Jump to content

គតិលោក/ភាគទី៨/1

From Wikisource
113159គតិលោក, ភាគទី៨រឿង​តា​ភោគ​នឹង​ក្មេង​វត្តឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​តា​ភោគ​នឹង​ក្មេង​វត្ត



មាន​តា​ចាស់​ម្នាក់​ឈ្មោះ​តា​ភោគ តា​នោះ​តាំង​លំនៅ ៗ​ខាង​វត្ត​លោក គាត់​ជា​អ្នក​ឧស្សាហ៍​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត អាស្រ័យ​ដោយ​ផលាផល​នៃ​ដំណាំ​នោះ​ឯង តែ​គាត់​ជា​មនុស្ស​កំណាញ់ ពួក​កូន​ក្មេង​វត្ត​នោះ​វា​តែង​ចូល​ទៅ​បេះ​បោច​ដំណាំ​គាត់​តែ​រឿយ ៗ ។

ថ្ងៃ​មួយ តា​ភោគ​ខឹង​នឹង​កូន​ក្មេង​វត្ត​ពេក​ណាស់ ទើប​ទៅ​ពិតទូល​លោក​ចៅអធិការ ឲ្យ​លោក​ជេរ​វាយ​ហាម​កូន​សិស្ស លោក​ចៅអធិការ​ក៏​ទទួល​ពាក្យ​ថា ចំរើន​ពរ ពេល​នេះ​ក្មេង​វា​មិន​ជុំ​គ្នា អា​ខ្លះ​វា​ទៅ​ផ្ទះ អា​ខ្លះ​វា​ទោ​តាម​អ្នក​យើង​ទៅ​សូត្រ​មន្ត បើ​ដូច​ចាំ​វា​មក​ជុំ​កាល​ណា អាចក្ដី​នឹង​ជេរ​វាយ​ហាម​វា​ឲ្យ អើ​ញោម​អើយ ធ្វើ​ម្ដេច​អា​កូន​ក្មេង​នេះ អាចក្ដី​ក៏​បាន​​ហាមប្រាម​ដែរ វា​កោត​ខ្លាច​តែ​នៅ​មុខ ដល់​កំបាំង​មុខ​នៅ​វា​នាំ​គ្នា​ទៅ​ប្រព្រឹត្ត​ផ្លូវ​ពាល​ដដែល ។ តា​ភោគ​បាន​ឮ​ចៅអធិការ​ទទួល​ពាក្យ​ខ្លួន​ថា នឹង​ជេរ​វាយ​កូន​សិស្ស​ឲ្យ​ដូច្នោះ​ក៏​សប្បាយ​ចិត្ត​បាត់​ក្ដី​ទោសោ ទើប​រីករាយ​និយាយ​អំពី​ការ​ឯ​ទៀត​ៗ ។ ឯ​លោក​ចៅអធិការ​ក៏​នាំ​និយាយ​ពី​ហេតុ​នេះ ហេតុ​នោះ តម្រូវ​ចិត្ត​តា​ភោគ ៗ ក៏​តាំង​ផឹក​ទឹក​តែ និយាយ​លេង​ជា​មួយ​នឹង​លោក​ចៅអធិការ​នោះ​ជា​យូរ​លង់ ។ ឯ​កូន​ក្មេង​វត្ត​កាល​ដល់​ពេល​វា​មក​ជុំ​គ្នា បាន​ឃើញ​តា​ភោគ​មក​ទូល​លោក​ឲ្យ​ជេរ​វាយ​វា​ដូច្នោះ​វា​ក៏​ជំនុំ​គ្នា​ថា ពួក​យើង​ទៅ​បេះ​ផ្លែ​ភ្ញៀវ​តា​ភោគ​ពី​ព្រឹក​មិញ ឥឡូវ​គាត់​មក​ពិត​លោក​គ្រូ​ឲ្យ​វាយ​ពួក​យើង​ហើយ លោក​គ្រូ​ថា​ចាំ​ពួក​យើង​មក​ជុំ​គ្នា​កាល​ណា លោក​នឹង​វាយ​ឲ្យ​គាត់​ប្រាកដ​ហើយ អើ​វ៉ើយ​កន​យើង ឥឡូវ​តា​ភោគ​គាត់​ជាប់​ដៃ​និយាយ​ប្រាជ្ញ​ព្រោក​នឹង​លោក​គ្រូ​យើង ផ្ទះ​គាត់​ស្ងាត់​គ្មាន​នរណា​នៅ​ទេ បើ​ដូច្នោះ​កន​យើង គួរ​ទៅ​បេះ​ផ្លែ​ឈើ​គាត់​ស៊ី​ឲ្យ​ឆ្អែត​ទាំង​អស់​គ្នា​សិន គង់​តែ​យើង​ត្រូវ​រំពាត់​ដដែល​ទេ យើង​បេះ​មុន ក៏​ដូច​ជា​បេះ​ក្រោយ​ដែរ ពួក​ក្មេង​និយាយ​ប្រឹក្សា​យល់​ព្រម​គ្នា​ហើយ ទើប​នាំ​គ្នា​ហែក​របង កន្លង​ចូល​ទៅ​ដល់​ដើម​ភ្ញៀវ​ហើយ​ឡើង​បេះ​ស៊ី​ខ្លះ បេះ​ស្ពាយ​យក​ទៅ​វត្ត​ខ្លះ ខ្លះ​ថ្ពក់ ខ្លះ​កាវ ខ្លះ​អង្រួន​ឲ្យ​គ្នា​វា​រើស​វេច រើស​ស៊ី​តាម​ចិត្ត​ទីទៃ ៗ លុះ​ដល់​ពេល​ល្ងាច​ហើយ ក៏​ថ្វាយ​បង្គំ​លា​លោក​ចៅអធិការ​វិល​ទៅ​គេហស្ថាន បាន​ឃើញ​សំបក​ភ្ញៀវ​សំបក​ដូង​នឹង​ផ្លែ​ចាស់​ខ្ចី​ជ្រុះ​ខ្ជាំ​នៅ​ខាង​ផ្ទះ​ខ្លួន​ដូច្នោះ ក៏​រឹងរឹត​តែ​ខឹង​ស្ដាយ​របស់​ខ្លួន​ក្រៃ​ពេក កើត​ក្ដៅ​ក្រហាយ​ចិត្ត​ត្បិត​ខ្លួន​នៅ​និយាយ​លេង​ហួស​ការ គ្មាន​នរណា​នៅ​រក្សា​ផ្ទះ​ដំណាំ​ជួស​ខ្លួន ជា​ទី​ឱកាស​ឲ្យ​អា​ក្មេង​វត្ត​វា​មក​នៅ​បេះបោច​បុក​បែន​លើស​លែង​កាល​ជាន់​មុន ៗ គឺ​កាល​មុន​បាន​ទៅ​ពិត​ដល់​លោក​ហើយ លោក​នៅ​មិន​ទាន់​បាន​ជេរ​វាយ​ប្រដៅ​ឲ្យ​ឯង​ផង តា​ភោគ​គិត​រក​ផ្លូវ​ធ្វើ​ក្មេង​ពុំ​បាន ក៏​រឹង​រំខាន​ក្ដៅ​ចិត្ត​ក្រៃ​ពេក​ហោង ។

