Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/49

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​បុគ្គលិក​ដែល​ត្រូវ​បាន​រៀបចំ​ឡើងវិញ​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ស្របតាម​ បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។ សមាជិក​ក្រុមប្រឹក្សា មិនមែន​ជា​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ឡើយ។

មាត្រា ១៧៤.-
បុគ្គលិក​របស់​ក្រុមប្រឹក្សា ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​របស់​គណៈ​អភិបាល​ក្នុង​នាម​ក្រុមប្រឹក្សា ​របស់​ខ្លួន។

មាត្រា ១៧៥.-
បុគ្គលិក​ក្រុមប្រឹក្សា មិន​ត្រូវ​បញ្ចូល​នូវ​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល ឬ មន្ត្រី​ដទៃ​ទៀត​ដែល​អនុវត្ត​ភារកិច្ច​ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ ច្បាប់ និង​សិទ្ធិ​មនុស្ស​ក្នុង​នាម​រាជរដ្ឋាភិបាល​ឡើយ។

មាត្រា ១៧៦.-
បុគ្គលិក​ដែល​ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង​ដោយ​ក្រុមប្រឹក្សា ត្រូវ​ដំណើរការ​តាម​ការ​ប្រកួតប្រជែង​ដែល​មាន​តម្លាភាព។ ក្នុង​ដំណើរការ​ជ្រើសរើស និង​តែងតាំង​បុគ្គលិក​របស់​ក្រុមប្រឹក្សា ត្រូវ​ធានា​ឱ្យ​មាន​ចំនួន​ស្ត្រី​សមស្រប​នៅ​មុខ​តំណែង​ប្រធាន ឬ អនុប្រធាន អង្គភាព និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា។ ការ​ជ្រើសរើស និង​ការ​តែងតាំង​នេះ ​ត្រូវ​ធ្វើ​ឱ្យ ​ស្រប​ទៅតាម​​បទប្បញ្ញត្តិ​ស្ដីពី​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១៧៧.-
ក្រុមប្រឹក្សា​ត្រូវ​សម្រេច​អំពី​ការ​តែងតាំង ការ​បណ្ដេញ​ចោល ការ​កម្រិត​ប្រាក់​បៀវត្ស និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត សម្រាប់​មុខ​តំណែង​បុគ្គលិក​របស់​ខ្លួន។ ការ​តែងតាំង ការ​បណ្ដេញ​ចោល ការ​កម្រិត​ប្រាក់​បៀវត្ស និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​បុគ្គលិក​​ក្រុមប្រឹក្សា ត្រូវ​ធ្វើ​ឡើង​ឱ្យ​ ស្រប​ទៅតាម​បទប្បញ្ញត្តិ​ស្ដីពី​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។