គតិលោក/ភាគទី៧/7
រឿងសត្វរាជសីហ៍ស្រឡាញ់មេគោ
មានសត្វរាជសីហ៍មួយ ដើរទៅឃើញមេគោរបស់នាយគោបាលម្នាក់ ក៏មានចិត្តប្រតិព័ទ្ធស្រឡាញ់ស្នេហា ចូលទៅសេពកាមដោយមេគោរួចហើយ ក៏ចូលព្រៃ ។ អាការរាជសីហ៍សេពនឹងមេគោនោះ មិនតែម្ដងឡើយ សឹងចូលទៅសេពសព្វៗថ្ងៃ ឯមេគោទាំងឡាយតាំងតែពីរាជសីហ៍ចូលកាល់រឿយៗមក ក៏ស្គាំងស្គមទ្រមមាឌ ហើយទាំងមានក្ដីភិតភ័យខ្លាចរាជសីហ៍នោះផង ឯទឹកដោះសោតក៏ចេញមិនបរិបូណ៌ដូចអំពីមុនៗឡើយ ។
នាយគោបាល កាលបើបានឃើញរាជសីហ៍ចូលកាល់មេគោទាំងឡាយរបស់ខ្លួន តែសព្វៗថ្ងៃដរាបដល់មេគោទាំងឡាយស្គាំងស្គមទ្រមមាឌ នឹងរឹតយកទឹកដោះពុំសូវបាន ដូចកាលមុខៗដូច្នោះ ក៏នាំសេចក្ដីនុះ ទៅជំរាបដល់មហាសេដ្ឋី ជានាយធំ ឲ្យជ្រាបហេតុសព្វប្រការ មហាសេដ្ឋីក៏ប្រាប់ឲ្យនាយគោបាលប្រកបថ្នាំពិសពុល យកទៅលាបគូថលាបរោមនៃមេគោទាំងឡាយនោះ ដើម្បីបំពុលរាជសីហ៍ក្នុងកាលដែលវាមកលិធរោម លិធគូថមេគោនោះៗឯង ។
ឯនាយគោបាលក៏ចេញមកស្លថ្នាំពិស បានហើយក៏នាំទៅលាបកាយនៃមេគោ តាមពាក្យមហាសេដ្ឋីបង្គាប់នោះឯង ។
ឯរាជសីហ៍នោះ លុះពេលព្រឹកឡើង ក៏ចូលទៅក្នុងហ្វូងគោ ដល់ហើយក៏ទៅប្រលោមស្នេហា តាំងលិធកាយលិធគូថនៃមេគោនោះឯង លុះពាល់ត្រូវថ្នាំពិសនោះកាលណា ក៏កើតពុលដាលផ្សព្វផ្សាយប្រកាច់ដួលចុះ ដល់នូវមរណកាលកណ្ដាលហ្វូងគោនោះហោង ។
សីហ៍អើយសីហោ ស្លាប់ព្រោះគូថគោ ដោយឥតប្រាជ្ញា គិតស្វែងតែកាម កើតញ៉ាមស្នេហា មិនពិចារណា ឲ្យយល់ខុសត្រូវ ។ ខ្លួនជាសត្វព្រៃ ជាតិគោទីទៃ ខុសពូជពង្សផៅ គួរឬទៅធ្វើ អំពើជំរៅលិធគោពាល់ត្រូវ ថ្នាំពិសពុលក្ស័យ ។
ចប់តម្រាបុគ្គលស៊ីឬលិឍអាហារមិនពិចារណាជាគតិទី ៤០ ។