រឿង​នេះ​បាន​គិត​ដល់​បុគ្គល​អ្នក​និយាយ​ច្រើន ភ្លើន​ចិត្ត​មិន​គិត​ទៅ​ក្នុង​ការ​ប្រយោជន៍​របស់​ខ្លួន ចុះ​ក្នុង​ក្បួន​ពាក្យ​លោក​ថា "កោក ៗ សឹក​តែ​មាត់​ត្រដោក ឆ្អែត​ឯ​ពោះ​ក្របី ពោះ​គោ​ឯ​នោះ" ។

តា​អើយ​តា​ភោគ និយាយ​ប្រាជ្ញ​ព្រោក នឹង​លោក​សង្គ្រាជ មិន​ឈប់​បង្អង់ ពី​ត្រង់​ដល់​ល្ងាច អា​ក្មេង​ឡើង​រាជ ពង្រេច​ដំណាំ ។ លុះ​ល្ងាច​ទៅ​ផ្ទះ ស្រាប់​ឃើញ​រង្គះ ផ្កា​ផ្លែ​ជ្រុះ​ខ្ជាំ កើត​ក្ដៅ​ក្រហាយ សោក​ស្ដាយ​ដំណាំ នេះ​គឺ​ផល​កម្ម និយាយ​មិន​ក្រោក ។

ចប់​តម្រា​និយាយ​ច្រើន​ចំរើន​ចោរ ជា​គតិ​ទី ៤២ ។