គតិលោក/ភាគទី៧/6

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៦ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿងសត្វហង្សនឹងអណ្ដើក


រឿងសត្វហង្សនឹងអណ្ដើក



មានហង្សមួយគូ តែងនាំគ្នាទៅលេងទឹកស្រះ ១ ជានិរន្តរ៍ បានយកអណ្ដើកមួយជាសម្លាញ់ ។ ឯអណ្ដើកនោះ តែហង្សមកលេងទឹកកាលណា ក៏វាចេញមកនិយាយចរចាប្រស្រ័យជាមិត្រនឹងគ្នា លុះនៅយូរមក ស្រះនោះកើតរីងខះគោក អណ្ដើកនឹងនៅពុំបាន ទើបនិយាយនឹងហង្សថា « សម្លាញ់អើយ ! ខ្ញុំឯងនឹងនៅអាស្រ័យ ក្នុងស្រះនេះតទៅទៀតពុំបានឡើយ ព្រោះឥតទឹក ដូចសម្លាញ់ឃើញស្រាប់ហើយ » ។


ឯហង្សទាំងគូក៏ថា « បើដូច្នេះមានតែយើងនាំគ្នាទៅអាស្រ័យឯមហាបោក្ខរណី នៅខាងជើងព្រៃហិមពាន្តឯនោះវិញចុះ ដ្បិតស្រះនោះជ្រៅធំទូលាយសប្បាយ ទាំងផលាផលទាំងឡាយជាភក្សាហារក៏បរិបូណ៌ គួរសម្លាញ់ឯងទៅនៅឯមហាស្រះនោះចុះ » ។ អណ្ដើកឮហង្សថាដូច្នោះ ក៏តបថា « ខ្លួនខ្ញុំឯងជាសត្វជើងខ្លី វារលូនដោយផែនដី ធ្វើម្ដេចនឹងទៅដល់មហាស្រះនោះបាន ? ។


ហង្សទាំងគូក៏ថា « ការនាំសម្លាញ់ទៅកាន់មហាស្រះនោះ ជាភ្នាក់ងារយើងនាំទៅដោយផ្លូវអាកាស គឺយើងខាំពាំឈើស្នែងឲ្យសម្លាញ់ឯងខាំ តោងពីក្រោមឲ្យជាប់ យើងទាំងគូនឹងហើរនាំទៅ » ។ អណ្ដើកបានស្ដាប់ដូច្នោះ ក៏ព្រមតាម ទើបហង្សទាំងគូទៅកាត់ឈើស្នែងបាន ក៏ពាំទាំងសងខាងឲ្យអណ្ដើកខាំតោងពីក្រោម ហើយហង្សបានហាមអណ្ដើកថា « ចូរសម្លាញ់រក្សាមាត់ឲ្យជិត ទោះទៅឃើញអ្វីៗក្ដី ឬបានឮសព្ទអ្វីៗក្ដី កុំបីហាមាត់សួរឬនិយាយពីអ្វីៗឡើយ ព្រោះការដើរដោយផ្លូវអាកាសនោះក្រលំបាកណាស់ តែភ្លាត់មាត់កាលណា ក៏វិនាសក្នុងកាលនោះ ហេតុនោះ ចូរសម្លាញ់ប្រយ័ត្នមាត់កឲ្យមែនទែន » ។ ហង្សទាំងពីរហាមប្រាមអណ្ដើកស្រេចហើយ ក៏នាំគ្នាខាំពាំឈើស្នែងជាបង្គងហើរហោះផ្លោះឡើងលើអាកាសវេហាស៍ មានភក្រ្តាតម្រង់ទៅឧត្ដរទិស ។ លុះមកដល់កណ្ដាលនគរពារាណសី បណ្ដាក្មេងទាំងឡាយ បានឃើញហង្សហើរពាំនាំអណ្ដើកដូច្នោះ វាក៏បង្កូកហៅគ្នាគឹកកងរំពងឡើងទាំងស្រុកស្រែកប្រាប់គ្នាថា « វ៉ើយគ្នាយើង ឯងមើលហង្សវាពាំអណ្ដើកនោះ យ៉ាងជាវាយកទៅស៊ីឯលំនៅវាហើយឯង » ។


ឯអណ្ដើកបានឮពាក្យកូនក្មេងថា ហង្សពាំនាំអណ្ដើកយកទៅស៊ីដូច្នោះ ក៏ខឹងនឹងកូនក្មេង គិតថាអាក្មេងអស់នេះ វាស្ដីប្រមាថមាក់ងាយអញពេញទីជាម្ដងគួរឬ ហង្សជាសម្លាញ់វានាំអញទៅទុកឯមហាស្រះឯណោះទេ នេះវាមកនាំគ្នាពោលថាហង្សពាំអញទៅស៊ីវិញ អណ្ដើកគិតដូច្នោះហើយក៏កើតទោសានឹងពួកក្មេង ហាមាត់ឡើងនឹងជេរពួកក្មេងទាំងនោះ និមិត្តតែហាមាត់ឡើងកាលណា ក៏ធ្លាក់អំពីឈើបង្គងចុះមកដល់ផែនដីត្រូវនឹងដំរឹងដីថ្ម បែកស្នូកជាភាគតូចភាគធំដល់នូវក្ដីមរណកាល កណ្ដាលព្រះនគរពារាណសីស៊ីបណ្ដាក្មេងប្រុស ស្រី ក៏នាំគ្នារើសសាច់អណ្ដើកនោះយកទៅឲ្យម៉ែឪវាស្លបរិភោគហោង ។ ឯហង្សទាំងពីរ កាលណាបើអណ្ដើករបូតមាត់ភ្លាត់ចាកឈើស្នែងធ្លាក់ស្លាប់ហើយ ក៏នាំគ្នាចោលឈើស្នែងនោះចេញចាកមាត់នៃអាត្មាពោលថា « អាអណ្ដើកវាមិនដំកល់នៅក្នុងឱវាទខ្លួនហាម បានជាដល់នូវក្ដីវិនាសយ៉ាងនេះ » ថាហើយក៏នាំគ្នាហើរទៅកាន់លំនៅនៃអាត្មាវិញហោង។


រឿងនេះ បានគតិដល់បុគ្គលអ្នកមិនសង្រួមមុខទ្វារ គឺមិនរក្សាមាត់ឲ្យល្អ បាននូវក្ដីទុក្ខទោសវិនាសប្រាណ ដូចអណ្ដើកនោះឯង គួរចូលចិត្តចុះ ។ អនិច្ចាអណ្ដើក អណ្ដាតខ្វើកៗ បើកមាត់ជេរក្មេង និមិត្តហាមាត់ ភ្លាត់ចាកឈើសែង ធ្លាក់ស្លាប់ខ្លួនឯង ព្រោះមាត់រពឹស ។


ចប់តម្រារពឹសមាត់ជាតកទី ៣៩ ។