Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/16

From Wikisource
Jump to navigation Jump to search
This page has not been proofread.

សម្បត្តិ​រដ្ឋ​ដែល​បាន​ផ្ទេរ​មក​ឱ្យ​ខ្លួន ឬ ដែល​បាន​ទទួល​ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព។ នីតិវិធី​នៃ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ តាម​សំណើ​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ មាត្រា ៤៧.-
ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​អំណាច​កើត​មាន​ឡើង នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​មាន​ភារកិច្ច​រាយការណ៍​ជា​លាយល័ក្ខណ៍​អក្សរ​ជា​បន្ទាន់ ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៤៨.-
ការ​រំលោភ​អំណាច​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ជាប់​ឆ្នោត​ណា​ម្នាក់ ឬ អ្នក​ដែល​បាន​ទទួល​ការ​តែងតាំង​នៅ​ក្នុង​ក្រសួង ស្ថាប័ន ឬ ភ្នាក់ងារ​របស់​រដ្ឋ ឬ​ ក្នុង​ក្រុម​ប្រឹក្សា​ណាមួយ ឬ ជន​ណា​ម្នាក់ ដែល​បាន​​ប្រព្រឹត្ត​អំពើ​ដោយ​ចេតនា ហើយ​ដែល​មិន​អាច​ធ្វើ​យុត្តិកម្ម​បាន​ដូចជា : - ការ​ប្រើប្រាស់​តួនាទី ឬ អំណាច​របស់​ខ្លួន ដើម្បី​កេងប្រវ័ញ្ច ឬ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​បុគ្គល​ណា​ម្នាក់ ឬ ក្រុម​មនុស្ស ឬ ទ្រព្យសម្បត្តិ​សាធារណៈ ឬ ធនធាន​​សាធារណៈ​ណាមួយ - ការ​មិន​បាន​ប្រើប្រាស់​តួនាទី ឬ អំណាច​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ជន​ម្នាក់​ទៀត​ដែល​​ស្ថិត​នៅ​ក្រោម​អំណាច ឬ ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន នៅ​ពេល​ដែល​ខ្លួន​បាន​ដឹង​អំពី​កំហុស​ឆ្គង​របស់​ជន​នោះ ដែល​បាន​កេងប្រវ័ញ្ច ឬ ធ្វើ​ទុក​បុក​ម្នេញ​ដល់​បុគ្គល​ណា​ម្នាក់ ឬ​ ក្រុម​មនុស្ស ឬ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ ធនធាន​សាធារណៈ។

មាត្រា ៤៩.-
ការ​រំលោភ​អំណាច រួម​មាន​សកម្មភាព​ណាមួយ ដូច​ខាង​ក្រោម :

  • ការ​រំលោភ​សិទ្ធិ​ស្រប​ច្បាប់ ឬ សិទ្ធិ​មនុស្ស​របស់​ជន​ណា​ម្នាក់