»។ អា​សហាយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លួច​មែន» ។ ទ្រង់​សួរ​ថា «ឯង​លួច​របស់​ដែល​បុរស​នេះ គេ​កប់​ក្រោម​ជណ្ដើរ​មែន​ឬ​ទេ?» ។ អា​នោះ​ក្រាប​ទូល​ថា «មែន» ។ ស្ដេច​ទ្រង់​ឲ្យ​បណ្ដើរ​អា​នោះ​ទៅ​យក​របស់​ទាំង​នោះ​មក ទ្រង់​សួរ​បុរស​នោះ​ថា «របស់​នេះ ជា​របស់​ចៅ​ឯង​ហើយ​ឬ?» ។ បុរស​ក្រាប​ទូល​ថា «ហ្នឹង​ហើយ ណ្ហើយ! សូម​ទ្រង់​អភ័យ​ទោស​វា ឲ្យ​វា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ ។ ស្ដេច​និង​នាហ្មឺន​កោត​ចិត្ត​បុរស​នោះ ក៏​ទ្រង់​លើក​លែង​ទោស​តាម​ពាក្យ​សុំ ។ បុរស​នោះ លើក​របស់​ទាំង​អស់​ថ្វាយ​ស្ដេច ដោយ​ក្រាប​ទូល​ថា «ខ្សែ​និង​ដំបង​នេះ បើ​មាន​នរណា​មក​ជា​បច្ចាមិត្ត សូម​ទ្រង់​ប្រើ​ខ្សែ​ឲ្យ​ចង​ដំបង​ឲ្យ​វាយ បច្ចាមិត្ត​នោះ​ស្លាប់​វិនាស​អស់​បាន ឯ​ឆ្នាំង​នេះ បើ​ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​នឹង​ព្រះ​ស្ងោយ​អ្វី គ្រាន់​តែ​ទ្រង់​ប្រាប់​ថា «ឆ្នាំង​ឆ្អិន​ឡើង!» ព្រះ​ស្ងោយ​នោះ​ក៏​ឆ្អិន​ដូច​ព្រះរាជ​ហឫទ័យ កែវ​ជ្រូក​នេះ​ទៀត​បើ​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​លើ​ទឹក ក៏​ទ្រង់​យាង​បាន» ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា ទ្រព្យ​ទាំង​នេះ​ជា​ទ្រព្យ​មាន​តម្លៃ​នឹង​រក​ទ្រព្យ​អ្វី ឲ្យ​ស្មើ​នឹង​តម្លៃ​របស់​បុរស​នោះ​គ្មាន ទុក​ជា​ខ្លួន​អញ​ក្ដី មហេសី​ក្ដី បុត្រី​ក្ដី ទាំង​ទ្រព្យ​ពេញ​នគរ​ក្ដី ក៏​ពុំ​ស្មើ​នឹង​របស់​បុរស​នោះ​ដែរ» ហើយ​ត្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​បុរស​ថា «អញ​គ្មាន​អ្វី​នឹង​តប​ថ្លៃ​ទ្រព្យ​ចៅ​ទេ មាន​តែ​បុត្រី​និង​រាជ​សម្បត្តិ អញ​លើក​ឲ្យ​ជា​តម្លៃ​ទ្រព្យ​ចៅ» ។ បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​មនុស្ស​កម្សត់ ពុំ​ប្រាថ្នា​រាជ​សម្បត្តិ​និង​ព្រះ​រាជបុត្រី​ល្អ​ធូលី​ព្រះ​បាទ​ទេ បើ​ទ្រង់​ព្រះ​មេត្តា​ប្រោស សូម​ព្រះ​រាជ​ទាន​តែ​កាំ​បិត​បន្ទោះ​១​ចុះ» ។ ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ជាង​យក​ដែក​១០​ហាប ទៅ​សិត​ធ្វើ​កាំបិត​បន្ទោះ​១ ។ កាំ​បិត​បន្ទោះ​នោះ យក​ក្ដារ​ដាក់​ត្រួត ៧​ជាន់​គ្រាន់​តែ​អូស​កាត់​ក៏​ដាច់​មិន​ដឹង​ខ្លួន ទ្រង់​ឲ្យ​ធ្វើ​ស្រោម​ដាក់​ហើយ ទ្រង់​ព្រះ​រាជ​ទាន​ទៅ​បុរស​នោះ ។ ដោយ​ហេតុ​ស្ដេច​ព្រះ​រាជ​ទាន​ព្រះ​រាជ​បុត្រី​និង​រាជ​សម្បត្តិ បុរស​នោះ​មិន​យក ទៅ​យក​ឯ​កាំបិត​បន្ទោះ​ដង​មួយ បាន​ជា​អ្នក​ស្រុក​គេ​សន្មត​ហៅ​ថា «ចៅ​កាំបិត​បន្ទោះ​ដង​មួយ» តាម​ហេតុ​នោះ ។ ចៅ​កាំបិត​បន្ទោះ​នោះ​ដើរ​ទៅ​ដល់​នគរ​មួយ​ទៀត ក៏​ទៅ​សុំ​សម្នាក់​នៅ​ផ្ទះ​មហាសេដ្ឋី​១ ។ សេដ្ឋី​នោះ មាន​កូន​ស្រី​១ គ្មាន​កូន​ប្រុស កាល​បើ​ឃើញ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​មក​សុំ​សម្នាក់​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់ ឲ្យ​នៅ​ធ្វើ​ជា​កូន ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ តាំង​ពី​បាន​មហា​សេដ្ឋី​ធ្វើ​ឪពុក​ថ្ងៃ​ណា ក៏​ថែ​ទាំ​រក្សា​ទ្រព្យ​របស់ ដាស់​តឿន​ខ្ញុំ​កំដរ​ឲ្យ​ធ្វើ​ការ​រក​ស៊ី មិន​ឲ្យ​មហា​សេដ្ឋី​ព្រួយ​ចិត្ត​ឡើយ ។ មហាសេដ្ឋី​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​លើស​កូន​បង្កើត ។ ជួន​ជា​ពេល​នោះ ស្ដេច​ទ្រង់​ចង់​ពិសោធ​រក​នា​ហ្មឺន​មាន​ប្រាជ្ញា ចេះ​រក្សា​ទឹក​ដី​ជួស​ទ្រង់​បាន ទ្រង់​ក៏​ឲ្យ​រៀប​ទី​ព្រះ​ទែន​ក្រាល​ពូក​ព្រែ​ព្រំ ដាក់​ចំណី​អាហារ បើ​មន្ត្រី​ណា​ត្រូវ​វេន​ចាំ​វាំង ឲ្យ​ស៊ី​ដេក​រៀង​ទៅ ។ អស់​នាហ្មឺន ក៏​ទៅ​បរិភោគ​ចំណី​នោះ ហើយ​ដេក​នៅ​ទី​ព្រះ​ទែន​នោះ ។ ស្ដេច​ទ្រង់​លប​ចេញ​មក​ទត​ឃើញ​ដេក​ពុំ​ភ្ញាក់ ក៏​ទ្រង់​ឲ្យ​ដាស់​ឡើង​ចាប់​យក​ទៅ​កាប់​ចោល ។ តែ​ត្រូវ​នាហ្មឺន​ណា​ដេក​វេន នាហ្មឺន​នោះ​ស្លាប់ ។ ដល់​វេន​សេដ្ឋី សេដ្ឋី​ក៏​ឲ្យ​ប្រពន្ធ​រៀប​ចំ​ធ្វើ​បុណ្យ​ខ្លួន​ដោយ​នឹក​ថា តែ​ទៅ​ដេក​វេន​ហើយ មិន​ដែល​នរណា​រស់​មួយ​ទេ ។ អស់​ប្រពន្ធ​កូន បង​ប្អូន ញាតិ​សន្តាន ខ្ញុំ​កំដរ យំ​ទ្រហឹង​អឺងកង ។ សេដ្ឋី​ដេក​សន្ធឹក​សន្ធៃ អាហារ​ចំណី​ក៏​ពុំ​បរិភោគ ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ឮ​គេ​យំ​រាល់​គ្នា ក៏​ទៅ​សួរ​មហាសេដ្ឋី​ជា​ឪពុក​ថា «លោក​ឪពុក! ហេតុ​អ្វី​បាន​ជា​គេ​យំ​ទ្រហឹង​អឺងកង ហើយ​លោក​ឪពុក​សម្រាន្ត​សន្ធឹក​សន្ធៃ អាហារ​ចំណី​ក៏​មិន​ពិសា​ដូច្នេះ តើ​មាន​ការណ៍​អ្វី? សូម​លោក​ឪពុក​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ផង!»។ មហាសេដ្ឋី​ឮ​ចៅ​កាំបិតបន្ទោះ​ដង​មួយ​សួរ​ដូច្នោះ ក៏​ប្រាប់​កូន​ថា «ឱ​កូន​អើយ! ឪពុក​បាន​អ្នក​មក​ធ្វើ​កូន​ថ្ងៃ​ណា ឪពុក​គ្មាន​ទាស់​ចិត្ត​ទេ ឪពុក​នឹក​ថា​នឹង​បាន​នៅ​រក្សា​អ្នក នឹង​ទំនុក​បម្រុង​អ្នក​ឲ្យ​ស្នង​ឪពុក ឥឡូវ​ឪពុក​ស្លាប់​ល្ងាច​នេះ​ហើយ ត្បិត​ស្ដេច​ឲ្យ​ទៅ​ដេក​ចាំ​វាំង តែ​នាហ្មឺន​ណា​ទៅ​ដេក មុខ​ជា​ស្លាប់​ពុំ​ខាន​ឡើយ បើ​អត់​ពី​ឪពុក​ទៅ កូន​នៅ​ត្រូវ​អ្នក​រក្សា​ម្ដាយ​និង​ប្អូន​ស្រី​ផង!» ។ ឯ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ឮ​ឪពុក​និយាយ​ប្រាប់​ដូច្នោះ ក៏​ជម្រាប​ឪពុក​ថា «សូម​លោក​ឪពុក​ក្រោក​ឡើង​ពិសា​ក្រយា​ចុះ! ការ​ដេក​ចាំ​វាំង លោក​ឪពុក​កុំ​ថប់ ទុក​ងារ​ឲ្យ​ខ្ញុំ ខ្ញុំ​សុំ​ទៅ​ដេក​ស្លាប់​ជួស​លោក​ឪពុក» ។ មហាសេដ្ឋី​ថា «ណ្ហើយ​កូន! ខ្លួន​អ្នក​នៅ​ក្មេង ខ្លួន​ឪពុក​ចាស់​ហើយ ក៏​ល្មម​ស្លាប់​ដែរ»។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ជម្រាប​មហា​សេដ្ឋី​ជា​ឪពុក​ថា «ការ​ទៅ​ដេក​ចាំ​វាំង​នេះ បើ​នរណា​ទៅ​ដេក​មិន​ដឹង​កល ក៏​ស្លាប់ បើ​ដឹង​កល មិន​ស្លាប់​ទេ ឯ​នាហ្មឺន​ទាំង​អស់​ដែល​ស្លាប់​នោះ សុទ្ធ​តែ​គ្មាន​ដឹង​កល​ទេ មាន​តែ​ខ្ញុំ​ទើប​ដឹង​កល​ស្ដេច» ។ មហា​សេដ្ឋី​ឮ​ចៅ​កាំបិត​បន្ទោះ​និយាយ​ដូច្នោះ ក៏​ក្រោក​ឡើង​បរិភោគ​បាយ​ងូត​ទឹក លុះ​ដល់​ល្ងាច ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក៏​កាន់​កាំបិត​បន្ទោះ​ចុះ​ដើរ​ទៅ លុះ​ដល់​វាំង អស់​ពួក​ព្រះ​ក្រាល​ប្រគល់​របស់ ដែល​រៀប​បម្រុង​នោះ​ឲ្យ​ចៅ​កាំបិត​បន្ទោះ​ដង​មួយៗ នឹក​ថា «ឱ! ស្ដេច​នេះ ទ្រង់​សព្វ​ព្រះ​ទ័យ​រើស​រក​នាហ្មឺន​ណា​មាន​គំនិត​ល្អ អាច​រក្សា​ទឹក​ដី​បាន បាន​ជា​ទ្រង់​ពិសោធ​យ៉ាង​នេះ» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ពុំ​ដេក​សោះ​ថយ​ទៅ​អង្គុយ​ចម្ងាយ​ពីរ​ព្យាម​ពី​ទី​នោះ ។ លុះ​អធ្រាត្រ​ស្ងាត់ ស្ដេច​ក្លែង​ព្រះ​អង្គ​ចេញ​មក ។ ចៅ​កាំបិត​បន្ទោះ​ឃើញ​ស្គាល់​ជា​ស្ដេច ក៏​សម្ងំ​ពួន​បំបាំង​នៅ​សសរ ។ ស្ដេច​យាង​មក​ដល់ ទ្រង់​ទត​ឃើញ​ចំណី​នៅ​ដដែល ក៏​ត្រង់​ព្រះ​សណ្ឋិត​ក្បែរ​សសរ ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ស្រែក​ថា «ពះ! កាប់​អា​ចោរ​មក​ពី​ណា មក​គិត​លួច​ទ្រព្យ​របស់​ស្ដេច» ។ ស្ដេច​ភ្ញាក់​ហើយ​ទ្រង់​រត់​ទៅ ។ ចៅ​កាំបិត​បន្ទោះ ក៏​ស្ទុះ​រត់​ចេញ​បណ្ដោយ ។ ស្ដេច​ទ្រង់​គេច​នឹង​សសរ​ចុះ​ព្រះ​រាជ​រោង ។ ចៅ​កាំបិត​បន្ទោះ​ធ្វើ​ជា​កាប់​ផុត​ៗ មិន​ឲ្យ​ត្រូវ ឲ្យ​ត្រូវ​តែ​សសរ​ចុង​ព្រះ​រាជ​រោង ។ ស្ដេច​ទ្រង់​គេច​ពី​សសរ​មួយ​ទៅ​សសរ​មួយ គ្រប់​តែ​សសរ ។ ចៅ​កាំបិត​បន្ទោះ កាប់​បង្ខុស​ពី​ស្ដេច ឲ្យ​ត្រូវ​សសរ គ្រប់​តែ​សសរ​ចុង​ព្រះរាជ​រោង ដោយ​មិន​ដឹង​ថា​ដាច់​ឡើយ ។ ទាល់​តែ​ស្ដេច​ស្រែក​ថា «អញ​ទេ​ៗ! អញ​ជា​ស្ដេច​ទេ!» ទើប​ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ​លែង​ដេញ ។ ស្ដេច​ក៏​ចូល​ទៅ​ក្នុង​ព្រះរាជ​ដំណាក់ ។ ចៅ​កាំ​បិតបន្ទោះ ក៏​វិល​មក​កន្លែង​ដដែល ។ លុះ​ព្រឹក​ឡើង ចៅ​កាំបិត​បន្ទោះ​ទៅ​ដល់​ផ្ទះ មាន​ខ្យល់​បក់​មក​ឯ​ក្រោយ ក៏​រលំ​ចុង​ព្រះ​រាជ​រោង​ទាំង​អស់ ។ ស្ដេច​ទ្រង់​ឲ្យ​សួរ​ថា «វេន​នរណា​ដេក​ចាំ​វាំង​យប់​មិញ?» ។ អាមាត្យ​ក្រាប​ទូល​ថា «ត្រូវ​វេន​មហាសេដ្ឋី» ។ ស្ដេច​ទ្រង់​ឲ្យ​អមាត្យ​ទៅ​សួរ​មហា​សេដ្ឋី​ថា «លោក! អ្នក​ណា​ដេក​ចាំ​វាំង​យប់​មិញ?» ។ មហា​សេដ្ឋី​ប្រាប់​ថា «កូន​ខ្ញុំ!» ។ អមាត្យ​ថា «ឥឡូវ សត្រូវ​កាប់​ចុង​ព្រះរាជ​រោង​រលំ​អស់ បាន​ជា​ស្ដេច​ទ្រង់​ឲ្យ​ហៅ​លោក​ទៅ» ។ មហា​សេដ្ឋី​ឮ​អាមាត្យ​ប្រាប់​ដូច្នោះ ក៏​ភិត​ភ័យ​នឹក​ថា «ឱ​កូន​អើយ! សុំ​ខ្លួន​ទៅ​ដេក​ចាំ​វាំង​ជួស​ឪពុក នឹក​ថា​ឲ្យ​បាន​សេចក្ដី​សុខ ឥឡូវ​ម្ដេច​ក៏​ឲ្យ​សត្រូវ​ចូល​កាប់​ចុង​ព្រះ​រាជ​រោង​បាន?» ។ មហាសេដ្ឋី​ក៏​បារម្ភ​ខ្លួន​ក្រែង​ស្លាប់ ។ លុះ​ដើរ​ទៅ​ដល់​ទី​ចុង​ព្រះ​រាជ​រោង ឃើញ​ចុង​ព្រះរាជ​រោង​រលំ​អស់ ក៏​រឹត​តែ​ភ័យ​ជា​ថ្មី​ទៀត ។ អាមាត្យ​នាំ​មហា​សេដ្ឋី​ទៅ​ដល់ ស្ដេច​ទ្រង់​សួរ​ថា «មហាសេដ្ឋី! ត្រូវ​វេន​អ្នក​ឬ អ្នក​ណា​យប់​មិញ?» ។ មហាសេដ្ឋី​ក្រាប​ទូល​ថា «ត្រូវ​វេន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ!» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «នរណា​ដេក​ចាំ​វាំង?» ។ សេដ្ឋី​ទូល​ថា កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ទទួល​ព្រះ​រាជ​ទាន​ដំណេក​ចាំ​វាំង» ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «មហា​សេដ្ឋី! អ្នក​មាន​កូន​ប្រុស​ពី​កាល​ណា? ក្រែង​អ្នក​មាន​តែ​កូន​ស្រី​ទេ​ឬ?» ។ មហាសេដ្ឋី​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! កូន​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នេះ កំព្រា មិន​ដឹង​ជា​មក​ពី​ណា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ឃើញ​កំព្រា ក៏​សុំ​ជា​កូន ត្បិត​គ្មាន​កូន​ប្រុស» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ឲ្យ​ទៅ​ហៅ​មក» ។ អាមាត្យ ក៏​រត់​តៅ​ហៅ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ។ មហាសេដ្ឋី​រឹត​តែ​ភ័យ នឹក​ថា «ឱ​កូន​អើយ! សម​ស្លាប់​ជា​មួយ​ឪពុក​ថ្ងៃ​នេះ ជា​ប្រាកដ​ពុំ​លែង» ។ អាមាត្យ​ដែល​ទៅ​ហៅ​ចៅ​កាំបិត​បន្ទោះ លុះ​ទៅ​ដល់​ប្រាប់​ប្រពន្ធ​មហាសេដ្ឋី​ថា «អ្នក​ស្រី! ស្ដេច​ទ្រង់​ឲ្យ​ហៅ​កូន​ប្រុស​អ្នក ។ នាង​ជា​ប្រពន្ធ​មហាសេដ្ឋី​ថា «ឱ​អ្នក​អមាត្យ​អើយ! ឥឡូវ​វា​ដេក​ទៅ​ហើយ ព្រោះ​យប់​មិញ​ទៅ​ដេក​ចាំ​វាំង​អត់​ងងុយ​ទាល់​ព្រឹក» ។ អាមាត្យ​ថា «ទេ​អ្នក! បើ​ទុក​ជា​អត់​ងងុយ​យ៉ាង​ណា ក៏​ដាស់​ឡើង​ត្បិត​ស្ដេច​ទ្រង់​ហៅ​ប្រញាប់» ។ ប្រពន្ធ​មហាសេដ្ឋី​ប្រណី​កូន​មិន​ហ៊ាន​ដាស់ បញ្ជូន​កូន​ស្រី​ឲ្យ​ទៅ​ដាស់​ថា «នាង​ឯង​ទៅ​ដាស់​បង​ឡើង» ។ ឯ​នាង​កូន​ស្រី​ប្រកែក​ថា «ទេ​ម៉ែ! ខ្ញុំ​មិន​ហ៊ាន​ទៅ​ដាស់​ទេ ព្រោះ​គាត់​ទើប​នឹង​សម្រាន្ត​អំបាញ់មិញ» ។ ចៅ​កាំបិត​បន្ទោះ​ឮ​គេ​មាត់ ក៏​រឭក​ឡើង​ចេញ​ទៅ​ក្រៅ ។ ម្ដាយ​ឃើញ​កូន​រឭក​ ប្រាប់​កូន​ថា «កូន! ស្ដេច​ទ្រង់​ហៅ​កូន​ទៅ ឥឡូវ​រាជ​បម្រើ​គេ​អង្គុយ​តែ​ចាំ» ។ ចៅ​កាំ​បិត​បន្ទោះ ក៏​លុប​មុខ សិត​សក់ ឆ្លុះ​កញ្ចក់ ស្លៀក​សំពត់ ចុះ​ទៅ​ជា​មួយ​អាមាត្យ ទៅ​ដល់​ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​ថា «ហ្នឹង​ហើយ​ឬ​កូន​អ្នក​ឯង​មហាសេដ្ឋី?» ។ មហា​សេដ្ឋី​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ហ្នឹង​ហើយ​កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ» ។ ស្ដេច​ទ្រង់​សួរ​ថា «នរណា ដេក​ចាំ​វាំង​យប់​មិញ?» ។ ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ ក្រាប​បង្គំ​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទទួល​ព្រះ​រាជ​មាន​ដំណេក​យប់​មិញ» ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​មហា​សេដ្ឋី​ថា «មហាសេដ្ឋី! ការ​ដែល​ដាច់​រលំ​ព្រះ​រាជ​រោង​អញ​អស់​នេះ អញ​ពុំ​មាន​ចិត្ត​ខឹង​ទេ ធ្វើ​ឡើង​ជា​ថ្មី​ទៀត​បាន តែ​រើស​រក​មនុស្ស​ដូច​កូន​អ្នក​នេះ​មិន​បាន​ទេ នេះ​ហើយ ទើប​គេ​ហៅ​មនុស្ស​ពេញ​លក្ខណៈ» ហើយ​ទ្រង់​សួរ​ថា «ចៅ​ឯង​ឈ្មោះ​អ្វី?»។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ឈ្មោះ ចៅ​កាំបិត​បន្ទោះ​ដង​មួយ»។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «ចៅ​កាំបិត​បន្ទោះ! យប់​មិញ ដែល​ឯង​ដេញ​កាប់​អញ​នោះ តើ​កាប់​នឹង​អ្វី?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​កាប់​នឹង​កាំបិត​បន្ទោះ​ដង​មួយ» ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ចៅ​ឯង​យក​កាំបិត​បន្ទោះ​នោះ​មក​មើល! បើ​ថា​ឯង​កាប់​នឹង​កាំបិត​បន្ទោះ​នោះ​មែន» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! បើ​ទ្រង់​ចង់​ជ្រាប​ថា កាំបិត​បន្ទោះ​នេះ​មុត​ឬ​មិន​មុត ទ្រង់​ឲ្យ​យក​ក្ដារ​មក​ដាក់​តម្រួត​គ្នា ៧ ជាន់ ទូល​ព្រះ​បង្គំ​គ្រាន់​តែ​អូស​ថ្វាយ​ទត» ។ ស្ដេច​ពុំ​ជឿ ទ្រង់​បង្គាប់​អាមាត្យ​ឲ្យ​យក​ក្ដារ​មក​ដាក់​ត្រួត​គ្នា ៧​ជាន់ ហើយ​ទ្រង់​ឲ្យ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​យក​កាំបិត​បន្ទោះ​ទៅ​អូស ដើម្បី​ទ្រង់​ទត ។ ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ ក៏​យក​កាំបិត​បន្ទោះ​ទៅ​អូស​កាត់​ទទឹង រួច​ស្ដេច​ទ្រង់​សួរ​ថា «ដាច់​ហើយ​ឬ​នៅ?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក្រាប​ទូល​ថា «ដាច់​ហើយ» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដាច់​ហើយ ម្ដេច​ក៏​គ្មាន​ស្នាម?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក្រាប​ទូល​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! បើ​ទ្រង់​ពុំ​ជឿ ឲ្យ​មនុស្ស​ទាញ​ចុង​ទាញ​ដើម​មើល ទើប​ទ្រង់​ជ្រាប​ថា​ដាច់​ឬ​មិន​ដាច់» ។ ស្ដេច​ឮ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ដូច្នោះ​ទ្រង់​ឲ្យ​អាមាត្យ​ចាប់​ទាញ​ចុង​ដើម ឃើញ​ដាច់​ចេញ​ពី​គ្នា​ដូច​គេ​កាត់ ។ កាល​ទ្រង់​ទត​ឃើញ​ក្ដារ​ដាច់​ចេញ​ពី​គ្នា​ដូច្នោះ ទើប​ទ្រង់​ភ័យ​ជា​ក្រោយ ដោយ​ទ្រង់​នឹក​ក្នុង​ព្រះទ័យ​ថា «យប់មិញ បើ​ប្រសិន​ជា​ចៅ​កាំបិត​បន្ទោះ​ដង​មួយ វា​កាប់​ត្រូវ​អញ សម​អញ​ស្លាប់​បង​អសារ គ្មាន​នរណា​សម​សោះ នេះ​ហេតុ​តែ​បុណ្យ​អញ​មាន បាន​ជា​មិន​ស្លាប់! ។ ព្រះ​មហាក្សត្រ ទ្រង់​ទត​យល់​ដូច្នោះ​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​មហា​សេដ្ឋី​ថា «កូន​អ្នក​នេះ ទើប​ពេញ​ជា​មនុស្ស​ចេះ​រក្សា​ទឹក​ដី​មែន អាច​ធ្វើ​ជា​មន្ត្រី​រក្សា​ស្ដេច​បាន មន្ត្រី​អញ​ទាំង​អស់ ដែល​ស្លាប់​ទៅ​នោះ គ្មាន​នរណា​មួយ​ចេះ​ដឹង​ខុស​ត្រូវ រក្សា​ទឹក​ដី​រក្សា​ស្ដេច​បាន​ទេ ទី​កន្លែង​អញ វា​ហាន​ដេក ចំណី​អញ​វា​ហ៊ាន​ស៊ី បើ​ចំណី​និង​ដំណេក​អញ វា​ហ៊ាន​ធ្វើ​យ៉ាង​នេះ​ទៅ​ហើយ បើ​ប្រសិន​អញ​មិន​នៅ មើល​ទៅ​ចិត្ត​នាហ្មឺន ដែល​អញ​សម្លាប់​នេះ ប្រហែល​ជា​វា​ហ៊ាន​ឡើង​ដេក​នឹង​ប្រពន្ធ​កូន​អញ មិន​លែង​ឡើយ» ហើយ​ទ្រង់​បង្គាប់​មហា​សេដ្ឋី​ថា «មហា​សេដ្ឋី! កូន​ស្រី​របស់​អ្នក​ត្រូវ​អ្នក​រៀប​ផ្សំ​ផ្គុំ​ ឲ្យ​ជា​ប្រពន្ធ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទៅ ។ ឯ​មហាសេដ្ឋី និង​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក៏​ថ្វាយ​បង្គំ​លា​ស្ដេច​វិញ​មក​ផ្ទះ​វិញ ។ មហាសេដ្ឋី ឲ្យ​រៀប​ធ្វើ​រោង​ផ្កា​ស្លា ដើម្បី​រៀប​ការ​កូន​ស្រី ផ្សំ​ផ្គុំ​នឹង​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​នោះ ហើយ​មហាសេដ្ឋី​អញ្ជើញ​អស់​អ្នក​មុខ​អ្នក​ការ ឧកញ៉ា ពញា​ព្រះ ជំទាវ ខុនណាង ញាតិ​សាច់​ជិត​ខាង​មក​ពិសា​ការ ។ ដល់​បាន​ឫក្ស​ពារ​ពេលា​ល្អ ក៏​រៀប​ពិធី​មង្គល​ការ​ចង​ដៃ​ឲ្យ​ពរជ័យ​សួស្ដី ផ្សំ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​នឹង​កូន​ស្រី ជា​ប្ដី​ប្រពន្ធ​ស្រេច​បរិបូណ៌ ជា​សុខ​សប្បាយ​ទៅ ។ ឯ​ចៅ​កាំបិត​បន្ទោះ លុះ​មាន​ប្រពន្ធ​កាល​ណា ពុំ​មាន​ខ្ជិល​ច្រអូស​ឡើយ តែង​ទៅ​គាល់​ស្ដេច​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ លុះ​ព្រះ​រាជា​កាន់​តែ​ចាស់​ជរា ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «អញ​ចាស់​ជរា​ហើយ នឹង​រក​បុត្រា​គ្មាន មាន​តែ​បុត្រី​អំណើះ​ពី​អញ​ទៅ នគរ​អញ​នឹង​សូន្យ ព្រោះ​គ្មាន​កូន​ណា​នឹង​សោយ​រាជ្យ​ស្នង​អញ​នេះ​បាន ឥឡូវ​ឃើញ​តែ​ចៅ​កាំ​បិត​បន្ទោះ​នេះ វា​មាន​ចំណេះ​ប្រាជ្ញា​កិរិយា​មារយាទ​ល្អ​ណាស់ ដូច្នេះ គួរ​អញ​ផ្សំ​ផ្គុំ​បុត្រី​អញ​ឲ្យ​ទៅ​វា ឲ្យ​វា​សោយ​រាជ្យ​ស្នង​អញ រក្សា​អស់​អាណា​ប្រជានុរាស្ត្រ​ចុះ» ។ ស្ដេច​ទ្រង់​ព្រះ​តម្រិះ​ក្នុង​ព្រះ​ចិន្ដា​តែ​ប៉ុណ្ណោះ ក៏​ទ្រង់​ព្រះ​បញ្ជា​ឲ្យ​សង់​រោង​មង្គល​អាពាហ៍ពិពាហ៍ ទ្រង់​ឲ្យ​ហោរ​គន់​គូរ​រក​ឫក្ស​ពេលា​ល្អ​ហើយ ទ្រង់​ឲ្យ​មហាសេដ្ឋី​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទៅ​ថ្វាយ​ព្រះ​អង្គ​ៗ ទ្រង់​អភិសេក​ឲ្យ​សោយ​រាជ​សម្បត្តិ​ជា​ស្ដេច រក្សា​អស់​អាណា​ប្រជានុរាស្ត្រ​ជា​សុខ​សប្បាយ​ត​ទៅ ។ ឯ​នាង​ជា​កូន​ស្រី​មហាសេដ្ឋី ក៏​ទ្រង់​ឲ្យ​យក​មក​នៅ​ជា​មួយ​គ្នា ។ ស្ដេច​កាំបិត​បន្ទោះ ទ្រង់​ឲ្យ​មហា​សេដ្ឋី​ធ្វើ​ជា​អគ្គមហាសេនា សម្រាប់​ធ្វើ​រាជការ​រក្សា​ព្រះ​នគរ​ស្នង​ព្រះ​អង្គ, ក្រោយ​មក​ព្រះ​មហា​ក្សត្រ​ជា​ព្រះ​វរបិតា ទ្រង់​ចាស់​ជរា ទ្រង់​ព្រះ​ទិវង្គត​ទៅ ។ ស្ដេច​កាំ​បិត​បន្ទោះ​ឲ្យ​ធ្វើ​សាលា សង់​មេរុ​ប្រាសាទ បូជា​ព្រះ​បិតា​មាតា ធ្វើ​បុណ្យ​ឆ្លង ហើយ​ធ្វើ​ព្រះ​ចេតិយ​បញ្ចុះ​ព្រះ​ធាតុ​ទាំង​ពីរ​ព្រះ​អង្គ ។ ស្ដេច​កាំបិត​បន្ទោះ​ក៏​គង់​នៅ​ជា​សុខ ឥត​ទុក្ខ​សោក​រោគា​បៀតបៀន​ឡើយ ហើយ​ទ្រង់​នឹង​ចង់​ទៅ​ថ្វាយ​បង្គំ​ស្ដេច ដែល​ទ្រង់​ឲ្យ​ធ្វើ​កាំបិត​បន្ទោះ​ព្រះ​រាជទាន​មក​កាល ដែល​ជា​បុរស​នៅ​ឡើយ រួច​ទ្រង់​ឲ្យ​ឲ្យ​មន្ត្រី​រៀប​កេណ្ឌ​ពល​ថ្មើរ​ជើង រៀប​ព្រះ​ទីន័ង​គជេន្ទ្រ ព្រះ​ទីន័ង​អស្សពាហ៍​រួច​ហើយ ទ្រង់​ផ្ដាំ​អគ្គមហាសេនា ឲ្យ​ថែរក្សា​ព្រះរាជវាំង មើល​ព្រះ​អគ្គមហេសី​ទាំង​ពីរ ហើយ​ស្ដេច​យាង​ឡើង​ព្រះ​ទីន័ង​គជេន្ទ្រ បរ​ចេញ​ទៅ ៣​ខែ ទើប​ដល់ ។ លុះ​ស្ដេច​យាង​ដល់​ហើយ ក៏​ទ្រង់​ឲ្យ​អមាត្យ​ចូល​ទៅ​ទូល​ថា «ត្បិត​ស្ដេច​កាំបិត​បន្ទោះ​ដង​មួយ ដែល​កាល​ពី​ដើម​បាន​ថ្វាយ​ខ្សែ​ចង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង និង​កែវ​ជ្រូក​ដើរ​លើ​ទឹក ហើយ​ទ្រង់​ឲ្យ​ធ្វើ​កាំបិត​បន្ទោះ​ដង​មួយ​ព្រះរាជទាន​ទៅ ឥឡូវ​បាន​សោយរាជ្យ​ជា​ស្ដេច ចូល​មក​ថ្វាយ​បង្គំ​ព្រះអង្គ» ។ អមាត្យ​ទទួល​ព្រះ​បណ្ដាំ ក៏​ថ្វាយ​បង្គំ​ទូល​ស្ដេច​នោះ​តាម​ព្រះរាជ​បញ្ជា ។ ស្ដេច​នោះ​ទ្រង់​ជ្រាប ក៏​ទ្រង់​ឲ្យ​រៀប​ទទួល​យ៉ាង​មហោឡារិក ។ អមាត្យ​វិល​ទៅ​ទូល​ស្ដេច​កាំបិត​បន្ទោះ​វិញ​ថា «ស្ដេច​ម្ចាស់​នគរ​សុំ​ព្រះអង្គ​ស្ដេច​យាង​ចូល​ទៅ​ជា​ឆាប់ ត្បិត​ទ្រង់​រឭក​ណាស់» ។ ឯ​ស្ដេច​កាំបិត​បន្ទោះ ក៏​ទ្រង់​ឲ្យ​ពួក​រេហ៍ពល​យោធា​ដង្ហែ​ព្រះ​អង្គ​យាង​ចូល​ទៅ ។ ស្ដេច​ម្ចាស់​នគរ​ទត​ទៅ​ស្ដេច​កាំបិត​បន្ទោះ ឃើញ​ប្លែក​ណាស់ ស្ទើរ​ពុំ​ស្គាល់ ក៏​ទ្រង់​ចុះ​ចុង​ព្រះរាជរោង មក​ទទួល​ចាប់​ព្រះហស្ត​នាំ​ឡើង​ទៅ ហើយ​ទ្រង់​រៀប​ជប់​លៀង​អស់​ពួក​ពល​នាហ្មឺន​សព្វ​មុខ​មន្ត្រី ឲ្យ​ស៊ី​ផឹក​សប្បាយ ហើយ​ស្ដេច​ម្ចាស់​នគរ​ទ្រង់​គិត​ក្នុង​ព្រះទ័យ​ថា «ខ្លួន​អញ​ចាស់​ហើយ, គ្មាន​បុត្រា​នឹង​សោយ​រាជ្យ​ស្នង ឥឡូវ ចៅ​កាំបិត​បន្ទោះ​នេះ មាន​បុណ្យ​ណាស់ បាន​សោយ​រាជ្យ​ជា​ស្ដេច អញ​មាន​បុត្រី​មួយ​នេះ មិន​ដឹង​ឲ្យ​ទៅ​អ្នក​ណា» ទ្រង់​ព្រះតម្រិះ​ដូច្នេះ​ហើយ ទ្រង់​ក៏​ឲ្យ​រៀប​មង្គល​អាពាហ៍ពិពាហ៍ ផ្សំ​ផ្គុំ​ព្រះ​រាជបុត្រី នឹង​ស្ដេច​កាំបិត​បន្ទោះ​នោះ អភិសេក​ឲ្យ​សោយ​រាជ្យ​ជា​ស្ដេច​ទៅ ។ ឯ​ខ្សែ​ចង​ដំបង​វាយ ឆ្នាំង​ឆ្អិន​ឯង កែវ​ជ្រូក ស្ដេច​ជា​ព្រះបិតា​លើក​ព្រះរាជទាន​ឲ្យ​ព្រះ​រាជបុត្រ​ទាំង​អស់ ។ ស្ដេច​កាំបិត​បន្ទោះ លុះ​បាន​សោយ​រាជ្យ​នគរ​ពីរ​ហើយ នឹក​ដល់​បង​នៅ​ស្រុក​ចិន ទ្រង់​ក៏​ប្រើ​ឲ្យ​ទៅ​យក​ពី​ស្រុក​ចិន​មក ឲ្យ​ធ្វើ​អគ្គមហាសេនា​ស្ដី​ការ​រាជការ​ជា​ធំ​ក្នុង​នគរ ។ ហើយ​ស្ដេច​កាំបិត​បន្ទោះ​ថ្វាយ​បង្គំ​លា​ព្រះមាតា​បិតា ផ្ដាំ​បង​ឲ្យ​មើល​ការ​រាជការ​រក្សា​វាំង ហើយ​ស្ដេច​យាង​វិល​ទៅ​នគរ​ដើម​វិញ តែង​យាង​ទៅ​យាង​មក​ទត​ការ​ខុស​ត្រូវ ថែ​ទាំ​រក្សា​អស់​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​រៀង​ទៅ ។


នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ឲ្យ​មើល​ម្ដាយ​ក្មេក ដេក​យប់​កុំ​និយាយ​និង​ស្រី